ទំនាក់​ទំនង​និង​ការ​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា

ការ​​អនុម័ត​គម្រោង​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា បាន​កើន​ឡើង​រហូត​ដល់ ១០០​គម្រោង ដែល​សមាមាត្រ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ចន្លោះ​ឆ្នាំ​២០០៩ ដល់​២០១៣។

ដោយ អាន ស៊ីថាវ
2014-01-16 (14:00)
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

២៥-ធ្នូ-២០១២៖ រោងចក្រ​ផលិត​ជី​កសិកម្ម​អន្តរជាតិ​ផ្កាយ​៥ របស់​វៀតណាម នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ RFA

២៥-ធ្នូ-២០១២៖ រោងចក្រ​ផលិត​ជី​កសិកម្ម​អន្តរជាតិ​ផ្កាយ​៥ របស់​វៀតណាម នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ RFA

ប្រទេស​វៀតណាម បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​សំខាន់​ទី​បី ដែល​បាន​បង្កើត​ការងារ​ និង​ចំណូល​ពន្ធ​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា។ ប៉ុន្តែ​​​​​ការ​ប្រកប​អាជីវកម្ម​​និង​វិនិយោគ​របស់​វៀតណាម ហាក់​មាន​ភាព​មិន​ស្មោះត្រង់ និង​រួម​គ្នា​ផ្ដាច់​មុខ​រវាង​​​ពាណិជ្ជករ​​កម្ពុជា។

ចាប់​តាំង​ពី​ប្រទេស​កម្ពុជា បាន​បើក​ចំហ​សេដ្ឋកិច្ច​ចំនួន​អ្នក​វិនិយោគ និង​ពាណិជ្ជករ​បរទេស​ជា​ច្រើន​បាន​​ចូល​មក​បណ្ដាក់​ទុន។ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៅ​អាស៊ាន វៀតណាម​ជា​ប្រទេស​ដែល​​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា។ ការ​​​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​របស់​វៀតណាម មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ក្រៅ​ពី​ការ​វិនិយោគ​វិញ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​វិញ ក៏​មាន​បរិមាណ​​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​ដែរ។

តំណាង​ខាង​គណបក្ស​ប្រឆាំង​បាន​រិះ​គន់​ការ​កើន​ឡើង​​ក្រុម​អ្នក​វិនិយោគ​វៀតណាម​នេះ មិន​បាន​​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​របស់​កម្ពុជា​​ឡើយ។ ការ​វិនិយោគ​​វៀតណាម នៅ​កម្ពុជា ភាគ​ច្រើន​ផ្ដោត​លើ​វិស័យ​រុករក​រ៉ែ និង​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច។ ប៉ុន្តែ​​ការ​អះអាង​របស់​​រាជរដ្ឋាភិបាល​វិញ បាន​បញ្ជាក់​ថា​ ការ​វិនិយោគ​​វៀតណាម បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ចំណូល​ពន្ធ។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ផ្ទុយ​គ្នា​រវាង​​អ្នក​នយោបាយ ប៉ុន្តែ​តំណាង​ខាង​វិស័យ​ឯកជន​យល់​ឃើញ​ថា​ ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​របស់​វៀតណាម​ មាន​ភាព​មិន​ប្រក្រតី ឬ​​​ពាណិជ្ជកម្ម​​មិន​ធ្វើ​ទៅ​តាម​កិច្ច​សន្យា។ ការ​​សហការ​គ្នា​លើ​ការ​ប្រកប​អាជីវកម្ម​​របស់​វៀតណាម និង​កម្ពុជា ហាក់​ទទួល​ផល​ចំណេញ​គួរ​ឲ្យ​កត់​សំគាល់​នា​ពេល​បច្ចុប្បន្ន​ ដោយ​​ការ​​ពាណិជ្ជកម្ម​នោះ ហាក់​ដូច​ជា​ការ​រួម​គ្នា​រក​ស៊ី​ផ្ដាច់​មុខ។

អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​ថា ភាគី​​របស់​កម្ពុជា និង​វៀតណាម បាន​សហការ​គ្នា​ដោយ​បែង​ចែក​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​តាម​ជំនាញ​​នីមួយ៖ «ប៉ុន្តែ​គ្រាន់​តែ​ថា ទំនាក់​ទំនង​ការ​រក​ស៊ី​ជា​មួយ​វៀតណាម​ កម្ពុជា​យើង​មាន​ច្រើន​ដែរ។ អ្នក​ខ្លះ​ដាច់​មុខ​នោះ អ្នក​ខ្លះទៀត​ដាច់​មុខ​នេះ ពី​ក្រុមហ៊ុន​ជាមួយ​វៀតណាម ហើយ​គេ​ធ្វើ​ទៅ​ហាក់​ដូច​ជា​បាន​កាក់កប​ របស់​គេ​ដែរ រក​ស៊ី​ទៅ​វិញ​ទៅ​មក។ អ្នក​ខ្លះ​ទទួល​ភារកិច្ច​ខាង​ជី អ្នក​ខ្លះ​​ទទួល​ភារកិច្ច​ខាង​ទឹក​ដោះ​គោ ឬ​ក៏​គ្រឿង​ផ្សេងៗ វា​មាន​​គ្រប់​ជំពូក​បើ​និយាយ​ទៅ»

លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា តិច​តួច​ប៉ុណ្ណោះ ​ដែល​​បង្ហាញ​ភាព​មិន​ស្មោះត្រង់ ក្នុង​នោះ​រួម​មាន​ប្រទេស​វៀតណាម និង​ប្រទេស​ចិន។ ភាព​មិន​ស្មោះត្រង់​នោះ គឺ​​​ពាណិជ្ជកម្ម​ទំនិញ​មិន​ស្រប​ទៅ​តាម​កិច្ច​សន្យា​រវាង​ភាគី​កម្ពុជា និង​ប្រទេស​វៀតណាម។

ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​របស់​វៀតណាម នៅ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​ខ្លាំង​គិត​ត្រឹម​ឆ្នាំ​២០១៣។ របាយការណ៍​របស់​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ប្រទេស​វៀតណាម ជា​អ្នក​វិនិយោគ​សំខាន់​ទី​បី​នៅ​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

អំឡុង​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​វៀតណាម ប្រមាណ ១០០​គម្រោង​ដែល​មាន​តម្លៃ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ការ​វិនិយោគ​របស់​ប្រទេស​វៀតណាម ភាគ​ច្រើន​ផ្ដោត​លើ​​ដំណាំ​កៅស៊ូ អង្ករ ថាមពល ធនាគារ និង​វិស័យ​ធានា​រ៉ាប់រង​ជា​ដើម។

ការ​កើន​ឡើង​នេះ អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េងតិច បាន​ពន្យល់​ថា គឺ​ដោយសារ​តែ​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ដែល​បាន​ផ្ដល់​ការ​ទុក​ចិត្ត​គាំទ្រ​ដល់​ក្រុមហ៊ុន​​វៀតណាម បាន​ល្អ​ប្រសើរ។ បន្ថែម​លើ​នេះ លោក​បញ្ជាក់​ទៀត​ថា ការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម ឬ​ការ​វិនិយោគ​រវាង​ប្រទេស​ជិត​ខាង គឺ​ប្រសើរ​ជាង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទី​ឆ្ងាយ។

លោក​ឧកញ៉ា ងួន ម៉េងតិច៖ «ព្រោះ​​យើង​មិន​អាច​រក​មិត្ត នៅ​ស្រុក​បារាំង នៅ​រុស្សី ចម្ងាយ​ព្រះឥន្ទ មក​ជួយ​យើង​ទាន់​អ្នក​ដែល​នៅ​ជិត​ខាង​ទេ។ ហើយ​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​យើង​ក៏​ជឿ​ទៅ​តាម​ហ្នឹង ហើយ​បង​ប្អូន​ខ្មែរ​​យើង​អ្នក​រក​ស៊ី ក៏​វា​ទៅ​តាម​ហ្នឹង​ដែរ។ មាន​តែ​អ្នក​ដែល​អត់​បាន​រក​ស៊ី​ទេ ដែល​គាត់​​អត់​បាន​គិត​ថា អ្នក​ជិត​ខាង​យើង ជា​មនុស្ស​ដែល​គាំទ្រ​យើង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​យើង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រទេស​វៀតណាម​និង​កម្ពុជា ​បាន​បង្កើត​ឱកាស​វិនិយោគ​​និង​ពាណិជ្ជកម្ម​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​បាន​បង្កើត​សន្និសីទ​សម្រួល​ពាណិជ្ជកម្ម​​ដែល​ចូល​ពី​ថ្នាក់​ដឹក​នាំ​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ដើម​ឆ្នាំ​២០១៤​នេះ លោក​នាយករដ្ឋមន្ត្រី​វៀតណាម​​និង​កម្ពុជា បាន​ចូល​រួម​សន្និសីទ​ពាណិជ្ជកម្ម​លើក​ទី​បួន​នៅ​ភ្នំពេញ ក្នុង​នោះ​ក៏​បាន​ចូល​រួម​សម្ពោធ​ក្រុមហ៊ុន​វៀតណាម មួយ​ចំនួន​​​​ដែរ។ បន្ថែម​លើ​នេះ​ ប្រទេស​វៀតណាម បាន​​វិនិយោគ​ទឹក​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ទៀត​លើ​ការ​​សាង​សង់​ផ្សារ​រោងចក្រ​ផលិត​ជី ការ​កែច្នៃ​ចំណី​អាហារ​នៅ​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​សេដ្ឋកិច្ច​បាន​ពន្យល់​ថា ការ​វិនិយោគ​​និង​ពាណិជ្ជកម្ម​បរទេស​បាន​ផ្ដល់​ឲ្យ​កម្ពុជា ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន ប៉ុន្តែ​សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​​បច្ចុប្បន្ន​ គឺ​កម្ពុជា​ត្រូវ​ការ​វិនិយោគ​និង​ការ​សហការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ឧស្សាហកម្ម​ក្នុង​ស្រុក។ ប៉ុន្តែ​​ស្ថាប័ន​ផ្ដល់​ជំនួយ​​អភិវឌ្ឍ​ដល់​កម្ពុជា បាន​រក​ឃើញ​ថា​ ការ​ទាក់​ទាញ​អ្នក​វិនិយោគ​និង​ពាណិជ្ជករ​បរទេស​ហាក់​នៅ​មាន​កម្រិត។

អនុ​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា លោក ភីតធើ ប្រ៊ីមបល (Peter Brimble) បាន​អះ​អាង​ថា កម្ពុជា​មាន​បញ្ហា​ប្រឈម​​ជា​ច្រើន​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​​បរទេស។ ការ​វិនិយោគ​​មួយ​ចំនួន​ជា​ការ​វិនិយោគ​ផ្ដាច់​មុខ ឬ​រួម​គ្នា​ផ្ដាច់​មុខ​​ដោយ​ការ​​សហការ​គ្នា​រវាង​​​អ្នក​វិនិយោគ​បរទេស​នឹង​ក្នុង​ស្រុក។

បន្ថែម​លើ​នេះ វិស័យ​ឯកជន​និង​អ្នក​វិនិយោគ​បរទេស​​ដែល​​ប្រកប​អាជីវកម្ម​ត្រឹម​ត្រូវ​នៅ​កម្ពុជា​វិញ បាន​រិះគន់​ថា បញ្ហា​ចម្បង​ដែល​រាំងស្ទះ​ដល់​ការ​ធ្វើ​អាជីវកម្ម​​និង​វិនិយោគ​របស់​ពួក​គេ​​នៅ​កម្ពុជា រួម​មាន​អំពើ​ពុក​រលួយ និង​របប​ការិយាធិបតេយ្យ​គ្មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "ទំនាក់​ទំនង​និង​ការ​វិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា"

  1. អ្នកស្រែ says:

    នេះជាការចង់ក្តោបក្តាប់ស្រុកខ្មែរតាមរយៈសេដ្ឋកិច្ច គួរតែប្រយ័ត្នជានិច្ច ។ នេះជាយុទ្ធសាស្ត្រដែលវៀតណាមចង់លេបយកទឹកដីខ្មែរ។ ការចំណាយរាប់លានដុល្លាវិនិយោគ គឺដើម្បីជនជាតិវៀតណាមតែប៉ុណ្ណោះ។

  2. ស្រីស្នំ says:

    យើងត្រូវមើលទាំងអស់គ្នា កម្ពុជា ជារបស់យើងទំាងអស់គ្នា ។

  3. donjeyu says:

    ប្រទេសខ្មែរសំណាងអាក្រក់ណាស់ដែលមានព្រំប្រទល់ជាប់និងយួន ជាមិត្តចោរហារយ
    ដែលប្រវត្តតិសាស្ដ្រខ្មែរតែងតែកត់ត្រាទុកដល់កូនចៅ កុំអោយសែបគប់និងយួន តែខ្មែរតែងភ្លេចខ្លួន
    សែបគប់និងយួនអស់ទឹកអស់ដី

  4. CHEA says:

    I’M VERY HAPPY TO SEE SOME COMMENT THAT OUR NATION IS UNDERSTANDING ABOUT CAMBODIA HISTORY. THANK YOU AND PEACE FOR ALL CAMBODIAN

  5. BaBaBoo says:

    World Trade Organization (WTO) now under too invasion by Vietnam. Products made in Vietnam spread to Global every days. Another hand, Cambodia now become target of land field of Vietnam micro system of all sort of productions. The future of Cambodia citizens are being feed by their former enemy and dry born like a bulldog suck his own waste. What happen to Products Made in Cambodia seems unpredictable future.