CNRP ​ជូនដំណឹង​​សាលា​រាជធានី​ពី​ការធ្វើ​បាតុកម្ម និង​​ការ​ដង្ហែ​ក្បួន​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦​ធ្នូ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

មហា​បាតុកម្ម​របស់គណបក្សសង្គ្រោះជាតិ​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ (រូបថត ពេជ្រ សុធារី)

គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) នៅ​ថ្ងៃ​ចន្ទ​នេះ ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​សាលា​រាជ​ធា​នី​ភ្នំពេញ ពី​ការធ្វើ​មហា​បាតុកម្មអហិង្សា នៅ​ទីលាន​ប្រជា​ធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦​ធ្នូ ដើម្បី​ទាមទារ​ឲ្យមាន​កំណែទម្រង់​ការបោះឆ្នោត និង​ការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ទ្បើង​វិញ ក្នុង​ពេល​ឆាប់​នេះ​។​

​លិខិត​ជូនដំណឹង​ចុះហត្ថលេខា​ដោយ​អ្នកដឹកនាំ​បាតុកម្ម និង​ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនី​វណ្ណ លោក ហូរ វ៉ាន់ និង​លោក គួ​យ ប៊ុន​រឿន ឲ្យដឹងថា បាតុកម្ម​នេះ​ដឹកនាំ​ដោយ​ប្រធាន និង​អនុប្រធាន​គណបក្ស លោក សម រង្ស៊ី និង​លោក កឹម សុខា​។ បាតុកម្ម​ចាប់​ផ្តើម​ពី​ម៉ោង​៧​ព្រឹក រៀងរាល់ថ្ងៃ ដោយ​មាន​ការសម្តែង​​មតិ​របស់​បាតុករ ការសម្តែង​សិល្បៈ​​ចម្រៀង ការ​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ និង​ការ​ដង្ហែ​ក្បួន​​បាតុកម្ម​ដោយ​សន្តិវិធី នៅតាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ​។​

​លិខិត​បន្តថា នៅ​ទីលាន​ប្រជាធិបតេយ្យ គណបក្ស​នឹ​ង​រៀបចំ​ធ្វើ​វេទិកា និង​រោង​៤​ម៉ែត្រ​x២០០​ម៉ែត្រ នៅ​សងខាង​សម្រាប់​ជា​ជម្រក​ការពារ​ភ្លៀង និង​កម្តៅ​ថ្ងៃ សម្រាប់​​បាតុករ​ស្នាក់នៅ​។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ប្រាប់​VOD​ថា សាលា​រាជធានី​​មិន​ហាមឃាត់​ចំពោះ​ការបញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ លោក​​អំពាវនាវ​ដល់​អ្នកចូលរួម​ទាំងអស់ ធ្វើ​បាតុកម្ម​ដោយ​គោរព​តាម​ច្បាប់ ធ្វើយ៉ាងណា​ប្រកប​ដោយ​សន្តិវិធី មិន​​មាន​ហិង្សា​កើតឡើង​។​

​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ចន្ទ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង អនុប្រធាន លោក កឹម សុខា នឹង​ដឹកនាំ​ដង្ហែ​ក្បួន​ម៉ូតូ ចេញពី​ទីលាន​ប្រជា​ធិបតេយ្យ ទៅ​តាម​មហាវិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ នឹង​ជំរុញ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បើកផ្លូវ​ឲ្យមាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​នោះទេ​៕

សរសេរមកកាន់​កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

3 Responses to "CNRP ​ជូនដំណឹង​​សាលា​រាជធានី​ពី​ការធ្វើ​បាតុកម្ម និង​​ការ​ដង្ហែ​ក្បួន​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦​ធ្នូ​​"

  1. ង្វៀង ធីទ័រ says:

    របបប្រជាធិបតេយ្យពិតប្រាកដ បើបាតុកម្មសុំច្បាប់ នោះគេហៅថាប្រជាធិបតេយ្យប្រមូលផ្តុំ ឬប្រជាធិបតេយ្យផ្តាច់ការ…!
    ប្រជាធិបតេយ្យពិតៗ គេគ្រាន់តែជូនដំណឹងទៅបានហើយៗអជ្ញាធរដែនដីមានភារកិច្ចជួយសំរួលចរាចរណ៍ និងថែរក្សាសន្តិសុខ សុវត្ថិភាព បាតុករ…! មិនមែនរៀបកំលាំងចាំបង្រ្កាបទេ…!?

  2. ង្វៀង ធីទ័រ says:

    របបប្រជាធិបតេយ្យពិតប្រាកដ បើបាតុកម្មសុំច្បាប់ នោះគេហៅថាប្រជាធិបតេយ្យប្រមូលផ្តុំ ឬប្រជាធិបតេយ្យផ្តាច់ការ…!
    ប្រជាធិបតេយ្យពិតៗ គេគ្រាន់តែជូនដំណឹងទៅបានហើយៗអជ្ញាធរដែនដីមានភារកិច្ចជួយសំរួលចរាចរណ៍ និងថែរក្សាសន្តិសុខ សុវត្ថិភាព បាតុករ…! មិនមែនរៀបកំលាំងចាំបង្រ្កាបទេ…!?
    បើទង្វើអោយសុំច្បាប់នោះ វាប្រៀបដូចរបបកុម្មុយនីស្ត ដែលស្ថិតក្រោមការត្រួតត្រារបស់យួនក្រោយឆ្នាំ១៩៧៩ហើយ។

  3. ប្រជាពលរដ្ឋ says:

    。 សូម អរគុណ លោក ប៉ា សុជាតិវង្ស គាត់មិនហាម ឃាត់ , ហើយជួយ ណែ នាំ អោយល្អ ទៀត !

    ដូច្នេះ សំណូម ពរ ប្រជាពលរដ្ឋ សូមអោយ លោក ប៉ា សុជាតិវង្ស ជួយ រៀបចំ បង្គន់ អនាម័យ

    ចំនួន ពី ៣ ទៅ ៥ អោយ ប្រជាពលរដ្ឋ បាតុករ គាត់ ប្រើ ប្រាស់ ផង !

    。。 សូមអរគុណ , ទុក ជាមុន !