អតីតមន្ត្រី​ក្រសួង​សុខាភិបាល​បដិសេធ​ប្រព្រឹត្ត​អំពើពុករលួយ​​

ដោយ៖​ តាំង វីដា និងដួង សុខា​
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ ដែល​ត្រូវបាន​របាយការណ៍​អង្គការ​មូលនិធិ​សកល ​(Global Fund) រកឃើញ​ថា ​ប្រព្រឹត្ត​អំពើពុករលួយ នៅ​ថ្ងៃ​ពុធ​នេះ អះអាងថា របាយការណ៍​នោះ​ចេញផ្សាយ​តែមួយ​ចំហៀង មិន​គ្រប់​ជ្រុង​ជ្រោយ និង​មិន​ត្រឹមត្រូវ​។​

​របាយការណ៍​មួយ​ចេញ​ដោយ​មូលនិធិ​សកល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញថា មន្ត្រីជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ​(CNM) និង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS) ដែល​ស្ថិតនៅក្រោម​ចំណុះ​ក្រសួង​សុខាភិបាល ព្រមទាំង​អង្គការ​មេ​ឌី​ខាំ​ជា​បណ្តាញ​អង្គការ​ក្រៅរដ្ឋាភិបាល​ដ៏​ធំ​មួយ បាន​ចូលរួម​ក្នុង​បណ្តាញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មួយ ថែមទាំង​ទាមទារ​លើស​ការចំណាយ​ជាក់ស្តែង​ដល់​ទៅ​ពីរ ឬ​បី​ដង​ទៀត​ផង​។​

​របាយការណ៍​នេះ បាន​ស៊ើបអង្កេត​លើ​ប្រាក់​ជំនួយ​របស់​មូលនិធិ ចំនួន​ជាង​៨០​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​មក​ឲ្យ​ស្ថាប័ន​ចំណុះ​ក្រសួង​សុខាភិបាល រកឃើញ​នូវ​ភស្តុតាង​សំ​ខាន់​ៗ​​ជាច្រើន ដែល​បញ្ជាក់ថា ការដេញថ្លៃ​មួយចំនួន​មាន​ភាពមិនប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ និង​ការប្រើប្រាស់​ប្រាក់​ជំនួយ​ខុស​គោលដៅ​។​

​របាយការណ៍​បន្តថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ឌួង សុជាតិ និង​សហការី​ម្នាក់ បាន​ទទួល​ប្រាក់​សា​គុណ​ចំនួន​ជិត ៥​សែន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ឈ្មោះ វេស​តើ​ហ្គាត ហ្វ្រេន​សិន (Vestergaard Frandsen) របស់​ប្រទេស​ស្វីស និង​ក្រុមហ៊ុន ​Sumitomo របស់​ប្រទេស​សិង្ហ​បុរី​។ របាយការ​ណ៍​ថា ប្រាក់​សា​គុណ​ជូន​មន្ត្រី​ទាំងនេះ​ជា​ថ្នូរ​នឹង​កិច្ចសន្យា​ជាមួយ​ក្រសួង​សុខាភិបាល​។​

​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ លោក ឌួង សុជាតិ ប្រាប់​VOD​ថា របាយការណ៍​មូលនិធិ​សកល ដែល​ចោទប្រកាន់​ថា អំពើពុករលួយ​បាន​កើតឡើង ក្នុង​ដំណើរការ​ដេញថ្លៃ​នោះ គឺ​ត្រូវបាន​បោះពុម្ព​តែមួយ​ចំហៀង​ប៉ុណ្ណោះ មិន​បាន​លើកឡើង​ពី​សកម្មភាព​ទាំងស្រុង​នោះទេ​។ លោក​ថា ការពិត​នោះ ការដេញថ្លៃ​ធ្វើឡើង​យ៉ាង​ត្រឹមត្រូវ និង​ថោក​បំផុត ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នោះ ទទួលបាន​សិទ្ធិ​ផ្គត់ផ្តង់ ហើយ​លោក​មិន​បាន​កេងប្រវ័ញ្ច ឬ​ទទួល​ប្រាក់កម្រៃ​ជា​ថ្នូរ​នៃ​កិច្ចសន្យា​ពី​ក្រុមហ៊ុន​ទាំងនោះ​ទេ​ ៖

VOD​មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទេ​។ តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក ជាម យៀប អះអាងថា អង្គ​ភាព​​ប្រឆាំង​អំពើពុករលួយ​នឹង​ស៊ើបអង្កេត​រឿងនេះ ដើម្បី​ស្វែងរក​ការពិត និង​ដាក់ទោស​ជន​ដែល​បាន​ប្រព្រឹត្ត​ពិតមែន​ ៖

​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ក្រសួង​សុខាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​ថា ​ក្រសួង​មិន​បានដឹង​ពី​សកម្មភាព​របស់​បុគ្គ​ល​ពុករលួយ​ទាំងអស់​ក្នុង​ពេល​អនុវត្ត​គម្រោង ដែល​ប្រើប្រាស់​មូលនិធិ​សកល​ឡើយ​។ ក្រសួង​ទម្លាក់កំហុស​លើ​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ថា ជា​អ្នកទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​នេះ​៕

សូមសរសេរមកកាន់ លោក ​តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

One Response to "អតីតមន្ត្រី​ក្រសួង​សុខាភិបាល​បដិសេធ​ប្រព្រឹត្ត​អំពើពុករលួយ​​"

  1. មាតុភូមិខ្ញុំ says:

    ​លោក ជាម យ៉ាប់​ អើយ!! ពុំចាំបាច់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទេ​ ​មន្ត្រីៗជាន់ខ្ពស់​ ជាន់ទាប​នៃរដ្ឋាភិបាលសព្វថ្ងៃនេះ ពុករលួយជាប្រព័ន្ធ ឡើងផុយថវិកាជាតិស្ទើរអស់ពីរតនាគារជាតិទៅហើយ??មិនដែលឃើញចាប់បានជនប្រព្រឹត្តអំពើពុករលួយសោះ។ទាល់តែគេស៊ើបអង្កេត​រឿងនេះ ដើម្បី​ស្វែងរក​ការពិត និង​ដាក់ទោស​ជន​ដែល​បាន​ប្រព្រឹត្ត​ពិតមែន​ ទើបធ្វើជាស្រែកបង្អើលចាប???ជាម យ៉ាប់!!!!