​ប្រជាជន​កម្ពុជា ៦​លាន​នាក់ នឹងរង​ផលប៉ះពាល់​ដោយសារ​គម្រោង​វា​រី​អគ្គិសនី​នៅ​ឡាវ​​

ដោយ៖​ តាំង វី​ដា និង អ៊ឹង ប៊ុនថន​​
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ឈិត សំអាត(កណ្ដាល)​​នាយក​ប្រតិបត្តិ នៃ​អង្គការ NGO Forum(រូបថតដោយ តាំង វីដា)

​ប្រជាជន​កម្ពុជា ប្រមាណ​៦​លាន​នាក់ ប្រឈម​នឹង​ផលប៉ះពាល់​លើ​វិស័យ​ជលផល តាម​អាង​ទន្លេមេគង្គ នៅពេល​ទំ​បន់​វា​រី​អគ្គិសនី ដន​សា​ហុង នៅ​ប្រទេស​ឡាវ ត្រូវបាន​អនុញ្ញាត​ឲ្យ​សាងសង់ នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា​នេះ​។​

​ការបារម្ភ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​រៀបចំឡើង​ដោយ ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន១៩ ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​។​

​នាយក​ប្រតិបត្តិ នៃ​អង្គការ NGO Forum  លោក ឈិត សំអាត ឲ្យដឹងថា តាម​ការស្រាវជ្រាវ ការសាងសង់​ទំនប់​ដន​សា​ហុង អាច​គម្រាមកំហែង​ដល់​វិស័យ​ជលផល សន្តិសុខ​ស្បៀង និង​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​ប្រជាជន​តាម​មូលដ្ឋាន ក្នុងប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀតណាម​។ លោក​ថា ប្រជាជន​កម្ពុជា​ប្រមាណ ៦​លាន​នាក់ ក្នុងចំណោម​ប្រជាជន ៦០​លាន​នាក់​នៃ​ប្រទេស​ទាំង​បួន ដែល​រស់នៅ​តាម​អាង​ទន្លេមេគង្គ នឹងរង​ផល​ប៉ះពាល់​ពី​ការ​សាង​សង់​​ទំនប់​​នេះ​ ​៖​ “​យើង​មិន​អាច​ចេះ​តែ​សិក្សា​ទៅ​ព្រៀលៗ ទៅ​​ថា​អត់​មាន​ផលប៉ះពាល់ វិទ្យា​សាស្ត្រ​ហ្នឹង​ត្រូវ​ចំណាយ​​ពេល​ច្រើន​បន្តិច ដើម្បី​សិក្សា​ទៅ​លើ​ប្រភេទ​នៃ​​ឈើ នៃ​ត្រី បម្លាស់​​ទី គឺ​ថា​មាន​ត្រី​ប៉ុន្មាន​ប្រភេទ ត្រូវ​ផ្លាស់​ទី វា​ផ្លាស់​ទី​យ៉ាងម៉េច ទី​ពីរ​ទាក់ទង​នឹង​បញ្ហា​ជីវចម្រុះ​នៅក្នុង​ទឹក វា​យ៉ាង​​ម៉េច វា​មាន​អ្វីខ្លះ វា​អាច​ប៉ះពាល់​អ្វីខ្លះ​។ បើ​យើង​និយាយ​ពី ជីវចម្រុះ​នៅក្នុង​អាង​ទន្លេ​មេគង្គ គឺថា​​មាន​​ភាព​ស្មុគ​ស្មាញ ជាជាង​អ្វីដែល​​យើង​បាន​គិត​នោះ​”​។​

លោក ឈិត សំអាត ឲ្យដឹងទៀតថា ថ្វី​បើ​កិច្ចព្រមព្រៀង​ទន្លេមេគង្គ ឆ្នាំ​១៩៩៥ បាន​តម្រូវឲ្យ មាន​ការពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ មុន​​សាងសង់​ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេមេគង្គ ក៏ដោយ តែ​​កិច្ចព្រមព្រៀង​នេះ មិន​បាន​ចាប់បង្ខំ ឬ​មាន​យន្តការ​ដោះស្រាយ​ថ្មី បើ​មិន​មាន​ការ​ឯកភាព​​គ្នា​​នោះ​។​

​ប្រធាន​គ្រប់គ្រង​កម្មវិធី​នៃ​សម្ព័ន្ធភាព ​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក យុ​ក សេង​ឡុង ឲ្យដឹងថា ការអភិវឌ្ឍន៍​គម្រោង​សាងសង់​វា​រី​អគ្គិសនី ដន​សា​ហុង អាច​ជួយ​ឲ្យមាន​កំណើនសេដ្ឋកិច្ច ប៉ុន្តែប្រជាជនដែល​រស់នៅ​តាម​ទន្លេមេគង្គ​នោះទេ អាច​នឹង​ត្រូវ​បណ្តេញចេញ​ដោយ​មិន​មាន​សំណង​សមរម្យ ​៖ “​ពិសេស​ជាង​គេ​​​ប្រទេស​កម្ពុជា​មាន ៦​លាន​នោះ គឺ​គាត់​មិន​ត្រូវការ​ទេ គាត់​មិន​ត្រូវការ​ភ្លើង​ទេ ហើយ​​ផលប្រយោជន៍​ពី​គម្រោង​សាងសង់ ខាង​​មុខ​នោះ ក៏​គាត់​មិន​បាន​ទទួល​ដោយ​ផ្ទាល់​ដែរ ប្រជាជន​ដែល​រស់នៅ​ខាង​លើ​តំបន់​គម្រោង​ទេ ដែល​គាត់អាច​​ត្រូវបាន​គេ ផ្តល់​​សំណង​តិចតួច ក៏ប៉ុន្តែ​​សម្រាប់​ប្រជាជន​ដែល​រស់​នៅខាង​​ក្រោម​តំបន់​គម្រោង​សាងសង់​​ទំនប់ ក៏ដូចជា​នៅ​ខាង​តំបន់​ទន្លេសាប​នោះ គឺ​គាត់​មិន​ មិន​ត្រូវ​បាន​គេ​គិតគូរ​ពិចារណា ដើម្បី​សង​ជា​សំណង​​ទេ​”​។​

​ការសាងសង់​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​។ មន្ត្រី​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា ភាគី​កម្ពុជា ក៏​ធ្លាប់​ដាក់លិ​ខិត​ចំហរ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​​ឡាវ ស្នើ​ផ្អាក​ការសាងសង់​នេះ ម្តង​រួច​ហើយ តែ​មិន​ការឆ្លើយតប​នោះ​ទេ​ ​៖ “​មិនទាន់​ឃើញ​ឆ្លើយតប​​​ទេ ពីព្រោះ​យើង​សរសេរ​ទៅ​គេ​ឲ្យ​ផ្អាក ហើយ​ឲ្យ​ឡាវ​ហ្នឹង​​ដាក់​បញ្ហា​នេះ ទៅ​ពិភាក្សា​ក្នុង​ក្របខណ្ឌ MRC ថា​គេ​ចាត់​វិធានការ​យ៉ាង​ម៉េច យើង​មិន​ទាន់​ដឹង​”​។​

​គម្រោង​សង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង របស់​ក្រុមហ៊ុន Mega First Corporation Berhad វិស្វកម្ម និងសំណង់ម៉ាឡេស៊ី​នេះ ត្រូវបាន​ផ្អាក​សាងសង់​ម្តង​កាល ពី​ខែ​មេសា និង​ខែឧសភា ឆ្នាំ​២០០៧ បន្ទាប់​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ២៨ និង​អ្នកវិទ្យាសាស្ត្រ ចំនួន ៣៤​នាក់ បាន​ផ្ញើលិខិត​ចំហរ​មួយ​ជូន​រដ្ឋាភិបាល​ឡាវ គណៈកម្មការ​ទន្លេមេគង្គ និង​រដ្ឋាភិបាល​ជា​សមាជិក​ នៃ​គណៈកម្មការ​នេះ ដោយ​សុំ​ឲ្យ​ពិចារណា​គម្រោង​នេះ​ឡើង​វិញ​។ ពួក​គេ​​ព្រមាន​​ថា​ ​គម្រោង​នេះ នឹង​ផលប៉ះពាល់​ដល់​មច្ឆា​​ជាតិ និង​ភស្តុតាង​វិទ្យាសាស្ត្រ ដែល​បង្ហាញ​ថា​គម្រោង​នេះ គឺ​មាន​លក្ខណៈ​វិនាស​ធំធេង៕

សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Related Articles

3 Responses to "​ប្រជាជន​កម្ពុជា ៦​លាន​នាក់ នឹងរង​ផលប៉ះពាល់​ដោយសារ​គម្រោង​វា​រី​អគ្គិសនី​នៅ​ឡាវ​​"

  1. Cambodia says:

    តើកាំភ្លើងធំ និងមីុសសីុលបាញ់ដល់ទំនប់អគ្គីសនីឡាវរឺទេ ? ការបំផ្លាញនេះស្មើរការប្រកាសសង្រ្គាម!ឡាវអេវ.

  2. Former Hia lola says:

    គេបាន​និយាយថា: “នឹងរង​ផលប៉ះពាល់​ដោយសារ​គម្រោង​វា​រី​អគ្គិសនី​នៅ​ឡាវ​​”, ​ប៉ុន្តែគេ​មិនបាន​ពន្យល់ ពី​មូលហេតុនេះ។ ​ខ្ញុំជឿថា ​វាមិនប៉ះពាល់​​អ្វី​នោះទេ។

  3. សិស្សធនញ្ជ័យ says:

    ពិបាកទប់ទល់ជាមួយរង្វិលជុំរបស់ផែនដី ឯការអភិវឌ្ឍ ក៏ពិបាកនឹងឃាត់ឃាំងដែរ​ តែការនាំគ្នាការពារមុនជាការល្អម៉្យាងដែរ
    ប៉ុន្តែការពន្យល់គ្នាមុន ដើម្បិបានដឹង ហើយត្រៀមទទួលយក ឫរកវិធីបញ្ឈប់ រកវិធីផ្សេង រកហេតុផល
    អោយសង ជូសជុលការខូចខាតនៅពេល ពួកយើងបានសំណូមពរកន្លងមក កុំគិតតែពីចំណូល
    ផ្ទះខ្លួនឯងតែបែជាបំផ្លាញផ្ទះអ្នកដទៃទៅវិញ​​។