ដោយ៖ ពៅ មេត្តា
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ការតវ៉ារបស់កម្មករនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី នាពេលកន្លងមក (រូបថត ញឹម សុខន)
កម្មករនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ចាប់ផ្តើមធ្វើបាតុកម្ម កូដកម្ម ក្នុងគោលបំណងដូចគ្នាតែមួយ គឺទាមទារដំឡើងប្រាក់ឈ្នួលគោលឲ្យបាន១៦០ដុល្លារក្នុងមួយខែ។ ការធ្វើបាតុកម្មជាទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានរបស់កម្មករនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាការងារសម្រេចកាលពីថ្ងៃទី២៤ខែធ្នូ ដំឡើងប្រាក់ឈ្នូលកម្មករពី៨០ទៅ៩៥ដុល្លារ តែកម្មករអះអាងថា ចំនួននោះមិនអាចធ្វើឲ្យពួកគេអាចរស់នៅបានសមរម្យទេ គឺពួកគេទាមទារដំឡើងដល់១៦០ដុល្លារ។
កម្មករនៅតាមបណ្តារោងចក្រនានា នៅរាជធានីភ្នំពេញ នៅខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តស្វាយរៀងជាដើម បានចាប់ផ្តើមធ្វើបាតុកម្ម កូដកម្ម ដោយមិនបំពេញការងារ ប្រមូលផ្តុំនៅមុខរោងចក្រ និងមានការបិទផ្លូវជាច្រើនកន្លែងទៀត។
របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា កម្មករទូទាំងប្រទេស មានប្រមាណ៧០ម៉ឺននាក់ កំពុងធ្វើការនៅរោងចក្រចំនួន៧៩៥។
ឆ្លើយតបនិង ហេតុការណ៍បាតុកម្មនេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថា បាតុកម្ម កូដកម្មទាំងនោះដោយសារមានការញុះញង់ និងការបំភិតបំភ័យ របស់មន្ត្រីសហជីព នាំឲ្យខាតបង់ផលប្រយោជន៍កម្មករ ផលប្រយោជន៍ក្រុមហ៊ុន ក៏ដូចជាផលប្រយោជន៍ជាតិទាំងមូល។
កាលពីថ្ងៃចន្ទទី៣០ខែធ្នូ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលបន្តសកម្មភាពញុះញង់ បង្កការរំខានដល់កម្មករនិយោជិត និងរោងចក្រសហគ្រាស ដោយស្នើឲ្យកម្មករចូលធ្វើការវិញ។
សេចក្តីជូនដំណឹងនោះ ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៤ខែធ្នូ មកសហជីពចំនួន៥ និងសមាគមមួយ កំពុងញុះញង់ដឹកនាំកម្មករឲ្យធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រសួង។ សេចក្តីជូនដំណឹងដដែល បន្ថែមថា ក្នុងសកម្មភាពបាតុកម្មនេះ មានការគំរាមកំហែង បង្ខំឲ្យកម្មករឈប់សម្រាកពីការងារ វាយបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍កម្មករ និងសេដ្ឋកិច្ចជាតិ។
សហជីពនិងសមាគមទាំង៦នោះ រួមមាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ របស់លោក អាត់ ធន់ ទី២ សហជីពសេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជា របស់លោក ជា មុន្នី ទី៣ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ទី៤ សម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ទី៥ សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជារបស់ លោកស្រី ម៉ម ញឹម និងទី៦ សហព័ន្ធសហជីពកម្ពុជា របស់លោកស្រី យ៉ាង សោភ័ណ្ឌ។
មេធាវី និងជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ពន្យល់ថា ការឃោសនាញុះញង់សំដៅលើការឃោសនាអូសទាញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ តែលោក នី ចរិយា បញ្ជាក់ថា ការដែលសហជីពឃោសនា ដើម្បីឲ្យកម្មករ ចូលរួមតវ៉ាទាមទារប្រាក់ឈ្នូលសមរម្យនោះ លោកពិនិត្យមិនឃើញមានធាតុផ្សំ ពាក់ព័ន្ធនឹងបទញុះញង់ទេ៖
ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន លើកថា លោកមិនរាថយចំពោះសកម្មភាពដឹកនាំកម្មករធ្វើបាតុកម្មទេ បើទោះជាមានការព្រមានពីក្រសួងក៏ដោយ។ លោកបន្តថា លោកធ្វើដើម្បីផលប្រយោជន៍កម្មករ ដូច្នេះកម្មករមិនបណ្តោយឲ្យសមត្ថកិច្ចចាប់លោកឃុំនោះទេ។
ចំណែកប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី ក៏នៅតែប្រកាន់ជំហរបន្តដឹកនាំធ្វើបាតុកម្មដែរ។ លោកបន្តថា មានសហជីព និងកម្មករដែលហ៊ានចេញ មុខតវ៉ារងការបាញ់សម្លាប់ និងរងការធ្វើទារុណកម្មជាបន្តបន្ទាប់ហើយថា លោកមិនខ្លាចចេញមុខតវ៉ាទេ។ តើការបង្ហាញជំហររបស់មន្ត្រីសហជីព មិនគោរពតាមការណែនាំរបស់ក្រសួងការងារ គឺជាទង្វើខុសច្បាប់ដែលអាចប្រឈមនិងការចាប់ខ្លួនដែរឬទេ?
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន លើកឡើងថា ប្រសិនសហជីពធ្វើខុសច្បាប់នោះត្រូវចាត់វិធានការភ្លាម តែលោកថាករណីព្រមាននោះមិនបង្ហាញពីសកម្មភាពខុសច្បាប់របស់មន្ត្រីសហជីពទេ ៖
លោក នី ចរិយា យល់ឃើញថា ប្រសិនបើសមត្ថកិច្ចសម្រេចចាប់ខ្លួនមន្ត្រីសហជីព ដើម្បីដោះស្រាយបញ្ហាការធ្វើបាតុកម្មរបស់កម្មករនោះ គឺមិនអាចដោះស្រាយបានទេ ផ្ទុយទៅវិញធ្វើឲ្យបញ្ហានៅក្នុងសង្គមកាន់តែរាលដាលជាងមុន ៖
ក្រោយពីការប្រជុំសម្រេចរបស់គណៈកម្មការប្រឹក្សាការងារអំពីប្រាក់ឈ្នូល កាលពីថ្ងៃទី ២៤ខែធ្នូ កម្មករផ្ទុះការតវ៉ាជាបន្តបន្ទាប់ទាំងការធ្វើឡើងដោយក្រុមកម្មករសុទ្ធ និងការតវ៉ាជាមួយគណបក្សសង្គ្រោះជាតិ។ ផ្លូវសំខាន់ៗមួយចំនួន ដែលកម្មករបានបិទរួមមាន ផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៦។ មន្ត្រីសហជីពដែលចេញមុខដឹកនាំកម្មករ តវ៉ា បានប្រកាសជំហរថា នឹងនៅតែបន្តទាមទារប្រាក់ឈ្នូលកម្មករឲ្យបាន១៦០ដុល្លារ បើទោះជារងការព្រមានពីមន្ត្រីរដ្ឋាភិបាលក៏ដោយ៕
សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
it democracy – by law, yes must arrest them …
MY ANSWER IS NO HOW DO YOU KHNOW DEMOCRACY.I’M LIVING IN DEMORACY COUNTRIES I NEVER SEEN THEY CAPTURE ANY LABOR UNION TO JAIL. ALL I KNEW THEY ARE NIGOCIATE UNTIL THE PROBLEM IS SOLVE.THEY THE RIGHT TO GO ON STRAIGHT WHEN THEY THING IT IS NO FARE.ONLY COMMUNIST THEY WILL ARREST THEM .PEACE FOR ALL CAMBODIAN AND A HAPPY NEW YEAR
លុយមធ្យោបាយបោកប្រាស់ល្បិចបំបែកបំបាក់ការគំរាមដោយប្រពន្ធ័តុលាការអាច់ករាជ្យអស់ន័យ
និងបរាជយ័ទាំងស្រុងសំរាប់អណត្តិទី៥នេះ។នៅសល់អា៥០ជាងកាណុងប្រហែលអាចទៅរួចតែត្រូវ
ផ្សងព្រេងការជាប់់ទោសនៅICC?ពិតហើយការរួបរួមគ្នាជាបាច់គឺចាំបាច់បំផុត។
ចង្កឹះមួយបាច់គេកាច់មិនបាក់!!