ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បារម្ភខ្លាចបាត់បង់ដីស្រែ និងដីព្រៃសហគមន៍ បន្ទាប់ពីមានក្រុមអ្នកកួកជេដី ដើរចែកលុយដល់ប្រជាពលរដ្ឋក្នុងភូមិត្រដក់ពង នៃឃុំខ្នារឆ្មារ ស្ទើរគ្រប់ក្រុមគ្រួសារ។ ប្រជាពលរដ្ឋអះអាងថា ប្រសិនបើដីព្រៃសហគមន៍គីឡូ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យមានការលក់ដូរនោះ ដីស្រែចម្ការរបស់ប្រជាពលរដ្ឋរាប់រយហិកតារផ្សេងទៀតនៅក្បែរនោះ នឹងត្រូវប៉ះពាល់ធ្ងន់ធ្ងរ។
ដោយ ជិន ជេដ្ឋា
2013-12-18
RFA
ប្រជាពលរដ្ឋរស់នៅភូមិខ្នារកណ្ដាល និងភូមិត្រដក់ពង នៃឃុំខ្នារឆ្មារ បានប្រតិកម្មចំពោះសកម្មភាពក្រុមហ៊ុនមួយដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ មកបង្ខំឲ្យប្រជាពលរដ្ឋលក់ដីព្រៃសហគមន៍របស់ខ្លួន ហើយថា អាជ្ញាធរភូមិឃុំហាក់ត្រូវរ៉ូវគ្នាចំពោះសកម្មភាពនេះ។
ក្រុមប្រជាពលរដ្ឋបានបញ្ជាក់នៅថ្ងៃទី១៨ ខែធ្នូ ថា មេខ្យល់បានប្រគល់ប្រាក់ចំនួន ២០០ដុល្លារក្នុង១គ្រួសារ ទៅឲ្យអ្នកភូមិត្រដក់ពង ជាថ្នូរទៅនឹងការយល់ព្រមលក់ដីព្រៃសហគមន៍ទំហំជាង ៧០ហិកតារ ទៅឲ្យក្រុមហ៊ុន។
អ្នកភូមិត្រដក់ពង ម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា កាលពីពេលកន្លងទៅ ក្រុមប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ បានប្រតិកម្មចំពោះអ្នករកស៊ីកួកជេដីឈ្មោះ កុល សារឿន និងឈ្មោះ ប្រាក់ អ៊ីត ដែលអះអាងថា ខ្លួនបានទិញដីនៅតំបន់ព្រៃសហគមន៍គីឡូក្នុងទំហំដីសរុប ៤៤៦ហិកតារ ដែលការអះអាងនេះបានធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងឃុំ៖ «ដីនេះ គឺជាដីគ្រប់គ្រងដោយភូមិត្រដក់ពង ទាំងមូលនៅក្នុងចំណុះភូមិខ្នារឆ្មារ ហ្នឹង។ បាទ! ប្រសិនបើបាត់បង់ព្រៃនេះទៅ ធ្វើឲ្យប្រជាពលរដ្ឋខ្វះឧសដុត ការគង្វាលគោ ម្យ៉ាងទៀតដូចជាអ្នកបាយហូបអីហ្នឹង អាចទៅជីកដំឡូងអីពីកន្លែងហ្នឹង គ្រាន់ដោះស្រាយពេលទ័លមួយគ្រាៗ»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតរស់នៅភូមិខ្នារកណ្ដាល បានបញ្ជាក់ថា ដីស្រែ និងចម្ការរបស់អ្នកភូមិលោកភាគច្រើន គឺមាននៅជាប់ ឬក្បែរដីព្រៃសហគមន៍នោះ ដូចនេះវិបត្តិដីធ្លីនឹងអាចកើតមាន ប្រសិនបើឈ្មួញពិតជាត្រូវការផ្ទៃដីជាង ៤០០ហិកតារ ដូចការអះអាងកាលពីពេលកន្លងទៅមែននោះ។
ក្រុមប្រជាពលរដ្ឋបានស្នើសុំឲ្យរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៍ ឬចុះមកពន្យល់អ្នកភូមិមួយចំនួនកុំឲ្យទទួលយកប្រាក់ពីឈ្មួញ ដើម្បីថែរក្សាដីព្រៃសហគមន៍ និងមិនចង់ឲ្យដីស្រែចម្ការរបស់ពួកគាត់នៅក្បែរនោះធ្លាក់ចូលក្នុងវិបត្តិដីធ្លីដូចនៅភូមិឡពាង ឃុំតាជេស នោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងឈ្មួញ ឬអ្នកកួកជេដី និងមេឃុំខ្នារឆ្មារ លោក ទា កុំ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ ខែធ្នូ។
ទាក់ទងនឹងបញ្ហានេះ មេភូមិត្រដក់ពង លោក អ៊ុង ស៊ីណុន មានប្រសាសន៍ថា ការលក់ដូរដីព្រៃសហគមន៍នេះ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ ហើយអាជ្ញាធររង់ចាំតែដើរតាមក្រោយប៉ុណ្ណោះ។ លោកបន្តថា នៅភូមិត្រដក់ពង មានគ្រួសារសរុបជាង ៣០០គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ២១៥គ្រួសារហើយដែលបានទទួលប្រាក់ និងយល់ព្រមលក់ដីនោះ៖ «អារឿងដីនេះវាច្រើនលើកច្រើនសាហើយ ព្រោះខ្ញុំសម្រេចនៅលើប្រជាពលរដ្ឋធំទេ បើសិនប្រជាពលរដ្ឋគាត់គិតថាទេ ដីហ្នឹងទុកទៅអត់ប្រយោជន៍ អាហ្នឹងជារឿងរបស់គាត់»។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋបានធ្វើកិច្ចសន្យា និងទទួលប្រាក់ពីឈ្មោះ កុល សារឿន ក៏ប៉ុន្តែលោកមិនបានដឹងច្បាស់ថា ក្រុមហ៊ុនដែលទិញដីនោះមានប្រភពចេញមកពីណា និងមានឈ្មោះអ្វីនោះទេ។
នាយិកានៃអង្គការសកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ អ្នកស្រី សរ សាត មានប្រសាសន៍ថា ភាពឆក់ល្វែងនៃការគិតរបស់ប្រជាពលរដ្ឋមួយគ្រា ទាក់ទងនឹងរឿងដីព្រៃសហគមន៍នេះ វាអាចធ្វើឲ្យពួកគាត់មានផលប៉ះពាល់ដល់កូនចៅ និងខ្លួនគាត់ផ្ទាល់នាថ្ងៃអនាគត៖ «ជួនកាលអាចថាគាត់ចាញ់បោកគេក៏មាន ព្រោះអីគ្រាន់តែថាគេឲ្យ ២០០ដុល្លារអ៊ីចឹងមក ហើយពេលក្រោយទៀតហ្នឹង ក៏គាត់អត់មានដីអីហ្នឹងបង្កបង្កើនផល ឬមួយសម្រាប់ប្រមូលអនុផលចេញពីព្រៃហ្នឹងបាន»។
ប្រភពព័ត៌មានពីជំទប់ទី១ នៃឃុំខ្នារឆ្មារ មកពីគណបក្ស សម រង្ស៊ី ឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៧ភូមិ នៅឃុំខ្នារឆ្មារ ភាគច្រើនចង់ឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋរក្សាទុកដីព្រៃសហគមន៍នោះឲ្យបានគង់វង្ស ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដូចជា កាប់ឧស ជីកដំឡូង និងជាទីធ្លាសម្រាប់គង្វាលគោជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កងទ័ពជាប់ព្រំដែនខ្មែរថៃប្រតិកម្មនឹងការលុបលេណដ្ឋានទ័ពសង់កាស៊ីណូ
- អាជ្ញាធរខេត្តសៀមរាបរារាំងពលរដ្ឋមិនឲ្យមកតវ៉ារឿងដីធ្លីនៅភ្នំពេញ
- ពលរដ្ឋនៅមណ្ឌលគិរីធ្វើញត្តិទាមទារឲ្យអាជ្ញាធរប្ដូរភូមិ
- ពលរដ្ឋមានទំនាស់ដីនៅពោធិ៍សាត់ប៉ះទង្គិចជាមួយសមត្ថកិច្ច
- សាលាក្រុងហាមពលរដ្ឋសាងសង់និងទិញលក់ដីក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ
- ពលរដ្ឋជិត១០០នាក់លើកគ្នាតវ៉ាមុខការិយាល័យខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ
- បញ្ហាជម្លោះដីនៅតំបន់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបទំនើបខណ្ឌឫស្សីកែវ
- ពលរដ្ឋជំរុញឲ្យអាជ្ញាធរចាត់វិធានការលើមេភូមិដែលរំលោភយកដីរួម
- អ្នកមានបញ្ហាដីជួបពិភាក្សាគ្នាអំពីជម្លោះដីនិងដំណោះស្រាយ
១. ចាប់ថ្ងៃទី១៧ មក អាកាសធាតុត្រជាក់ខ្លាំង ហើយអាកាសធាតុនេះបន្តធ្លាក់ចុះត្រជាក់បន្តទៀត និងមានរយៈពេលជិត១ខែ!!
២. បាតុករនៅទីលានប្រជាធិតបតេយ្យ គឺស្ថិតនៅមុខខ្យល់ និងល្ហល្ហេវ អាចនាំអោយរងនូវភាពត្រជាក់និងរងាវ អាចនាំអោយប៉ះពាល់ដល់សុខភាពបើនៅរយៈពេលយូរ!!!
៣. ដូច្នេះ បាតុករគណៈបក្សសង្រ្គោះជាតិគួរប្តូរទីតាំងមកស្តាតអូឡាំពិកវិញ ពីព្រោះទីនោះមានដំបូល ជញ្ជាំង និងកន្លែងដេកសមរម្យ!!!!
៤. តើការផ្លាស់ប្តូរទីតាំងមកស្តាតអូឡាំពិកខុសច្បាប់បក្ខពួកនិងគ្រួសារហ៊ុនសែនឬទេ???? ប្រហែលជាខុសច្បាប់បក្ខពួកនិងគ្រួសារហ៊ុនសែនហើយ ប៉ុន្តែត្រឹមត្រូវច្បាប់របស់ប្រជារាស្រ្ត !! ស្តាតអូឡាំពិសង់ដោយលុយប្រជារាស្រ្ត និងនៅពេលនេះប្រជារាស្រ្តអាចសុំជ្រកកោនបាន!!!!
៥. អោយប្រជារាស្រ្តជ្រកកោណ វាគ្រាន់បើជាងអោយគ្រួសារហ៊ុនសែនព័ទ្ធស្តាតយកលុយផ្ញើម៉ូតូឡាន!! និងប្រសើរជាងហ៊ុនសែនលក់ស្តាតដែរ!!!
៦. បើមិនប្រញាប់ប្រញាល់ផ្លាស់ប្តូរទីតាំងទេ!! ទាំងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងហ៊ុន សែនមហាសែនខូចត្រូវទទួលខុសត្រូវចំពោះសុខភាពរបស់រាស្រ្តបាតុករទាំងស្រុង!!!