អ្នកភូមិ​ស្នើ ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការបូប​ខ្សាច់​អនាធិបតេយ្យ ​នៅ​ស្រុក​បន្ទាយស្រី​ ខេត្ដ​សៀមរាប​​

ដោយ៖​ បូ សាវី​
ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប​ស្នើឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​ក្រុម​អ្នក​បូម​ខ្សាច់​អនាធិបតេយ្យ ក្នុង​ស្ទឹង​សៀមរាប ក្នុង​តំបន់​ស្រុក​បន្ទាយស្រី ដោយ​ពួកគេ​អះអាងថា ធ្វើឲ្យ​បាក់​ច្រាំង​ស្ទឹង និង​ប៉ះពាល់​ការរស់នៅ​របស់​ពួកគាត់​។​

​ពលរដ្ឋ​នៅ​នៅ​ភូមិ ព្រៃ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី លោក ចាន់ សំណាង ប្រាប់​VOD នៅ​ថ្ងៃ​នេះ​ថា ក្រុម​ថៅ​កែដែល​មាន​មុខរបរ​បូម​ខ្សាច់ នៅ​ស្រុក​បន្ទាយស្រី បានដាក់​ម៉ាស៊ីន​បូម​ខ្សាច់​ជាច្រើន​គ្រឿង នៅ​ក្នុង​ស្ទឹង​សៀមរាប ក្នុង​ស្រុក​បន្ទាយស្រី យ៉ាង​អនាធិបតេយ្យ​ជាច្រើន​ថ្ងៃ​មកហើយ ដោយ​ពុំ​មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ឡើយ​។ លោក​ថា ការ​បូម​ខ្សាច់​ដោយ​ម៉ាស៊ីន​នោះ ធ្វើឲ្យ​ទឹកស្ទឹង​ល្អក់ បាក់​មាត់​ស្ទឹង​ជាច្រើន​កន្លែង ​៖ "​បូម​ខ្សាច់​នឹង​វា​រលុះ​ស្ទឹង រលុះ​ធំ​ចង់​ប្រហែល​ទន្លេ​ហើយ អាហ្នឹង​គេ​បុក​តាម​ច្រាំងៗ គេ​មាន​អា​ប្រដាប់​គេ គេ​ចាក់​ទៅ​ឃើញ​ចំណុច​ខ្សាច់​ច្រើន​គេ​បូម​អញ្ចឹង​តាម៉​ង​"។

​អ្នកភូមិមួយ​រូប​ទៀត លោក ឈិន សុជាតិ ឲ្យដឹងថា ថៅកែ​ទាំងនោះ បានដាក់​ម៉ាស៊ីន​បូម​ខ្សាច់​ធំៗ ចំនួន​៤​គ្រឿង ដែល​ធ្វើឲ្យ​បាក់​ដីមា​ត់​ស្ទឹង​ប្រវែង​ពី​៥០​ម៉ែត្រ ទៅ​១០០​ម៉ែត្រ ។ លោក​ថា​ អ្នក​ភូមិ​បាន​ស្នើសុំ​ការអន្ដរាគមន៍​ពី​អាជ្ញាធរ​ឃុំ ឲ្យ​ក្រុម​អ្នក​បូម​ខ្សាច់​នោះ ដក​ម៉ា​ស៊ី​នបូម​ចេញ ប៉ុន្ដែ​មិនមាន ប្រសិទ្ធិ​ភាព​។ លោក​ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ករណីនេះ ដើម្បី​ទុកជា​ប្រយោជន៍​រួម​ ៖ "បា​ទបាទ​ទាមទារ​ឲ្យ​ម៉ាស៊ីន​ចេញ​ពី​ស្ទឹង ព្រោះ​អានេះ​អាច​យូរ​ធ្វើឲ្យ​ខូចមាត់​ស្ទឹង​បង ទាមទារ​អោយ​ចេញពី​ស្ទឹង សូម្បី​តែ​ខុសពី​ផ្លូវ​ក៏​ដោយ អា​ជិត​ផ្លូវ​ក៏​ឲ្យ​ដក អា​ក្រៅពី​ផ្លូវ​ក៏​ឲ្យ​ដក ឲ្យតែ​នៅ​ក្នុង​ស្ទឹង​បង​"។

VOD​មិនអាច​ទាក់ទង មេឃុំ​ខ្នារ​សណ្ដាយ លោក ឆន គី និង​អភិបាល​ស្រុក​បន្ទាយស្រី លោក សូរ សុន បានទេ ។​ ប៉ុន្ដែ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក ថា​ប់ សារ៉ន មានប្រសាសន៍ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នោះ​ឡើយ​ទេ ប៉ុន្ដែ​លោក​សន្យាថា នឹង​ចុះ​ទប់ស្កាត់​តាម​សំណូមពរ​ពី​អ្នកភូមិ​ ៖​ "បាទ​ខ្ញុំ​អរគុណ អរគុណ​ណាស់ ដែល​ផ្ដល់​ព័ត៌មាន​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ចាត់វិធានការ​នៅពេលនេះ ឬ​ពេល​ព្រឹកស្អែក ខ្ញុំ​ចាត់ចែង​ឲ្យបាន​ជោកជ័យ ខ្ញុំ​កំពុង​នឹង​ស៊ើ​សួរ និង​តាមដាន​ព័ត៌មាន​នេះ បើសិន​មាន​បញ្ហា​នៅ​តាម​ដងស្ទឹង​"។​

​បើ​តាម​ពលរដ្ឋ​ឲ្យដឹងថា កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ អ្នកភូមិ​ប្រមាណ​ជាង​២០​នាក់ បាន​ទៅ​តវ៉ា​នៅ​សាលាឃុំ ដើម្បី​ឲ្យ​មេឃុំ​ខ្នារ​សណ្ដាយ លោក ឆន គី ជួយ​អន្ដរ​គរាគ​មន៍ ដក​ម៉ាស៊ីន​បូម​ខ្សាច់​ចំនួន​៤​គ្រឿង​ចេញពី​តំបន់​នោះ ប៉ុន្ដែ​មិន​ទាន់​មាន​ការឆ្លើយតប​ទេ​។​

​ទឹក​ស្ទឹង​សៀមរាប ហូរ​ឆ្លងកាត់​ស្រុក​ចំនួន​២​និង​ក្រុង​មួយ មាន​ស្រុក​បន្ទាយស្រី ស្រុក​នគរធំ​និង​ក្រុង​សៀមរាប ដែល​មាន​មនុស្ស​រាប់សែន​នាក់​ប្រើ​ប្រាស់​​ទឹក​ស្ទឹង​សៀមរាប​នោះ​៕​

សរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

One Response to "អ្នកភូមិ​ស្នើ ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការបូប​ខ្សាច់​អនាធិបតេយ្យ ​នៅ​ស្រុក​បន្ទាយស្រី​ ខេត្ដ​សៀមរាប​​"

  1. Siem Reap says:

    Please send the letter to the governor of Siem Reap as soon as possible, he will solve this issue for you.