ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ប្រាសាទ តាណាង ឬប្រាសាទឥដ្ឋក្រហម នៅខែត្ររតនគីរី ដែលមានអាយុកាលរាប់ពាន់ឆ្នាំមុនសម័យអង្គរ ត្រូវបានគេរកឃើញនៅក្នុងព្រៃ លើដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ម៉ែន សារុន កាលពីប្រមាណ ២ឬ៣ ខែមុន។ (រូបថត Pierre-Yves Clais/The Cambodia Daily)
អាជ្ញាធរ និងជនជាតិដើមភាគតិចចារ៉ាយនៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថា ប្រាសាទតាណាង ឬប្រាសាទឥដ្ឋក្រហម ដែលមានអាយុកាលរាប់ពាន់ឆ្នាំមុនសម័យអង្គរ ត្រូវបានគេរកឃើញនៅក្នុងព្រៃ លើដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន ម៉ែន សារុន កាលពីប្រមាណ ២ឬ៣ ខែមុន។
តាមសារពត៌មាន The Cambodia Daily ចុះផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា ប្រាសាទនេះ អាចសាងសង់នៅមុនសម័យអង្គរ ជាតំបន់ប្រវត្តិសាស្ត្រថ្មីមួយដែលកម្រមាននៅក្នុងខេត្តរតនគិរី។ ប្រាសាទនោះ មានកម្ពស់ប្រហែល៥ម៉ែត្រ ស្ថិតក្នុងតំបន់ព្រៃដាច់ស្រយាល ជិតព្រំដែនវៀតណាម ហើយជនជាតិចារ៉ាយ អះអាងថា វាជាផ្នែកមួយនៃវប្បធម៌របស់ពួកគេ។
អ្វីដែលអ្នកជំនាញប្រវត្តិសាស្ត្រ និងប្រជាពលរដ្ឋព្រួយបារម្ភ ពីការបាត់បង់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ដោយសារ ប្រាសាទតាណាងនេះ កំពុងមានការប្រឈម ព្រោះស្ថិតនៅលើតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ម៉ែន សារុន ហើយប្រជាពលរដ្ឋ អះអាងថា ព្រៃមួយចំនួន ជិតបរិវេណប្រាសាទនេះ កំពុងត្រូវបានគេកាប់រាន។
កន្លងមក សង្គមស៊ីវិល និងជនជាតិដើមភាគតិចមួយចំនួន តែងតែរិៈគន់ថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនវិនិយោគ ច្រើនប៉ះពាល់ដល់ដីស្រែចំការ ដីកប់ខ្មោចដូនតា និងដីអភិរក្ស ដែលប៉ះពាល់ដល់ប្រពៃណីរបស់ជនជាតិដើម និងព្រៃសក្ការៈជាដើម។
ទោះជាយ៉ាងណា កាសែតដដែល ចុះផ្សាយថា ភាគីក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ បានដឹងពីការព្រួយបារម្ភ របស់ជនជាតិដើមភាគតិចនេះ និងកំពុងចាត់វិធានការ ដើម្បីអភិរក្សប្រាសាទ ដែលមានអាយុរាប់ពាន់ឆ្នាំនេះ៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
ខ្ញុំសូមជម្រាបយ៉ាងខ្លីថា: នៅឆ្នាំ២០១០ មន្រ្តីជំនាញក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌ខេត្តរតនគីរី បានរកឃើញ
ប្រាសាទនេះ ដែលមានឈ្មោះថា: យា៉កណាំង ឬតាណាំង ហើយមន្ទីរបានដាក់ឆ្មាំយាមថែរក្សាតាំងពីពេលនោះ
មក។ ព័ត៌មានលម្អិត សូមទាក់ទងមន្រ្តីជំនាញក្រសួងវប្បធម៌ លេខទូរស័ព្ទ : ០៩៧ ៨៨៣៣៩០៧។
សូមអរគុណ