ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ ថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលាឆ្នាំ១៩៩១ នៅតែមានសុពលភាព មិនដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីកន្លងទៅ។
កាលពីថ្ងៃទី២៥ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងចាត់ទុកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ថា អស់សុពលភាពសម្រាប់ប្រទេសកម្ពុជា នៅពេលនេះ ព្រោះកម្ពុជា មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិរួចទៅហើយ។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្មារតីរបស់ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១នោះ បានរលាយទៅហើយ គឺតាមរយៈការដាក់មាត្រាមួយចំនួន បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា បច្ចុប្បន្ននេះ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែតុលា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា មហាបាតុកម្មនៅថ្ងៃពុធនេះ គឺដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តមាត្រាទាំងឡាយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយធានាឲ្យមានការគោរពសិទ្ធពលរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ លោកបញ្ជាក់ថា រដ្ឋាភិបាលដែលកើតឡើងពីគណបក្សតែមួយ គឺគណបក្សប្រជាជនកម្ពុជា មិនស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា មហាបាតុកម្មនេះ គឺដើម្បីពញ្ញាក់ស្មារតីថា កិច្ចព្រមទីក្រុងប៉ារីស នៅមាន«សុពលភាព»នៅឡើយ និងនៅតែអាចជាគោលការណ៍ សម្រាប់ដោះស្រាយបញ្ហានៅកម្ពុជា។ លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនទាន់បានអនុវត្តកិច្ចព្រមព្រៀងនេះ ឲ្យបានពេញនៅឡើយទេ។ លោកបញ្ជាក់ថា គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី និងពហុបក្ស មិនទាន់មាន ដោយសារការបោះឆ្នោតនេះ មិនត្រឹមត្រូវ សេរី និងយុត្តិធម៌ បញ្ហាអធិបតេយ្យភាព បូរណភាពទឹកដីតាមព្រំដែន អន្តោប្រវែសន៍ខុសច្បាប់ នៅមាននៅឡើយ និងការទទួលជំនួយពីបរទេស មិនទាន់ត្រូវបានបញ្ឈប់។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅសំខាន់ៗ បីយ៉ាងគឺ៖
ទី១-រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់ និង ការរំសាយអាវុធនៅក្នុងជួរកងទ័ព នៃ ភាគីជម្លោះខ្មែរទាំងអស់ ការដកកងទ័ពបរទេសចេញពីកម្ពុជា។
ទី២-ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ។
ទី៣-ការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាច រំលោភបំពានបានឡើយនូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ ប្រកាសដឹងគុណអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីដែលបាននាំមកសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ដល់កម្ពុជា។នៅលើរបងទីស្តីការគណៈរដ្ឋមន្ត្រី គេសង្កេតឃើញមានការបំពាក់នូវក្រណាត់ ដោយបញ្ជាក់ជាសារថា«ដឹងគុណជានិច្ចអង្គការសហប្រជាជាតិ និងបណ្តាប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស ២៣តុលា ១៩៩១» «២៣ តុលា ១៩៩១ គឺជាថ្ងៃដែលកម្ពុជា ទទួលបាននូវសន្តិភាពទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត» និង«ប្រទេស មានសន្តិភាព គឺប្រទេសមានការអភិវឌ្ឍជឿនលឿន និងធ្វើឲ្យប្រទេសជាតិ រីកចម្រើនឥតឈប់ឈរ»។
កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១ បានកើតឡើងដោយព្រះរាជបូជនីយកិច្ច របស់ព្រះករុណា សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងភាគីខ្មែរដទៃទៀត ក្រោមការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ពិសេសបារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាន នៃសន្និសីទរួម ឈានដល់ការរួបរួមរវាងខ្មែរ និងខ្មែរ ដើម្បីចុះហត្ថលេខាលើបទឈប់បាញ់៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank