ADB ហៅ​អ្នក​កាសែត​​ទៅ​ពិនិត្យ​គម្រោង​ជួយ​អ្នក​ក្រ​នៅ​កំពង់ធំ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ​រយៈ​ពេល​ពីរ​ថ្ងៃ សម្រាប់​អ្នក​សារព័ត៌មាន ចុះទៅ​ពិនិត្យ​មើល​គម្រោង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​របស់​ធនាគារ​នេះ នៅ​ខេត្ត​កំពង់ធំ។

ដោយ វោហារ ជាតិ
2013-12-18
RFA

ដំណើរ​ទស្សនកិច្ច​នេះ ADB សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់ ថ្ងៃ​១៩ ធ្នូ ដើម្បី​ឲ្យ​អ្នក​កាសែត​ជួយ​ពិនិត្យ​និង​ផ្សព្វផ្សាយ​​គម្រោង​មួយ​ឈ្មោះ​ថា «គម្រោង​អភិវឌ្ឍន៍​ទីផ្សារ​សម្រាប់​ជន​ក្រីក្រ​នៅ​មជ្ឈដ្ឋាន​កណ្ដាល​កម្ពុជា»។

មន្ត្រី​នាំ​ពាក្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ភ្នំពេញ កញ្ញា រស់ សុធា បញ្ជាក់​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ថា អ្នក​កាសែត ១៥​នាក់ មក​ពី​ស្ថាប័ន​ព័ត៌មាន ១២ នឹង​យក​ព័ត៌មាន​ពិត​អំពី​គម្រោង​នេះ៖ «យើង​ចង់​អ្នក​កាសែត​ជួយ​ផ្សព្វផ្សាយ​អំពី​លទ្ធផល​នៃ​គម្រោង​នេះ​ដល់​ប្រជាពលរដ្ឋ។ ជា​ទូទៅ​គម្រោង​នី​មួយ​ទោះ មិន​បាន​ជោគជ័យ​ទាំង​អស់​ទេ វា​មាន​ជោគជ័យ​និង​បរាជ័យ ដូច្នេះ​អ្នក​កាសែត​អាច​រាយការណ៍​ព័ត៌មាន​ទៅ​ដល់​ប្រជាពលរដ្ឋ​និង​សហគមន៍​ឲ្យ​ដឹង​ការ​ពិត​បាន»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ADB ថ្ងៃ​ទី​៧ ធ្នូ ឲ្យ​ដឹង​ថា គម្រោង​នេះ​ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន ១.៩​លាន​ដុល្លារ ដែល​ជា​ប្រាក់​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន និង​គ្រប់​គ្រង​ដោយ ADB។ គម្រោង​នេះ ​ផ្ដល់​ជំនាញ​ការងារ​ដល់​អ្នក​ភូមិ ​ដូច​ជា​ជំនាញ​សិប្បកម្ម ឧស្សាហកម្ម​ខ្នាត​តូច បង្កើត​ទី​ផ្សារ​ទេសចរណ៍ ដែល​អាច​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ ចំនួន ១២.០០០​គ្រួសារ​ នៅ​ភូមិ​ចំនួន​១១ ដែល​រស់​នៅ​តំបន់​ក្បែរ​ប្រាសាទ​សម្បូរណ៍​ព្រៃគុក។ ក្រៅ​ពី​គម្រោង​នេះ​បាន​អភិវឌ្ឍន៍​ផ្លូវគមនាគមន៍​ប្រវែង ២៨​គ.ម ត​ភ្ជាប់​ពី​តំបន់​ដាច់​ស្រយាល​ដែល​អ្នក​ភូមិ​រស់​នៅ​ទៅ​ទីប្រជុំជន​ផ្លូវ​ជាតិ​លេខ​៦ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ស្រួល​ធ្វើ​ដំណើរ​ចេញ​ចូល​មក​កាន់​ទីផ្សារ​​ក្នុង​តំបន់​ជិត​ខាង​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ADB ហៅ​អ្នក​កាសែត​​ទៅ​ពិនិត្យ​គម្រោង​ជួយ​អ្នក​ក្រ​នៅ​កំពង់ធំ"

  1. ង្វៀង ធីទ័រ says:

    បាទជួយទៅលោក ADB…តែកុំអោយរដ្ឋាភិបាលខ្មែរកាន់លុយ ព្រោះឥលូវកំណែទំរង់សុីជំរៅ សីុកាន់តែជ្រៅ…សូម្បីតែខ្ទុះនិងឈាមរាស្រ្ត រលេះរលួយក៏ពួកវាមិនទុកដែរ។ចូរមើលចុះ គំរោងម្ចាស់ជំនួយលើវិស័យសុខាភិបាល ផ្នែកគ្រុនចាញ់ អេដស៍…សុីលុយគេជាង៤០មុឺនដុល្លាគេទារមិនទាន់បានផង…!