ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com
ផ្ទះជួលរបស់កម្មករស្នាក់នៅ បានឡើងថ្លៃ បន្ទាប់ពីដឹងថា ប្រាក់ឈ្នួលរបស់កម្មករ នឹងត្រូវបានដំឡើងដល់១០០ដុល្លារ ចាប់ពីខែកុម្ភៈឆ្នាំ២០១៤។
ប្រិយមិត្តដែលទូរស័ព្ទចូលរួមកម្មវិធីតុមូលរបស់ VOD នៅថ្ងៃពុធនេះ និយាយថា ម្ចាស់ផ្ទះជួលនីមួយៗ គ្រាន់តែដឹងថា កម្មករនឹងបានឡើងប្រាក់ឈ្នួលដល់ ១០០ដុល្លារ នៅដើមខែកុម្ភៈនោះ ថ្លៃផ្ទះឈ្នួល និងទឹកភ្លើង ជាដើមបានឡើងថ្លៃ បន្ថែមពី៥ដុល្លារទៅ១០ដុល្លារ។ កញ្ញា សុខា បញ្ជាក់ថា ប្រាក់ឈ្នួល១០០ដុល្លារនេះ មិនគ្រាប់គ្រាន់ទេ គឺកម្មករនៅតែទាមទារឲ្យឡើងដល់ ១៦០ដុល្លារ និងសុំកុំឲ្យទំនិញនិងថ្លៃផ្ទះជួលចេះតែឡើងថ្លៃ ៖
កម្មករម្នាក់ទៀតមកពី ស្រុកបាទី ខេត្តតាកែវ លោក សុភា មានប្រសាសន៍ថា ការធ្វើបាតុកម្មរបស់កម្មករបច្ចុប្បន្នគឺនាំឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ តែកម្មករមិនមានជម្រើសទេ ព្រោះប្រាក់ឈ្នួលបច្ចុប្បន្នមិនអាចទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេបានទេ។ លោកបន្តថា បើរដ្ឋាភិបាលមិនចង់ឲ្យកម្មករធ្វើបាតុកម្មបន្តទៀត ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិកាន់តែខ្លាំងជាងនេះ គួរតែផ្តល់ប្រាក់ឈ្នួល១៦០ដុល្លារ ៖
ឆ្លើយតបនឹងបញ្ហានេះ ម្ចាស់ផ្ទះជួលនៅសង្កាត់ចោមចៅ លោក សុខ មានប្រសាសន៍ថា លោកមិនចង់ឡើងថ្លៃឈ្នួលផ្ទះទេ តែដោយសារកត្តាទំនិញឡើងថ្លៃទើបលោកសម្រេចចិត្តដំឡើងថ្លៃផ្ទះដែរ ៖
សមាគមកាត់ដេរ ឲ្យដឹងថា មានកម្មករប្រមាណ៦សែននាក់ កំពុងធ្វើការក្នុងរោងចក្រប្រមាណ៥០០។ សមាគមកាត់ដេរ អះអាថាថ្វីត្បិតប្រាក់ឈ្នួលត្រឹម១០០ដុល្លារនៅឆ្នាំ២០១៤ តែកម្មករម្នាក់ៗអាចរកចំណូលពីវិស័យនេះដល់១៥០ដុល្លារ ដោយរាប់បញ្ជូល ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ ១០ដុល្លារ ប្រាក់ឧបត្ថម្ភជួលផ្ទះ ឬថ្លៃធ្វើដំណើរ ៧ ដុល្លារ ប្រាក់អតីតភាពការងារ ២ដុល្លារ បន្ទាប់ពីធ្វើការបានមួយឆ្នាំ ហើយបន្ថែម១ដុល្លារជារៀងរាល់ឆ្នាំជាបន្តបន្ទាប់រហូតដល់១១ ដុល្លារជាដើម។ ប៉ុន្តែប្រាក់ឈ្នួលកម្មករខ្មែរនៅទាបជាងប្រាក់ឈ្នួលកម្មករនៅ ប្រទេសជាប់នឹងកម្ពុជា ដូចជា ថៃ និង វៀតណាម ជាដើម៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
>