ដោយ៖ ណាត សុភាព, សំពៅ ពិសិទ្ធិ និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បានកន្លងផុតទៅ ដោយបន្សល់ទុកនៅភាពមិនប្រក្រតីមួយចំនួន ដែលកើតឡើងក្នុងថ្ងៃបោះឆ្នោត នៅតាមបណ្តាខេត្តមួយចំនួន។
ករណីដែលត្រូវបានរកឃើញ នៅឃុំចំនួនពីរ ក្នុងខេត្តព្រៃវែង គឺឃុំពាមរក៍ និងឃុំក្តឿងរាយ ដែលជាឧទាហរណ៍មួយក្នុងចំណោមករណីស្រដៀងគ្នានេះជាច្រើន នៅតាមខេត្តមួយចំនួនទៀត។ ប្រជាពលរដ្ឋ ឲ្យដឹងថា មានភាពមិនប្រក្រតីមាន ដូចជា ការដឹកជញ្ជូនជនប្លែកមុខ និងជនជាតិវៀតណាម មកពីបណ្តាខេត្តផ្សេងៗ មកបោះឆ្នោតនៅក្នុងភូមិ-ឃុំមួយចំនួនក្នុងខេត្តព្រៃវែង។ ការរារាំងជនប្លែកមុខ និងជនជាតិវៀតណាម មិនឲ្យបោះឆ្នោត។ ការប្រើហិង្សាក្នុងថ្ងៃបោះឆ្នោត និងមន្ត្រីក្នុងការិយាល័យបោះឆ្នោតមួយចំនួនលំអៀងទៅបក្សកាន់អំណាច ជាដើម។
ការដឹកជញ្ជូនជនមិនស្គាល់មុខមកពីតំបន់មួយទៅ បោះឆ្នោតនៅក្នុងតំបន់មួយទៀត គឺជាភាពមិនប្រក្រតីមួយក្នុងចំណោមភាពមិនប្រក្រតីជាច្រើន ដែលនាំឲ្យមានបណ្តឹងចំនួនជាងមួយម៉ឺន ដែលអង្គការមិនមែនរដ្ឋាភិបាលទទួលបានបន្ទាប់ពីការបោះឆ្នោត។ របាយការណ៍ស៊ើបអង្កេតខាងក្រោមនេះនឹងបង្ហាញអំពីថាតើ ជនមិនស្គាល់មុខពីតំបន់ផ្សេងអាចបោះឆ្នោតបានដោយរបៀបណា? ហើយថាតើហេតុអ្វីបានជាពួកគេត្រូវបានស្នើឲ្យទៅបោះឆ្នោតនៅក្នុង តំបន់នោះ?
ការដឹកជញ្ជូនជនប្លែកមុខនិងជនជាតិវៀតណាម ទៅបោះឆ្នោតក្នុងការិយាល័យដែលពួកគេមិនបានចុះឈ្មោះជាមុន
ការដឹកជញ្ជូនអ្នកបោះឆ្នោតនេះ ត្រូវបានប្រជាពលរដ្ឋខ្លះ លើកឡើងថា ក្រុមមនុស្សដែលគេ ដឹកយកមកបោះឆ្នោតនៅឃុំក្តឿងរាយ មានប្រមាណជា៩៥ភាគរយ។ បន្ទាប់ពីបោះឆ្នោតរួចហើយ គេសង្កេតឃើញថា ជនប្លែកមុខ និងជនជាតិវៀតណាមទាំងនោះ ក៏ប្រញាប់ប្រញាល់នាំគ្នាចាកចេញទៅវិញភ្លាមៗ ដោយមានរថយន្តរង់ចាំដឹកត្រឡប់ទៅវិញរួចជាស្រេច។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នោះផ្ទាល់ រស់នៅភូមិក្រូច ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ៨ព្រឹក ពួកគាត់ឃើញឡានឈ្នួល និងឡានសេរីទំនើប ជាច្រើនគ្រឿង ដឹកជនប្លែកមុខ និងជនជាតិវៀតណាមរាប់រយនាក់ ឲ្យមកបោះឆ្នោត នៅការិយាល័យភូមិក្រូច ភូមិតាណាល និងការិយាល័យភូមិក្តឿងរាយជាដើម ៖ "((ឡានតូចៗពេញ នឹងទាំងអស់ អាឡានធំនឹងបី ឡានតូរីសនឹង )) រាល់ឆ្នាំអត់មានក្រុមការងារផងអាណត្តិ មុនៗអត់មានមនុស្សបោះផងនឹង ដល់ពេលអាណត្តិហ្នឹងសុទ្ធតាមនុស្សហ្មង សុទ្ធតាក្រុមការងារមែនតែមានយួនមកទៀត ក្រុមការងារនៅហ្នឹងគេដឹងទាំងអស់នឹង សុទ្ធតាយួនច្រើនជិះម៉ូតូផង ឡានផង ចូលមកបោះអាណាចូលបានចូល អាណាចូលមិនបាននៅក្រៅ នឹងទៅ ស្មានទៅប្រហែល៣០-៤០សិបនាក់ដែរ អានឹងគ្រាន់តែអ្នកឃើញទេណា ប៉ិនតាអ្នក មិនបានឃើញមិនដឹងប៉ុន្មាននាក់ទៀត ខ្ញុំឮតាមគេ គេថាម៉ាឃុំក្តឿងរាយប្រមាណ៧០០នាក់តាមគេនិយាយ គេថាគេអោយយួនចូលមកហ្នឹង ))"។
ស្រី្តម្នាក់ទៀត ដែលនៅក្នុងហេតុការណ៍ផ្ទាល់ សុំមិនបញ្ចេញឈ្មោះ បន្ថែមថា ៖ “ដល់ពេលខ្ញុំចូលទៅ មិនទាន់បានចូលផងស្រាប់វាគៀងចូលទៅមុនខ្ញុំ ចូលមុនខ្ញុំ ខ្ញុំថា ពូឯងមកក្រោយគេថីបានពូឯងចូលមុនខ្ញុំ។ ខ្ញុំចូលស្មើណាក៏បានដែរស្រេចតែខ្ញុំ ខ្ញុំប្រញាប់ទៅបោះនៅឧដុង្គទៀត។ ទៅបោះឧត្តុង្គទៀតប្រាប់ចឹងហ្មង ខ្ញុំប្រញាប់ទៅបោះនៅឧត្តុង្គទៀតខ្ញុំបោះអោយហើយ”។
អ្នកសង្កេតការណ៍គណបក្សប្រជាជនកម្ពុជានៅភូមិតាណា សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា នៅក្នុងការិយាល័យរបស់គាត់ មិនមានជនជាតិវៀតណាមបោះឆ្នោតទេ។ លោកថា ជនប្លែកមុខ ដែលមកបោះឆ្នោតទាំងនោះ គឺជាជនជាតិខ្មែរ នឹងជាក្រុមការងារគណបក្សប្រជាជនកម្ពុជា មកពីបណ្តាខេត្តផ្សេងៗ ប្រមាណជាង១០នាក់ ចូលមកបោះឆ្នោតនៅក្នុងការិយាល័យ ក្នុងឃុំក្តឿងរាយ ៖ "និយាយទៅធូរតាការិយាល័យខ្ញុំមួយគត់ ដែលមិនញ៉េញ៉ៃអី មានតាក្រុមការងារចុះពង្រឹងតាមភូមិហ្នឹងមាន ភូមិខ្ញុំនឹងវា១៦នាក់ ប៉ុន្តែតាបោះបានប៉ុន្មានទេ បោះបាន១១នាក់ ។ នៅក្នុងសាលាជាប់ៗគ្នាចឹង វាមានហើយ វាឮថាមិនបាច់ដើរចេញបានណាស់ ខ្ញុំវានៅតាក្នុង"។
ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេ សន៌ នៅច្រកទ្វាអន្តរជាតិព្រៃវល៌្ល ខេត្តស្វាយរៀង លោក ប៉ាង ឡេង ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត បានបដិសេធមិនព្រមផ្តល់បទសម្ភាសន៌ ជុំវិញមូលហេតុដែល រូបលោកនិងក្រុមការងារ ដែលត្រូវគេបញ្ជូនអោយទៅបោះឆ្នោតនៅឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងនោះទេ។ លោកបញ្ជាក់ថា ពាក់ពន្ធ័បញ្ហានេះថ្នាក់លើ បានធ្វើរបាយការណ៌ និងផ្តល់ពត៌មានទៅក្រសួងរួចរាល់អស់ហើយ។ ម្យ៉ាងទៀតថ្នាក់លើមិនអនុញ្ញាតឲ្យគាត់ផ្តល់ការសម្ភាសន៍ដល់អ្នក សារព័ត៌មានទៀតផង។
មេឃុំក្តឿងរាយ លោក ប៉ែន ថុន បដិសេធការលើកឡើងដែលថាមានឡានដឹកជញ្ជូនជនប្លែកមុខ និងជនជាតិវៀតណាម ឲ្យទៅបោះឆ្នោតនៅតាមការិយាល័យមួយចំនួន ក្នុងឃុំនេះ។ លោកបញ្ជាក់ថា អ្នកទាំងនោះ ជាក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះមកពង្រឹង នឹងធ្វើការអភិវឌ្ឍនៅឃុំនោះ ៖ "សុទ្ធតាយួន សុទ្ធតាអី មិនមែនទេជាក្រុមការងារ លោកចុះមកបេសកកម្ម ឲ្យតាជាប្រជាពលរដ្ឋ ឲ្យតាមានអត្តសញ្ញាណបណ្ណ័ជាសញ្ជាតិខ្មែរ គឺមានសាក្សី២នាក់គឺ ខ្ញុំជាអាជ្ញាធរឃុំនឹង គឺខ្ញុំចុះបញ្ជីស្នាក់នៅអោយគាត់បាន ចឹងគាត់មានសិទ្ធិបោះឆ្នោតកន្លែងណាក៏បានដែរ ព្រោះយើងបានចុះអោយគាត់រួចស្រេចហើយ បើ៧-៨ខែកន្លងមកហើយ ហើយយើងធ្វើការជាមួយគ្នា ជាមួយនឹងគណបក្សសិទ្ធិមនុស្ស គណបក្សសមរង្ស៊ី គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា យើងចុះឈ្មោះអោយគាត់ មិនមែនដូចជនមួយចំនួនមកចោទប្រកាន់ថា សុទ្ធតាអ្នកប្លែកមុខប្លែកមាត់អី សុទ្ធតាយួនសុទ្ធតាអីមិនមែនទេនែ នេះគឺជាក្រុមការងារហើយខ្មែរសុទ្ធសាធ ដែលលោកមកបោះឆ្នោតទីនេះ"។
ឆ្លើយតបនឹងករណីនេះដែរ ពលរដ្ឋនៅឃុំក្តឿងរាយនិយាយថា ៖ "ខ្ញុំអត់យល់ស្រប ខ្ញុំជាប្រជាពលរដ្ឋ ហើយបើថាអ្នកឯង ឧទាហរណ៌អាឡូវក្រុមការងារណា៎ ក្រុមការងារប៉ុន្មានរូប ដែលចុះមកបេសកកម្មនៅក្នុងឃុំខ្ញុំណា៎ ឲ្យដឹងចំនួនហើយបោះការិយាល័យណា ឲ្យប្រជាពលរដ្ឋគេដឹង ចំនួនប៉ុន្មាននាក់ ប្រជុំតា១ថ្ងៃទៅគេដឹងបាត់ទៅហើយ ប្រជាពលរដ្ឋគេគាំទ្រ ឲ្យដឹងថា ក្រុមការងារហើយចុះការិយាល័យណា គេមិនធ្វើអន្តរាគមន៍ទេ ប៉ិនតាឯងមកមិនដឹង ពីណាពីណីផង ប្រជាពលរដ្ឋគេមិនដឹងផង គេមិនឆោឡោ គេចង់ដឹងសន្លឹកឆ្នោតគេដែរ"។
ពលរដ្ឋ នៅឃុំក្តឿងរាយ សុំមិនបញ្ចេញឈ្មោះ និយាយថា ក្រោយពីថ្ងៃបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ ពុំឃើញមានជនប្លែកមុខ និងជនជាតិវៀតណាម រស់នៅក្នុងភូមិនោះទៀតទេ ៖ "ហឺមិនសម បើមិនដែលឃើញ បោះហើយទៅបាត់សូន្យ តាំងពីហ្នឹងមកមិនដែលឃើញ មុខម៉េចផងពួកនេះ។ មកតាមេធំធ្លាប់ទិញដីនៅនឹងផងមេធំ កូនចៅអត់ដែលឃើញមកទេ។ ស្ងាត់សូន្យដល់ឥឡូវ បើតាមគេអ្នកអង្កេតការណ៏កត់ត្រួសៗដែរបាននឹង១០០ជាង អ្នកបានបោះហើយ បើមិនទាន់បានបោះតាមស្តាប់ទៅប្រហែលចូល២០០អីនឹងយ៉ាង"។
ដើម្បី បញ្ជាក់ពីបញ្ហានេះអ្នកព័ត៌មានបានចុះទៅផ្ទាល់ ច្រកព្រំដែនអន្តរជាតិព្រៃវល្ល៍ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង ដែលសាក្សី អះអាងថា នគរបាលមួយចំនួននៅតំបន់នោះ បានមកបោះឆ្នោតនៅខេត្តព្រៃវែង។
បុរស ម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះដែលមានផ្ទះនៅជាប់នឹងមាត់ច្រក ព្រំដែនអន្តរជាតិព្រៃវល្ល៍នេះ បានអោយដឹងថា នៅ ក្នុងថ្ងៃបោះ ឆ្នោត គាត់បានឃើញនគរបាលអន្តោប្រវេសន៌ច្រកព្រៃវល៌្លមួយចំនួន {មិនចាំពីចំនួន}មិនឃើញទៅបោះឆ្នោតនៅការិយាល័យជាមួយ គាត់ទេ ៖ "ថ្ងៃបោះឆ្នោតខ្ញុំទៅបោះឆ្នោត ខ្ញុំឃើញតែអ្នកដែលប៉ូលិសដែលគេនៅក្នុងស្រុកហ្នឹង គេមកបោះឆ្នោត តែអ្នកគេផ្សេងៗមិនដឹងថា ស្រុកគេនៅណា ខ្ញុំអត់ឃើញមានមកបោះឆ្នោតនៅនឹងទេបង) VOD[ហើយអ្នកដែលផ្ទះគេនៅស្រុកនឹង គឺផ្ទះគាត់នៅក្នុងឃុំនឹងតែម្តង]( បាទ បាទ នៅក្នុងឃុំនឹងតែម្តង)"។
ចំណែកបុរសម្នាក់ទៀតដែលសុំមិន បញ្ចេញឈ្មោះដែរ តែរស់នៅក្បែ រច្រកទ្វារព្រំដែន អន្តរជាតិ ព្រៃវល៌្ល ក៏បានអះអាងដូចគ្នាដែរថា នគរបាលអន្តោប្រវេសន៍ព្រៃវល៌្ល ដែលមានទីលំនៅឯភ្នំពេញ និងខេត្តផ្សេងៗ ពិតជាមិនបាននៅបោះឆ្នោតជាមួយនឹងអ្នកស្រុកដែលជាកន្លែងធ្វើការ របស់គេ នៅច្រកទ្វារព្រំដែនព្រៃវល៌្លនេះនោះទេ ៖ "អើខ្ញុំសង្កេតឃើញថា ក្នុងថ្ងៃបោះឆ្នោតហ្នឹង ឃើញប៉ូលិសអន្តោប្រវេសន៍ដែលមានទីលំនៅ នៅក្បែរភូមិឃុំនឹងគឺថាមកបោះឆ្នោត ប៉ុន្តែបើអើខាងប៉ូលិសអន្តោប្រវេសន៍ដែលនៅ នៅក្នុងអើឃុំស្រុក ឬក៏នៅតាមភ្នំពេញខ្ញុំមិនបានដឹងថា គាត់ទៅបោះនៅអើកន្លែងណានោះទេ ព្រោះថាថ្ងៃបោះឆ្នោត ខ្ញុំមិនបានឃើញគាត់មកបោះឆ្នោតនៅក្នុងភូមិឃុំនឹងនោះទេ) VOD [ចុះដឹងថាគាត់ទៅ បោះនៅ កន្លែងណាទេ?] ( អើខ្ញុំមិនដឹងដែរ មិនដឹងថាគាត់ទៅបោះ នៅកន្លែងណាអាចគាត់បោះនៅក្នុងទីកន្លែង ឬក៏ស្រុក កំណើត របស់គាត់នៅ)"។
លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃ វល៌្ល បានទទួលស្គាល់ថា កូនចៅរបស់លោកមួយចំនួនពិតជាបានទៅបោះឆ្នោត នៅឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ពិតមែន ប៉ុន្តែលោកបានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមលើសពីនេះនោះទេ ដោយលោក បញ្ជាក់ថា ថ្នាក់លើហាមមិនអោយនិយាយអ្វីទាំងអស់។
មន្ត្រី គណបក្សសង្គ្រោះជាតិ នៅឃុំក្តឿងរាយ ស្រុកកញ្ជៀច លោក លុន សុវណ្ណ បានបញ្ជាក់ថា លោកបានដាក់ពាក្យបណ្តឹងជាច្រើនពាក់ពន្ធ័នឹងករណីការដឹកជញ្ជូនជន ប្លែកមុខអោយមកបោះឆ្នោតនេះ ហើយក៏ធ្លាប់ត្រូវបានគេហៅទៅដោះស្រាយចំនួន២ដងផងដែរ ( ពាក្យបណ្តឹងនឹងដាក់ទៅច្រើនដែរ ហៅទៅដោះស្រាយប្រមាណ២ដង។
យោង តាមខ្លឹមសារនៃច្បាប់បោះឆ្នោត គឺជនបរទេសមិនមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខ្មែរឡើយ។ ចំណែកនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតក៏បានកំណត់ថា អ្នកចុះឈ្មោះបោះឆ្នោតនៅកន្លែងណាត្រូវតែបោះឆ្នោតនៅកន្លែងនោះ ប៉ុន្តែផ្ទេរឈ្មោះទៅបោះឆ្នោតនៅការិយាល័យផ្សេងបាន ប្រសិនបើមានការឯកភាពពីមន្ត្រីដែលមានសមត្ថកិច្ចអនុវត្តកិច្ចការ នេះ។
ករណីដឹកដឹកជញ្ជូនជនប្លែកមុខ និងជនជាតិវៀតណាមទៅបោះឆ្នោតនេះ មិនមែនមានតែឃុំក្តឿងរាយមួយទេ។ នៅឃុំពាមរក៌ ស្រុកពាមរក៌ ឯណោះវិញ ក៏មានមណ្ឌលបោះឆ្នោតចំនួន៥ មានការិយាល័យបោះឆ្នោតចំនួន៩ ត្រូវបានពលរដ្ឋនៅក្នុងភូមិ សង្កេតឃើញមានសកម្មភាពដឹកជញ្ជូនអ្នកបោះឆ្នោតពីតាមផ្ទះ យកទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត ស្ទើរតែគ្រប់ភូមិទាំងអស់ក្នុងឃុំពាមរក៌។
ថ្វីបើ ការដឹកជញ្ជូនមនុស្សយកទៅបោះឆ្នោត គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀត ដែលច្បាប់បោះឆ្នោត បានហាមឃាត់ ប៉ុន្តែក្នុងថៃ្ងបោះឆ្នោតជាក់ស្តែង គេពុំឃើញមានមន្ត្រី គ.ជ.ប ណាម្នាក់ ប្រតិកម្ម ឬហាមឃាត់សកម្មភាពទាំងនោះទេ។
ប្រជាពលរដ្ឋរស់នៅភូមិបាទី ឃុំពាមរក៌ ខេត្តព្រៃវែង លោក ចាន់ តុលា អាយុ៣១ឆ្នាំ និយាយថា មានម៉ូតូកង់៣ ដើរដឹកមនុស្សនៅតាមភូមិមួយចំនួន ក្នុងឃុំពាមរក៌ យកទៅបោះឆ្នោត នៅតាមការិយាល័យមួយចំនួនក្នុងឃុំរបស់គាត់ ហើយសកម្មភាពដឹកជញ្ជូននេះ គឺរៀបចំឡើងក្រោមការបញ្ជារបស់មេភូមិ ៖ "ឃើញមានគេអើ… មេភូមិអីនឹងគេអោយរឺម៉កកង់៣នឹង អោយដឹកសមាជិកដូចជនជាតិវៀតណាម ខ្មែរយើងអីនឹង មកបោះឆ្នោត…មើលទៅវាមិនច្រើនប៉ុន្មានអីទេ ប្រហែល១០ ទៅ២០នាក់អីអញ្ចឹង មានជនជាតិវៀតណាម មានខ្មែរយើងដែរ… ដឹកម្តង៣-៤-៥ នាក់អីនឹង ពេលព្រឹក ពេលម៉ោងបាយ ម៉ោងអីនឹង"។
ពលរដ្ឋ ម្នាក់ទៀតនៅឃុំពាមរក៌ ខេត្តព្រៃវែង លោក ផាត់ ឈុំ ដែលបានតាមដានពីដំណើរការបោះឆ្នោតនៅក្នុងឃុំនេះ បានលើកឡើងថា នៅថ្ងៃបោះឆ្នោតសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានដឹកជញ្ជូនមនុស្សនៅក្នុងភូមិបាទី និងភូមិចាក់ខ្លាញ់ ឃុំពាមរក៌ យកទៅបោះឆ្នោតនៅក្នុងឃុំមួយនេះពិតមែន ៖ "នៅក្នុងឃុំរបស់ខ្ញុំ គឺដឹកតាមភូមិហ្មង មេភូមិគេមានគណៈកម្មការរបស់គេ នៅមេភូមិគណបក្សប្រជាជននឹង គេដឹកតាមភូមិហ្មង មកបោះដោយមាន មិនមែនមេភូមិទេគឺសមាជិក សកម្មជនរបស់គេគ្រប់ភូមិ នៅក្នុងឃុំពាមរក៌របស់យើងខ្ញុំទាំង៥ភូមិនឹង មានសកម្មជនរបស់គេដឹកទាំង៥ភូមិហ្មង ដឹកដើម្បីយក មកទាំងអ្នកចាស់ជរា ជួលកាលមិនមានទាំងឯកសារពិតប្រាកដក៏គេដឹកយកមកដែរ ក្នុងឃុំ របស់យើងខ្ញុំមានការដឹកជញ្ជូនភាគច្រើននឹងគ្រប់អាណត្តិ"។
មេឃុំពាមរក៌ នៃគណបក្សប្រជាជនកម្ពុជា លោក អឿ លុច ទទួលស្គាល់ដែរថា គឺពិតជាមានសកម្មភាពដឹកជញ្ជូន មនុស្សទៅបោះឆ្នោតមែន ប៉ុន្តែលោកអះអាងថា គឺគេដឹកតែជនចាស់ជរាដែលធ្វើដំណើរទៅដោយខ្លួនឯងមិនកើតតែប៉ុណ្ណោះ ៖ "មិនជាច្រើនប៉ុន្មានទេដឹកនឹង បាទតិចទេ បើនិយាយវាភាគរយ វាតិចបំផុត ក្នុង១ភូមិចាស់ជរាប្រហែល៤-៥នាក់ប៉ុណ្នឹង"។
លោក អឿ លុច បានបញ្ជាក់ថា ការដឹកជញ្ជូននោះគឺមិនមែនគណបក្សជាអ្នកដឹកនោះទេ គឺខាងអាជ្ញាធរជាអ្នករៀបចំ ដែលក្នុង១ភូមិមានម៉ូតូ២គ្រឿងប៉ុណ្ណោះ ក្នុងគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋដែលចាស់ជរា ឬអ្នកមានជំងឺពិបាកធ្វើដំណើរទៅបោះ។ លោកថា ការដឹកនោះមិនប្រកាន់និន្នាការគណបក្សនោះទេ។
ប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតឃុំពាមរក៌ លោក អ៊ុង ឆវីរៈ ទទួលស្គាល់ដែរថា ពិតជាមានការដឹកជញ្ជូនមនុស្សយកទៅបោះឆ្នោតពិតមែន នៅក្នុងឃុំនេះ ប៉ុន្តែលោកមិនបានដឹងច្បាស់ថា ក្រុមអ្នកដឹកទាំងនោះជាមនុស្សខាងណានោះទេ គឺលោកគ្រាន់តែដឹងថា ការដឹកនោះគឺគេដឹកតែជនចាស់ជរា ដែលមិនអាចធ្វើដំណើរទៅបោះឆ្នោតបាន ដោយខ្លួនឯងប៉ុណ្ណោះ ហើយរូបភាពនៃការដឹកក៏មិនមានច្រើននោះដែរ ៖ "ខ្ញុំយល់ឃើញថា ការដឹកជញ្ជូនហ្នឹង គឺដឹកជញ្ជូនប្រជាពលរដ្ឋដែលគាត់មានជនចាស់ជរា ដែលគាត់មិនអាចទៅបោះបានចឹង អញ្ចឹងមានការដឹកទៅអោយគាត់បោះ បើតាមខ្ញុំដឹង តែប៉ុណ្នឹងទេ! អើជាលក្ខណៈតិចតួចទេ អានេះបើខ្ញុំស្តាប់មើលទៅដូចជាគ្រួសារ អីចឹងណាស់ ហើយខ្ញុំមិនអាចដឹងថាខាងណាគេដឹកទេ ព្រោះខ្ញុំអត់ស្គាល់ដែរ"។
អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា ការដឹកជញ្ជូនជនប្លែកមុខពីខេត្តមួយទៅខេត្តមួយ ឬដឹកអ្នកនៅក្នុងភូមិ-ឃុំ មួយ ទៅភូមិ ឃុំមួយទៀត ក៏ដោយ បើការដឹកជញ្ជូននោះ មានការរៀបចំទុករបស់គណបក្សណាមួយគឺខុសច្បាប់ ហើយអ្នកប្រព្រឹត្តត្រូវពិន័យជាប្រាក់ ឬដកសិទ្ធិបុគ្គលនោះមិនឲ្យបោះឆ្នោត ៖ "ឧបមាថា យើងផ្ទះនៅជិតគ្នា យើងទៅបោះឆ្នោតជិះឡានទៅជាមួយគ្នាអត់អីទេ ក៏ប៉ុន្តែក្នុងករណីប្រមូលប្តុំ មួយដុំគ្នា ២០-៣០នាក់ ហើយដឹកគេមក អាហ្នឹងខុសហើយបាទ បើយើងឃើញទៅទាន់កំពុងតែដឹកជញ្ជូនយើងហាមឃាត់ បាទហើយក្នុងករណីគាត់នៅតែបំពាននៅថ្ងៃហ្នឹងទៀត គឺយើងអាចពិន័យជាប្រាក់ ឬក៏ដកហូតសិទ្ធិបោះឆ្នោតអីចឹង"។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា តាមច្បាប់បោះឆ្នោត មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនជនណាមួយទៅបោះឆ្នោតទេ។ លោកថា បើមានករណីនេះមែនអ្នកប្រព្រឹត្តត្រូវទទួលទោសតាមច្បាប់ ៖ "ខុស ខុសច្បាប់ ច្បាប់គេហាមមិនឲ្យមានការដឹកជញ្ជូនទេណា៎ គ.ជ.ប គេអាចដាក់ទោសពិន័យទៅលើអ្នក គណបក្សនៅពីក្រោយខ្នង ហើយក្នុងការដឹកជញ្ជូនអ្នកបោះឆ្នោត គេអាចដាក់ទោស ទោសនោះគេអាចដកសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះ ឬក៏ផាកពិន័យ"។
ហេតុអ្វីបានជាពលរដ្ឋមកពីតំបន់ផ្សេងៗត្រូវបានគេដឹកយកទៅបោះឆ្នោតនៅតំបន់នោះ?
មេឃុំ ក្តឿងរាយលោក ប៉ែន ថុន បានបញ្ជាក់ថា ជនប្លែកមុខដែលចូលទៅបោះឆ្នោតនៅក្នុងឃុំក្តឿងរាយ គឺសុទ្ធតែជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលមានបេសកកម្មចុះមកជួយការពារសន្តិសុខ សណ្តាប់ធ្នាប់ពេលបោះឆ្នោតនៅឃុំក្តឿងរាយនេះ ហើយដោយសារតែមិនអាចវិលត្រឡប់ទៅបោះឆ្នោតនៅភូមិ-ឃុំរបស់ខ្លួនវិញ បាន ទើបត្រូវចុះឈ្មោះបោះឆ្នោតនៅឃុំក្តឿងរាយនេះតែម្តងទៅ ៖ "ក្រុមការងារគាត់ចុះមកការពារសន្តិសុខ ការពារសន្តិសុខ ជូនប្រជាពលរដ្ឋនៅពេលដែលបោះឆ្នោត ក្រុមការងារគឺគាត់ចុះមកពីក្រសួង គាត់ចុះមកការពាររៀបចំសណ្តាប់ធ្នាប់នៅក្នុងឃុំ ហើយទើបគាត់ កាលណាដែលគាត់ចុះមក គឺគាត់មិនអាចត្រឡប់ទៅវិញ ទៅបោះឆ្នោតនៅនុងបានទេ ចឹងគាត់ចុះបេសកកម្មនៅទីនេះ គឺគាត់ចុះឈ្មោះនៅទីនេះ បោះឆ្នោតនៅទីនេះ"។
ទាក់ទងនឹង ករណីនេះ ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះនៅភូមិចាជ្រំ ឃុំក្តឿងរាយ អះអាងថា ការដឹកជញ្ជូនជនប្លែកមុខអោយមកបោះឆ្នោតនៅឃុំក្តឿងរាយ ដោយសារគេដឹងថា ប្រជាពលរដ្ឋនៅឃុំមួយនេះភាគច្រើន ចង់ផ្លាស់ប្តូរអ្នកដឹកនាំថ្មី ៖ "គេដឹងថានៅភូមិខ្ញុំនឹង គ្មានគេចង់បានក្បាលម៉ាស៊ីនថ្មី អញ្ចឹងគេអត់ពេញចិត្តនឹងក្បាលម៉ាស៊ីននឹង ចឹងគេដឹងថាក្នុងភូមិខ្ញុំចង់បានក្បាលម៉ាស៊ីនថ្មី គេយកសំឡេងមកដើម្បីលុបលំឡេងពួកខ្ញុំហ្នឹង"។
តំណាង គណបក្សសង្គ្រោះជាតិ លោក យ៉ាន់ ហ៊ន់ មានប្រសាសន៍ថា មានជនប្លែកមុខជាច្រើននាក់ បានចូលទៅបោះឆ្នោតនៅតាមការិយាល័យនានា ក្នុងឃុំក្តឿងរាយ។ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនៅក្នុងឃុំក្តឿងរាយទាំងមូលឃើញថា គណបក្សសង្គ្រោះជាតិទទួលបាន៤៤០៣សំឡេង គណបក្សប្រជាជនកម្ពុជាទទួលបាន២៥៨៦សំឡេង ប៉ុណ្ណោះ។
ការរារាំងជនប្លែកមុខ និងជនជាតិវៀតណាម មិនឲ្យបោះឆ្នោត
ប្រជាពលរដ្ឋនៅភូមិតាណាល និងភូមិក្តឿងរាយ បានអះអាងដូចគ្នាថា សកម្មភាពរារាំងមិនឲ្យជនប្លែកមុខ និងជនជាតិវៀតណាមចូលបោះឆ្នោត ចាប់ពីម៉ោង៨ព្រឹក រហូតដល់បិទការិយាល័យតែម្តង។ ប៉ុន្តែក្នុងចំណោមការិយាល័យទាំងនោះ មានតែការិយាល័យចំនួន៣ប៉ុណ្ណោះ ដែលមានភាពមិនប្រក្រីតីច្រើនជាងគេ គឺការិយាល័យលេខ១១៥៨ នៅក្នុងឃុំក្តឿងរាយ ការិយាល័យលេខ០៣១៧ និងការិយាល័យលេខ០៣១១ នៅក្នុងភូមិតាណាល។
អង្គុយក្រោយសំយ៉ាបផ្ទះ ក្រោមដំបូងប្រកស័ង្កី នៅឃុំក្តឿងរាយ លោក ប៊ឿ ស៊ីណាត ជាអ្នកស្ម័គ្រចិត្តសង្កេតការណ៍ផ្ទាល់ក្នុងនាមជាពលរដ្ឋ។ លោកអះអាងថា នៅថ្ងៃបោះឆ្នោត ពិតជាមានជនប្លែកមុខចូលទៅបោះឆ្នោតនៅឃុំក្តឿងរាយមែន។ តែលោកថា ពលរដ្ឋនៅក្នុងភូមិ បានរារាំងជនប្លែកមុខទាំងនោះ មិនឲ្យចូលទៅបោះបានមួយចំនួន ដោយអ្នកខ្លះបានបោះ និងអ្នកខ្លះទៀតមិនបានបោះទេ ៖ "ខ្ញុំមក ខ្ញុំដើរទៅឃើញ២នាក់ប្តីប្រពន្ធ ការិយាល័យ០៣១០ ដល់ទៅខ្ញុំឈរត្រង់នុង អត់ហ៊ានចូលមកមើលទេដើរទៅវិញ ដល់ដើរទៅវិញមួយស្របក់មក បានដើរទៅបន្ទប់ការិយាល័យ០៣១០មក ហើយបានគេឃាត់មិនឲ្យបោះទេ ព្រោះគាត់ គេឃាត់ចឹងគេសួរតា តើជាខ្មែរឬយួន គាត់ថានៅភូមិក្រូចចឹង ភូមិក្រូចឲ្យគាត់និយាយក្រូច ហៅប្រជាជនភូមិក្រូចមក គាត់ថាអត់ស្គាល់ផងម្នាក់ហ្នឹង ហើយអក្សរគាត់អានមិនដាច់ទេ ឲ្យអានលមើលមិនដឹងអានថាម៉េចផង ងោកៗចេញទៅវិញហ្មង គេដេញចេញទៅវិញ ខ្ញុំទៅទាន់ប្រហែលជា៥-៦នាក់ ប៉ិនកាលពីមុនមក ខ្ញុំមកអត់ទាន់ការិយាល័យ០៣១០នឹង គេថាជនចំឡែកបោះបាន១៣នាក់ហើយ"។
ពលរដ្ឋម្នាក់ទៀតសុំ មិនបញ្ចេញឈ្មោះ ឲ្យដឹងថា នៅម៉ោងប្រហែល ៨ ទៅ៩ព្រឹក មានជនប្លែកមុខ និងជនជាតិវៀតណាម មកពីខេត្តស្វាយរៀង និងបណ្តាខេត្តផ្សេងៗទៀតជាដើម ដោយអ្នកខ្លះ ជិះឡាន ម៉ូតូ មកបោះឆ្នោតនៅភូមិក្តឿងរាយ ភូមិក្រូច ភូមិតាណាល នឹងភូមិចាជ្រុំ ខេត្តព្រៃវែង ។ ដោយឃើញហេតុការណ៍ចំឡែកបែបនេះ ពលរដ្ឋប្រមាណ៣០០ទៅ៤០០នាក់នៅក្នុងភូមិ បានរារាំងជនប្លែកមុខ និងជនជាតិវៀតណាមនោះ មិនឲ្យចូលទៅបោះឆ្នោតទេ ដោយពួកគេអះអាងថា ជនទាំងនោះមិនមានលំនៅដ្ឋានពិតប្រាកដ ៖ "បោះបានច្រើនហើយបានប្រជាជននាំគ្នាបះបោកុំឲ្យចូល មកដល់ឈរតម្រង់ជួរហ្មង មកម្តងម៉ាឡានៗ បោះហើយទៅៗ ម្តង២ឡាន៣ឡានបោះហើយទៅនឹង នុងហើយច្រើន៦-៧ឡាន គេថា២០០ សួរទៅថានៅចារជ្រំ ហើយអ្នកចារជ្រំគេថា នែថាអ្នកចារជ្រំណា គេអ្នក ចារជ្រំគេមិនស្គាល់ផង អ្នកចារជ្រំខ្មៅៗច្រូតស្រូវទាល់ល្ងាចនឹង ហើយនុងសស្គុះដល់ពេលចឹងលែង ហ៊ាននាំគ្នាទៅផ្ទះ ហើយអាមួយទៀតមាឌធំចូលបោះទៀតគេអត់អោយចូលទេ នាំគ្នាដេញចេញ ស្ទាក់វ៉ូង គេស្រែកថាកុំអោយបោះៗ លើកដៃច្រូងឡើងលើហ្មង"។
អនុប្រធាន ភូមិក្រូច តំណាងឲ្យគណបក្សប្រជាជនកម្ពុជា នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង លោក ឌិន សឿន បានរិះគន់សកម្មជនគណបក្សសង្គ្រោះជាតិថា ជាអ្នកនៅពីក្រោយ នៃការរារាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា មិនឲ្យចូលបោះឆ្នោត ៖ "បើតាមខ្ញុំសង្កេតទៅ វាមានអីណាមានយួនអីណាមក មានតាក្រុមការងារចុះមកតាមភូមិ-ឃុំនឹង វាមានតាចឹងមានមែន អានឹងហើយដែលគណបក្សម្ខាងគេថាយើងយួននឹង ចំណុចគឺវាចុចត្រង់នឹង ព្រោះខាងខ្ញុំនឹង តាបោះឆ្នោតហើយគឺខ្ញុំថយចេញអស់ហើយ ខាងគណបក្សប្រជាជននឹង អត់មាននរណានៅមួយទេ អញ្ចឹងបានន័យថាក្នុងការិយាល័យ កន្លែងដែលបោះឆ្នោតនេះគឺមានតាខាងសង្គ្រោះជាតិទេគាត់នៅក្នុងណុង អុកឡុកក្នុងណុងហ្មង បាអុកឡុកនឹង អាណឹងវាស្រែកថាយួនៗ មកបោះឆ្នោតនឹង ហើយយើងមានយួនឯណាមកបោះ"។
តំណាង គណបក្សសង្គ្រោះជាតិ នៅភូមិចាជ្រុំ ស្រុកកញ្ជ្រៀច លោក លួន សាវ៉ាន់ ឲ្យដឹងថា ការរារាំងជនប្លែកមុខ និងជនជាតិវៀតណាម មិនឲ្យចូលទៅបោះឆ្នោត មិនជាប់ពាក់ព័ន្ធនិងគណបក្សសង្គ្រោះជាតិទេ ៖ "ធ្វើតែប្រជាពលរដ្ឋហ្មង អត់មានអ្នកនេះទេ ប្រជាពលរដ្ឋនឹងគាត់ការពារសន្លឹកឆ្នោតរបស់គាត់ហ្មង បាកើតមានជាងគេ មណ្ឌលតាណាលនឹងហ្មង ព្រោះប្រជាពលរដ្ឋគេស្រុះគ្នា មុននឹងក្តឿងរាយ ទៀត"។
លោក លួន សាវ៉ាន់ បញ្ជាក់ថា បន្ទាប់ពីសង្កេតឃើញមានភាពមិនប្រក្រតីជាច្រើន ដែលឡើងនៅតាមការិយាល័យមួយចំនួនក្នុងឃុំក្តឿងរាយ រយៈពេលមួយថ្ងៃក្រោយពីការបោះឆ្នោតត្រូវបានបញ្ចប់ រូបលោកបានដាក់ពាក្យបណ្តឹងជាច្រើន ទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ប៉ុន្តែរាល់ពាក្យបណ្តឹងរបស់គាត់ មិនមានការឆ្លើយតប ឬដោះស្រាយនោះទេ ៖ “បាទខ្ញុំបានដាក់ពាក្យបណ្តឹងច្រើនដែរ តែសព្វថ្ងៃអត់ទាន់មានដោះស្រាយបញ្ហាអីផង… ខ្ញុំមិនបានចាំដែរ ពាក្យបណ្តឹងគឺដាក់ច្រើនដែរ”។
នៅឯឃុំពាមរក៌ ស្រុកពាមរក៌ ឯណោះវិញ ពលរដ្ឋបានអះអាងដូចៗគ្នាថា មានជនជាតិវៀតណាមចូលទៅបោះឆ្នោតច្រើន នៅក្នុងមណ្ឌល១ ក្នុងចំណោមមណ្ឌលទាំង៥នៃឃុំពាមរក៌ គឺមណ្ឌលបាទី ប៉ុន្តែជនជាតិទាំងនោះ ក៏ត្រូវបានពលរដ្ឋរារាំងមិនឲ្យចូលទៅបោះឆ្នោតដែរ ដោយអ្នកខ្លះបានបោះ និងអ្នកខ្លះទៀតមិនបានបោះទេ។
ពលរដ្ឋមួយចំនួននៅឃុំពាមរក៍ បានឲ្យដឹងថា នៅក្នុងថ្ងៃបោះឆ្នោត មានជនជាតិវៀតណាមជាច្រើននាក់ បានចូលទៅបោះឆ្នោតនៅក្នុងការិយាល័យចំនួន២ គឺ ការិយាល័យលេខ១០៧៦ និងការិយាល័យលេខ០៥៥៧ ដែលស្ថិតនៅក្នុងមណ្ឌលបោះ ឆ្នោតបាទី ប៉ុន្តែក៏ត្រូវបានអ្នកអង្កេតការណ៏បោះឆ្នោតរបស់គណបក្សសង្គ្រោះ ជាតិរារាំងមិនឲ្យបោះ ដោយសារតែជនជាតិវៀតណាមទាំងនោះ មានតែលិខិតបញ្ជាក់អត្តសញ្ញាណទំរង់១០/១៨១សន្លឹកប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ត្រូវបានប្រធាន SEC ប្រកាសអនុញ្ញាតិអោយចូលបោះបានវិញ ៖ "អរខ្ញុំឃើញមានអាទំរង់១០/១៨ចាស់ អើដូចប្រធានការិយាល័យអីនឹងគេឲ្យចូលបោះដែរតើ ដូចប្រធានSECអីនឹងទម្រង់ចាស់នឹង ឲ្យបោះភាគច្រើនជនជាតិវៀតណាម អើទម្រង់១០/១៨ អើមានពួកអ្នកអង្កេតការណ៍គណបក្សសង្គ្រោះជាតិដែរ គេមិនឲ្យអាទម្រង់នឹងចូលបោះ ចឹងមកមានពួក SEC នឹងគេឲ្យចូលបោះ ថាតេមកពីភ្នំពេញពួក គ.ជ.ប គេឲ្យបោះអញ្ចឹង គ្នាឲ្យចូលបោះទៅ ម៉ាម៉ោង៨ ម៉ោង៩នឹងគេមិនឲ្យចូលបោះដែរ គេពន្យាប្រហែលជាកន្លះម៉ោង"។
ចំពោះករណីនេះត្រូវបាន អ្នកស្រី ម៉ៅ សាមន អ្នកអង្កេតការណ៏គណបក្សសង្គ្រោះជាតិ អះអាងថា ដោយសារឃើញមានជនជាតិវៀតណាមចូលមកបោះឆ្នោតច្រើន ហើយម្នាក់ៗពុំ មានឯកសារគ្រប់គ្រាន់ គឺមានតែលិខិតបញ្ជាក់អត្តសញ្ញាណ១ប៉ុណ្ណោះ ទើបរូបគាត់ធ្វើការរារាំងមិនឲ្យបោះ ប៉ុន្តែក្រោយមកជនជាតិវៀតណាមទាំងនោះ នៅតែអាចបោះបានដដែលដោយសារតែប្រធាន SEC គេអនុញ្ញាត ៖ "ថ្ងៃ២៨ហ្នឹង មានជនជាតិវៀតណាមគេមកចូលបោះឆ្នោត ប៉ិនតាពួកខ្ញុំពួកសង្កេតការនឹងខ្ញុំហាមឃាត់ ខ្ញុំថាអាទំរង់១០/១៨ ឆ្នាំ២០១២នឹងមិនអាចបោះបានទេ ស្រាប់ដល់ពេលនឹងវាស្ទះការិយាល័យខ្ញុំនឹង …. ស្រាប់តែប្រធាន SEC នឹងគេមកប្រកាស គេថា២០១២នឹងឲ្យបោះទៅកុំឲ្យនៅស្ទះចឹង ហើយខ្ញុំថា បោះធើអីជនជាតិខ្មែរមិនទាន់បានបោះផង យួនអីមកបោះមុនខ្មែរ ចឹងឲ្យផ្អាកសិន គេអត់ព្រម SEC នឹងគេមកប្រកាសកន្លែងនឹងហ្មង ថាឲ្យបោះទៅ ២០១២នឹង ទម្រង់នឹងចេញសុទ្ធតែយួនមកហ្មង"។
ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតឃុំពាមរក៌ លោក អ៊ុង ឆវីរៈ ទទួលស្គាល់ថា ពិតជាមានការរារាំងមិនឲ្យជនជាតិវៀតណាម ចូលទៅបោះឆ្នោតនៅក្នុងមណ្ឌលបាទី ពិតមែន ហើយមូលហេតុដែលលោកទៅប្រកាសឲ្យចូលបោះបានវិញនោះ គឺដោយសារច្បាប់បោះឆ្នោតគេអនុញ្ញាតឲ្យបោះសម្រាប់លិខិតបញ្ជាក់ ទម្រង់១០/១៨ ឆ្នាំ២០១២ ៖ "បាទមានពិតមែន ខ្ញុំបានឲ្យពត៌មានទៅថា បើសិនជានៅចន្លោះឆ្នាំ២០១១ មកដល់ឆ្នាំ២០១៣នឹងគេបោះបានហើយ ព្រោះខ្ញុំទៅប្រមូលលិខិតបញ្ជាក់អត្តសញ្ញាណនឹងនៅស្មៀនឃុំគេ បានបូកតួលេខនឹងពីឆ្នាំ ២០១១មកមែន"។
អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ថា លិខិតបញ្ជាក់ទម្រង់ ១០/១៨ ឆ្នាំ២០១២នោះ គជប បានប្រកាសជាសាធារណៈ មិនអនុញ្ញាតឲ្យយកលិខិតបញ្ជាក់នេះ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៥បានឡើយ។ លោកបញ្ជាក់ថា អ្នកដែលអនុញ្ញាតចូលទៅបោះឆ្នោតត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ ៖ "នៅឆ្នាំ២០១២បោះឆ្នោតឃុំ គឺយើងបានចេញទម្រង់ថ្មីជំនួសទម្រង់១០/១៨ ហើយទម្រង់១០/១៨នេះជាទូទៅយើងមិនអនុញ្ញាតឲ្យបោះឆ្នោតទេ តាំងពីបោះឆ្នោតឃុំមក យើងឈប់ឲ្យប្រើទម្រង់១០/១៨ ហើយរហូតដល់ការបោះឆ្នោតឆ្នាំ២០១៣ យើងប្រកាសជាផ្លូវការថា ទំរង់១០/១៨ គឺយើងឈប់ប្រើប្រាស់ហើយ ក្នុងករណីគាត់កាន់ របស់នេះមកបោះ គេអនុញ្ញាតឲ្យបោះឆ្នោត អ្នកអនុញ្ញាតឲ្យខុសច្បាប់ហើយ"។
នាយកប្រតិបត្តិ របស់អង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ការរាំងអ្នកដទៃមិនឲ្យចូលទៅបោះឆ្នោតជាអំពើខុសច្បាប់។ ប៉ុន្តែលោកបញ្ជាក់ថា បើការរាំងនោះក្នុងគោលបំណង មិនឲ្យមានភាពមិនប្រក្រតីមួយកើតឡើង មិនមានទោសធ្ងន់ធ្ងរទេ ៖ "វាអាចដែរប្រសិនបើរឿងនឹងធ្វើទៅវាចេះតែជ្រុលទៅៗ វាអាចជាការដែលគេអត់អាចអត់អោនឲ្យបានដែរ នៅក្នុងច្បាប់រារាំងគឺថាមានទោស ប៉ុន្តែដោយសារគាត់រារាំងគោលបំណងគាត់កុំឲ្យមានបញ្ហា ភាពមិនប្រក្រតីមួយកើតឡើង ដោយសារគាត់សង្ស័យថា អ្នកដែលអត់មានសិទ្ធិបោះឆ្នោតនឹងមកបោះនៅការិយាល័យពួកគាត់កំពុង តាមឃ្លាំមើល ការរារាំងនឹងរបៀបនឹងគេមិនសូវជាដាក់ទោសប៉ុន្មានទេ ដោយសារគាត់បំណងក្នុងការមិនឲ្យមានបញ្ហាកើតឡើងនៅក្នុង ការបោះឆ្នោតហ្នឹង ជាពិសេសរឿងភាពមិនប្រក្រតីហ្នឹង ប៉ុន្តែទោះយ៉ាងណាក៏ដោយ សកម្មភាពហ្នឹងគឹមិនស្របទៅនឹងច្បាប់បោះឆ្នោតទេ ច្បាប់បោះឆ្នោតគេអត់ឲ្យរារាំងអ្នកបោះឆ្នោតទេណា៎"។
សម្រាប់នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា (និចហ្វិច) លោក ហង្ស ពុទ្ធា លើកឡើងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋរារាំងជនប្លែកមុខ មិនឲ្យចូលទៅបោះឆ្នោត ដោយសារតែពួកគេមិនជឿទុកចិត្ត មន្ត្រី គជប ទើបធ្វើឲ្យពួកគេសម្រេចធ្វើបែបនេះ ដើម្បីការពារសន្លឹកឆ្នោតរបស់ខ្លួន ៖ "ពិនិត្យទិដ្ឋភាពផ្លូវច្បាប់យើងឃើញថា ការចេញមុខរារាំងរបស់ពលរដ្ឋដែលមិនមែនជា គ.ជ.ប អាចជាការខុសនិតិវិធី ប៉ុន្តែប្រហែលជាពីមុនមក ពួកគាត់មានការថប់អារម្មណ៌ ឬកង្វល់ ស្តីពីបញ្ហានេះ ពួកគាត់គ្មានជំនឿទៅលើមន្ត្រីរៀបចំការបោះឆ្នោត ឬក៏អាជ្ញាធរដែលរារាំងបាទចំណុចនេះ អញ្ចឹងហើយការបង្ហាញនៅសកម្មភាពរារាំងរបស់ពួកគាត់ គឺជាការការពារសិទ្ធិនយោបាយ សិទ្ធិបោះឆ្នោតរបស់ពួកគាត់ ហើយនឹងការពារទឹកដីរបស់គាត់"។
ការប្រើហិង្សាក្នុងថ្ងៃបោះឆ្នោតដោយសារតែការហាមឃាត់ជនប្លែកមុខមិនឲ្យបោះឆ្នោត
នៅ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង យុវជន ហែម កុសល បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណជិត៣០០នាក់ នាំគ្នាទៅឃាត់ ជនប្លែកមុខ និងជនជាតិវៀតណាមជាង១០០នាក់ មិនឲ្យចូលទៅបោះឆ្នោត។ លោកបញ្ជាក់ថា ខណៈរារាំង ក៏មានសមត្ថកិច្ចប្រមាណ៤នាក់ បានប្រើហិង្សាទៅលើយុវជនម្នាក់នៅភូមិក្រូច បន្ទាប់មកបញ្ជូនទៅស្នងការខេត្ត ដើម្បីធ្វើការសាកសួរ ៖ "ដល់ពេលម៉ាសន្ទុះក្រោយមានប៉ូលិស មានទាហ៊ាន អាវុធហត្ថ មក៣-៤ឡាន ហើយក៏ខឹងពួក ខ្ញុំហ្នឹងមិនអោយពួកនឹងបោះឆ្នោត ក៏ចាប់ម្នាក់នៅភូមិក្រូច ចាប់គាត់បោះដាក់ឡានហើយយកទៅដាក់ឯខេត្ត គាត់ឈ្មោះ ជា ជៀន គាត់អ្នករារាំងមិនឲ្យអ្នកប្លែកមុខបោះឆ្នោត"។
អធិការស្រុកកញ្ជៀច លោក ចាន់ ណារិទ្ធិ បានលើកឡើងថានៅថ្ងៃបោះឆ្នោត ពិតជាមានសមត្ថកិច្ចប្រមាណជិត៦០នាក់ ចុះនៅតាមការិយាល័យបោះឆ្នោតឃុំក្តឿងរាយមែន ដោយសារពលរដ្ឋបានឃាត់ក្រុមការងារគណបក្សប្រជាជនកម្ពុជា មិនឲ្យចូលទៅបោះឆ្នោត។ លោកអះអាងថា សមត្ថកិច្ចទាំងនោះមិនបានប្រើហិង្សាទៅលើប្រជាពលរដ្ឋឡើយ ៖ "យើងហៅគាត់ចេញមកមែន តែអត់មានការឃាត់ខ្លួន អត់មានការឃុំខ្លួនទេ មានការបញ្ជូនទៅស្នងការខេត្តទេលោកពូ អត់មានផង អត់មានធ្វើបែបបទដើម្បីបញ្ជូនផង ខ្ញុំអត់ដឹងទេរឿងនឹង ខ្ញុំដូច អត់មានពត៌មាននឹងទេ ព្រោះខ្ញុំនៅក្នុងហ្នឹងរហូត ក្រែងលោនៅខាងក្រៅខ្ញុំអត់ដឹងទេ ប៉ុន្តែខ្ញុំច្បាស់ ថាវាអត់មាន ខ្ញុំអះអាងអញ្ចឹងហើយ ចំពោះខ្ញុំ ខ្ញុំថាអត់មានចាប់វ៉ៃខ្នោះដាក់ឡានអីចឹង អត់មានទេ"។
យុវជន ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ជា សុខជៀន បានឲ្យដឹងថា នៅថ្ងៃកើតហេតុមានសមត្ថកិច្ចប្រមាណជិត១០០នាក់ ក្នុងនោះមាន៤នាក់ បានប្រើហិង្សាទៅលើគាត់ មុនបញ្ជូនគាត់ទៅស្នងការខេត្តព្រៃវែង ៖ "មានការចាប់មែន សាក្សីមានម៉ាឃុំក្តឿងរាយបងឯងទៅសួរពីណាក៏ដឹងដែរបង វាផ្ទុយស្រឡះនឹងការពិតដែលបងនិយាយប្រាប់ខ្ញុំថា គាត់អត់មាននឹង ប៉ុន្តែគេមានប្រើហឹង្សាទេ គាត់ប្រើបងគាត់ប្រើតិចតួចដែរ គាត់សង្កត់ក្បាលខ្ញុំទៅក្រោមជើងគាត់ រួចហើយគាត់ខ្លេខ្ញុំជាប់ហើយ គាត់រកកាច់ដៃកាច់អីខ្ញុំទៀត យកទៅដាក់ខ្នោះខ្ញុំនៅឃុំក្តឿងរាយ សាលាឃុំនៅប្រមាណ១០នាទីទៀតហ៎ ដាក់ខ្នោះខ្ញុំចោលទៀតហ៎ គេដាក់ខ្នោះបងរហូតទៅដល់ខេត្តហ្មងឬមួយម៉េច អត់ទេដាក់ទៅដល់សាលាក្តឿងរាយ អាសាលាឃុំក្តឿងរាយនឹងគេដាក់ខ្ញុំនៅនឹងបង រួចបានគេបញ្ជូនខ្ញុំទៅស្នាក់ការ ស្នងការទៀត"។
អ្នកស្រី យន់ ហៃ ដែលត្រូវជាម្តាយ ជនរងគ្រោះរូបនោះ សម្តែងការខកចិត្ត ចំពោះសមត្ថកិច្ចដែលមានតួនាទីការពារប្រជាពលរដ្ឋខ្លួនឯង តែបែជាវាយធ្វើបាប នឹងចាប់កូនប្រុសរបស់គាត់បញ្ចូលទៅក្នុងឡាន។ អ្នកស្រីបន្តថា ចំណែកជនបរទេស និងជនប្លែកមុខ ដែលមកបោះឆ្នោត នៅលើទឹកដីខ្មែរ បែរជាអាជ្ញាធរធ្វើមិនឃើញទៅវិញ។
នាយក ប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា ពន្យល់ថា ក្នុងកាលៈទេសៈណាក៏ដោយ សមត្ថកិច្ច មិនអាចប្រើអំពើហិង្សាលើ ពលរដ្ឋម្ចាស់ឆ្នោតបានទេ។ លោកបញ្ជាក់ថា បើមានការប្រើហិង្សា អ្នកប្រព្រឹត្ត និងមានទោសព្រហ្មទណ្ឌ ៖ "ហើយរឿងវ៉ៃរឿងអីហ្នឹង អាហ្នឹងរឿងខុសច្បាប់ហើយ ព្រោះគេមិនអោយវ៉ៃ គេអោយដោះស្រាយ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ គេមិនអោយមានការធ្វើទារុណកម្មទេ ដាក់ទៅលើជនសង្ស័យទេ អានឹងវារឿងមួយផ្សេងនៅខាងព្រហ្មទណ្ឌ ខាងសិទ្ធិមនុស្សអីផ្សេងទៀតណា៎"។
ទាក់ទងនឹងករណីអំពើហិង្សានេះ អគ្គលេខាធិការ គជប លោក ទេព នីថា មានប្រសាសន៍ដូចនេះថា ៖ "ជាទូទៅក្នុងសង្គម ការប្រើអំពើហឹង្សាវាខុស មិនបាច់និយាយទៅក្នុងការបោះឆ្នោតបានទេ"។
ជនប្លែកមុខដែលដឹកមកពីកន្លែងផ្សេងត្រូវបានសម្រួលឲ្យបានបោះឆ្នោតដោយមន្ត្រីគណបក្សប្រជាជន និងមន្ត្រីSEC
ពលរដ្ឋ នៅឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កញ្ញា បឿ ស៊ីណា រំលឹកព្រិត្តិការណ៍កាលពីថ្ងៃបោះឆ្នោតថា នៅពេលបោះឆ្នោតពលរដ្ឋខ្មែរមួយចំនួន ដែលគេដឹងថា មិនមែនជាសកម្មជនរបស់គណបក្សកាន់អំណាច ពេលចូលទៅបោះឆ្នោតមន្ត្រីក្នុងការិយាល័យខ្លះ ពិនិត្យមើលឯកសារយ៉ាងតឹងតែង មិនដូចជនប្លែកមុខ និងជនជាតិវៀតណាម ដែលទំនងជាបោះឲ្យគណបក្សប្រជាជនកម្ពុជានោះទេ ៖ "ខ្ញុំទៅគេអត់ចង់ឲ្យខ្ញុំបោះណា ខ្ញុំមានប្រដាប់ប្រដាខ្ញុំត្រឹមត្រូវគេ ទាល់តាពិនិត្យមើល២-៣ នាក់បានគេឲ្យខ្ញុំចូលបោះ ប៉ិនខ្ញុំមើលឈ្មោះខ្ញុំនៅក្តារខៀនខ្ញុំមានហើយឈ្មោះខ្ញុំ វៀតណាមដូចគ្មានឃើញពិនិត្យផងកាលខ្ញុំមកទាន់នឹង៣នាក់ណោះ គ្មានឃើញពិនិត្យទេ ដាក់ចូលតម្រង់ទៅហ្មង"។
ពលរដ្ឋ ម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា នៅពេលជនប្លែកមុខ និងជនជាតិវៀតណាមចូលទៅបោះឆ្នោត នៅការិយាល័យ១១៥៨ឃុំក្តឿងរាយ ពេលនោះមន្ត្រីមូលដ្ឋានខ្លះ ជួយ សម្រួលឲ្យពួកទាំងនោះបានចូលទៅបោះឆ្នោត។ លោកហៅទង្វើនោះថា លំម្អៀង និងប្រកាន់បក្សពួក ៖ "ច្រើនជនជាតិវៀតណាមតាហ្មង ម្នាក់ដែលខ្ញុំយកជាការបានប្រាកដមែនទែន ហៅប្រធានភូមិទៅ សួរសម្ភាសន៍ហ្នឹងទៀត ប្រធានភូមិគេថាគេស្គាល់ ចុះបើស្គាល់នៅត្រង់ណាបើប្រជាពលរដ្ឋអត់មាន ស្គាល់អីម៉ាតិចអីផងនឹង ប្រធានភូមិគាត់ថា គាត់នឹងនៅចារជ្រំ តែអាឡូវបើនៅចារជ្រំ អាឡូវប្រជាពលរដ្ឋនៅចារជ្រំជូនដំណើរទៅ ចង់ដឹងផ្ទះគាត់ ដល់ពេលចេញដំណើរមកនឹងគាត់ហួសទៅលិច ណោះទៀតទៅដល់ល្ងើនណោះទៀត បាទចាប់អុកឡុកដកតឹងសោម៉ូតូពួកខ្ញុំនឹង ម្នាក់ទៀតពួកហ្នឹង"។
តំណាងគណបក្សសង្គ្រោះជាតិ នៅស្រុកកញ្ជ្រៀច លោក យ៉ាន់ ហ៊ន់ កត់សំគាល់ថា នៅការិយាល័យស្វាយរមៀត មានមន្ត្រីខ្លះឃុបឃិតគ្នា រៀបចំឲ្យជនជាតិវៀតណាម ចូលទៅបោះឆ្នោតមុនម៉ោងកំណត់របស់ច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ទៀតផង ៖ "គេចាត់តាំងឲ្យមកនៅការិយាល័យហ្នឹង ការិយាល័យលេខប៉ុន្មាន? លេខ០៣១៣ ០៣១៤ ០៣១៥ ១៣៣៦ គ.ជ.ប នេះនឹងថាម៉ោង៧បានចាប់ផ្តើមបោះ ហើយដល់ម៉ោង៦កន្លះបោះ ដល់ពេលបោះនឹងមានយួន អានឹងវា វាខុសហើយ"។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថាខុម ហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា ការដាក់បន្ទុកលើមន្ត្រីរៀបចំការបោះឆ្នោតមិនទំនងទេ។ លោកបញ្ជាក់ថា ភាពមិនប្រក្រតីកើតឡើង ដោយសារអាជ្ញាធរមូលដ្ឋាន ចេញលិខិតបញ្ជាក់អត្តសញ្ញាណ និងចុះឈ្មោះក្នុងបញ្ជីបម្រើឲ្យអ្នកបោះឆ្នោតមិនត្រឹមត្រូវ ៖ "អាចមន្ត្រីហ្នឹង ការិយាល័យបោះឆ្នោត ជួនកាលគាត់មានការលំបាកដែរ បើគេមានឯកសារអី គ្រប់គ្រាន់អីអញ្ចឹងហា៎ ចឹងហើយមិនអាចចោទ ថាគាត់លម្អៀង តែម្តងបានទេ ប៉ិនវាបញ្ហាប្រព័ន្ធទាំងមូល ហើយយើងបានធ្វើឲ្យមានបញ្ហាភាពមិនប្រក្រតីហ្នឹង កើតឡើង ដោយសារមានការចុះឈ្មោះឲ្យពួកគេមិនត្រឹមត្រូវ ឬក៏ការចេញលិខិតបញ្ជាក់អត្តសញ្ញាណ ដំណើរការបោះឆ្នោតនឹងមិនត្រឹមត្រូវ នាំឲ្យកើតឡើងនូវបញ្ហា"។
លោក គល់ បញ្ញា ផ្តល់ជាអនុសាសន៍ថា ដើម្បីកាត់បន្ថយទំនាស់នៅក្នុងការបោះឆ្នោត ត្រូវដូរប្រព័ន្ធបោះឆ្នោត ធ្វើវិសោវនកម្មបញ្ជីបោះឆ្នោត ហើយអ្នកបោះឆ្នោតត្រូវមានអត្តសញ្ញាណតែមួយ អ្នកគ្រប់គ្រងបញ្ជីបោះឆ្នោតត្រូវធ្វើឲ្យតម្លាភាពជាដើម ៖ "អ្នកបោះឆ្នោតម្នាក់ ត្រូវមាន អត្តសញ្ញាណ តែមួយ មិនអាចឲ្យមាន២-៣ ឬក៏ហ្វ៉ាត់ទៅលើក្រាយ តាមួយ ហើយផ្នែកគ្រប់គ្រង គុណភាព បញ្ជីឈ្មោះបោះឆ្នោតនឹង ធ្វើម៉េចកុំអោយមានការខុសឈ្មោះខុសអី គេត្រូវមានអត្តសញ្ញាណបញ្ជាក់ផ្សេងៗ ដូចជា រូបថត ដូចជា លេខកូដអីផ្សេងៗ លេខកូដអត្តសញ្ញាណបណ្ណ័អីផ្សេងៗ ហើយត្រូវមានបណ្ណ័បោះឆ្នោតឲ្យគេ ប្រហែលជាអាវយឺតយើងធ្វើចឹង បានគេអាចជួយដោះស្រាយទំនាស់ទាំងអស់នឹងបានច្រើន ហើយប្រព័ន្ធចុះឈ្មោះបោះឆ្នោតត្រូវគិតឡើងវិញថាតើ អ្នកណាត្រូវមានតួនាទីចុះឈ្មោះបោះឆ្នោតនឹង ចុះរបៀបម៉េច ដើម្បីឲ្យបានមានតម្លាភាព"។
ឃុំក្តឿងរាយ គឺជាឃុំមួយក្នុងចំណោមឃុំទាំង៨នៃស្រុកកញ្ជ្រៀច។ ឃុំក្តឿងរាយមានមណ្ឌលបោះឆ្នោតទាំងអស់ចំនួន៥ មានការិយាល័យបោះឆ្នោតសរុបចំនួន៣៤។ ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសរុបមានចំនួន ៩៧១៨នាក់ ប៉ុន្តែសំរាប់សន្លឹកឆ្នោតដែលទទួលបានពីការបោះឆ្នោតមានចំនួនតែ ៧២៥១សន្លឹក និងសន្លឹកឆ្នោតមិនបានការចំនួន៤៦សន្លឹកប៉ុណ្ណោះ។ តាមរយៈតួលេខនេះ បានបញ្ជាក់ថា ចំនួនសន្លឹកឆ្នោតដែលបានបាត់មានចំនួន ២៤២១សន្លឹក។
នៅក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនបានទៅបោះឆ្នោ មានប្រមាណ១៣៣៨នាក់។
អនុសាសន៍
នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក មេធាវី សុក សំអឿន បានផ្តល់ជាអនុសាសន៍ថា ដើម្បីបញ្ជៀសកុំឲ្យមានភាពមិនប្រក្រតី នៃការបោះឆ្នោតទៅអាណត្តិក្រោយៗទៀតគឺ៖
គជប ត្រូវផ្តល់បញ្ជីឈ្មោះបោះឆ្នោត ឲ្យភ្នាក់ងារនៃគណបក្សទាំងសងខាងនៅតាមឃុំនិមួយៗ ដើម្បីងាយស្រួលក្នុងការតាមដានឈ្មោះអ្នកបោះឆ្នោត។
ច្បាប់បោះឆ្នោតត្រូវធ្វើវិសោធនកម្ម ត្រង់ចំណុច តើភាពមិនប្រក្រតីបែបណា ក្នុងកម្រិតណាដែលតម្រូវឲ្យមោឃភាពការបោះឆ្នោតក្នុងករណីដែលមាន ភាពមិនប្រក្រតីនៅក្នុងការិយាល័យនោះ ហើយត្រូវតម្រូវឲ្យមានការបោះឆ្នោតជាថ្មី។
នៅក្នុងច្បាប់បោះឆ្នោត គួរតែពិចារណាដាក់បញ្ចូលទណ្ឌកម្ម ព្រហ្មទណ្ឌ ទៅលើបទល្មើសមួយចំនួន។
ដាក់បញ្ចូលទណ្ឌកម្ម ព្រហ្មទណ្ឌ ទៅលើបទល្មើសមួយចំនួន៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
ការបោះឆ្នោតលើកក្រោយ គួរតែដាក់កាមេរ៉ានៅតាមច្រកទ្វារការិយាល័យបោះឆ្នោត ដើម្បីជាប្រព័ន្ធត្រួតពិនិត្យតាមដានអ្នកចូលបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតឲ្យមាន ភាពត្រឹមត្រូវ ហើយអ្នកសង្កេតការណ៍គ្រប់ភាគីពាក់ព័ន្ធត្រូវអនុញ្ញាតឲ្យចូលរួមក្នុងប្រព័ន្ធ ត្រួតពីនិត្យនេះ ក្នុងគោលបំណងធានានូវភាពយុត្តិធម៌ក្នុងដំណើរការបោះឆ្នោតជូនប្រជាពលរដ្ឋ ។
In my commune, they shipped the young soldiers by trucks and cars to vote at the voting boots. Most of them voted for the CNRP and the commanders were very upset!!!
តើមានភស្តុតាងទេពួកអា ណាត សុភាព, សំពៅ ពិសិទ្ធិ និង អ៊ឹង ប៊ុនថន ?
ចុចអានគំនិតថ្មី!ៗរបស់លោក ប្រធានគណបក្សសង្គ្រោះយួន
。 សមត្ថកិច្ច ខ្លះ ក្បត់ ជាតិ , មិនជួយ ទប់ស្កាត់ ជនបរទេស យួន កុំ អោយ បោះឆ្នោត ! បែរ
ជា ធ្វើបាប គំរាម កំហែង ប្រជាពលរដ្ឋខ្មែរ របស់ ខ្លួនអែង ទៅ វិញ !
。 អ្នកដែល ដឹងថា, មនុស្ស នឹង ជាជនជាតិ យួន ហើយនៅតែ អោយ ចូល បោះឆ្នោត ទៀត , គឺ
ជាជនក្បត់ជាតិ ខ្មែរ ក្បត់ ខ្មែរ ជាសត្វ តិរិច្ឆាន !
នៅមាន មួយបែបទៀត។ ក្នុងរដូវបោះឆ្នោត គ ជ ប បានជ្រើសរើសពួកចារកម្មជនជាតិយួនបង្កប់
យូរឆ្នាំចេះស្ទាត់ភាសាខ្មែរ ឱ្យចូលធ្វើមន្ត្រីគ្រប់គ្រងការបោះឆ្នោត នៅតាមការិយាល័យមួយចំនួន។
អាចបង្ហាញភស្តុតាងជូនបាន។