ដោយ៖ ញ៉ែត ស្រីពៅ និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី11 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលរដ្ឋមួយភូមិ ដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិម្នាស់កាល ឃុំអូដា ស្រុកកំរៀង ខេត្តបាត់ដំបង អះអាងថា បើទោះជាទឹកជំនន់បានជនលិចផ្ទះ និងដំណាំពួកគេច្រើនថ្ងៃមកហើយក្តី តែមកដល់ថ្ងៃសុក្រនេះ ពួកគេមិនដែលទទួលជំនួយពីសប្បុរសជនណានៅឡើយ។
លោកសាំង ហៀង ប្រាប់VOD ថាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាង១០០គ្រួសារ រស់នៅភូមិម្នាស់កាល កំពុងដាច់ស្បៀង និងថ្នាំពេទ្យព្យាបាលជំងឺ។ លោកបន្តថា នៅឃុំជិតនោះ មានការចែកអំណោយជាហូរហែ ហើយអំណោយជាច្រើនត្រូវបានរក្សាទុក នៅបន្ទាយទាហាននៅជិតនោះ តែមិនបានចែកឲ្យជនរងគ្រោះពិតប្រាកដ នៅភូមិរបស់លោកទេ ៖ “ភូមិរងគ្រោះមិនបានទទួលអ្វីទេ ហើយការដែលផ្តល់ជំនួយមកនេះគឺ ចូលកន្លែងបន្ទាយ អញ្ជឹងកន្លែងបន្ទាយ គេចាត់ចែងទៅ ហើយខាងឃុំជាប់គ្នានោះឯង គេមិនបែងចែកឲ្យយើង ជួយយើង អត់មានទេ ជំនួយដែលមកដល់កន្លែងនេះវាប្រហែលពីរបីមុខសញ្ញាឯណោះ តាមស្រុកកំរៀងនោះគាត់ព្យាយាមទៅសុំយកមកចែកខាង ខ្ញុំឯនេះដែរ ប៉ុន្តែគេមិនព្រម គេថាគេសុំជួយចែកខាងនោះ ដល់អញ្ជឹងទៅវាមិនស្មើភាពក្នុងស្រុក អញ្ជឹសសំនូមពរខ្ញុំប្រសិនជាមានជំនួយ ទម្លាក់តាមអាជ្ញាធរស្រុក ឬឃុំវាល្អជាងវាអាចដល់តាមឃុំ តាមភូមិនោះ គេអាចដឹងថាកន្លែងណាសភាពធ្ងន់ធរ”។
ពលរដ្ឋរងគ្រោះម្នាក់ទៀត លោក ធឹន ចំរុង ក៏បានអះអាងថា ទាំងរូបគាត់និងអ្នកភាគច្រើន ដែលរងគ្រោះពិតប្រាកដ មិនបានទទួលអំណោយទេ ពោលមានតែអ្នកភូមិតិចតួចគ្រួសារប៉ុណ្ណោះ ដែលបានជំនួយខ្លះ។ មេភូមិម្នាស់កាល លោក ជួន ជៀន បញ្ជាក់បន្ថែមថា ប្រជាជនរងគ្រោះ កំពុងដាច់ស្បៀងហារ និងអ្នកខ្លះមានជំងឺ ហើយមិនមានជំនួយពីខាងណានៅឡើយទេ ៖ “អត់ផង គេចែកតែគេទេ ខ្ញុំអត់ផង បើទទួលអំណោយទទួលបានតែបន្តិចទេ ទទួលបានតែប្រមាណ ២០គ្រួសារទេ។ ខាងនេះអត់មានទេ អត់មានជំនួយមកពីខាងអង្គការ ណាទេ ឬសប្បុរសជនណាទេ គឺមានតែក្នុងវត្តអូដា ហើយនិងវត្តតាំងយូ ខាងវត្តតាំងយូ នោះជួយបានអង្កម្នាក់ប៉ុន្មានគីឡូ បួនគីឡូគ្រាន់ដាំបាយហូប មួយល្ងាច”។
លោក សឹន គឹមហុង ជាទាហានម្នាក់នៅបន្ទាយលេខ៥៣ ក្នុងឃុំតាក្រី មានប្រសាសន៍ថា អំណោយដែលរក្សាទុកនៅកន្លែងរបស់លោក សម្រាប់ផ្គត់ផ្គងតែបន្ទាយទាហាននេះប៉ុណ្ណោះ ៖ “អត់ទេ ជំនួយទាហាននោះ មិនមែនទេ គេឲ្យមកឃុំតាគ្រៃ សម្រាប់តែកងពលទេ អញ្ជឹងគេឲ្យមកឃុំតាគ្រៃទេ មិនមែនគេឲ្យជាទូទៅទេ”។
អាជ្ញាធរជាតិគ្រប់គ្រោះមហន្តរាយ ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់កើនដល់១០៤នាក់ ក្នុងនោះមានកុមារជិត ៤០នាក់ និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនទៀត។
កាលពីថ្ងៃថ្ងៃទី១០ ខែតុលានេះ ប្រធានរដ្ឋសភាក៏បានអំពាវនាវដល់សប្បុរសជន ទាំងជាតិ និងអន្តរជាតិ ឲ្យចូលរួមចំណែកផ្តល់វិភាគទាន ដល់ជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាជាង ៨សែននាក់ ដែលកំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់ ព្រោះផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវទឹកបំផ្លាញ៕
សូមសរសេរមកកាន់កញ្ញា ញ៉ែត ស្រីពៅ តាមរយៈ sreypov.nhet@gmail.com
គ្មានជំនួយទេ កុំសុំឱ្យគេជួយនោះ, លោកសមរង្ស៊ីបានស្នើសុំឱ្យពិភពលោកបញ្ឈប់ជំនួយដល់ប្រទេសកម្ពុជាហើយ។