ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ការធ្វើប្រជាមតិ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដោះស្រាយផ្សេងទៀត នៅគ្រាដែលស្ថានការណ៍នយោបាយកំពុងជួបវិបត្តិ ឬការមិនឯកភាពគ្នាលើដំណោះស្រាយអ្វីមួយ។
សម្រាប់ប្រទេសកម្ពុជា នៅគ្រានេះ ត្រូវបានអ្នកវិភាគចាត់ទុកថា ជាការជាប់គាំងនយោបាយ ដោយសារគណបក្សជាប់ឆ្នោតមួយ ក្នុងចំណោមគណបក្សជាប់ឆ្នោតទាំងពីរ មិនចូលប្រជុំសភា ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា លោកជំរុញឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើប្រជាមតិ ដើម្បីឲ្យដឹងពីចំនួនអ្នកគាំទ្រគណបក្សទាំងពីរ ថាតើមួយណាមានអ្នកគាំទ្រពិតប្រាកដច្រើនជាង?
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង គឺមអេង មានប្រសាសន៍ថា ការធ្វើប្រជាមតិជាយន្តការចាំបាច់មួយដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ តែងអនុវត្តន៍នៅគ្រាដែលជាប់គាំងលើការសម្រេចចិត្តធ្វើអ្វីមួយ ៖ "ខ្ញុំគិតថាប្រជាពលរដ្ឋគាំទ្រ សម្រាប់ការធ្វើប្រជាមតិ ទីមួយអាចថា គាត់ចង់ឲ្យមានការជ្រះស្រឡះរឿងមន្ទិលទាំងឡាយ កុំឲ្យអ្នកខ្លះថាស្របច្បាប់ អ្នកខ្លះថាមិនស្រប អ្នកខ្លះហ្នឹងថាសហគមន៍អន្តរជាតិអញ្ចេះ អ្នកខ្លះថាអញ្ចោះ ហើយអញ្ចឹងការធ្វើប្រជាមតិហ្នឹងវាស្រួលម្យ៉ាងដែរ អញ្ចឹងបើគេធ្វើប្រជាមតិទៅឃើញមានការថា មានគេគាំទ្រដូចដំណើររាល់ថ្ងៃនេះច្រើនហើយ អាហ្នឹងវាអត់មានបញ្ហាអីទេ រដ្ឋាភិបាលក៏ធ្វើដំណើរទៅមុខដោយសប្បាយចិត្ត ថាហរបើគេអត់គាំទ្រទេ អាហ្នឹងក៏ត្រូវគិតពីយុទ្ធសាស្ត្រថាត្រូវធ្វើយ៉ាងម៉េច ឬក៏ត្រូវរៀបចំយន្តការហ្នឹង ឲ្យវាមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងវិញ ព្រោះថា នៅក្នុងសង្គមប្រជាធិបតេយ្យ ធ្វើអីត្រូវគិតពីប្រជាពលរដ្ឋជានិច្ចជាកាល"។
លោកមេធាវី សុក សំអឿន ពន្យល់ថា ការធ្វើប្រជាមតិប្រៀបដូចជាការបោះឆ្នោតដែរ គឺត្រូវធ្វើដោយសម្ងាត់ប៉ុន្តែងាយស្រួលរៀបចំជាងការបោះឆ្នោត។ ជម្រើសរបស់ប្រជាពលរដ្ឋមានតែពីរទេគឺគាំទ្រឬមិនគាំទ្រចំពោះ អ្វីដែលលើកជាប្រធានបទនោះ ហើយសេចក្តីសម្រេចគឺផ្អែកលើសំឡេងភាគច្រើនដាច់ខាត ៥០បូក១។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការធ្វើប្រជាមតិជាបញ្ហាសំខាន់ក្នុងការរកដំណោះស្រាយនយោបាយ ដែលជាប់គាំងនៅពេលនេះ។ ប៉ុន្ដែលោកថា មិនអាចធ្វើទៅរួចទេ សម្រាប់កម្ពុជា ព្រោះមិនមានច្បាប់ចែង ៖ "ប្រជាមតិ គឺការបោះឆ្នោត អារឿងការបោះឆ្នោតហ្នឹងគេត្រូវមានយន្តការហើយ ហើយនិងច្បាប់ទម្លាប់មួយចំនួន ព្រោះយើងចេះតែនិយាយថាប្រជាមតិៗ ក៏ប៉ុន្តែត្រូវធ្វើយ៉ាងម៉េច ទៅមកៗមិន គជប ដដែល វិលទៅវិលមកជាន់ដានដដែលមកវិញមក វាទាល់តែមូលមាត់គ្នា ថាមួយដំណាក់កាលម្តង ភាពមិនប្រក្រតី អាហ្នឹងដោះស្រាយយ៉ាងម៉េច ដូចមូលមាត់គ្នាថាកែប្រែ គជប អាហ្នឹងគឺអាចអង្គុយជុំគ្នាទៅ ហើយបង្កើតគណៈកម្មការអីពិនិត្យឲ្យបានស្រួលបួលទៅ ចម្រុះមក ហើយនិងហៅអ្នកជំនាញមក ជំនាញក្នុងស្រុក ជំនាញក្រៅស្រុក ហើយយើងម្ចាស់ការខ្លួនឯងទៅ"។
សម្រាប់លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយ មានប្រសាសន៍ថា ការធ្វើប្រជាមតិនេះ គេត្រូវបង្កើតឲ្យមានគណៈកម្មឯករាជ្យមួយសម្រាប់ធ្វើកិច្ចការនេះ ទូទាំងប្រទេសដើម្បីរកឲ្យឃើញពីការចង់បានរបស់ប្រជាពលរដ្ឋ ហើយគណបក្សទាំងពីរត្រូវតែគោរពតាមការលទ្ធផលនៃការធ្វើប្រជាមតិនោះ ៖ "ជម្រើសខ្ញុំចុងក្រោយ ខ្ញុំចង់ឲ្យអ្នកនយោបាយបក្សទាំងពីរដែលឈ្នះឆ្នោតហ្នឹង ត្រូវបង្កើតគណៈកម្មការមួយ ចុះធ្វើប្រជាមតិសម្រាប់ម្ចាស់ឆ្នោត នយោបាយគ្មានលទ្ធភាពនឹងដោះស្រាយហ្នឹងហើយ យើងគួរតែបង្កើតក្រុមឯករាជ្យមួយចុះធ្វើប្រជាមតិដាក់បីសំណួរ ទទួលស្គាល់ការបោះឆ្នោតឬក៏អត់ ទីពីរ យើងត្រូវបោះឆ្នោតកន្លែងមិនប្រក្រតី ទីបីយើងត្រូវតែត្រួតពិនិត្យ គជប បីសំណួរហ្នឹង បើប្រជាជនមតិភាគច្រើន គាត់ឲ្យទៅខាងណា យើងគោរពតាមអ្នកធ្វើប្រជាមតិហ្នឹងទៅ ពីព្រោះអ្នកនយោបាយឥឡូវអស់លទ្ធភាពហើយ អត់មានអីធ្វើទៅទៀត អញ្ចឹងយើងគួរតែប្រើប្រាស់ប្រជាមតិទៅ ដើម្បីកុំឲ្យមានបញ្ហា"។
បើតាមលោក មេធាវី សុក សំអឿន បើទោះជាច្បាប់មិនមានចែងពីការធ្វើប្រជាមតិនេះក៏ដោយ ប៉ុន្តែបើអ្នកនយោបាយមានឆន្ទៈចង់ដឹងពីការគាំទ្រពិតប្រាកដពីប្រជាពលរដ្ឋនោះ អាចធ្វើបាន។ សម្រាប់កាលៈទេសៈបច្ចុប្បន្ននៅកម្ពុជាលោកយល់ថា បើគណបក្សកាន់អំណាចមិនព្រម ក៏មិនពិបាកធ្វើដែរ ៖ "ប្រជាមតិគឺមានន័យថា ឲ្យប្រជាពលរដ្ឋទាំងអស់មកបោះឆ្នោត ហើយចុះបើសិនជា គាត់អត់មានជាផ្លូវការគេទទួលស្គាល់ ធ្វើម៉េចអាចចាត់ទុកថាប្រជាមតិត្រឹមត្រូវកើតទៅ"។
ប្រទេសមួយចំនួនដែលកំពុងជួបវិបត្តិនយោបាយ ដូចជាប្រទេស អេហ្ស៊ីប តួគី ប្រេស៊ីល ស៊េរី និងបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅសហភាពអ៊ឺរ៉ុបជាដើម ពួកគេបានទាមទារឲ្យធ្វើប្រជាមិតនេះឡើង ដើម្បីកែទម្រង់នយោបាយឬផ្តល់សេចក្តីទុកចិត្តលើការអនុម័តសេចក្តីព្រាងច្បាប់ណាមួយ៕
សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!