ក្រុម​អ្នក​វិភាគ​ខក​ចិត្ត​នឹង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន

សុខ ខេមរា
23 វិច្ឆិកា 2013
វីអូអេខ្មែរ

លោក Shinzo Abe​ នាយករដ្ឋមន្ត្រី​ជប៉ុន ដើរ​ត្រួត​ពល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​អំឡុង​ពេល​​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៣។

វ៉ាស៊ីនតោន — នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​មាន​បញ្ហា​ចម្រូង​ចម្រាស ​ហើយ​សន្យា​ផ្តល់​ ជំនួយ​ថែម​ទៀត​នោះ​ ក្រុម​អ្នក​វិភាគ​អន្តរជាតិ​មួយ​ចំនួន​មាន​ការ​ខកចិត្ត​ខ្លះៗ។​ ពួក​គេ​ចង់ឲ្យ​ជប៉ុន​ជួយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​នយោបាយ​ក្នុង​ប្រទេស​ កម្ពុជា។ ​ក្រុមអ្នក​វិភាគ​ខ្លះ​អះអាង​ថា​ ការ​ខកខាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ គឺ​ដោយសារ​ជប៉ុន​ត្រូវ​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ និង​ការ​បន្ត​នយោបាយ​វែងឆ្ងាយ​ជាមួយ​កម្ពុជា​ ជា​ប្រទេស​ឬ​តំបន់​ដែល​ចិន​កំពុង​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លានេះ។​

ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក​ហ្ស៉ីនហ្ស៊ូ អាបេ​ (Shinzo Abe) ​ក្នុង​ប្រទេស​កម្ពុជា​ រួម​នឹង​ការ​សន្យា​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ ដែល​កំពុង​ មាន​បញ្ហា​ចម្រូង​ចម្រាស​នោះ​ ត្រូវ​គេគិត​ថា​ជា​ការ​ផ្តល់​ការ​ទទួល​ស្គាល់​ភាព​ស្រប​ ច្បាប់​ដល់​រដ្ឋាភិបាល​ថ្មី។​ រឿងនេះ​បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​ខ្លះ​ថា​ ជប៉ុន​មិន​បាន​គិត​គូរ​អំពី​រឿង​យុត្តិធម៌​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដែល​ធ្វើឲ្យ​ ជាប់​គាំង​នយោបាយ​កម្ពុជា​នោះ​ទេ។​

លោក​ហ៊្វីល រ៉ប៊ឺតសុន ​(Phil Robertson)​ នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​យូមែន រ៉ៃវច ​ប្រចាំ​តំបន់​អាស៊ី​ បាន​អះអាង​ថា ​លោក​នាយករដ្ឋមន្ត្រី​ស្ស៉ីនហ្ស៊ូ ​អាបេ​ និង​ មន្ត្រី​របស់​លោក​បាន​មើល​រំលង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ បោះឆ្នោត​ដែល​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត​កំពុង​ទាមទារ។​

«វាជា​រឿង​បាត់បង់​ឱកាស​សម្រាប់​រដ្ឋាភិបាល​ជប៉ុន​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​រដ្ឋាភិបាល​កម្ពុជា​ដោយសារ​ថា​ ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​ ក្នុង​ការ​និយាយ​និង​ក្នុង​ការ​ទាមទារ​នូវ​អ្វី​ដែលអង្គការ​ជាច្រើន​ និង​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ មាន​ការ​ស៊ើប​អង្កេត​ហ្មត់​ចត់មួយ​លើភាព​មិន​ប្រក្រតី​យ៉ាងច្រើន​ដែល​ទាក់ទង​នឹង​ការ​បោះឆ្នោត»។​

លោក ​រ៉បប៊ឺតសុន ​រំឭក​ថា ​មាន​ការ​សរសេរ​លិខិត​និង​រំឭក​លោក​អាបេ​ឲ្យដឹង ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ដែល​គេ​រំពឹង​ថា​ លោក​អាច​ជួយ​ដោះស្រាយ​បាន។​

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​អាបេ​បាន​បំពេញ​ទស្សនកិច្ច​ពីរថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៦​ដល់ថ្ងៃ​ទី១៧​ខែវិច្ឆិកា​មុន​នឹង​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​អាបេ​បាន​សន្យា​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ហើយ​នឹង​រិត ​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​ទាក់ទង​លើ​វិស័យ​ជាច្រើន​ទៀត​ រួមទាំង​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​មួយ​ដែល​ ក្រុម​ជំទាស់​បាន​អំពាវនាវ​មិន​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ផ្តល់​ជំនួយ​ នោះ​ទេ។​

ក៏​ប៉ុន្តែ​លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​អះអាង​ថា ​ជំហ​ របស់​ជប៉ុន​គឺ​ជាការ​បញ្ជាក់​យ៉ាងច្បាស់​ថា​ ជប៉ុន​មិនចង់​ឲ្យមាន​ការ​បកស្រាយ​បែបណា​ផ្សេង​ពី​នយោបាយ​ជប៉ុន​ជាមួយ​និង​កម្ពុជា​ទេ​ ហើយ​ជា​ការ​បញ្ចប់​មន្ទិល​សង្ស័យ​អំពី​ជំហរ​ជប៉ុន។​

លោក​ថ្លែង​ដែរថា​ ការ​ប្រឹងប្រែង​ណាមួយ​ដើម្បី​ កាត់​ជំនួយ​សម្រាប់​កម្ពុជា​ខ្លួនឯង​មិនមែន​ជា​គំនិត​ស្នេហាជាតិ​ទេ​ ក្រៅតែ​ជា​ការ​បម្រើ​ ប្រយោជន៍​និង​អំណាច​ខ្លួន​ឯង​ផ្ទាល់។​លោកបាន​ថ្លែង​សំដៅ​ទៅ​លើ​គណបក្ស​ជំទាស់។​

«គួតែខ្មែរ​ទាំងអស់​គ្នា​យល់​ឃើញ​ថា​ នយោបាយ​ត្រូវ​ដាក់ដាច់​ដោយ​ឡែក​អំពី​សុខុមាល​ភាព​របស់​មហាជន​របស់​យើង។​ យើង​ទាំងអស់​គ្នា​ យើង​យល់​ ឃើញ​ថា​ ប្រជាជាតិ​ទើប​ដើរ​ចេញពី​សង្គ្រាម​ កំពុងតែ​ត្រូវការ​គ្រប់​ជ្រុង​ទាំងអស់​ក្នុង​ការ​ពង្រឹង​ស្ថិរភាព ​ពង្រឹង​នយោបាយ​ ពង្រឹង​សមត្ថភាព​ខ្លួនឯង​ដើម្បី​ឲ្យ​កម្ពុជា​អាច រស់បាន​ជាមួយ​អ្នក​ជិតខាង​ដែល​ជា​ប្រទេស​មាន​ទាំង​អំណាច​ ចំនួន​មនុស្ស ​ទាំង​ អំណាច​សេដ្ឋកិច្ច»។​

លោក ​ផៃ ស៊ីផាន ​បាន​អះអាង​ថា ​តាំងពី​ដើម​មក​ ទោះជា​កម្ពុជា​ធ្លាក់​ចូល​ក្នុង​របប​ កុំម្មុយនីស្ត​ និង​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​បែប​ណាក្តី ​ជប៉ុន​នៅតែ​ជួយ​កម្ពុជា​ក្នុង​ការ​ អភិវឌ្ឍ​លើ​វិស័យ​ជាច្រើន​ដូចដែល​សេចក្តី​ថ្លែង​ការណ៍​រួម​ក្នុង​ដំណើរ​ទស្សនកិច្ច​លោក​អាបេ​នេះជា​ដើម។

លោក ​ភីធ័រ តាន់ កែវ​ (Peter Tan Keo) ​អ្នក​វិភាគ​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​ អាមេរិក​ បាន​អះអាង​ថា ​ប្រទេស​ជាច្រើន​រួម​ទាំង​ជប៉ុន​ផង​ ទទួល​ស្គាល់​ភាព​ស្របច្បាប់​រដ្ឋាភិបាល​ថ្មី ​ដែល​មាន​បញ្ហា​ចម្រូងចម្រាស់​នេះ​ ហើយ​ ទោះបី​ជា​ស.រ.អា.​និង​ សហភាព​អឺរ៉ុប​នៅ​ទាមទារ​ឲ្យមាន​ការ​ស៊ើប​អង្កេត​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្តី។ ​ជំហរ​ជប៉ុន​នេះ​ជារឿង​មួយ​ដែល​បង្ហាញ​ថា​ កម្ពុជា​និង​ជប៉ុន​គិតគូរ​ពី​បញ្ហា​កែទម្រង់​ទៅ​អនាគត​ជាជាង​បញ្ហា​ដែល​បាន​កើតមាន​ឡើង។​

លោក​អះអាង​ថា​ រឿង​ នេះ​វានឹង​បង្កើត​ជារឿង​ដែល​អាច​ធ្វើឲ្យ​មាន​បញ្ហា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ។​

«នៅ​ពេល​ប្រទេស​ទាំង​នោះ​អបអរសាទរ​រដ្ឋាភិបាល​ដោយ​ពិតជា​គ្មាន​ការ​ព្យាយាម​ស្វែងរក​ផ្លូវ​ផ្សេង​ដើម្បី​ដោះស្រាយ​ការ​ជាប់គាំង​នយោបាយ​ រឿង​នោះ​នឹង​ធ្វើឲ្យ​មាន​សំណួរ​យ៉ាងច្រើន ​ព្រោះ​នៅពេល​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ ពួក​គេ​ទាមទារ​ឲ្យមាន​តម្លាភាព​ ជាពិសេស​ទាក់ទង​ទៅនឹង​ដំណើរការ​បោះឆ្នោត។​ តែ​វាគ្មាន​តម្លាភាព​ទេ។​រឿងនេះ​ហើយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ និង​មាន​បញ្ហា​ដល់​ដំណើរការ​រីក​ចម្រើនផ្នែក​ប្រជាធិបតេយ្យ»។ ​

លោក​ ចន សៀយូស៊ៀរី (John Ciorciari)​ សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​ សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ Michigan University ​បាន​ថ្លែង​ថា​គោល​ជំហរ​ជប៉ុន​ជួយដោះ​សម្ពាធ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​ខ្លះ ​តែ​ក៏​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​មិន​សប្បាយចិត្ត​ដែរ។ ​តែលោក​បន្ថែម​ថា​ ទស្សនកិច្ច​លោក​អាបេ​និង​ការ​បន្ថែម​ជំនួយ​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​វែង​ឆ្ងាយ​របស់​ជប៉ុន​ដើម្បី​ធ្វើ​ទំនាក់ទំនង​នយោបាយ​ក្នុង​ការ​បង្កើន​ឥទ្ធិពល​នៅ​ តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​នោះ។​

«ប្រទេស​ជប៉ុន​បាន​ចាត់​វិធានការ​ជាច្រើន​ជំហ៊ាន​ដើម្បី​ជំរុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។​ តែដូច​ជា​មហា​អំណាច​ខាងក្រៅ​សឹងតែ​ទាំងអស់​ដែរ​ គឺ​ថា​ យុទ្ធសាស្ត្រ​ការទូត​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​មគ្គុទេសក៍​ចម្បង​បំផុត​ក្នុង​ការ​គិតគូរ​អំពី​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន»។​

លោក​បាន​អះអាង​ថា​ ជប៉ុន​មាន​ក្តី​បារម្ភ​ពី​ការ​រីករាល​ដាល​នៃ​ឥទ្ធិពល​ចិន​ក្នុង​ តំបន់​ផង​ដែរ​ជាពិសេស​កម្ពុជា​ដែល​គាំទ្រ​ចិន​លើ​បញ្ហា​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​នោះ។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​គណបក្ស​ សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​មិនទាន់​រក​ដំណោះ ស្រាយ​ត្រូវ​គ្នា​ទេ ​ចំពោះ​បញ្ហា​វិវាទ​រឿង​បោះឆ្នោត​នេះ។​ គណបក្ស​ជំទាស់​ដែល​ ពហិការ​មិន​ចូលរួម​ប្រជុំ​សភា ​ហើយ​មិន​ផ្តល់​ភាព​ស្របច្បាប់​ដល់​សភា​និង​ រដ្ឋាភិបាល​ នោះ​ បាន​គំរាម​ធ្វើ​បាតុកម្ម​បន្ត​ទៀត​ជាពិសេស​ថ្ងៃទី​១០ខែ​ធ្នូ​ខាងមុខ​ បើ​គ្មាន​យុត្តិធម៌​ក្នុង​ការ​ស៊ើប​អង្កេតការ​គៃ​បន្លំ​សន្លឹកឆ្នោត​ ហើយភាព​មិន​ប្រក្រី​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​ទេ​នោះ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

5 Responses to "ក្រុម​អ្នក​វិភាគ​ខក​ចិត្ត​នឹង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន"

  1. Anonymous says:

    For god’s sake….you can’t blame Abe for liking the new gov’t. Stop being ridiculous!!!

  2. នរកសមង្ស៊ី says:

    ខកចិត្តត្បិតអី គ្មានបាននិយាស្អីកាន់ជើងបក្សប្រឆាំងសោះ ពិសេស មិនបានជួប អាឆ្កែស៊ី និងខា!

  3. តេជោយ៉ត says:

    ជប៉ុន1 ចិន1 យួន1 មិនដែលរែកទឹកអោយខ្មែរងូតទេ ផ្ទុយទៅវិញមានតែខ្មែរទេដែលរែកទឹកអោយពួកនោះងូត,…

  4. ICR says:

    ត្រឹមត្រូវលោក នរកសមរង្សី ព្រោះអីជបុ៉ន គេមើលឃើញរដ្ថាភិបាលថី្មល្អ ទទួលយកបាន
    គេផ្តល់ជំនួយដល់កម្ពុជា ! វាទើសក្បាលអីអាបក្សប្រឆាំងនោះវាចេះតែ គ្នានភាពមិនប្រក្រត៏
    បោះឆ្នោតមិនយុត្តិធម៍ អាងស្អ៏បន្តិចអោយគេផ្តាច់ជំនួយ រួចពង្វក់ស្មារត៏ប្រជាជនអោយធ្វើ
    មហាបាតុកម្ម ! សួរបន្តិចលោកអ្នកច្បាប់អើយ បើគេផ្តាច់ជំនួយតើងាប់រាស្ត្រ ឬ ងាប់អ្នក
    ណា ? និយាយរឿងបាតុកម្មវិញម្តង ទាមទាររកយុត្តិធម៍ ឬ ទាមទាររកអំណាច ?
    ចង់ធ្វើជានាយករដ្ថមន្ត្រ៏ ប្រធានសភា នៅេពលដែលខ្លួនចាញ់ឆ្នោតនេះបានវាយុត្តិធម៍ ឬ ?
    មូលហេតុដែល ជបុ៉ន គេមិននឹកនារឿងបក្សប្រឆាំងនោះពីព្រោះ គេខ្លាចឆ្លងរោគ ចង្រៃ ដល់
    ប្រទេសគេ ( រោគឆ្កួតបាតុកម្មអហឹង្សា រោគឡប់បោះឆ្នោតមិនយុត្តិធម៍ និង រោគឡប់ +ឆ្កួត
    មើលមិនជា កែមិនឡើងគី ចាញ់ មិន ព្រម ចាញ់ ) ។

  5. eclipse says:

    លោកប្រធាន សង្គ្រោះជាតិ។ ស្ថានការណ៏បច្ចុប្បន្ននេះ លោកកំពុងមានឥទ្ធិពល ដោយសារលោកមានប្រជាប្រិយ

    ភាព ពីសំណាក់បងប្អូនជនជាតិខ្មែរទាំងនៅខាងក្នុង និងក្រៅប្រទេស។ អ្នកដឹកនាំក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ

    ពួកគេមានអំណាចរឹងមាំតែខាងស្មារតី តែប៉ុណ្ណោះ។ បើទោះបីជាលោកប្រធាន សង្គ្រោះជាតិ ខ្លួនឯង ដឹងតែម្នាក់

    ឯងថា ខ្លួនលោកជាអ្នកមានអំណាចរឹងមាំខាងសំភារៈយ៉ាងណាក៏ដោយ សព្វថ្ងៃនេះលោកចេះធ្វើ បានត្រឹមតែឱ្យ

    ជនជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសកម្ពុជា ស្រឡាញ់គាំទ្រលោក តាមរបៀបការនិយាយពីអំពើអាក្រក់របស់គេ

    ដោយមានការចំណាយប្រភពដើមទុន ហើយមិនដែលឃើញលោកមាន ឫក៏រកបានប្រភពចំណូលពីជំនួញទាល់តែ

    សោះ ក្រៅពីការទទួលបានថវិកា បន្តិចបន្តួច មកពីគ្រប់ទិសទីរបស់ប្អូនខ្មែរ ដើម្បីយកមកជំរុញចលនាបាតុកម្មនៅ

    ក្នុងប្រទេសកម្ពុជា។ បាតុកម្មនៅក្នុងប្រទេសកម្ពុជា ជាច្រើនលើក ច្រើនសារ នៅតែគ្មានលទ្ធផលដោយសារតែ

    ពិភពលោកទាំងមូល មិនទាន់ទទួលស្គាល់ថា លោកជាវីរបុរសខ្លាំង គឺបានត្រឹមតែសម្លឹងឃើញថា លោកជាអ្នក

    បានទទួលថវិកាពីការរៃអង្គាសសប្បុរសជន យកមកធ្វើចលនាបាតុកម្មដដែលៗ តែប៉ុណ្ណោះ។ បើទោះបីជាលោក

    ជាមនុស្សម្នាក់ មិនចូលចិត្តបង្អួតសម្ញែង ដាក់ពិភពលោក ថាលោកជាអ្នកមានមរតកអគ្គមហាសាលចាយមិនចេះ

    អស់ រាប់តំណ តទៅមុខគ្រប់ជំនាន់ ក៏សាធារណជននៅលើពិភពលោក គេនឹងនៅតែងឿងឆ្ងល់ថា តើលោកបាន

    ទទួលមរតកទាំងនេះ បានមកពីប្រភពណាដែរ ? ហើយគ្មាននណាមួយគេសរសើរចំពោះអ្នកដែលចេះត្រឹមតែចាយ

    ប្រាក់ តែមិនចេះធ្វើអ្វីៗដើម្បីរកបានពីប្រភពជំនួញដែលមិនចេះរីងស្ងួត។ ចំណុចនេះហើយដែលធ្វើឱ្យពិភពលោក

    ទាំងមូល មិនទាន់ទទួលស្គាល់លោក មកពីលោកមិនទាន់មានបង្កើតស្នាដៃអ្វីដែលផ្តល់ផលប្រយោជន៏ដល់មនុស្ស

    ជាតិជាទូទៅនៅលើភពផែនដីនៅឡើយ។ លោកប្រធាន សង្គ្រោះជាតិ បើលោកមានដើមទុន លោកត្រូវតែយក

    ដើមទុន មកបង្កើតប្រភពផលិតផលនៃដើមទុន ទើបប្រទេសមហាអំណាចនិយមលទ្ធិប្រជាធិបតេយ្យសេរី ទទួល

    ស្គាល់ថា លោកប្រធានសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជាជាបុរសខ្លាំងដ៏ស្វាហាប់ របស់ពិភពលោកទាំងមូល។