មេ​ភូមិ​​នៅ​​កំពង់ធំ រង​​ការ​​ចោទ​ថា យក​​ដី​ពលរដ្ឋ​លក់​

ដោយ៖​ បូ សា​វី និង​ អ៊ឹង ប៊ុនថន​​
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​អ្នកភូមិ​១៨១​គ្រួសារ នៅ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ ប្ដឹង​​មេ​ភូមិ​របស់​ខ្លួន ដោយ​ចោទ​មេភូមិ​រូបនោះ​ថា យក​ដី​ដែល​អាជ្ញាធរ​ឃុំ ចែក​ឲ្យ​ពលរដ្ឋ​នោះ​ទៅ លក់​ឲ្យ​ឈ្មួញ ។​

តំណាង​ពលរដ្ឋ នៅ​ភូមិ​កំញ៉ាត ឃុំ​ទ្រាល លោក ឌៀប អ៊​ន ប្រាប់​​VOD នៅ​ថ្ងៃ​អង្គារ​នេះ​ថា កាលពី​ថ្ងៃ​ទី​២៦​​ខែ​ធ្នូ​នេះ លោក​បាន​ដាក់ពាក្យ​ប្ដឹង​មេភូមិ​ឈ្មោះ រៀល រ៉​ន ទៅ​សាលា​ស្រុក​បារាយណ៏ ដើម្បីឲ្យ​​អាជ្ញាធរ​ដកហូត​ដីពី ទំហំ ៥៩​ហិក​តា និង​៤០​អា ដែល​​មេភូមិ​រូប​នោះ​លក់​ឲ្យ​ឈ្មួញ យក​ប្រគល់​ជូន​​ពួកគាត់​វិញ។ លោក​បន្ដថា ដីស្រែ​ទំហំ ៣៣៩​ហិកតា ត្រូវបាន​អាជ្ញាធរ​ឃុំ​ទ្រាល ចែក​​ឲ្យ​ពលរដ្ឋ ១៨៥​គ្រួសារ ប៉ុន្ដែ​នៅ​សល់​ជិត​៦០​ហិកតា ត្រូវ​មេភូមិ​​នោះ យក​លក់​ឲ្យ​ឈ្មួញ ដោយ​មិន​ចែក​ឲ្យ​ពួកគាត់​គ្រប់​ចំនួន​ ៖

តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត លោក ញឹក រៀល ឲ្យដឹងថា ពួកគាត់​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​យក​ដី​នោះ ប្រគល់​ឲ្យ​ពលរដ្ឋ​បង្ក​បង្កើន​ផល​វិញ​បើ​ទោះ​បី​​ចែក​គ្នា​​បាន​​តិចតួច​ក្ដី។ លោក​បន្ដថា មេភូមិ​ដែល​យក​​ដី​ពលរដ្ឋ​លក់​នោះ ធ្វើឲ្យប៉ះ​ពាល់​ដល់​ជីវភាព​របស់​ពួកគេ​។ លោក​ថា ពលរដ្ឋ​បាន​ដាក់​ពាក្យ​​ប្ដឹង​​ជា​ច្រើន​លើក​​ហើយ ប៉ុន្ដែ​មិន​មាន​ដោះស្រាយ​ ៖

VOD​មិនអាច​ទាក់ទងមេភូមិ​កំញ៉ាត លោក រៀល រ៉​ន ដើម្បី​បំភ្លឺ​ពី​ការចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ​។ ប៉ុន្ដែ​អភិបាលស្រុក​បារាយណ៏ លោក ហាក់ ម៉ុង​​ហួត មានប្រសាសន៍ថា លោក​កំពុង​ពិនិត្យ​ពាក្យបណ្ដឹង​នោះ​ហើយ​ ​៖

ពលរដ្ឋ​ឲ្យដឹងថា នៅ​ឆ្នាំ​២០០៧ អាជ្ញាធរ​ឃុំ​ទ្រា​ល ស្រុក​បារាយណ៏ ខេត្ដ​កំពង់ធំ មាន​ដីស្រែ​ទំហំ​៣៣៩​ហិកតា បាន​ចែក​ដី​ឲ្យ​ពលរដ្ឋ​១៨៥​គ្រួសារ នៅ​តំបន់​នោះ ក្នុង​មួយ​គ្រួសារ​១​ហិកតា ៨៥​អា ប៉ុន្ដែ​លោក​មេភូមិ រៀល រ៉​ន ចែក​ឲ្យតែ​១​ហិកតា​កន្លះ​ប៉ុណ្ណោះ ក្នុង​មួយ​គ្រួសារ ដោយ​នៅ​សល់​ដី​៥៩​ហិកតា​៤០​អា ទៀត​ត្រូវបាន​មេភូមិ​យក​លក់ នៅ​ឆ្នាំ​២០០៨​។ ពលរដ្ឋ​បន្ដថា ពួកគេ​បាន​ដាក់ពាក្យ​ប្ដឹង​ទល់​អាជ្ញាធរ​ឲ្យជួយ​ដោះ​ស្រាយ ៤​ដង​មក​ហើយ ប៉ុន្ដែ​អាជ្ញាធរ​​មិន​រក​ដំណោះស្រាយ​ឡើយ ៕

សរសេរមកកាន់​លោក បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

One Response to "មេ​ភូមិ​​នៅ​​កំពង់ធំ រង​​ការ​​ចោទ​ថា យក​​ដី​ពលរដ្ឋ​លក់​"

  1. ប្រជាពលរដ្ឋ says:

    。。 មេភូមិ រៀល រ៉ន កំហូច ហ៊ាន កេងប្រវ័ញ យកដី ស្រែ របស់ ប្រជាពលរដ្ឋ ទៅលក់ !

    ប្រជាពលរដ្ឋ ត្រូវ សាមគ្គីគ្នា ទាមទារ យក ដី ស្រែ មក វិញ អោយបា​ន ,。 កុំ ខ្លាច មេភូមិ អាក្រក់ !