គណបក្ស​ប្រឆាំង​ដាក់​ឱសានវាទ​សម្រាប់​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ

ហេង រស្មី
07 វិច្ឆិកា 2013
វីអូអេខ្មែរ

លោក​ យឹម សុវណ្ណ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក ព្រំ​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាអ្នក​ដឹក​នាំ​គណៈប្រតិភូ​មក​ពី​គណបក្ស​ប្រជាជន​ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ក្រោយ​​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ​ទី​០៥ វិច្ឆិកា ២០១៣ នៅ​វិមាន​រដ្ឋសភាជាតិ។ (វីអូអេ/សាយ​ មុន្នី)

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ដាក់​ឱសានវាទ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​រហូត​ដល់​ដាច់​ឆ្នាំ​២០១៣​ដើម្បី​ដោះស្រាយ​ការទាមទារ​របស់​ខ្លួន​ចំនួន​៣​ចំណុច​បើមិន​ដូច្នេះ​ទេ​នឹង​មាន​មហា​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ជាង​ពេល​មុនៗ​ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌​សម្រាប់​ម្ចាស់​ឆ្នោត។​

ការ​ដាក់​ឱសានវាទ​ លាយ​ឡំ​ជាមួយ​នឹង​ការព្រមាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ការ​ងារ​ពិសេស​នៃ​គណបក្ស​គូរ​ជម្លោះ​ទាំង​ពីរ​បាន​បរាជ័យ​សារជា​ថ្មី​ម្តង​ទៀត​មិន​អាច​ឈាន​ទៅ​រក​ចំណុច​ត្រូវ​គ្នា​បាន​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​បី​ចំណុច​សំខាន់ៗ​សម្រាប់​ការ​ចរចា​គឺ​ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ពិសេស​ស្វែង​រក​ការ​ពិត​ដើម្បី​ស៊ើប​អង្កេត​លទ្ធផលក្រោយ​ការ​បោះឆ្នោត​ ស្នើ​សុំ​ឱ្យថ្នាក់​ដឹកនាំ​គ.ជ.ប​ទាំង​៩​រូប​លាឈប់​ចេញ​ពី​មុខ​តំណែង​ និង​ ធ្វើ​កំណែ​ទម្រង់​គ.ជ.ប​យក​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​NDI​ និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា។​

លោក​កឹម សុខា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ទី​ស្នាក់​ការ​គណបក្ស​នៅ​ខណ្ឌ​ទួល​គោក​ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​ដឹកនាំ​ធ្វើ​ពិធី​បុណ្យ​កឋិនទាន​ថា​ចាប់​ពីពេល​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​នៅ​សល់​ពេល​ជាង​មួយ​ខែ​ទៀត​ដើម្បី​ទុក​លទ្ធភាព​ឱ្យគណបក្ស​ប្រជាជន​ដោះ​ស្រាយ​បើសិន​ជា​មិន​អាច​រក​ច្រក​ចេញ​បាន​ទេ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មាន​ផែន​ការ​យុទ្ធសាស្ត្រ​ថ្មី​ទ្រង់​ទ្រាយ​ធំជាង​ពេល​មុនៗ។​

លោក​ កឹម សុខា​ មិន​បាន​បញ្ជាក់​ថា​តើ​ផែន​ការ​យុទ្ធសាស្ត្រ​ដែល​គណបក្ស​សង្គ្រោះជាតិ​គ្រោង​នឹង​រៀប​ចំធ្វើ​នៅ​ថ្ងៃ​ក្រោយ​នោះ​មាន​អ្វី​ខ្លះទេដោយ​លោក​គ្រាន់តែ​បាន​ឱ្យដឹង​ថា​នឹង​មាន​មហា​បាតុកម្ម​សារ​ជាថ្មី​នៅ​ទូទាំង​ប្រទេស​និង​ការ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ពី​មន្ត្រី​រាជ​ការ​និង​កម្មករជាដើម។​

លោក​និយាយ​ថា៖ «​យើង​ដាក់​កំណត់​ពេល​យើង​មិន​អាច​ឱ្យគណបក្ស​ប្រជាជន​អូស​បន្លាយ​ការ​ចរចា​នេះ​ឱ្យប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​យូរ​អង្វែង​ទេ។ ខ្ញុំ​ជាមួយ​លោក​សម រង្ស៊ី​ទើប​ជជែក​គ្នា​ថ្ងៃ​មិញ​ថា​យើង​ត្រូវ​កំណត់​ពេល​យ៉ាង​យូរ​បំផុត​ដាច់​ឆ្នាំ​នេះ​អត់​មាន​ទុក​ឱ្យហួស​ហ្នឹង​ទៀតទេ។ ​យើង​នឹង​ធ្វើ​សកម្មភាព​មួយ​ធំ​ណាស់​ ធំមែន​ទែន​ ធំ​ជាង​លើក​មុន​ទៀត»។​

លោក​ កឹម សុខា​បាន​បញ្ជាក់​ទៀត​ថា​នៅ​ពេល​ហួស​កំណត់​ឱសានវាទគណបក្ស​សង្គ្រោះជាតិ​នឹង​បិទ​ផ្លូវ​លែង​ចូល​រួម​តុ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ហើយ​គឺ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​គ្មាន​ការ​កំណត់​ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​ឱ្យទាល់​តែ​បាន។​

លោក​ ព្រំ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ចរចា​មិន​គួរ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​លក្ខខណ្ឌ​ក្នុង​តុ​ចរចា​ទេ​ពីព្រោះ​ធ្វើ​ឱ្យដំណើរ​ការ​ចរចា​ជាប់​គាំង។​
លោក​បាន​បញ្ជាក់​ទៀត​ថា​ការ​ជួប​ចរចា​ជា​វិធី​មួយ​ល្អ​ជាជាង​ការ​ប្រើ​ប្រាស់​វិធី​មួយ​ផ្សេង​ទៀត​មក​ដោះ​ស្រាយ​បញ្ហា។​

លោក​និយាយ​ថា៖​ «ការ​ចារចា​ទោះ​បី​ជា​កម្រិត​ណា​ក៏ដោយ​គេមិន​គួរ​ដាក់​លក្ខខណ្ឌ​ទេ។ ​កាល​ណា​ដាក់​លក្ខខណ្ឌ​វាហាក់​បី​ដូច​ជាមាន​ន័យ​មិន​សូវ​មាន​ឆន្ទៈ​ក្នុង​ការ​រក​ដំដោះ​ស្រាយ។ ​យើង​ជួប​គ្នា​ទៅ​ ជជែក​គ្នា​ទៅ​ដូច​យើង​ធ្លាប់​ធ្វើ​កន្លង​មក»។​

ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨​ខែ​កក្កដា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ចំនួន​៦៨​អាសនៈ​ចំណែក​ឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

6 Responses to "គណបក្ស​ប្រឆាំង​ដាក់​ឱសានវាទ​សម្រាប់​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ"

  1. គេរងចាំ ឱ្យកម្លាំងហិរញ្ញវត្ថុរបស់គណបក្សសង្គ្រោះជាតិ កាន់តែចុះខ្សោយ ដើម្បីអ្នកតំណាង

    រាស្ត្រ៥៥ នាក់ ត្រូវតែពុះកញ្ជ្រោល ស្ម័គ្រចិត្តទៅចូលរួមប្រជុំក្នុងរដ្ឋសភា ដោយស្វ័យប្រវត្តិ។

  2. សិស្សធនញ្ជ័យ says:

    បើអំណាងរាស្រ្តទាំង៥៥នាក់ មានបំណងដូច លោក កឹម សុខា ដែរ ទើបពិតជា
    មិនខ្វល់ពីការខាតបង់របស់ប្រជាពលរដ្ឋ ដោយរវល់តែក្តៅក្រហាយជាមួយសន្លឹកឆ្នោត
    ហេតុអ្វិមិនរាប់ម្តងទៀតក្រែងបានឈ្នះ ។ អញ្ចឹងហើយបានជាអ្នកនយោបាយដើម្បីបាន
    ល្បីឈ្មោះទាល់តែជាប់គុក ទើបរកយុត្តិធម៌ឃើញ លោកកឹមសុខា ជាបន្លាក្នុងកែវភ្នែក
    របស់ប្រជាជន ដែលចង់បានសុខសន្តិភាព នឹងការបង្រួបបង្រួម សាមគ្គីកសាងជាតិ។

  3. អាណិត says:

    លោកនិយាយបានពិរោះណាស់ថាក្លាយបាត់បង់ផលប្រយោជន៏ជាតិ ផលប្រយោជន៏ប្រជាជននៅពេលដែលលោកបានអោយបរទេសផ្អាកការវិនិយោគ និងផ្អាកការផ្តល់អំណោយ។ គណៈបក្សទាំងពីរគួរមានមនៈសិកាក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ កុំដើម្បីតែចង់បានតែអំណាចរៀងខ្លួនធ្វើអោយប្រជាជនធុញទ្រាន់។

  4. socheat says:

    បើគ្មានយន្តការច្បាស់លាស់ទេកុំជួបគ្នាទៀតអីប្រសើរជាង ជួបគ្នារាប់ម៉ោងមិនដែលបានផលទេ

    ម្នាក់ៗគិតតែពីនិយាយបរិហាដាក់គ្នាអ្នកនេះយ៉ាងនេះអ្នកនោះយ៉ាងនោះ ។

    ខ្ញុំធ្លាប់និយាយរួចហើយថាខ្មែរពិបាកនិយាយគ្នាណាស់

    ទាល់តែមានអន្តរជាតិនៅជាអជ្ញាកណ្តាលទើប

    អាចនិយាយគ្នាស្តាប់បាន មានសន្ធិសញ្ញាក្រុងប៉ារីសជាគំរូ ។​

    ដើម្បីកុំអោយខាតពេលក្នុងការអភិវឌ្ឍន៍

    ប្រទេសភាគីទាំងពីគួររកអន្តរជាតិមកជួយសម្របសម្រួលវិញទៅ សព្វថ្ងៃរាស្ត្ររងទុក្ខគ្រប់ទីកន្លែង

    និងធុញទ្រាន់ចំពោះអ្នកនយោបាយណាស់។

  5. Chourn says:

    គេបានអំណាចហើយ ហើយពួកគេក៍មានលុយចាយមិនខ្វះដែរ ចង់ពន្យាពេលដល់ណាក៍មិនខ្វល់ ដែរអ្នកប៉ះពាល់គឺប្រជាជនមិនមែនមន្ត្រីសម្បូរលុយចាយទាំងនោះទេ។ ហើយកាលណាបន្យាពេល កាន់តែយូរបក្សសង្គ្រោះជាតិកាន់តែចុះខ្យោយហើយអាចបែកបាក់គ្នាទៀតផង ដូច្នេះប្រសិនបើបក្ស សង្គ្រោះជាតិនៅតែពន្យាតាមបក្សកាន់អំណាចនោះការទាមទារកន្លងមកនិងបរាជ័យ។ ដោយឃើញ ហេតុផលនេះហើយទើបបក្សសង្គ្រោះជាតិដាក់ឪសាទនុវាទនោះគឺមិនខុសទេព្រោះគេមិនចង់ឲ្យអ្នក គាំទ្ររបស់គេបន្តរនូវយប់យន្តសុបិន្តច្រើននោះទេ។

  6. Strey Khmer says:

    Whatever, CPP will be not accepted the requests of CNRP. Because CPP will loose the election
    if they accepted the proposal of CNRP . The fraudulent CPP cannot alive without cheating and fraud the ballots of the voters. So CNRP should revise the methodical way for finding the fair justice for the people who had votes for them.