ដោយ៖ បូ សាវី និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014, ម៉ោង 03:44 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ការដង្ហែក្បួនរបស់ក្រុមពហុវិស័យនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១មករា (រូបថត បូ សាវី)
ក្រុមពហុវិស័យ ដែលមានសមាជិក អ្នករត់ម៉ូតូកង់បី ម៉ូតូឌុប កម្មករគ្រប់វិស័យ និងប្រជាសហគមន៍ដីធ្លី នៅព្រឹកថ្ងៃពុធនេះ ដង្ហែក្បួនធ្វើបាតុកកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាល បញ្ចប់គម្រោងរថយន្ដប្រើថាមពលអគ្គិសនី ដឹកភ្ញៀវទេសចរនៅតបន់អង្គរ ដំឡើងប្រាក់បៀវត្សរ៍មន្ដ្រីរាជការ ដំឡើងប្រាក់ឈ្នួលកម្មករគ្រប់វិស័យ ដោះស្រាយទំនាស់ដីធ្លី និងបញ្ចុះតម្លៃប្រេងសាំងជាដើម។
ក្បួនដង្ហែដែលមានអ្នកចូលរួមប្រហែល១០០០នាក់ និងម៉ូតូកង់បី ជិត៥០០ បានចេញពីបុរីប្រិមប្រិយ៏ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ឆ្ពោះទៅតាមបណ្ដាផ្លូវមួយចំនួននៅក្នុងក្រុងទេសចរណ៏នេះ និងបន្ដប្រមូលផ្ដុំ នៅខាងមុខក្រុមហ៊ុនរថយន្ដប្រើថាមពលអគ្គិសនី និងខាងមុខសាលាខេត្ដ ដើម្បីយកញត្តិដាក់ជូនអាជ្ញាធរ ដោះស្រាយ។
ក្រុមបាតុករ ដែលភាគច្រើនជាអ្នកដឹកភ្ញៀវទេសចរ បានស្រែកតាមឧបករណ៏បំពងសំឡេង ដោយពួកគេទាមទារ ឲ្យដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនរថយន្ដប្រើថាមពលអគ្គិសនី ដោយអះអាងថា រដ្ឋាភិបាលឲ្យក្រុមហ៊ុនបរទេស ធ្វើវិនិយោគនៅកម្ពុជាបែបនេះ ធ្វើឲ្យប៉ះពាល់មុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ ៖ "ពីថ្ងៃនេះទៅ សូមអ្នកឯងបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់រថយន្តដែលធន់ធ្ងន់ ដែលធ្វើឲ្យយើងខ្ញុំដាច់អាជីព យើងដឹងហើយទីផ្សារសេរី ប៉ុន្តែទីផ្សារសេរីមិនមែនបណ្តាច់អាជីពប្រជាពលរដ្ឋដែលជាម្ចាស់ស្រុក ម្ចាស់ប្រទេស ដែលជាម្ចាស់អង្គរវត្តនោះទេ មែនទេ? រួបរួមគ្នាដើម្បីជីវភាពរស់នៅរបស់យើងមែនទេ? ប្រមូលកម្លាំងសាមគ្គីប្រជាពលរដ្ឋខ្មែរ រួបរួមគ្នាលក្ខខណ្ឌការងាររបស់យើង"។

បណ្តាញសហគមន៍ដីធ្លី និងកម្មករ លើកបដាតវ៉ារឿងដីធ្លី និងទាមទារប្រាក់ខែ (រូបថត បូ សាវី)
ដោយឡែកក្រុមកម្មករ និងបណ្ដាញសហគមន៍ដីធ្លី ចំនួន៤ទៀត ពួកគេជំរុញឲ្យអាជ្ញាធរខេត្ដ ដោះស្រាយបញ្ហាដីធ្លី និងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ព្រមទាំងដំឡើងប្រាក់ឈ្នួលដល់កម្មករគ្រប់វិស័យឲ្យបាន ១៦០ដុល្លារ ដំឡើងប្រាក់ខែមន្ដ្រីរាជការ១លានរៀល រកទីផ្សារស្រូវឲ្យបាន១៥០០រៀលក្នុងមួយគីឡូក្រាម និងបញ្ចុះតម្លៃសាំងត្រឹម៤០០០រៀល ៖ "ភូមិត្បាញខាងកើត ទាមទារកម្មសិទ្ធិដីសម្រាប់ ១៦៨គ្រួសារ ទីបី សហគមន៍ត្បាញខាងលិច ទាមទារដី៤២៧ហិចតាសម្រាប់ ១០៥គ្រួសារ។ បងប្អូនទាំងអស់គ្នា យើងទាមទារឲ្យមានការបញ្ចុះតម្លៃសាំងជាបន្ទាន់ ជយោ! ព្រះរាជាណាចក្រកម្ពុជា ជយោ! ប្រជាពលរដ្ឋខ្មែរដ៏អង់អាចក្លាហាន"។
ទោះជាយ៉ាងណា ក្រុមបាតុករ បានរំសាយទៅវិញនៅម៉ោងជាង១២ថ្ងៃត្រង់នេះ ដោយសារមានតំណាងអាជ្ញាធរខេត្ដសៀមរាប ចេញមកទទួលយកញត្ដិ ដោយពុំមានការប៉ះទង្គិចណាមួយជាមួយកំលាំងសមត្ថកិច្ច ឡើយដោយគ្រាន់តែរារាំងមិនឲ្យបាតុករចូលដល់ស្នាក់ការក្រុមហ៊ុនរថយន្ដប្រើអគ្គិសនី និងចូលសាលាខេត្ដ។
លោក សុខ ថុល នាយករង រដ្ឋបាលសាលាខេត្ដសៀមរាប ថ្លែងទៅកាន់ពលរដ្ឋថា លោកនឹងយកញត្ដិទាំងនោះដាក់ជូនអភិបាលខេត្ដ ៖ "សុំការសំណូមពរអី គឺថាដាក់ញត្តិមក ខ្ញុំនឹងទទួលហើយនិងរាយការណ៍ជូនឯកឧត្តមអភិបាលដើម្បីដោះស្រាយជូន"។
ទោះជាយ៉ាងណា ប្រធានសាខាសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខេត្ដសៀមរាប លោក ផឹង សាម៉េធ ដែលដឹកនាំពលរដ្ឋធ្វើបាតុកម្ម ព្រមានថា នឹងដឹកនាំបាតុករ ធ្វើបាតុកម្មបន្ដទៀតនៅកន្លែងលក់សំបុត្រឲ្យភ្ញៀវទេសចរណ៏ បើសិនមិនមានដំណោះស្រាយ។ ពហុវិស័យដែលដឹកនាំបាតុកម្មនៅក្រុងទេសចរណ៍នៅថ្ងៃពុធនេះ រួមមាន សមាគម ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា សហព័ន្ធសហជីព កម្មករសំណង់ និងព្រៃឈើកម្ពុជា និងបណ្ដាញសហគមន៏ដីធ្លីចំនួន៤ផ្សេងទៀត ៕
សរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com
There will be no peace without liberty and justice. As I have said, political turmoil is unavoidable as long as reasonable resolution has not been taken into consideration by the stubborn leaders in the oppressive government. Oppositions rally, garment workers protest, homes eviction victims protest, teachers association is threatening strike demanding higher wages and now, motor taxi drivers are protesting against tourism industry for the impact on their business due to higher cost of gasoline and the loss of clients resulted from the larger competative shuttle companies operating in and around the prosperous tourists resort in Siem Reap.
ស្វាគមន៏ បើមិនធ្វើដូច្នេះគេមិនដោះស្រាយឲ្យយោះងទេ។
គេស៊ីតែគ្នាគរ រាជការប្រាក់ខែតិចតួចចង់តិចជាងកម្មករផងអ្នកខ្លះ។