លី ម៉ារីណា សម្ងំ​លាក់​ខ្លួន ឬ​ទៅ អាមេរិក?

Friday, 08 November 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

131108_21a

តារា​សម្តែង និង​ដើរ​ម៉ូដ​នាង លី ម៉ារីណា ដែល​បាត់​ខ្លួន។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ក្រោយ​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​ស្នេហា​ជាមួយ​នឹង​លោក សាត ចាន់ថន កាល​ពី​ថ្ងៃ ទី២៧ ឧសភា ឆ្នាំ ២០១៣ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ថា កន្លង​មក​នាង​មាន​ស្នេហ៍​ត្រីកោណ​ជាមួយ​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា​នោះ គេ​បាន​ដឹង​ថា តាំង​ពី​ថ្ងៃ​នោះ​មក លី ម៉ារីណា បាន​បាត់​ខ្លួន​ពី​សង្គម​សិល្បៈ​ជា​ថ្មី។ ការ​បាត់​ដំណឹង​សូន្យ​ឈឹង​នេះ ត្រូវ​បាន​មហាជន​លើក​ឡើង​ថា តើ លី ម៉ារីណា សម្ងំ​លាក់​ខ្លួន​នៅ ភ្នំពេញ សាង​ស្នេហ៍​ជាមួយ​មន្ត្រី​ពាក់​ផ្កាយ ឬ​ក៏​នាង​ត្រឡប់​ទៅ​អាមេរិក​វិញ។

ការ​វិល​មក​ពី​អាមេរិក​របស់ លី ម៉ារីណា ជាមួយ​នឹង​លោក សាត ចាន់ថន កាល​ពី​ថ្ងៃ ទី១១ កុម្ភៈ ហើយ​បាន​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​នោះ ត្រូវ​បាន​គេ​គិត​ថា ជា​ឆាក​ល្ខោន​តែ​ប៉ុណ្ណោះ ខណៈ​ក្រោយ​ចប់​ពិធី​នោះ​មិន​បាន​ប៉ុន្មាន​ផង លោក សាត ចាន់ថន ក៏​បាន​វិល​ទៅ​អាមេរិក​វិញ​យ៉ាង​ប្រញាប់​ប្រញាល់ ទុក​ឲ្យ លី ម៉ារីណា នៅ ភ្នំពេញ តែ​ម្នាក់​ឯង​នោះ។

ភាព​សង្ស័យ​នេះ​ស្រប​គ្នា​នឹង ការ​លើក​ឡើង​របស់​ស្ត្រី​អនាមិក​ម្នាក់​ដែល​គេ​គិត​ថា ជា​ជំទាវ​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក សាត ចាន់ថន មិន​មែន​ជា​ប្តី ឬ​ក៏​គូ​ដណ្តឹង​របស់ លី ម៉ារីណា ទេ តាម​ពិត សាត ចាន់ថន គ្រាន់​តែ​ជា​តួ​ត្លុក​ម្នាក់ ដែល​គេ​បាន​ជួល​ឲ្យ​ដើរ​តួ​ជា​ប្តី​នាង​តែ​ប៉ុណ្ណោះ។

នៅ​ពេល​នេះ ទស្សនិកជន​ដែល​ធ្លាប់​តែ​សរសើរ​ពី​ទេព​កោសល្យ​សិល្បៈ​របស់​នាង​បាន​លើក​ឡើង​ជា​សំណួរ​គ្នា​ថា តើ លី ម៉ារីណា ទៅ​ណា​បាត់​ហើយ​? តើ​នាង​នៅ​សម្ងំ​លាក់​ខ្លួន​នៅ ភ្នំពេញ ឬ​ក៏​ទៅ​អាមេរិក​តាម​លោក សាត ចាន់ថន ? សំណួរ​ទាំង​នេះ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​អាច​បកស្រាយ​បាន​ទេ ខណៈ​មិន​អាច​ទាក់​ទង លី ម៉ារីណា បាន​នោះ​។ ចំណែក​ឯ​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​នៅ​ក្នុង​ពិភព​សិល្បៈ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ពី​វត្តមាន​របស់​តារា​រូប​នេះ​ដែរ។

អ្នក​សិល្បៈ​មាន ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង លី ម៉ារីណា ម្នាក់​បាន​ឲ្យ​ដឹង​ថា ខ្លួន​ក៏​មិន​ដឹង លី ម៉ារីណា បាត់​មុខ​ទៅ​ណា​ដែរ ព្រោះ​ក្រោយ​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​រួច​នាង​ក៏​បាត់​ទំនាក់​ទំនង​ឈឹង​តែ​ម្តង​។ រីឯ​អ្នក​សិល្បៈ​ម្នាក់​ទៀត បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​កម្មវិធី​ផ្ទាល់​ខ្លួន​មួយ​កាល​ពី​ពេល​កន្លង​មក និង​ចង់​ហៅ លី ម៉ារីណា មក​ចូល​រួម​ព្រោះ​ធ្លាប់​ជា​អ្នក​រាប់​អាន​គ្នា ដឹង​ពី​គ្នា តែ​មិន​ដឹង​យ៉ាង​ម៉េច​ទាក់​ទង​មិន​បាន​សោះ ហើយ​ក៏​មិន​ដឹង​នាង​នៅ​ឯ​ណា​ឲ្យ​ច្បាស់​ទេ។

នៅ​ក្នុង​ពេល​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​កាល​ពី​ខែ ឧសភា លី ម៉ារីណា បាន​ឲ្យ​ដឹង​ថា ប្តី​របស់​នាង គឺ​លោក សាត ចាន់ថន នឹង​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​មុន រីឯ​រូប​នាង​នឹង​នៅ​កម្ពុជា​ម្នាក់​ឯង​សិន ហើយ​នាង​នឹង​ទៅ​អាមេរិក​តាម​ក្រោយ។

លី ម៉ារីណា បាន​និយាយ​នៅ​ពេល​នោះ​ថា៖ «កាល​ដែល​ខ្ញុំ​មក​ស្រុក​ខ្មែរ​ជាមួយ​នឹង​ស្វាមី​នេះ គឺ​មក​លេង​ផង ហើយ​មាន​បំណង​មួយ​ចង់​មើល​ពី​ការ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ផង ហើយ​បើ​មាន [កន្លែង​រក​ស៊ី] មែន​ខ្ញុំ​ចង់​មក​រក​ស៊ី និង​រស់​នៅ​ស្រុក​ខ្មែរ​វិញ ដោយ​យើង​ទៅ​មកៗ ប្រហែល​ជា​ខ្ញុំ​អត់​រស់​នៅ​អាមេរិក​រហូត​ទេ។ មុន​នេះ​មាន​គេ​ថា ខ្ញុំ​ប្រុង​បើក​កន្លែង​រក​ស៊ី​នាំ​ចូល​ផលិតផល​ដ៏​ធំ​មួយ​នោះ តែ​ខ្ញុំ​សុំ​បញ្ជាក់​ថា ខ្ញុំ​អត់​ទាន់​មាន​គម្រោង​រក​ស៊ី​អ្វី​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ​យើង​កំពុង​រក​កន្លែង រក​ទីតាំង​សិន បើ​សិន​ជា​អាច អាច​ទៅ​មុខ​រួច​ស្វាមី​ខ្ញុំ​នឹង​រៀបចំ​ឲ្យ​ខ្ញុំ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ស្វាមី​ខ្ញុំ​គាត់​នឹង​ឡើង​ចុះ​ខ្មែរ​អាមេរិក»។

តែ​យ៉ាង​ណា នៅ​ពេល​នេះ មិន​ទាន់​ឃើញ​នាង​ធ្វើ​អ្វី​ចេញ​ជា​រូបរាង​ផង ក៏​ស្រាប់​តែ​បាត់​ខ្លួន​ឈឹង​តែ​ម្តង។ ទស្សនិកជន​សង្ស័យ​ថា នាង​អាច​នឹង​ឡើង​ទៅ​អាមេរិក​តាម​ប្តី​បាត់​ហើយ ព្រោះ​នាង​ធ្លាប់​ប្រាប់​ថា ក្រោយ​បោះឆ្នោត​រួច​នាង​នឹង​ទៅ​អាមេរិក​វិញ។ តែ​មួយ​ចំនួន​ទៀត​សង្ស័យ​ថា នាង​អាច​នឹង​លាក់​ខ្លួន​នៅ ភ្នំពេញ សាង​ស្នេហ៍​លាក់​បាំង​ជាមួយ​នឹង​មន្ត្រី មាន​អំណាច​ដែល​គេ​ធ្លាប់​ដឹង​កន្លង​មក​។ ទោះ​បី​យ៉ាង​ណា មហាជន​ទាំង​អស់​រង់ចាំ​ការ​ចេញ​មុខ​បកស្រាយ​របស់​តារា​រូប​នេះ។

គួរ បញ្ជាក់​ថា ជំហាន​ដំបូង​ក្នុង​សិល្បៈ ដោយ​សារ លី ម៉ារីណា នៅ​ក្មេង​ខ្ចី​មាន​រូប​សម្រស់​មិន​ចាញ់​ផ្កា​ក្រពុំ​នោះ នាង​ក៏​ក្រសោប​បាន​ភាព​ល្បាញ​ល្បី​មួយ​រំពេច ហើយ​មិន​បាន​ប៉ុន្មាន​ផង នាង​ក៏​រៀបការ​ជា​លើក​ដំបូង​ជាមួយ​លោក ទិត ថាវរិទ្ធ អគ្គ​នាយក​រង​ទូរទស្សន៍ បាយ័ន សព្វ​ថ្ងៃ កាល​ពី​ដើម​ខែ មករា ឆ្នាំ ២០០៦ តែ​តារា​រូប​នេះ​រួម​រស់​ជាមួយ​គ្នា​បាន​តែ ២៩ ថ្ងៃ​ក៏​បែក​បាក់​គ្នា ហើយ​នាង​ក៏​បាន​រស់​នៅ​ក្នុង​ភាព​ជា​មេម៉ាយ​ក្តៅ​ស្រួយ​អស់​ពេល ៥ឆ្នាំ ទើប​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​អាណិកជន​អាមេរិក​លោក សាត ចាន់ថន អាយុ ៤០ឆ្នាំ កាល​ពី​ឆ្នាំ ២០១០​។ ប៉ុន្តែ​ការ​ភ្ជាប់​ពាក្យ​នោះ​ត្រូវ​បាន​ទម្លាយ​ថា​គ្រាន់​តែ​ជា​ស្រោម​មុខ​ពាក់​ដើម្បី​បិទ​បាំង​ការ​ពិត​ប៉ុណ្ណោះ ពោល​គឺ​ការ​ពិត​នាង​បាន​ភ្ជាប់​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​ជាមួយ​មន្ត្រី មាន​អំណាច​ម្នាក់​។ តែ​យ៉ាង​ណា ដើម្បី​លុប​បំបាត់​ភាព​សង្ស័យ​ទាំង​ឡាយ​ដែល​កើត​ឡើង​លើ​រូប​នាង​នោះ លី ម៉ារីណា បាន​រៀបចំ​ពិធី​កាត់​ចំណង​ដៃ​មួយ តែ​ក្រោយ​ធ្វើ​ចប់ នាង​ក៏​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​ដែល​នាំ​ឲ្យ​ការ​សង្ស័យ​នោះ​កើត​ឡើង​ជា​ថ្មី៕



What Next?

Recent Articles

2 Responses to "លី ម៉ារីណា សម្ងំ​លាក់​ខ្លួន ឬ​ទៅ អាមេរិក?"

  1. Anonymous says:

    Why her friend don’t call and ask her fake husband, Sat Chantorn? Don’t need to figure it out where is this Slot? It sucks!

  2. Anonymous says:

    No slot is slut…