សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លុប​ចោល​គម្រោង​ដី​សម្បទាន​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព

អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ពិនិត្យ​មើល និង​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោក​ឧកញ៉ា ទ្រី ភាព នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។


ដោយ ជិន ជេដ្ឋា
2013-11-07
RFA

ការ​ស្នើ​នេះ បន្ទាប់​ពី​ក្រុម​ការងារ​របស់​អង្គការ​នេះ ចុះ​ស៊ើប​អង្កេត​រយៈពេល ២​ថ្ងៃ​នៅ​តំបន់​នោះ​ឃើញ​ថា ពុំ​មាន​ការ​អភិវឌ្ឍ​អ្វី​ក្រៅ​តែ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ច្បាម​យក​ដី​របស់​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ។

នាយក និង​ក្រុម​ការងារ​នៃ​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ចំនួន ៣​រូប នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់​ស្ដែង​អំពី​ស្ថានភាព​រស់​នៅ និង​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ភូមិ​សង្គមថ្មី ភូមិ​ឯកភាព និង​ភូមិ​កណ្ដាល នៃ​ឃុំ​ថ្មដា ឃើញ​ថា មាន​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​បំផ្លាញ​ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្បែរ​ក្រុមហ៊ុន អិម.ឌី.អែស។

នាយក​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​ទាំង​បី​ភូមិ នៃ​ឃុំ​ថ្មដា នេះ​អាច​ដោះស្រាយ​បាន ឬ​មិន​បាន គឺ​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ចេះ​រួប​រួម​គ្នា និង​ចេះ​ប្រើប្រាស់​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​ខ្លួន​ឯង​ប៉ុណ្ណោះ៖ «តាំង​ពី​ឆ្នាំ​២០១០ មក អត់​មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់ ក្រៅ​អំពី​កាប់​ឈើ ក្រៅ​អំពី​ជួញ​ដូរ​គ្រញូង ហើយ​យក​ដី​ប្រជាជន​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ប៉ុណ្ណឹង សូម​ឲ្យ​រដ្ឋាភិបាល​លុប​សិទ្ធិ​សម្បទាន​ក្រុមហ៊ុន​ហ្នឹង​ចោល​តែ​ម្ដង ព្រោះ​ថា​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់ ហើយ​ដក​ហូត​ដី​ទៅ​ឲ្យ​ប្រជាជន​វិញ។ ប្រសិន​រដ្ឋាភិបាល​ធ្វើ​មិន​បាន​ទេ គឺ​ម្ចាស់​ឆ្នោត​គាត់​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ហើយ»

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង ៨០​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិម.ឌី.អែស មក​ពី​ភូមិ​ចំនួន​៣ គឺ​ភូមិ​ឯកភាព ភូមិ​កណ្ដាល និង​ភូមិ​សង្គមថ្មី នឹង​មាន​តំណាង​របស់​ខ្លួន​ក្នុង​មួយ​ភូមិ ២​នាក់​ឡើង ទៅ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ទុក្ខ​កង្វល់​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

តំណាង​អ្នក​ភូមិ​កណ្ដាល ម្នាក់ គឺ​អ្នកស្រី ផាន់ ចាន់ណា ថ្លែង​ថា ក្រុម​អ្នក​ភូមិ​ដែល​មាន​បញ្ហា​ដីធ្លី​ជាង ២០​គ្រួសារ នៅ​ក្នុង​ភូមិ​របស់​អ្នកស្រី បាន​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ និង​សង្ឃឹម​ថា ពួក​គាត់​នឹង​ទទួល​បាន​ដី​ដែល​បាន​បាត់​បង់​មក​វិញ ក្រោយ​ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ «គាត់​ទៅ គាត់​និយាយ​ដែរ​ថា គាត់​នឹង​សុំ​ទៅ​សមាគម​អាដហុក (Adhoc) អង្គការ​លីកាដូ (Licadho) អាស៊ីសេរី អី​ហ្នឹង គាត់​នឹង​វិភាគ អ៊ីចឹង​ទៀត​នឹង​ជួយ​ឲ្យ​បង​ប្អូន​ប្រជាជន​យើង​ហ្នឹង​បាន​ដីធ្លី​វិល​មក​វិញ»

ចំណែក​ឯ​តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​នៅ​ភូមិ​សង្គមថ្មី អ្នកស្រី ឡេង វាន់ឌឿន បន្ថែម​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ អ្នកស្រី​នឹង​ដើរ​ប្រមូល​ឈ្មោះ និង​ទំហំ​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ពិត​ប្រាកដ ដាក់​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ នៅ​ពេល​ដែល​មាន​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន អិម.ឌី.អែស លោក សាន់ សាវិន បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​តាម​គោលការណ៍​បាន​ពី ៤០% ទៅ ៥០% ហើយ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​មិន​បាន​អភិវឌ្ឍ​អ្វី​សោះ ក្រៅ​ពី​ការ​ជួញ​ដូរ​ឈើ​គ្រញូង កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​មិន​ពិត៖ «ប្រជាជន​មួយ​ចំនួន​ដែល​គាត់​កាប់​ទន្ទ្រាន​កាន់​កាប់ ហើយ​ពាក់ព័ន្ធ​ហ្នឹង ទាល់​តែ​លោក​ស៊ើប​ប្រវត្តិ​ឲ្យ​ច្បាស់​ថា ដី​ដែល​គាត់​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​រំលោភ​ដី​ហ្នឹង គាត់​បាន​មក​យ៉ាង​ម៉េច គាត់​បាន​មក​ពី​ការ​កាប់​ទន្ទ្រាន​ដោយ​ខុស​ច្បាប់ ឬ​ក៏​គាត់​បាន​មក​ពី​លក់​ដូរ​ដោយ​មិន​ស្រប​ច្បាប់»

លោក​បញ្ជាក់​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះ​ទៅ​អង្កេត​ជុំវិញ​បញ្ហា​នេះ គប្បី​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​តំណាង​ក្រុមហ៊ុន ដើម្បី​ចុះ​ពិនិត្យ​មើល​ភាព​ជាក់​ស្ដែង​រួម​គ្នា ជៀសវាង​ការ​ស្ដាប់ ហើយ​ជឿ​ជាក់​តែ​ទៅ​លើ​ភាគី​ម្ខាងៗ។

នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១០ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ៤​ពាន់​ហិកតារ ស្ថិត​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ទៅ​ឲ្យ​ក្រុមហ៊ុន អិម.ឌី.អែស របស់​លោក​ឧកញ៉ា ទ្រី ភាព ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "សង្គម​ស៊ីវិល​ស្នើ​ឲ្យ​លុប​ចោល​គម្រោង​ដី​សម្បទាន​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព"

  1. មាតុភូមិខ្ញុំ says:

    កុំថាឡើយការស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ពិនិត្យ​មើល និង​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោក​ឧកញ៉ា ទ្រី ភាព នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។
    សូម្បីតែប្រធានមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំនិងប្រធានស្រុកប្រតិបត្តិត្បូងឃ្មុំតូចតាចសោះ ហ៊ាន​បដិសេធអង្គការមនុស្សធម៌និងម្ចាស់ជំនួយ​ដែលចង់ជួយអ្នកជំងឺក្រីក្រមិនព្រមអនុញាតអោយធ្វើ​សកម្មភាព កត្តាទាំងនេះហើយដែលធ្វើអោយបក្សប្រជាជនបាត់សំលេងឆ្នោតនៅក្រុងសួង៕តើក្រសួង​សុខាភិបាលនិងរដ្ឋាភិបាលកែទំរង់យ៉ាងម៉េច????ឆ្លើយប្រាប់មកៗៗៗៗៗៗ?????

  2. Strey Khmer says:

    Land of people together and Hun Sen’s government has deprived from them for sell to the private company.
    People need those land for plants crops and raise up the ox, cows, and other animal
    to make the living. So, was Hun Sen born with carrying the land of people for sell?

  3. ភ្នែកទោល says:

    អាទ្រីភាពជាមនុស្សម្នាក់ក្នុងចំណោមជាច្រើនដែលសកម្មបំផុតក្នុងការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរ វាជាមនុស្សម្នាក់ដែលមានឥទ្ធីពលគ្មានអ្នកណាម្នាក់ហ៊ានធ្វើអ្វីវាឡើយ អាជ្ញាធរឮសូរតែឈ្មោះទ្រីភាពគេខ្លាច គេថាមិនហ៊ាន ដូច្នេះការស្នើសុំរបស់អង្គការក្រៅរដ្ឋាភិបាល
    វាមិនអាចទៅរួចទេដ៍រាបណាអាខ្វាក់នៅតែកាន់អំណាច។