ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ ចាប់ផ្តើមយុទ្ធនាការជាថ្មី ដើម្បីបញ្ចុះបញ្ចូលសកម្មជនរបស់ខ្លួន ឲ្យដឹកនាំប្រជាពលរដ្ឋ មកចូលរួមបាតុកម្មលើកទី៤ នៅថ្ងៃទី១០ ខែធ្នូខាងមុខ ចំថ្ងៃទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិ។
នៅលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី បានសរសេរថា លោក និងលោក កឹម សុខា នៅព្រឹកថ្ងៃពុធនេះ ចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង។ លុះដល់ម៉ោង ២រសៀល នឹងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ចំណែកនៅថ្ងៃទី២១ ខែវិច្ឆិកានេះ វេលាម៉ោង ៨ព្រឹក លោក សម រង្ស៊ី និងលោក កឹម សុខា នឹងចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅក្រុងស្វាយរៀង។ លុះដល់ម៉ោង ២រសៀល នឹងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំគ្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ។
ដោយឡែក នៅទំព័រហ្វេសប៊ុករបស់ លោក អ៊ូ ច័ន្ទឬទ្ធិ បេក្ខជនជាប់ឆ្នោតមណ្ឌលខេត្តកណ្តាលនៃគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមមហាបាតុកម្មលើកទី៤ នៅថ្ងៃទី១០ ខែធ្នូ ដើម្បីទាមទាររកយុត្តិធម៌។
គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មចំនួន៣លើកមកហើយ ដើម្បីជំរុញឲ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បដិសេធ ហើយជម្នះប្រជុំសភាលើកដំបូងដោយឯកបក្ស ដើម្បីបង្កើតរដ្ឋាភិបាលថ្មី៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

100/100