ប្រាក់​ខែ​ក្លាយ​ជា​បញ្ហា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​កាន់​អំណាច

Thursday, 07 November 2013
សែន ដាវិត និង Daniel Pye
ភ្នំពេញ ប៉ុស្តិ៍

131107_05

លោក ​ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​នគរ​បាល​​ក្នុង​ពិធី​មួយ​នា​ខែ​ តុលា​។ រូបថត មិនា

ភ្នំពេញៈ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច បាន​សន្យា​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្រ្តី​រាជការ កាល​ពី​ដើម​ឆ្នាំ​នេះ អ្នក​ខ្លះ បាន​លើក​ឡើង​ថា គណបក្ស​នេះ ក៏​កំពុង​ព្យាយាម​ប្រាប់​ដល់​មន្ត្រី​រាជការ នូវ​ហេតុ​ផល​មួយ ដើម្បី​ឲ្យ​ពួក​គេ​បន្ត​គាំទ្រ​ខ្លួន​ពេល​បោះឆ្នោត កាល​ពី​ខែ កក្កដា។

ការ​ដំឡើង​ប្រាក់​ខែ ២០ ភាគរយ បាន​ធ្វើ​ឡើង ខណៈ​ដែល​មាន​ការ​ជំរុញ​នៅ​មុន​ការ​បោះឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ ពី​មន្រ្តី​រាជការ ដោយ​សន្យា​ផ្តល់​ប្រាក់​ខែ​ឲ្យ​ពួក​គេ​ក្នុង​ចំនួន​យ៉ាង​តិច ២៥០ ដុល្លារ និង​កម្មករ​យ៉ាង​តិច ១៥០ ដុល្លារ ក្នុង​មួយ​ខែ ប្រសិន​បើ​ខ្លួន​ឈ្នះ​ឆ្នោត។

ក្រុម​អ្នក​វិភាគ បាន​ចាត់​ទុក​ជោគជ័យ​មួយ​ផ្នែក របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះឆ្នោត កាល​ពី​ខែ កក្កដា ថា​ដោយ​សារ​តែ​គោល​នយោបាយ​ទាក់​ទាញ​សំឡេង​ឆ្នោត ពី​មន្រ្តី​រាជការ កម្មករ តាម​រយៈ​ការ​ដំឡើង​ប្រាក់​ខែ ខណៈ​ដែល​រដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​ជាង ៣០ ឆ្នាំ​មក​ហើយ ហាក់​ដូចជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ពី​ស្ថានភាព​រស់​នៅ ដ៏​សែន​លំបាក​របស់​មន្ត្រី​រាជការ​តូច​តាច និង​កម្មករ​ដោយ​សារ​តែ​ប្រាក់​ខែ​តិច។

នៅ​ពេល​នេះ​ការ​ព្រមាន កំពុង​បន្ត​ចេញ​ពី​សហជីព និង​បក្ស​ប្រឆាំង ដែល​ថា ទោះ​បី​ការ​បោះឆ្នោត បាន​ចប់​ក៏​ដោយ ក៏​ក្រុម​មេ​ដឹក​នាំ នៅ​ពេល​នេះ លែង​សូវ​ឲ្យ​តម្លៃ​ក្រុម​អ្នក​បោះឆ្នោត ដែល​កាន់​តែ​មាន​ឥទ្ធិពល ហើយ​កំពុង​តែ​បន្ត​បោះ​ជំហាន​ទៅ​មុខ​នោះ​ទៀត​ហើយ។

សមាជិក​សភា​បក្ស ប្រឆាំង លោក សុន ឆ័យ កាល​ពី​ថ្ងៃ​អង្គារ បាន​មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់​ខែ ២០ ភាគរយ​ដល់​មន្រ្តី​រាជការ​ជា​រៀង​រាល់​ឆ្នាំ ដែល​រដ្ឋាភិបាល​បាន​សន្យា «មិន​អាច​ទូទាត់​នឹង​អតិផរណា» ទំនិញ​នៅ​តាម​ទីផ្សារ​បាន​ទេ ហើយ​នៅ​ទី​បញ្ចប់ នឹង​មិន​គ្រប់​គ្រាន់ ដើម្បី​ផ្គាប់​ចិត្ត​មន្រ្តី​រាជការ​ស៊ីវិល​បាន​ឡើយ​។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​ចាំ​បាច់ ត្រូវ​ផ្តល់​ជីវភាព​សមរម្យ ដល់​មន្រ្តី​រាជការ និង​គ្រប់​គ្រាន់​សម្រាប់​ម្ហូប​អាហារ ដើម្បី​ចិញ្ចឹម​គ្រួសារ​។ យើង​បាន​ពន្យល់​លម្អិត​ថា តើ​លុយ​ទាំង​នោះ បាន​មក​ពី​ទី​ណា»។ លោក បាន​បញ្ជាក់​ថា ការ​បង្ក្រាប​លើ​ការ​លួច​បន្លំ​ពន្ធ​ចំនួន ៥០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ អាច​នឹង​ទូទាត់​ការ​ដំឡើង​ប្រាក់​ខែ​បាន​យ៉ាង​ងាយ​ស្រួល​ដែល​គណបក្ស​របស់​លោក បាន​សន្យា​មុន​បោះឆ្នោត។

ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ខែ កក្កដា តួលេខ ដែល​បញ្ចេញ​ដោយ​រដ្ឋាភិបាល បាន​បង្ហាញ​ថា គ្រូ​បង្រៀន​ទូទាំង​ប្រទេស នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ ដោយ​លើក​ឡើង​ថា បាន​ដឹង​ពី​ការ​បាត់​បង់​ការ​គាំទ្រ​មួយ ដែល​អាច​នឹង​កើត​មាន​។ កាល​ពី​ខែ សីហា ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​បោះឆ្នោត ខណៈ​ដែល​បក្ស​ប្រឆាំង បន្ត​តវ៉ា​ប្រឆាំង​លទ្ធផល​ការ​បោះឆ្នោត ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ថា ខ្លួន​នឹង​ដំឡើង​ប្រាក់​ខែ​គោល​របស់​មន្រ្តី​រាជការ ពី​ប្រមាណ ៦២ ដុល្លារ​ដល់ ៨០ ដុល្លារ ក្នុង​មួយ​ខែ ព្រម​ទាំង​ដំឡើង​ប្រាក់​ឈ្នួល ៤០ ភាគរយ​ដល់​មន្រ្តី​រាជការ​ចំនួន ៩ ម៉ឺន​នាក់​ទៀត​ផង។

នៅ​ពេល​គេ​សួរ​ឲ្យ​ផ្តល់​ព័ត៌មាន​លម្អិត អំពី​ការ​បង្កើន​ការ​ចំណាយ​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១៤ របស់​រដ្ឋាភិបាល ដែល​ច្រើន​ជាង​ឆ្នាំ​មុន ៥០០ លាន​ដុល្លារ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន កាល​ពី​សប្តាហ៍​មុន បាន​និយាយ​ថា គេ​នឹង​ចំណាយ​ច្រើន​លើ​ប្រាក់​ខែ​មន្រ្តី​រាជការ​ស៊ីវិល ប៉ុន្តែ​លោក មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ។

លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល កំពុង​តែ​ផ្តោត​លើ​មន្រ្តី​រាជការ។

លោក បាន​ថ្លែង​បន្ត​ថា៖ «ការ​ទុក​ប្រាក់​ច្រើន​ទៀត សម្រាប់​មន្រ្តី​រាជការ​ស៊ីវិល​និង​ការ​ដំឡើង​ប្រាក់​ខែ បាន​បង្ហាញ​ពី​ការ​គោរព​ខ្លះៗ​ដល់​តួនាទី​មន្ត្រី​រាជការ នៅ​ពេល​ដែល​ពួក​គេ បាន​ដើរ​តួ​យ៉ាង​សំខាន់។ ក្តី​សង្ឃឹម​របស់​យើង គឺ​ថា រដ្ឋាភិបាល នឹង​បន្ត​ដំឡើង​ប្រាក់​ខែ​ដោយ​ហេតុ​ថា ឥឡូវ​រដ្ឋាភិបាល បាន​បាត់​បង់​កៅអី​ច្រើន (ក្នុង​សភា)។

បច្ចុប្បន្ន មន្រ្តី​រាជការ​ជាច្រើន ទទួល​បាន​ចំណូល​តិច​ជាង​កម្មករ​កាត់ដេរ ហើយ​ត្រូវ​បាន​ហាម​ប្រាម មិន​ឲ្យ​បង្កើត​សហជីព​ដោយ​សារ​ច្បាប់​ឆ្នាំ ១៩៩៤ ដែល​ផ្ទុយ​នឹង​សិទ្ធិ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ​ឥទ្ធិពល​នយោបាយ ដែល​កំពុង​កើន​ឡើង មាន​ន័យ​ថា គណបក្ស​ប្រជាជន ត្រូវ​តែ​បន្ត​ព្យាយាម​បំពេញ​តាម​តម្រូវ​ការ​មន្ត្រី​រាជការ កម្មករ​និយោជិត​ដែល​យ៉ាង​ហោច​ណាស់​រហូត​ដល់​គណបក្ស​ប្រឆាំង ព្រម​ទៅ​ចូល​រួម​ប្រជុំ​នៅ​ក្នុង សភា។

លោក អាត់ ធន់ បាន​ថ្លែង​ថា៖ «ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី មិន​ពិចារណា ធ្វើ​ឲ្យ​ប្រាក់​ខែ​មន្រ្តី​រាជការ​ប្រសើរ​ឡើង ពួក​គេ​នឹង​បាត់​បង់​ការ​គាំទ្រ​ច្រើន​ទៀត ក្នុង​អំឡុង​អាណត្តិ​បច្ចុប្បន្ន​នេះ»។

ប៉ុន្តែ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា កម្រិត​នៃ​ការ​គាំទ្រ​ពី​មន្រ្តី​រាជការ​សម្រាប់​គណបក្ស​កាន់​អំណាច គឺជា​ការ​ប៉ាន់​ប្រមាណ​លើស។ លោក​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា គិត​ថា ពួក​គេ​មាន​ការ​គាំទ្រ​ពី​មន្រ្តី​រាជការ ដោយ​សារ​ឃើញ​ពួក​គេ បង្ហាញ​វត្តមាន​នៅ​កម្មវិធី​ប្រមូល​ផ្តុំ ព្រឹត្តិការណ៍​ផ្សេងៗ និង​ពាក់​អាវ​យឺត​គណបក្ស​ប្រជាជន»។

លោក​បន្ត​ថា៖ «ការ​ដោះស្រាយ​បញ្ហា​នេះ​នឹង​ត្រូវ​ដើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ»។ លោក​បន្ថែម​ថា សូម្បី​តែ​ខណៈ​រដ្ឋាភិបាល នឹង​យក​ចិត្ត​ទុក​ដាក់​ជិត​ស្និទ្ធ ចំពោះ​ការ​ទាមទារ​របស់​មន្រ្តី​រាជការ ការ​សន្យា​ដំឡើង​ប្រាក់​ខែ​របស់​រដ្ឋាភិបាល អាច​ជា​បំណង​មិន​ស្មោះ​ត្រង់ ដើម្បី​បញ្ចៀស​ការ​បាត់បង់​ការ​គាំទ្រ ទៅ​គណបក្ស​ប្រឆាំង​ថែម​ទៀត។ លោក វីរៈ បាន​គូស​បញ្ជាក់​ទៀត​ថា៖ «វា​មាន​ចំណុច​ជា​ច្រើន​សម្រាប់​ពួក​គេ ធ្វើ​ការ​កែ​លម្អ​ប្រាក់​ខែ ក្នុង​ថវិកា​បច្ចុប្បន្ន​នេះ ប៉ុន្តែ​វា​នៅ​តែ​ត្រូវ​ចាំ​មើល​ថា តើ​ការ​សន្យា​ទាំង​នេះ នឹង​ក្លាយ​ជា​យ៉ាង​ណា?»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា សម្រាប់​ឥឡូវ​នេះ រដ្ឋាភិបាល​នឹង​មិន​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​ខ្លួន ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ ២០ ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ដល់​មន្ត្រី​រាជការ​នោះ​ទេ។ លោក​បាន​បន្ត​ថា មិន​ដូច​សង្គ្រោះ​ជាតិ​ទេ រដ្ឋាភិបាល​នឹង​មិន​លេង​ជាមួយ​នឹង​ការ​សន្យា​កាល​ពី​មុន​ការ​បោះឆ្នោត ក្នុង​ការ​ផ្តល់​ប្រាក់​ខែ​ទាប​បំផុត ២៥០ ដុល្លារ «ដែល​មិន​អាច​ទៅ​រួច» នោះ​ឡើយ។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល មាន​កម្មវិធី​ដំឡើង​ប្រាក់​ខែ ប៉ុន្តែ​យើង​មិន​ទិញ​សន្លឹក​ឆ្នោត​ពី​បញ្ហា​នេះ​ទេ។ គណបក្ស​ម្ខាង​ទៀត​ទិញ​សន្លឹក​ឆ្នោត តាម​រយៈ​ការ​ផ្តល់​ឲ្យ​នូវ​ការ​សន្យា ២៥០ ដុល្លារ​។ វា​មិន​អាច​ទៅ​រួច​ទេ»។ ប៉ុន្តែ លោក សុន ឆ័យ ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា រដ្ឋាភិបាល នឹង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​អ្វី​មួយ​ប្រសិន​បើ​ពួក​គេ​ចង់​រក្សា​ការ​គាំទ្រ​ពី​មន្រ្តី​រាជការ ឬ​ឈ្នះ​សន្លឹក​ឆ្នោត​ដែល​ចាញ់​កាល​ពី​ថ្ងៃ​ទី ២៨ ខែ កក្កដា។

មន្ត្រី​រាជការ មិន​អាច​ទ្រាំ​នឹង​ឥរិយាបថ​របស់​គណបក្ស​កាន់​អំណាច​ទៀត​ទេ»។ លោក​បន្ត​ថា៖ «ជម្រើស​សម្រាប់​គណបក្ស​ប្រជាជន គឺ​យ៉ាង​ហោច​ណាស់ ត្រូវ​ផ្តល់​ប្រាក់​ខែ​ខ្ពស់​ជាង​មុន ហើយ​បើ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​គាំទ្រ​ពី​មន្រ្តី​រាជការ​វិញ ពួក​គេ​ត្រូវ​តែ​ផ្តល់​ប្រាក់​ខែ​ដល់​មន្រ្តី​រាជការ​ឲ្យ​ប្រសើរ»៕ NR/ PS



What Next?

Recent Articles

2 Responses to "ប្រាក់​ខែ​ក្លាយ​ជា​បញ្ហា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​កាន់​អំណាច"

  1. មាតុភូមិខ្ញុំ says:

    គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច បាន​សន្យា​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្រ្តី​រាជការ កាល​ពី​ដើម​ឆ្នាំ​នេះ អ្នក​ខ្លះ បាន​លើក​ឡើង​ថា គណបក្ស​នេះ ក៏​កំពុង​ព្យាយាម​ប្រាប់​ដល់​មន្ត្រី​រាជការ នូវ​ហេតុ​ផល​មួយ ដើម្បី​ឲ្យ​ពួក​គេ​បន្ត​គាំទ្រ​ខ្លួន​ពេល​បោះឆ្នោត កាល​ពី​ខែ កក្កដា។ប៉ុន្តែពេលនេះជិតដាច់ខ្យល់ហើយ មិនដឹង ប្រាក់ខែនិងលុយនៅក្រហែងណាទេ????

  2. និយាយ says:

    បើប្រាក់ខែតិចហើយ សូមអោយតែបើកទៀងទាត់ផងទៅ! វាមិនទាំងបានបើកទៀងទាត់ផងនោះ តើប្រមុខរដ្ឋាភិបាលយកមុខទៅទុកនៅឯណាទៅ??? កែទម្រង់ស្អី ដកពួកគេ ដាក់ពួកអញនោះ????