អភិបាល​រាជធានី​សម្រប​សម្រួល​រឿង​ក្តី យ៉ោម បុប្ជា

Wednesday, 20 November 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

131120_01

អ្នក​ភូមិ​បឹង​កក់​ និង​សកម្ម​ជន​ដី​ធ្លី​មក​ពី​សហ​គមន៍​ផ្សេង​ទៀត ដើរ​តវ៉ា កាល​ពី​ម្សិល​មិញ ដោយ​ធ្វើ​ការ​ទាម​ទារ​ឲ្យ​តុលា​ការ​កំពូល​ ដោះ​លែង​អ្នក​ស្រី​ យ៉ោម បុប្ជា​​​។ រូបថត ផា លីណា​

ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី បាន​ចេញ​មុខ​ជួយ​ធ្វើ​ការ​សម្រប​សម្រួល ករណី​រឿង​ក្តី​អ្នក​ស្រី យ៉ោម បុប្ជា សកម្មជន​ដីធ្លី នៅ​តំបន់ បឹងកក់ ដែល​កំពុង​ជាប់​ឃុំ​ក្រោម​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស ពាក់​ព័ន្ធ​ទៅ​នឹង​ការ​វាយដំ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ខណៈ​ដែល​តុលាការ កំពូល នឹង​បើក​សវនាការ​នៅ​ថ្ងៃ ២២ វិច្ឆិកា។

លោក លួស សាខន ប្តី​អ្នក​ស្រី យ៉ោម បុប្ជា បាន​ថ្លែង​នៅ​ក្នុង​ការ​តវ៉ា​មួយ កាល​ពី​ម្សិលមិញ​ថា កាល​ពី​ថ្ងៃ​សុក​សប្តាហ៍​មុន រូប​លោក ត្រូវ​បាន​លោក​អភិបាល​រង​ខណ្ឌ ដូនពេញ សុខ ពេញវុធ ទូរស័ព្ទ​ហៅ​ឲ្យ​ទៅ​ផ្សះផ្សា​បញ្ចប់​វិវាទ ជាមួយ​ភាគី​ជន​រងគ្រោះ អ្នក​រត់​ម៉ូតូ​ឌុប នៅ​សាលា​រាជធានី ក្រោម​ការ​សម្រប​សម្រួល​ពី​លោក​អភិបាល​រាជធានី។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «នៅ​ក្នុង​ការ​សម្រប​សម្រួល​ផ្សះផ្សា​នោះ ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​លោក ប៉ា សុជាតិវង្ស ជួយ​អន្តរាគមន៍ ទៅ​តុលាការ ជួយ​ស្វែង​រក​យុត្តិធម៌ និង​ដោះលែង​ប្រពន្ធ​របស់​ខ្ញុំ»។

តំណាង​ជន​រងគ្រោះ អ្នក​រត់​ម៉ូតូ​ឌុប លោក ឯ សុភ័ស្ស ប្រធាន​សមាគម​អ្នក​រត់​ម៉ូតូ​ឌុប ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ពិត​ជា​មាន​ការ​សម្រប​សម្រួល​ផ្សះ​ផ្សា ជម្លោះ​ជាមួយ​ភាគី​លោក លួស សាខន នោះ​មែន។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​អ្វី​ដែល​ភាគី​អ្នក​រត់​ម៉ូតូ​ឌុប​របស់​យើង ខ្ញុំ​បាន​ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍ ពី​ឯកឧត្តម​អភិបាល​រាជធានី​នោះ​គឺ​រឿង​សំណង​រដ្ឋប្បវេណី មិន​មែន​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា៖ «យើង​ត្រូវ​ការ​សំណង យក​មក​ព្យាបាល​ជំងឺ​សមាជិក​របស់​យើង។ រីឯ​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​តុលាការ​ជា​អ្នក​សម្រេច»។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ ដើម្បី​ផ្សះផ្សា​គ្នា កាល​ពី​ថ្ងៃ​សុក្រ​នោះ​ទេ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា៖ «តាម​អ្វី​ដែល​ខ្ញុំ​ទទួល​បាន ការ​សម្រប​សម្រួល​នៅ​ថ្ងៃ​នោះ គូ​ភាគី​ទាំង​ពីរ បាន​ព្រម​ព្រៀង​ជា​សះ​នឹង​គ្នា​ហើយ​។ កំណត់​ហេតុ​នៃ​ការ​ផ្សះ​ផ្សា​គ្នា​នេះ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ​ដែរ ដើម្បី​ទុក​ជា​ឯកសារ​សំអាង​នៅ​ក្នុង​សវនាការ នា​ថ្ងៃ ទី២២ ខែ វិច្ឆិការ ខាង​មុខ»។


ការ​ហៅ​គូ​ភាគី​ទំនាស់ ទៅ​ធ្វើ​ការ​សម្រប​សម្រួល​នេះ បាន​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា ជា​ការ​ឆ្លុះ​បញ្ចាំង អំពី​ភាព​មិន​ឯករាជ្យ​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ថ្លែង​ថា ការ​អស់​សង្ឃឹម​របស់​ពលរដ្ឋ ដែល​មាន​វិបត្តិ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ បាន​ធ្វើ​ឲ្យ​ពួក​គាត់ អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។

លោក​បាន​ថ្លែង​ថា៖ «ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​រាជធានី ជុំវិញ​ករណី​អ្នក​ស្រី យ៉ោម បុប្ផា បាន​បង្ហាញ​ថា ករណី​នេះ​ទំនង​ជា​ការ​រៀបចំ​ឡើង ដោយ​មន្ត្រី​មាន​ឥទ្ធិពល​ណា​ម្នាក់ ដើម្បី​ដាក់​កំហុស លើ​សកម្មជន​ដីធ្លី ក្នុង​តំបន់ បឹងកក់»។

អ្នក​ស្រី យ៉ោម បុប្ផា ត្រូវ​បាន​សាលា​ដំបូង​រាជធានី ផ្តន្ទាទោស​កាល​ពី ខែ កញ្ញា ឆ្នាំ ២០១២ ឲ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ ពី​បទ​បង្ក​ហិង្សា ដោយ​ចេតនា និង​តម្រូវ​ឲ្យ​រួម​គ្នា​បង់​សំណង​រដ្ឋប្បវេណី ដល់​ជន​រងគ្រោះ ៦០ លាន​រៀល។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​សាលា​ឧទ្ធរណ៍ បន្ធូរ​បន្ថយ​ទោស​មក​នៅ ត្រឹម ២ ឆ្នាំ និង​តម្រូវ​ឲ្យ​រួម​គ្នា​បង់​សំណង​រដ្ឋប្បវេណី ដល់​ជន​រងគ្រោះ​សរុប ៣០ លាន​រៀល។

កាល​ពី​ថ្ងៃ​ចន្ទ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ស្រី យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខណ្ឌ និង​នៅ​តែ​ចាត់​ទុក​អ្នក​ស្រី យ៉ោម បុប្ផា ថា​ជា «អ្នក​ទោស​មនសិការ»។

កាល​ពី​ម្សិលមិញ ក្រុម​សកម្មជន​ដីធ្លី​ប្រមាណ ១០០ នាក់ មក​ពី​សហគមន៍ បឹង​កក់ បុរីកីឡា ថ្មគោល បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ជុំវិញ​តុលាការ​កំពូល ដើម្បី​បួងសួង​ដល់​វិញ្ញាណ​បុព្វការីជន​ខ្មែរ សូម​ឲ្យ​ជួយ​អ្នក​ស្រី យ៉ោម បុប្ជា រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទាំង​អយុត្តិធម៌ ខណៈ​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ​សំណុំ​រឿង​នេះ នៅ​ថ្ងៃ ទី២២ វិច្ឆិកា។

នៅ​ក្នុង​ពិធី​ដើរ​ដង្ហែ ដែល​អ្នក​ខ្លះ​បាន​ស្លៀក​ស ពាក់​ស ហាក់​បី​ដូច​ជា​ពិធី​ដង្ហែ​សព​នោះ លោក លួស សាខន បាន​និយាយ​ដោយ​មាន​ជំនឿ​ថា​ នៅ​ថ្ងៃ​បើក​សវនាការ​នា​ថ្ងៃ ទី២២ វិច្ឆិកា ខាង​មុខ​នេះ តុលាការ​កំពូល នឹង​ផ្ដល់​នូវ​ភាព​យុត្តិធម៌ ដោយ​ដោះលែង​ភរិយា​របស់​លោក​ឲ្យ​មាន​សេរីភាព​វិញ​។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ ព្រម​ទាំង​ក្រុម​គ្រួសារ មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ ការ​ចោទ​ប្រកាន់ នេះ គឺ​ពិត​ជា​ចេតនា​របស់​បុគ្គល​ពុករលួយ​ណា​មួយ បាន​ធ្វើ​ឡើង ដោយ​ឃុប​ឃិត​ជាមួយ​ជន ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប ដើម្បី​ទម្លាក់​កំហុស​មក​លើ​គ្រួសារ​របស់​ខ្ញុំ ក្នុង​គោល​បំណង បំបាក់​ស្មារតី​សកម្មជន​ដីធ្លី ក្នុង​សហគមន៍ បឹងកក់ កុំ​ឲ្យ​ចេញ​ដើរ​ធ្វើ​ការ​តវ៉ា​ការពារ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​ប្រឆាំង​នឹង​ពួក​គេ»៕


What Next?

Recent Articles

One Response to "អភិបាល​រាជធានី​សម្រប​សម្រួល​រឿង​ក្តី យ៉ោម បុប្ជា"

  1. ប្រជាពលរដ្ឋ says:

    លោក អែ សុភ័ស្ស ធ្វើ អ្វី ៗ កុំអោយ ក្បត់ សិលធម៍ សច្ចះធម៍ ខ្លួន អែង !

    ធ្វើមនុស្ស ត្រូវចេះដឹង ល្អ និង អាក្រក់ ទើបរស់នៅមាន សេចក្តី សុខ !

    。 សូមអរ គុណ !