ដោយ៖ ឡាយ សាមាន និង ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋធ្វើការបិទផ្លូវលេខ៩២ មិនឲ្យរថយន្តធុនធំធ្វើចរាចរណ៍ (រូបថតដោយ ឡាយ សាមាន)
ប្រជាពលរដ្ឋប្រមាណជា៤០នាក់ រស់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បិ៍នេះ បាននាំគ្នាបិទផ្លូវលេខ៩២ កែងនឹងផ្លូវហាណូយ មិនឲ្យរថយន្តធុនធំ ធ្វើចរាចរណ៍ ដោយសារហេតុផលណ្តាលឲ្យខូចខាតផ្លូវប៉េតុង និងប៉ះពាល់ដល់ការរកស៊ី។
ប្រជាពលរដ្ឋរងគ្រោះ អ្នកស្រី ស៊ឹម សុភាព អាយុ៤៨ ប្រាប់VODថា ជារៀងរាល់ថ្ងៃ រថយន្តធុនធំដឹកស្ករស ដឹងដី និងដឹកជ្រូក ទម្ងន់ប្រហែល៣០តោន បើកបរលើផ្លូវនោះ ហើយពេលខ្លះបង្កគ្រោះថ្នាក់ជាយថាហេតុទៀតផង។ អ្នកស្រីបន្តថា ការបិទផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងមិនឲ្យរថយន្តធុនធំ ធ្វើចរាចរណ៍ឆ្លងកាត់ និងជាការស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួសជុលឡើងវិញ ៖ “ប្រជាពលរដ្ឋទ្រាំយូរហើយ កាលពីផ្លូវនេះនៅស្អាតទាំងអស់ ហើយឡានគ្រប់ចម្រុះទាំងអស់ ដឹកដី ដីទៅផ្លូវនេះ អញ្ជឹងដល់ពេលថ្ងៃទី១នេះ ពូនេះគាត់រងគ្រោះ គាត់អង្គុយលើកៅអី ដុំថ្មឡានដឹកដីមក ខ្ទាតមកផាំង ដាច់កៅអី ដាច់ធ្មិលតែម្តង ហើយខ្ទាតរហូតដល់បុកនឹងជញ្ជាំង ទ្វារនេះកំប៉ិត អញ្ជឹងប្រជាពលរដ្ឋមានកំហឹង បើមានសហគមន៍គាត់ចូលរួមទាំងអស់គ្នា ទៅជាបិទផ្លូវ”។
ពលរដ្ឋម្នាក់ទៀត លោក វ៉ាត សិទ្ធ អាយុ២៤ឆ្នាំ មានប្រសាសន៍ថា ពីមុនផ្លូវលេខ៩២នេះ មិនមានខូចខាតទេ តែលុះដល់ឆ្នាំ២០១៣នេះ រថយន្តធំៗមួយចំនួន បានបើកចូលជារៀងរាល់ថ្ងៃ បណ្តាលឲ្យខូចខាតផ្លូវទាំងស្រុង និងមិនមានការជួសជុលឡើងវិញ។ លោកបន្តថា ប្រសិនបើអាជ្ញាធរ ឬក្រុមហ៊ុនពាក់ព័ន្ធមិនមានដំណោះស្រាយទេនោះ ពួកគាត់នឹងបន្តតវ៉ាបិទផ្លូវរហូតមានដំណោះស្រាយ ៖ "ផ្លូវបានខូចអស់ហើយ ផ្លូវនេះជាផ្លូវបេតុង ផ្លូវលំបេតុង សហគមន៍៩២ ឥឡូវបែរជាមិនមែនជាផ្លូវសហគមន៍បេតុងទេ ក្លាយជាផ្លូវលំសហគមន៍ ដែលពេលភ្លៀងម្តងៗវារអិល ហើយវាហុយ ដូច្នេះប្រជាពលរដ្ឋត្រូវការឲ្យថ្នាក់ដឹងនាំ ឬក៏ស្ថាប័នពាក់ព័ន្ធ ជាពិសេសឡានធំៗដែលឆ្លងកាត់នេះ ជួយជួសជុលផ្លូវឡើងវិញ បើគ្មានការជួសជុលផ្លូវឡើងវិញទេ ប្រជាពលរដ្ឋគឺមិនសុខចិត្តទេ”។
ប្រជាពលរដ្ឋបានចាប់ផ្តើមបិទផ្លូវ ចាប់ពីម៉ោង៩ដល់ម៉ោង១០ព្រឹក។ អ្នកបើកបរថយន្តធំៗ បានបើកត្រឡប់ទៅវិញ នៅពេលឃើញពលរដ្ឋបិទផ្លូវបែបនេះ។
ប្រធានភូមិត្រពាំងស្វាយ លោក ជា អៀង មានប្រសាសន៍ថា កន្លងមកលោក បានចុះអនុវត្តមិនឲ្យរថយន្តធុនធំៗ បើកចូលផ្លូវ៩២នេះ ព្រោះអាចប៉ះពាល់ដល់ប្រជាជនរស់នៅទីនោះ ដោយសារដីហុយ និងខ្លាចខូចផ្លូវ។ លោកបន្តថា លោកមិនមានវិធានការលើបញ្ហានេះទេ អាស្រ័យថ្នាក់លើ សង្កាត់ ឬខណ្ឌជាអ្នកដោះស្រាយ។
អភិបាលខណ្ឌសែនសុខ លោក លី សាវ៉េត មានប្រសាសន៍ថា ខណ្ឌនឹងមានវិធានការចំពោះរថយន្តដឹកដីធំៗ ដែលបើកបរលើផ្លូវនេះ។ លោកបន្តថា នឹងមានការជួសជុលផ្លូវនេះនៅខែមករា ឆ្នាំ២០១៤ ៖ “នយោបាយរបស់សាលាក្រុងគឺសូមឲ្យឃ្លាំងមកនៅជាយក្រុង ដល់ពេលគេមានឃ្លាំងមកនៅកន្លែងហ្នឹងហើយ បើយើងហាមមិនឲ្យគេចូលទៀត គឹវាមិនត្រូវទេ យ៉ាងច្រើនយើងគ្រាន់តែឲ្យគេចូលទៅ ហើយគាត់ធានានូវការជួយជាមួយនឹង ខណ្ឌ ជាមួយនឹងក្រុងនេះជួយ ដើម្បីធ្វើការជួសជុលថែទាំផ្លូវនេះទៅ វាចប់ហើយ ព្រោះកាលណាពួកឡានដឹកដី កាលណាគាត់ដឹកទៅផុតហើយ គឺផុតហើយ បើសិនជាម្ចាស់ឃ្លាំងគឺគាត់ជាអ្នកទទួលខុសត្រូវ ជាមួយយើងនៅទីនោះ នេះគឺការលើកទឹកចិត្តដល់អ្នកដែលមានឃ្លាំងនៅជាយក្រុងផង យើងត្រូវតែសម្រួលគាត់ ហើយជាជំហររបស់សាលាខណ្ឌ ទោះបីម្ចាស់ឃ្លាំងគាត់មិនជួយយើង ក៏ចាំបាច់យើងត្រូវតែជួសជុលផ្លូវនេះដែរ”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ មានប្រសាសន៍ថា លោក មិនទាន់ដឹងពីបញ្ហានេះនៅឡើយទេ តែលោកថា សាលារាជធានី នឹងត្រួតពិនិត្យផ្លូវនេះ។
ផ្លូវលេខ៩២នេះ មានទទឹងប្រវែង៩ម៉ែត្រ ហើយត្រូវបានសាលារាជធានីភ្នំពេញ បានសាងសង់កាលពីឆ្នាំ២០០៨ ដើម្បីទុកឲ្យប្រជាពលរដ្ឋធ្វើចរចរណ៍។ កន្លងទៅផ្លូវហាណូយក្នុងតំបន់ផ្សារដីហុយ រងការរិះគន់ជាបន្តបន្ទាប់ពីពលរដ្ឋថា មិនមានការជួសជុលឡើងវិញ ផ្លូវរលាក់ ដីហ៊ុយ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋនៅតំបន់នោះ។ ពលរដ្ឋលើកឡើងថា ផ្លូវហាណូយនេះ រងការខូចខាតច្រើន ដោយសារការបើកបររបស់រថយន្តធំៗ៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
១. តើផ្លូវខូចដោយសាររថយន្តធំឆ្លងកាត់???? ដូចមិនគួរអោយជឿទេ!!!
២. តើផ្លូវខូចដោយសារ រដ្ឋាភិបាលធ្វើផ្លូវមិនមានគុណភាព???? នេះគួរអោយជឿជាង!!!!
៣. ធ្វើផ្លូវគឺដើម្បីអោយយាន្តយន្តទាំងអស់ធ្វើដំណើរឆ្លងកាត់!!! ហេតុអ្វីមានផ្លូវមិនអោយរថយន្តដឹកទំនិញធំៗឆ្លងកាត់ អញ្ចឹងធ្វើផ្លូវធ្វើអ្វី??? តើទំនិញដឹកជញ្ជូនតាមរបៀបណា???
៤. ផ្លូវចេះតែខូច ធ្វើហើយធ្វើទឿត ប្រជារាស្រ្តគួរប្តឹងសាលាក្រុងភ្នំពេញ អំពីបទពុករលួយ!!!!! កុំមកឈ្លោះគ្នាឯង!!!