អ្នកស្រី យ៉ោម បុប្ផា ចេញមុខ​អន្តរាគមន៍​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរី​កីឡា ​ក្រោយចេញពី​ពន្ធនាគារ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី​ យ៉ោម បុប្ផា នៅ​ថ្ងៃ​អាទិត្យ​នេះ ​ចេញ​មុខ​តវ៉ា​ជា​ថ្មីទៀត ជួយ​រក​យុត្តិធម៌​ជូន​អតីត​សហគមន៍​បុរី​កីឡា ដែល​កំពុង​ប្រឈម​​នឹង​ការបណ្តេញចេញ​ជា​លើក​ទី​ពីរ  បន្ទាប់ពី​អ្នកស្រី ត្រូវបាន​តុលាការ​សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។

​អ្នកស្រី​ យ៉ោម បុប្ផា រស់​នៅក្នុង​ពន្ធនាគារ ជាង​មួយ​ឆ្នាំ ចាប់ពី​ដើម​ឆ្នាំ​២០១២​មក ដោយសារ​ប្រឆាំង​និង​ការបណ្តេញចេញ ប៉ុន្តែ​ត្រូវបានតុលាការ​កំពូល សម្រេច​​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន នៅ​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​នេះ។​

​អ្នកស្រី យ៉ោម បុប្ផា ប្រាប់VODឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិ​ត្យ ​ទី​២៤ ​ខែ​វិច្ឆិកា​នេះ​ថា អតីត​អ្នក​បុរី​កីឡា ប្រមាណ​ជា​១០​គ្រួសារ កំពុង​រស់នៅ​ក្រោម​តង់ លើ​គំណរ​សំរាម ក្នុង​អតីត​សហគមន៍របស់​ខ្លួន ​ដែល​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច​ បាន​បណ្តេញ​ចេញ​ទាំង​ហិង្សា កាលពី​ជាង​មួយ​ឆ្នាំ​មុន។​

​អ្នកស្រី​បន្ត​ថា ពេល​នេះ​អ្នករងគ្រោះ​ទាំងនោះ គ្មាន​លទ្ធភាព​សាងសង់​លំនៅឋាន​ឡើងវិញ ទើប​ពួកគាត់​សម្រេចចិត្ត​ឡើងទៅ​ស្នាក់នៅ លើ​អាគារ​ចាស់ៗ របស់​ក្រុមហ៊ុន​នៅក្បែរនោះ បណ្តោះអាសន្ន តែ​ត្រូវបាន​អាជ្ញាធរ​រារាំង​។

​អ្នកស្រី យ៉ោម បុប្ផា​ បន្តថា ការដែល​តុលាការ​ សម្រេច​ឲ្យ​អ្នកស្រី​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នៅពេលនេះ ក៏​ដោយសា​តែ​មាន​ប្រជា​សហគមន៍​រងគ្រោះ​ទាំង​​នោះ ចេញ​តវ៉ា​ស្ទើរ​រាល់ថ្ងៃ ជួយ​អ្នកស្រី​ដែរ ដូច្នេះ​អ្នកស្រី ត្រូវតែ​ចេញ​មុខ​តវ៉ា​បន្តទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ។​

​អ្នកភូមិ​បុរី​កីឡា ​អះអាងថា ពួក​គេ​ជាង​៣០០​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន ​ផាន​អ៊ី​ម៉ិច របស់​លោកស្រី ​ស៊ុយ សុផាន បណ្តេញ​ចេញ​ទាំង​បង្ខំ កាលពី​ថ្ងៃ​ទី​៣​ខែ​​មករា ​ឆ្នាំ​២០១២ ​ឲ្យទៅ​នៅ​ជាយក្រុង​ ហើយ​បច្ចុប្បន្ន​នេះ​នៅ​​ជាង​១០០​គ្រួសារ ទៀត កំពុង​តវ៉ា​ទាមទារ​សំណង៕

សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

2 Responses to "អ្នកស្រី យ៉ោម បុប្ផា ចេញមុខ​អន្តរាគមន៍​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរី​កីឡា ​ក្រោយចេញពី​ពន្ធនាគារ​​"

  1. CPP says:

    យីអើ! អត់រៀង នាងនេះវើយ។ កុំភ្លេចថា សាលដឺការពីតុលាការកំពូលនៅជាធរមាននៅឡើយនាង!

  2. Kmeng Peal says:

    តុលាការឡប់ យកលុយនឹងបក្សពួកជាធំ ច្បាប់វានៅនឹងអណ្តាតព្រូសដូចសុនក នរណាក៏គេដឹងដែរ។