អង្គការសមាគម និងសហជីព អំពាវនាវឲ្យដោះលែងសកម្មជន​សហីជព​ទាំង ១០នាក់​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

បណ្តុំ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន​៥ ហៅ​ការបង្ក្រាប និង​ការចាប់ខ្លួន​មនុស្ស ១០​នាក់ ដោយ​កម្លាំង​យោធា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អំពាវនាវ​ឲ្យមាន​ការដោះលែង​ជាបន្ទាន់​។​

​នៅក្នុង​សេចក្តី​ថ្លែង​ការរួម​របស់​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ចំនួន​៥ ក្នុងនោះ​រួមមាន សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា បណ្តាញ​យុវជន​កម្ពុជា សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា និង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ បានសរសេរថា ចំណាត់ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​ពី​សំណាក់​ទាហាន​ឆត្រយោង​៩១១​របស់​រដ្ឋាភិបាល ទៅលើ​បាតុករ​ជា​ព្រះសង្ឃ និង​សកម្មជន​សហជីព បណ្តាលឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល​ជាច្រើន​នាក់ និង​ឈាន​ទៅដល់​ការចាប់ខ្លួន​មនុស្ស​១៥​អង្គ​/​នាក់​នោះ ជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​បង្ហាញ​នូវ​ចរិត​សម្លាប់​មនុស្ស​ដោយ​ចេតនា​។

​សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល ចាត់វិធានការ​ចាប់ខ្លួន​ទាហាន​ដៃដល់​ដែល​បង្ក្រាប​សកម្ម​សហជីព​យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់ និង​អំពាវនាវ​ឲ្យមាន​ការដោះលែង​អ្នក​ដែលចា​ប់​ខ្លួន​ទាំង ១០​នាក់​ជា​បន្ទាន់ដោយ​គ្មាន​លក្ខខណ្ឌ បើ​មិន​ដូច្នេះ​ទេ តំណាង​កម្មករ​និយោជិត សហព័ន្ធ​សហជីព សមាគម សហគមន៍ នឹង​បន្ត​ធ្វើ​ការតវ៉ា​រហូត​មាន​ដំណោះស្រាយ និង​ជំរុញ​ឲ្យមាន​ការដំឡើ​ង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​១៦០​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​៕

សរសេរមកកាន់​កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

One Response to "អង្គការសមាគម និងសហជីព អំពាវនាវឲ្យដោះលែងសកម្មជន​សហីជព​ទាំង ១០នាក់​"

  1. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..