ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អ្នកនាង សឿ សុធារ៉ា(រូបថតដោយ សុម៉ាលីន)
បើទោះជាតារាស្រីល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា បានពុះពារក្នុងពិភពសិល្បៈគ្រប់បែបគ្រប់យ៉ាងបែបណាក៏ដោយ ក៏អ្នកនាងហាក់មិនសូវទទួលបានការលើកស្ទួយទាល់តែសោះ ពីបណ្ដាស្ថានីយទូរទស្សន៍ធំៗ ក្នុងការសម្ដែងកុនភាគ ក្រោយពេលសម្រាលកូនស្រី។
អ្នកនាងត្រូវឃ្លាតឆ្ងាយពីការងារនេះ អស់ច្រើនឆ្នាំ ដោយសារតែរលកនៃតារាចំណូលថ្មី។ អញ្ចឹងហើយ ទើបអ្នកនាង រំភើបចិត្តយ៉ាងខ្លាំង នៅពេលនិយាយដល់តំណែងថ្មី ដែលស្ថានីយទូរទស្សន៍បាយ័ន ទើបប្រគល់ឲ្យ នាពេលថ្មីៗ។
តាមរយៈសារអេឡិចត្រូនិក ឆ្លងឆ្លើយជាមួយភ្នាក់ងារសារព័ត៌មាន VOD អ្នកនាង សឿ សុធារ៉ា បានប្រាប់ឲ្យដឹងថា តំណែងធំដែលអ្នកនាងបានទទួលពីស្ថានីយទូរទស្សន៍បាយ័ននោះ គឺតំណែងតួឯក ក្នុងខ្សែរឿងភាគថ្មីមួយ ដែលនឹងត្រៀមចាក់ផ្សាយជាសាធារណៈក្នុងពេលដ៏ខ្លី។ ខ្សែរឿងដែលអ្នកនាងបានទទួលសម្ដែងជាតួឯកនោះ មានចំណងជើងថា «ស្រមោលស្នេហ៍អតីត» ដោយបានសម្ដែងសុទ្ធតែជាមួយតារាល្បីឈ្មោះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់។ អញ្ចឹងហើយ ទើបអ្នកនាងយល់ថា នោះជាមោទនភាពមួយដ៏ធំ ដែលស្ថានីយទូរទស្សន៍ ដ៏មានសក្កានុពល កំពុងធ្វើឲ្យអ្នកនាងទទួលបាននូវមុខមាត់ដែលធ្លាប់កប់បាត់ ឲ្យងើបឡើងវិញ។
នៅទូរទស្សន៍បាយ័ន អ្នកនាងមិនដែលបានសម្ដែងរឿងភាគឲ្យនោះឡើយ បើទោះជាកន្លងមក អ្នកនាងបានឈរជើងក្នុងតំណែងជាតារាសម្ដែងលំដាប់ជួរមុខ តាំងពីមុនរៀបការ និងមានទំនាក់ទំនងល្អជាប់រហូត ជាមួយប៉ុស្ដិ៍នេះ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ ក្នុងពេលជោគជ័យ អ្នកនាងច្រើនសម្ដែងឲ្យ ស្ថានីយទូរទស្សន៍CTN និងបណ្ដាស្ថានីយទូរទស្សន៍ផ្សេងទៀតច្រើនជាង ដែលកាលនោះ គេចាប់បានថា ខ្សែរឿង«ស្នាមស្នេហ៍សមុទ្ររាម» របស់អ្នកនាង គឺផ្ទុះខ្លាំងហួសពីការស្មានតែម្ដង នៅក្នុងពិភពសម្ដែង។ ត្រលប់មកកាន់ខ្សែរឿង «ស្រមោលស្នេហ៍អតីត» នេះវិញ គឺអ្នកនាងត្រូវគេឲ្យសម្ដែងជាតួកម្សត់ហូរទឹកភ្នែក ដោយមានឈុតជាច្រើន បង្ហាញពីការតស៊ូ និងភាពចម្រូងចម្រាស់ ដែលបង្កដោយមនុស្សនៅជុំវិញខ្លួន។ ឈុតសម្ដែងដែលបានសម្ដែងរួចមកហើយក្នុងរឿងនេះ សុទ្ធតែមានភាពពិបាកទាំងអស់ ប៉ុន្តែវាមិនចោទចំពោះអ្នកនាងនោះទេ ដោយសារតែឈុតឆាកភាគច្រើន ហាក់នៅស្ទើរ មិនទាន់ស្មើនឹងឈុតពិបាកដែលអ្នកនាងធ្លាប់ឆ្លងកាត់ ក្នុងពេលអ្នកនាងសម្ដែងរឿងជក់សូរកាលពីមុននោះផង។ គាប់ជួនជាអ្នកនាងបានរួមការងារ សុទ្ធតែជាមួយផលិតករជើងចាស់ និងជាមួយតារាៗ ដែលមានបទពិសោធន៍ក្នុងការសម្ដែងខ្ពស់ផង ទើបកាន់តែធ្វើឲ្យអ្នកនាងសប្បាយចិត្ត មានមោទនភាព និងយល់ថា ក្នុងរឿងទាំងមូល បើទោះជាមានឈុតពិបាកកម្រិតណា ក៏មិនមែនជាឧបសគ្គ។

មួយរយៈនេះ អ្នកនាងប្រាប់ថា ទទួលអារម្មណ៍ស្រស់ស្រាយសម្បើមណាស់ ទើបអ្នកនាងមានកម្លាំងបង្ហោះរូបថតថ្មីៗជាប្រចាំនៅលើ Facebook ជាពិសេសរូបថត ពាក់ព័ន្ធនឹងសកម្មភាពថតរឿងថ្មីដែលទើបទទួលបានលើកដំបូងនៅបាយ័ននេះ។ សឿ សុធារ៉ា រំពឹងថា ខ្សែរឿង«ស្រមោលស្នេហ៍អតីត» នឹងទទួលបានជោគជ័យ ក្នុងពេលចាក់បញ្ចាំង បើទោះជារឿងនោះ មិនមែនជារឿងបែបកំប្លែង ដែលមហាជនភាគច្រើនកត់សម្គាល់ថា ហាក់មានឥទ្ធិពលស្រូបទាញអ្នកទស្សនាបានច្រើនជាងនោះក៏ដោយ។ ការងាររបស់អ្នកនាង កំពុងបន្សាប និងបង្វែកការចាប់អារម្មណ៍ជុំវិញដំណឹងបែកបាក់ស្នេហ៍របស់អ្នកនាង ឲ្យងាកមកកាន់ការងារសិល្បៈ ដែលអ្នកនាងកំពុងទទួលនេះវិញ។
សឿ សុធារ៉ា ប្រាប់ថា រឿងពាក្យចចាមអារ៉ាម សុំមិនខ្វល់នោះទេ គឺទោះជាអ្នកណានៅតែយល់យ៉ាងម៉េចក៏ដោយ ប៉ុន្តែអ្វីដែលអ្នកនាងបារម្ភ ហើយត្រូវប្រឹងប្រែងបំផុត គឺខំសម្ដែងឲ្យបានល្អ ក្នុងរឿងភាគថ្មីនេះប៉ុណ្ណោះ ដើម្បីកុំឲ្យទស្សនិកជនខកចិត្ត និងកុំឲ្យមន្ត្រីរបស់ទូរទស្សន៍បាយ័ន ខកបំណង។
ខ្សែរឿងនេះ ត្រូវគេរំពឹងថា នឹងជួយឲ្យអ្នកនាងឈានឡើងមួយកម្រិត ប៉ុន្តែមិនដល់ស្ទុះដល់កំពូលដូចដើម ឬយ៉ាងណានោះទេ ក្នុងពេលដំណើរការចាក់ផ្សាយនៅមិនទាន់លេចឡើងបែបនេះ៕
សូមសរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
This actress is my supper star but if she doesn’t do good thing as the same an other stars I would not be oppologize to u ,,,, like and support your family ,,,, keep in touch with you ,,,,, thankssss
I wish you good luck. and successful with your new position in Bayon TV, Sotheara, bye………