ដោយ៖ ជន ស្រីណុច
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) (រូបថតដោយ ជន ស្រីណុច)
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) នៅថ្ងៃពុធនេះ ស្នើម្តងទៀតឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ដំឡើងប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀនជាអប្បបរិមារក្នុងមួយខែ១លានរៀល ចាប់ពីដើមឆ្នាំ២០១៤ខាងមុខនេះ ដើម្បីបង្កើនបរិមាណគុណភាពអប់រំនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើឡើង។
ការស្នើនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីគោលនយោបាយអប់រំ និងចក្ខុវិស័យ នៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នារាជធានីភ្នំពេញ។ ប្រធានCITA លោក រ៉ុង ឈុន មានប្រសាសន៍ថា ហេតុផលចម្បងដែលនាំឲ្យការអប់រំធ្លាក់ចុះ គឺប្រាក់ខែរបស់គ្រូបង្រៀនតិច មិនអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារគ្រប់គ្រាន់ ហើយធ្វើឲ្យពួកគាត់រកមុខរបរពីរ។ លោកបន្តថា បច្ចុប្បន្នស្ទើរ១០០ភាគរយគ្រូបង្រៀននៅកម្ពុជាក្នុងមា្នក់មានមុខរបរពីរ ដែលនាំឲ្យប៉ះពាល់ដល់គុណភាពអប់រំ ។
លោក រ៉ុង ឈុន ស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យដំឡើងប្រាក់ខែគ្រូបង្រៀន ទៅតាមការកើនទ្បើងតម្លៃទំនិញលើទីផ្សារ ៖ “ដើមឆ្នាំ២០១៤នេះ ឲ្យបានមួយលានរៀល ជូនពួកគាត់ប្រសិនថា ប៉ុណ្ណឹងមិនត្រូវបានដោះស្រាយទេ នេះមិនអាចទទួលបាននូវការអប់រំល្អ សម្រាប់កូនខ្មែរយើង ហើយមួយលានក៏មិនគ្រប់ដែរ ប៉ុន្តែវាប្រសើរជាងបច្ចុប្បន្ន ហើយបើមួយលាននេះឡើងឲ្យ ទីផ្សារឡើងហួសហ្នឹងទៀត វានៅស្ថានភាពនៅអាក្រក់ដដែល ដូចករណីរឿងកម្មករអញ្ជឹង បើកម្មករឡើងទៅដល់ ១៥០$ ឬ១៥៤$ ហើយបើយើងមិនបានទប់ស្កាត់ អំពីទីផ្សារ នោះវាដដែល អញ្ជឹងបានគេប្រើពាក្យមួយថា ប្រាក់ខែគ្រូបង្រៀនស្ទើរមួយជី(មាស)ជារឿងរហូត តាំងពីឆ្នាំ១៩៧៩មក”។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បដិសេធឆ្លើយតបទៅនឹងការស្នើសុំនេះទេ ព្រោះលោកមិនទាន់ទទួលបានលិខិតជាផ្លូវការរបស់ CITA ៖ “ខ្ញុំមិនទាន់មានអ្វីឆ្លើយតបទេ សូមអរគុណច្រើនមិនទាន់បានធ្វើលិខិតផង ចាំទទួលបានសិន ខ្ញុំមិនទាន់មានជំហរអ្វីទេ”។
ជាមួយគ្នានេះដែរ សមាគមគ្រូបង្រៀនត្រៀមនឹងដាក់គោលនយោបាយធំចំនួន៤ ទៅក្រសួងអប់រំ គឺ ដើម្បីកែលម្អការរៀន ការបង្រៀន និងបរិស្ថានអប់រំ ដើម្បីបង្កើនមូលនិធិ ក្នុងការលែលម្អគុណភាពអប់រំ ជាដើម។
CITA ឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានគ្រូបង្រៀនសរុបប្រមាណជា ១១ម៉ឺននាក់ ដោយគ្រូបឋមសិក្សាទទួលបានប្រាក់ខែ៣២០ ០០០រៀល គ្រូវិទ្យាល័យទទួលបាន១៣០ដុល្លារអាមេរិកគ្រប់កម្រិត៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
បើរដ្ឋមិនតម្លើងប្រាក់ខែគ្រូបង្រៀន យ៉ាងតិច ១លានរៀល នោះទេ សូមសើរើទៅវិញថា
ថវិកាជាតិខ្មែរ ជាង ៣៥០០ លានដុល្លា US ដែលរដ្ឋសភាឯកបក្សអនុម័តសម្រាប់តែឆ្នាំ
ខាងមុខ ថាតើទុកធ្វើអី តម្លើងប្រាក់ខែឱ្យច្រើនៗ ដល់ចំនួនក្របខណ្ឌរដ្ឋទាំងអស់ផង។
បើមិនអាច ធ្វើបាន មានន័យថា ជាង ៣៥០០ លានដុល្លា US មានតែ ខ្យល់។ មិនដឹងថា
លុយនៅឯណា ? ត្រូវតែប្រកាសម្តងទៀតថា ជាង ៣៥០០ លានដុង VN ទើបត្រូវជាង។
មុននឹងឡើងប្រាក់ខែ ត្រូវលុបឈ្មោះគ្រូៗដែលចាំស៊ីតែ
ប្រាក់ខែ ហើយឡែៗអត់ប្រយោជន៍នេះសិន ទើបរដ្ឋមិនខ្ជះខ្ជាយលុយឥតប្រយោជន៍។