ខ្មែរ​ឈ្នះ​ពាន​អ្នកនិពន្ធ​ឆ្នើម​អាស៊ាន

Monday, 21 October 2013
Rupert Winchester
ភ្នំពេញ ប៉ុស្តិ៍

131021_20a

លោក សុខ ចាន់ផល (ស្ដាំ​ទី២) និង​លោក ចេង សុងសំផាន (កណ្ដាល) ប្រធានសមាគម​អ្នកនិពន្ធ​ថៃ។ រូបថត សហ​ការី

ភ្នំពេញ : សប្ដាហ៍​នេះ​អ្នកនិពន្ធ​លោក សុខ ចាន់ផល បាន​ទទួល​ពាន​រង្វាន់​និពន្ធ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ (SEA Write Award) សម្រាប់​ប្រទេស​កម្ពុជា។ នេះ​គឺជា​ជ័យជម្នះ​លើក​ទី​មួយ​ហើយ​ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​ដែល​អ្នកនិពន្ធ​ខ្មែរ​បាន​ឈ្នះ​ពាន​រង្វាន់​នេះ។

លោក សុខ ចាន់ផល ស្ថិត​នៅក្នុង​ចំណោម​អ្នកនិពន្ធ​ដទៃ​ទៀត​មកពី ​៩ ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​មក​ចូលរួម​កម្មវិធី​ប្រគល់​ពាន​រង្វាន់​នៅ​ទីក្រុង​បាងកក។ លោក​ត្រូវ​បាន​ព្រះនាង មហាចក្រី សុរិន្ទថន ជា​អ្នក​ប្រគល់​ពាន​ជូន​ឲ្យ​ផ្ទាល់​ដៃ។

ពាន​រង្វាន់​នេះ​ជា​ការ​ផ្ដល់​កិត្តិយស​ដល់​អ្នកនិពន្ធ​ឆ្នើម​ក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា និង​ភូមា។ នេះ​គឺជា​លើក​ទី​១​ហើយ​ក្នុង​អំឡុង​ពេល​១១​ឆ្នាំ​ដែល​គ្រប់​ប្រទេស​អាស៊ាន​មាន​វត្តមាន​ចូលរួម​ទាំងអស់​គ្នា។

ពិធី​ប្រគល់​រង្វាន់​ដែល​ចាប់​បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​១៩៧៩​នេះ​បាន​រៀបចំ​ឡើង​ពេល​ដែល​ក្រុង​បាងកក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​«រាជធានី​នៃ​សៀវភៅ​ក្នុង​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៣» ដោយ​អង្គការ​យូណេស្កូ។

កាលពី​ឆ្នាំ​២០០៨ អ្នក​និពន្ធ​ខ្មែរ​ឈ្មោះ ស៊ិន ទូច ក៏​បាន​ចូលរួម​ដែរ រីឯ​លោក សុខ ចាន់ផល គឺជា​បេក្ខជន​ទី​១១​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ។

ក្រោយពី​ទទួល​បាន​ពាន​រង្វាន់​នេះ អ្នកនិពន្ធ​វ័យ​២៩​ឆ្នាំ សុខ ចាន់ផល​បាន​សម្ដែង​ក្ដី​រំភើប​ថា​៖ «​ពិតជា​ពិបាក​រក​ពាក្យពេចន៍​នឹង​ថ្លែង​ក្នុង​ឱកាស​នេះ​ណាស់។ ពាន​រង្វាន់​នេះ​គឺជា​កិត្តិយស ដ៏​មាន​អត្ថន័យ​ក៏​ដូចជា​ការ​ទទួល​ស្គាល់​រូបខ្ញុំ​និង​ស្នាដៃ​ដ៏​ជោគជ័យ​របស់​ខ្ញុំ​ក្នុង​អាជីព​តែង​និពន្ធ​នេះ​»។

លោក​បាន​និយាយ​ទៀត​ថា​៖ «ជា​ពិសេស​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​ជា​អ្នក​មាន​វ័យក្មេង​ជាង​គេ​ក្នុង​ចំណោម​ម្ចាស់​ពាន​រង្វាន់​ឆ្នាំ​នេះ​»។

លោក សុខ ចាន់ផល បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​មាន​កិត្តិយស​ក្នុង​នាម​ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា អ្វី​ដែល​សំខាន់​សម្រាប់​រូបលោក​គឺ​សិល្បៈ​ក្នុង​ការ​តែង​និពន្ធ​នេះ​តែ​ម្ដង។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួន​ខ្ញុំ​ដែល​ខ្ញុំ​អាច​ដើរតួ​ជា​អ្នកនិពន្ធ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ជាពិសេស​ពេល​បាន​ឃើញ​ទង់ជាតិ​របស់​ខ្លួន​មាន​វត្តមាន​ក្នុង​ពិធី​នោះ​»។

សម្រាប់​រូប​លោក ពាន​រង្វាន់​អ្នកនិពន្ធ​ឆ្នើម​នេះ​គឺជា​បទពិសោធ​មួយ​ដ៏​មាន​តម្លៃ​សម្រាប់​ថ្ងៃ​អនាគត។

លោក​បាន​រំឭក​ថា​៖ «ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ជួប​ម្ចាស់​ជ័យលាភី​ដទៃ​ទៀត។ ខ្ញុំ​គិតថា​ពួកយើង​ជា​អ្នកនិពន្ធ​ដែល​មាន​សណ្ឋាន​ស្រដៀង​គ្នា។ មែន​ហើយ ពិធី​ឆ្នាំ​នេះ​ខ្ញុំ​មាន​វ័យក្មេង​ជាង​គេ​ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា អ្នកនិពន្ធ​ដទៃ​ទៀត​ប្រៀបបី​ដូចជា​ឪពុក ម្ដាយ បងប្រុស បងស្រី​របស់​ខ្ញុំ​អ៊ីចឹង​»។

អ្នកនិពន្ធ​មិន​សូវ​ចេះ​និយាយស្ដី​ច្រើន​រូប​នេះ​បាន​សម្ដែង​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​៖ «បទពិសោធ​នេះ​នឹង​ជួយ​ដល់​អ្នកនិពន្ធ​ខ្មែរ​ដទៃ​ទៀត។ ខ្ញុំ​គិត​ថា​ចង់​បង្កើត​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អ្នក​និពន្ធ​ឆ្នើម​នៅ​ស្រុក​ខ្មែរ​ដើម្បី​លើក​តម្កើង​វិស័យ​នេះ​ផង​ដែរ​»។

លោក​បាន​និពន្ធ​រឿង​ខ្លី​ចំនួន​៣​ដែល​បោះពុម្ព​ជា​ភាសា​អង់គ្លស​ក្នុង​ឆ្នាំ​នេះ។ គណៈកម្មការ​អ្នកនិពន្ធ​អាស៊ាន បាន​កោតសរសើរ​ដល់​ស្នាដៃ​របស់​លោក​ថា ជា​ស្នាដៃ​«មាន​គុណភាព អាស្រ័យ​បទពិសោធ និង​ការ​ឆ្លុះបញ្ចាំង​»។ លោក ថេរី យ៉ាម៉ាដា សាស្ត្រាចារ្យ​សិក្សា​ស្រាវជ្រាវ​តំបន់​អាស៊ី​មកពី​រដ្ឋ​កាលីហ្វ័រនីញ៉ា ដែល​ជា​គណៈកម្មការ​មួយ​រូប​ដែរ​នោះ បាន​សរសើរ​លោក​ថា ជា​អ្នកនិពន្ធ​រឿងខ្លី​ដ៏​ឆ្នើម​បំផុត​នៅ​ប្រទេស​កម្ពុជា​ក្នុង​សម័យកាល​នេះ៕


What Next?

Recent Articles

4 Responses to "ខ្មែរ​ឈ្នះ​ពាន​អ្នកនិពន្ធ​ឆ្នើម​អាស៊ាន"

  1. Anonymous says:

    Congratulation !!!

  2. Anonymous says:

    Good to hear that new. Was Poan Poung Vorphom forget to attend the ceremoney or competition?

  3. Srey Khmer says:

    Congratulation, keep continuing your best work!!!

  4. សូមកំុចំលងពីគេច្រើនពេក ប្រើគំនិតខ្លួនឯងអោយសមនិងអ្វីដែលទទួលបាន