សហជីព​និង​កម្មករ​មិនព្រម​ទទួល​យក​ប្រាក់​ខែ​១០០ដុល្លារ​ហើយ​បន្ត​ធ្វើ​កូដកម្ម

គង់ សុឋានរិទ្ធ
02 មករា 2014
វីអូអេខ្មែរ

អ្នក​ភូមិ​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូ​តូ ក៏​នាំ​គ្នា​ជិះ​ចូល​ ទៅ​ក្នុង​ក្រុម​ហ៊ុន​សេង​សារ៉ា​វុធ​ដែរ​ពី​​ម្សិល​មិញ​​​​។ (រូបថត ម៉ៃ ទិត្យ​ថា​រ៉ា​)

ភ្នំពេញ — ក្រុម​សហជីព​និង​កម្មករ​បាន​ច្រាន​ចោល​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោលកម្មករ​រោង​ចក្រ​ត្រឹម​១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ដោយ​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​លោក​អ៊ិត សំហេង ​កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​គោល​ពី​ចំនួន​៨០​ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន​ឲ្យ​ដល់​១០០​ដុល្លារ​សម្រាប់​កម្មករ​ផ្នែក​កាត់​ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែក​ជើង​ហើយ​ការដំឡើង​ប្រាក់ខែ​នេះ​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១​ខែកុម្ភៈ​ឆ្នាំ​២០១៤​តទៅ។​

​លោកអាត់​ ធន់ ​ប្រធាន​សហព័ន្ធ​សហជីព​CCAWDU ​មាន​ប្រសាន៍នៅ​ថ្ងៃ​ពុធ​នេះ​ថា​ទាំង​សហជីព​ទាំង​កម្មករ​មិន​យល់​ស្រប​លើ​ការដំឡើង​ប្រាក់ឈ្នួល​នេះ​ទេ។

​«ខាង​សហជីព​បាន​ប្រជុំ​គ្នា​ហើយ​ថា​ចំនួន​នេះ​នៅ​តែ​ជា​ចំនួន​តិច​ទេ​ហើយ​យើង​ចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​ថា​តើ​ខាង​រោងចក្រ​និង​ខាង​រដ្ឋា​ភិបាល​មាន​លទ្ធ​ភាព​ត្រឹម​ប៉ុន្មាន។​ខ្ញុំ​បាន​ជជែក​ជាមួយ​កម្មករ​ហើយ​ពួក​គេ​មិន​ទាន់​យល់​ព្រម​ទេ»។

ក្រុម​កម្មករ​រោង​ចក្រ​បាន​ចាប់​ផ្តើម​ធ្វើបាតុ​កម្ម​និង​កូដ​កម្ម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​គឺ​នៅ​ពេល​ដែលគណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ​របស់​រដ្ឋា​ភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​របស់​កម្មករ​ដល់​ត្រឹម​តែ​៩៥​ដុល្លារ​ក្នុង​មួយ​ខែ។​ក្រុម​កម្មករ​និង​សហជីពអះអាង​ថា​ប្រាក់​ខែនេះ​មិន​អាច​ស្មើ​ល្មម​នឹង​អតិ​ផរណា​នៃ​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ​បាន​ទេ។

ពួក​គេ​បាន​ទាមទារ​ប្រាក់ខែ​គោល​ទាប​បំផុត​ចំនួន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុន្តែ​រដ្ឋា​ភិបាល​និងសមា​គម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​បដិសេធ​ការ​ដំឡើង​ប្រាក់​ខែ​នេះ។

ក្រុម​សហជីព​និង​កម្មករ​បាន​ដឹកនាំ​បាតុកម្ម​ចំនួន​បីថ្ងៃ​កាលពី​សប្តាហ៍​មុន​និង​ដើម​សប្តាហ៍​នេះ​នៅ​ពី​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈដោយ​មិន​បាន​លទ្ធផល​អ្វី​នៅ​ឡើយ។

លោកជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជាលើក​ឡើង​ថាបើ​ទោះជាប្រាក់​ខែ​កម្មករ​ដល់​១០០​ដុល្លារ​ក្នុង​មួយ​ខែ​ក៏​ពួកគេ​នៅ​តែ​មិនអាច​ចាយ​វាយ​គ្រប់គ្រាន់​ដែរ។

«១០០​ដុល្លារ​ហ្នឹង​ក៏​កម្មករ​ចាយ​មិនគ្រប់គ្រាន់​ដែរ។​អតិផរណា​ទី​ផ្សារ​ឡើង ​ដូច្នេះ​នៅ​ពេល​ដែលបៀ​វត្សរ៍​កម្មករ​អត់​ឡើង ​កម្មករ​នឹង​ធ្វើ​ចំណាក​ស្រុក។​កាលណា​កម្មករ​ចំណាក​ស្រុក​ឧស្សា​ហកម្ម​កាត់​ដេរ​ដួល​ឯង។​ដូច្នេះ​យើង​គួរ​តែ​ដំឡើង​បៀវត្សរ៍​ឲ្យ​កម្មករ​បាន​រស់​ដើម្បី​ទប់​ស្កាត់​កម្មករ​កុំ​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ រី​ឯ​ឧស្សាហកម្ម​កាត់​ដេរ​ក៏ចំណេញ​ដែរ»។

​រោង​ចក្រ​កាត់ដេរ​គឺជា​ឧស្សាហកម្ម​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ដែល​បម្រើ​ឲ្យ​ការ​នាំ​ចេញ​ដ៏​លើស​លុប​របស់​ប្រទេស​ក្រីក្រ​នេះ។

កម្មករ​ច្រើន​ជាង​៤០​ម៉ឺន​នាក់​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​នេះ។

កញ្ញា​ឈាង ​ធីតា ​បម្រើការ​នៅ​រោងចក្រ​គីន​តាយ ​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​២ប្រតិកម្ម​ដោយ​កំហឹង​ហើយ​មិន​ទទួល​យក​ការដំឡើង​ប្រាក់ឈ្នួល​ត្រឹម​១០០​ដុល្លារ​នេះ​ទេ​ដោយ​សារនាង​គិត​ថា​ប្រាក់​ឈ្នួល​នេះ​នៅ​តែ​មិន​គ្រប់​គ្រាន់។

«ខ្ញុំ​និយាយ​មែន​ទែន​ទៅ​គ្រាន់​តែ​ឆ្កែ​ពួកវា​ក៏ស៊ី​សាច់​គោ​ដែរ​ ទំរាំ​ពួក​ខ្ញុំ​មិន​ដែល​បាន​សាច់​គោ​មួយ​ខាំ​ស៊ី​ម្តង​ផង»។

គេ​នៅ​មិន​ទាន់​ដឹង​ថា​ពី​ការណាត់ជួប​ចរចា​រវាង​ក្រុម​សហជីព​ជាមួយ​នឹង​ថៅ​កែ​រោង​ចក្រ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ដំឡើង​ប្រាក់​ខែ​កម្មករ​នៅ​ពេល​ណា​នៅ​ឡើយ។

​លោក​ខេន លូ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិនបាន​ឆ្លើយ​តប​ទូរស័ព្ទ​រួម​ទាំង​សារ​អេឡិកត្រូនិក​ទេ។

​ទោះជាយ៉ាងណា​ក្រុម​សហជីព​និង​កម្មករ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​តាម​តំបន់រោង​ចក្រ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​តទៅ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

5 Responses to "សហជីព​និង​កម្មករ​មិនព្រម​ទទួល​យក​ប្រាក់​ខែ​១០០ដុល្លារ​ហើយ​បន្ត​ធ្វើ​កូដកម្ម"

  1. Soft says:

    Inflation is very important for our Government solving . To solve this issue Government must stop the corruption, change leader, give enough salary for officers and employees especially all the top officers respect our country law.. When our country respect the law the investors in the abroad trust our policies have no rape tap and come Cambodia more and more . All our people have the work get enough salary due to increase GDP and country value.

  2. វាសនាខ្ញុំ អនាគតខ្ញុំ says:

    «១០០​ដុល្លារ​ហ្នឹង​ក៏​កម្មករ​ចាយ​មិនគ្រប់គ្រាន់​ដែរ។​អតិផរណា​ទី​ផ្សារ​ឡើង ​ដូច្នេះ​នៅ​ពេល​ដែលបៀ​វត្សរ៍​កម្មករ​អត់​ឡើង ​កម្មករ​នឹង​ធ្វើ​ចំណាក​ស្រុក។​កាលណា​កម្មករ​ចំណាក​ស្រុក​ឧស្សា​ហកម្ម​កាត់​ដេរ​ដួល​ឯង។​ដូច្នេះ​យើង​គួរ​តែ​ដំឡើង​បៀវត្សរ៍​ឲ្យ​កម្មករ​បាន​រស់​ដើម្បី​ទប់​ស្កាត់​កម្មករ​កុំ​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ រី​ឯ​ឧស្សាហកម្ម​កាត់​ដេរ​ក៏ចំណេញ​ដែរ»។

  3. lok ta says:

    ​បាតុករ​ទាំងអស់នេះ ស្តាប់តាមមេដឹកនាំនៃគណបក្សប្រឆាំងទាំងពីររួប ដោយមិន​បានគិតឆ្ងាយ។ ​ប្រសិនបើ​ក្រុមហ៊ុនទាំងនោះ​ បញ្ឈប់​កម្មករ​ទាំងអស់​ ហើយ​ជួល​កម្មករ​ថ្មី​ដែលមាន​ប្រាក់ខែ​ថ្មី​ ហើយពេលនោះ កម្មករ​ចាស់​ទាំងអស់គ្មាន​ការងារធ្វើ តើ​លោកសមរង្ស៊ី​មានទៅចិហ្ចឹម​កម្មករ​ទាំងនោះ​ឬ​ទេ?
    ក្រុមហ៊ុនកូរ៉េជាង ៦០ ត្រៀមដកខ្លួនចេញពី កម្ពុជា ទៅប្រទេសឡាវ ដោយសារតែការដុតកំដៅកូដកម្ម របស់ក្រុមកម្មករ ដែលមិនព្រមទទួលប្រាក់ខែគោល ៩៥ដុល្លារ។ប្រសិនបើស្ថានការណ៍ កូដកម្ម របស់កម្មករនៅតែពុះកញ្ជ្រោលទៀត។ ក្រុមហ៊ុនរបស់កូរ៉េ ចំនួន ៦០ និង ទៅដាក់ទុននៅប្រទេស ឡាវវិញ ពីព្រោះឡាវប្រាក់ខែមានត្រឹមតែ ៧៨ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ៕

  4. Former Hia lola says:

    នៅ​ខណ្ឌប្ញស្សីកែវ​រោងចក្រ​ចំនួន៣៧​ បានដំណើរការ​ជាប្រក្រតីឡើងវិញ

  5. lok kong says:

    Mr.Lok ta( ឡុកតេ)
    តើលិកដឹងទេ ថានៅពេលក្រុមហ៊ុនបរទេសចុះកិច្ចសន្យាជាមួយនឹងតំណាងរាជរដ្ឋាភិបាល តើសន្យាផ្តល់ប្រាក់ខែគោលប៉ុន្មាន? បើដឹងច្បាស់សូមមេត្តាជួយប្រាប់ខ្ញុំផងទានប្រោស។ ខ្ញុំហ៊ានសន្និដ្ឋានថា ក្រោយពីដឹងច្បាស់ លោកប្រាកដជាខកចិត្តជាក់ជាមិនខាន។