សុគន្ធ ថេរ៉ាយុ ល្បី​បណ្តើរ​កូន​អ្នកមាន

Friday, 20 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131220_28

តារា​ចម្រៀង​លោក សុគន្ធ ថេរ៉ាយុ​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ តារាចម្រៀង​របស់​ផលិតកម្ម​ថោន សុគន្ធ ថេរ៉ាយុ ដែល​មុន​នេះ​ល្បី​ជំពាក់​ចំណងស្នេហ៍​ជាមួយ​ពិធីការិនី​ឡើង​កូដ​ថ្មី​នាង គង់ វង្សយ៉ាទី នោះ ស្រាប់​ពេល​នេះ​មាន​ការ​អះអាង​ថ្មី​ថា នារី​ម្នាក់​នោះ​មិនមែន​ជា​តួអង្គ នាង គង់ វង្សយ៉ាទី ឡើយ។ ប្រភព​ពី​អ្នក​ក្នុង​រង្វង់​សិល្បៈ​ខ្សឹប​ថា នារី​ក្នុង​បេះដូង​របស់​តារាចម្រៀង សុគន្ធ ថេរ៉ាយុ មាន​វ័យ​២០​ឆ្នាំ​ស្តើង និង​ជា​កូន​អ្នកមាន​ទ្រព្យស្តុក​ទៀត​ផង​។

បន្ទាប់ពី​ស្ងប់​រលត់​រឿង​ចចាមអារ៉ាម​ស្នេហា​ផ្អែមល្ហែម​ជាមួយ​នាង គង់ វង្សយ៉ាទី ដែល​ជា​ពិធីការិនី​កំពុង​ឡើង​កូដ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍ CTN មក មិន​ដែល​លេច​ឮ​ទៀត​ឡើយ​ថា តារាចម្រៀង​របស់​ផលិតកម្ម​ថោន លោក សុគន្ធ ថេរ៉ាយុ មាន​ស្នេហា​ជាមួយ​ស្រីស្អាត​នេះ ស្រីស្អាត​នោះ ក្រៅពី​ការងារ​សិល្បៈ​កាន់​តែ​ទទួល​បាន​ប្រជាប្រិយភាព​នោះ​ឡើយ​។

ទើប តែ​នៅ​ជិត​ដំណាច់​ឆ្នាំ​២០១៣​នេះ​ទេ ដែល​ព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​ស្នេហា​ថ្មី​របស់​តារាចម្រៀង​រូប​នេះ ត្រូវ​បាន​ប្រភព​ពី​អ្នក​រស់នៅ​ម្តុំ​បូរី​ពិភពថ្មី មុខ​វត្ត​សំរោង​អណ្តែត ខ្សឹបខ្សៀវ​ថា មួយ​រយៈ​នេះ​តែង​ឃើញ​មាន​នារី​វ័យក្មេង ស្រស់ស្អាត​ម្នាក់​ជិះ​រថយន្ត​សេរី​ទំនើប មក​ចាំ​បណ្តើរ​តារាចម្រៀង​មុខ​ស្រស់​លោក សុគន្ធ ថេរ៉ាយុ ចេញ​ទៅ​ក្រៅ ក្នុង​កាយវិការ ហាក់​មាន​ភាព​ស្និទ្ធស្នាល​បំផុត។ ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​ក៏​ធ្លាប់ បាន​ឃើញ​អ្នក​ទាំង​ពីរ​បណ្តើរ​គ្នា​យ៉ាង​ត្រសង​ឡើង​ផ្សារ​ទំនើបៗ​ទិញ សម្ភារ​ប្រើប្រាស់​ទៀត​ផង​។

ប្រភព​នេះ​បាន​បញ្ជាក់​ទៀត​ថា៖​«សកម្មភាព​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​តារាចម្រៀង ថេរ៉ាយុ ជាមួយ​នឹង​នារី​វ័យក្មេង​ម្នាក់​នោះ​ហាក់​ដូចជា មាន​ការ​ខុស​ប្លែក​ពី​មិត្តភាព ឬ​មិត្តភកិ្ត​រាប់អាន​គ្នា​ធម្មតា​»។

ស្រប គ្នា​នោះ ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ភ្នំពេញ ក៏​បាន​ខ្សឹប​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ដែរ​ថា ពួកគេ​ក៏​ឧស្សាហ៍​ឃើញ​តារាចម្រៀង​របស់​ផលិតកម្ម​ថោន លោក សុគន្ធ ថេរ៉ាយុ បណ្តើរ​ស្រី​រូបស្អាត​វ័យ​ប្រហែល​ជាង​២០​ឆ្នាំ​តិចតួច​ឡើង​មក​រក​ទិញ​របស់របរ​នៅ​ផ្សារ​ទំនើប​នេះ​ដែរ ដែល​មើល​ទៅ​ស្រីក្មេង​នោះ​សាច់ឈាម​បែប​ជា​កូន​អ្នកមាន​។ ពួកគេ​មើល​ទៅ​កាយវិការ​ស្និទ្ធស្នាល​នឹង​គ្នា​ណាស់ ទំនង​មិនមែន​ជា​មិត្តភក្តិ​ធម្មតា​ទេ បើ​តាម​រូបភាព​នោះ បែប​ជា​អ្នក​ស្រឡាញ់​គ្នា​ក្នុង​ន័យ​គូសង្សារ​ច្រើន​ជាង​។

ប្រភព​ពី អាជីវករ​ផ្សារទំនើប​នោះ​បាន​បញ្ជាក់​ថា៖​«បើ​មិន​ច្រឡំ​ទេ ក្នុង​មួយ​ខែ​យ៉ាង​ហោច​ណាស់ ពួកគេ​បាន​ឃើញ​តារាចម្រៀង​រូប​នេះ បណ្តើរ​ស្រីក្មេង​មុខ​ដដែល​នោះ មក​ឡើង​ផ្សារ​ដែល​គេ​លក់​ពីរ​ដង​ដែរ»។

ទាក់ទង​នឹង​ព័ត៌មាន​ល្បី​ថា តារាចម្រៀង​សុគន្ធ ថេរ៉ាយុ បណ្តើរ​ស្រីក្មេង​ឡើង​ផ្សារទំនើប​ញឹកញាប់​នោះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បកស្រាយ​បំភ្លឺ​បាន​ឡើយ​ពី​តារាចម្រៀង​សម្បូរ​ស្នេហ៍​រូប នេះ។ ប៉ុន្តែ​មុន​នោះ លោក សុគន្ធ ថេរ៉ាយុ ផ្ទាល់​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ផង​ដែរ​ថា នៅ​ចំពោះ​មុខ​នេះ លោក​មិន​ចង់​គិត​រឿង​អ្វី​ក្រៅពី​ការងារ​សិល្បៈ​ឡើយ​។ ឆ្នាំ​២០១៤​នេះ គឺ​លោក​ត្រូវ​ពង្រឹង​ការងារ​សិល្បៈ​ឲ្យ​ខ្លាំង​ជាង​មុន​។

តារាចម្រៀង រូប​នេះ​ក៏​ប្រាប់​ដែរ​ថា៖​«នៅពេល​នេះ​វ័យ​ខ្ញុំ​ក៏​នៅ​ក្មេង​ដែរ ចំពោះ​រឿង​ស្នេហ៍​មិន​ទាន់​គិត​ទេ ហើយ​ពេល​នេះ​ក៏​មិន​មាន​ស្នេហា​ដែរ សម្រាប់​អនាគត មាន​តែ​ជា​មិត្តភក្តិ​រាប់អាន​គ្នា​»។

ក្នុង​ជំនួប ចៃដន្យ​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាលពី​លើក​មុន​នោះ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖«កន្លង​មក​តែង​ល្បី​ខ្ញុំ​មាន​ស្នេហា​ជាមួយ តារា​នេះ ជាមួយ​កូន​អ្នក​នោះ ការពិត​មិន​មាន​ទេ បើ​មាន​មែន​ខ្ញុំ​ទៅ​លាក់​ធ្វើអី»៕


What Next?

Recent Articles

2 Responses to "សុគន្ធ ថេរ៉ាយុ ល្បី​បណ្តើរ​កូន​អ្នកមាន"

  1. Takeo says:

    WoW, WoW, Wow.

  2. Chourn says:

    គ្រាន់តែបណ្តើរកូនអ្នកមានឬអ្នកក្រក៍យកមកចុះផ្សាយដែរវាដូចជាគ្មារឿងអីប្លែកផង ឆ្ងល់ដែរ!!!