​ក្រុមគ្រួសារ​សព អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សង្គម​ស៊ីវិល​ស្វែងរក​ជនដៃដល់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​រង​ការបាញ់សម្លាប់​នៅ​ផ្លូវ វ៉េងស្រេង បណ្តាលឲ្យ​មនុស្ស​ស្លាប់ យ៉ាងតិច ៤​នាក់ និង​របួស​ប្រមាណ​៤០​នាក់ អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ទាំងអស់ វែកមុខ​រក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក សួស សំអុល អាយុ ៥២​ឆ្នាំ ឪពុក​របស់​សព​លោក  គឹម ផល្លី​ន នៅ​ខេត្ត​កពង់​ស្ពឺ ប្រាប់ VOD ថាកូន​របស់​លោក​ធ្វើជា​កម្មករ​នៅ​រោងចក្រ Clory ច្រើន​ឆ្នាំ​មកហើយ  មិនមែន​ជា​ជន​អានាធិបតេយ្យ​ដូច​អ្វី​ដែល ​អាជ្ញាធរ​បាន​ចោទប្រកាន់​នោះ​ទេ។ លោកថា រដ្ឋាភិបាល​ត្រូវ​ស្វែករក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោក​មិន​ទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ​ទេ ដោយ​ស្ថិត​ក្នុង​ការស៊ើបអង្កេត​របស់​ប្រធាន​គណៈកម្មការ​ស៊ើបអង្កេត​របស់​រាជរដ្ឋាភិបាល លោក នេ​ត សាវឿន និង​អនុប្រធាន​លោក  សៅ សុខា។​

​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈី​វ​កេក មានប្រសាសន៍ថា ករណីនេះ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្នុង​ការស្វែងរក​ការពិត ដើម្បី​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​។ លោកស្រីយល់ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ដូច្នេះ​យុត្តិធម៌ ត្រូវ​មាន​សម្រាប់​ជនរងគ្រោះ​។

​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​កម្ពុជា លោក សុក សំអឿន ចាត់ទុកថា​នេះ​ការ​អសមត្ថភាព និង​ជា​ការ​គេចវេស​របស់​អាជ្ញាធរ​ក្នុង​ការស្វែងរក​ជនល្មើស​។

​តាម​របាយការណ៍​បានបង្ហាញ​ថា ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច ជាមួយ​កម្មករ​កាលពី​ថ្ងៃទី២ និង​ទី​៣ ខែ​មករា បណ្តាលឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៤​នាក់ លោក​គឹម ផល្លី កម្មករ​រោងចក្រ (Clory) លោក សំ រ៉ាវី កម្មករ​រោងចក្រ (New Minda) លោក យាន ឬ​ទ្ធី កម្មករ​រោងចក្រ (​សិន ចូ​វ​) និង លោក ផេង កុសល កម្មករ​រោងចក្រ (Y tech) និង​អ្នករងរបួស​ប្រមាណ ៤០នាក់​ទៀត ​នៅពេល​ទាមទារ​ប្រាក់ខែ​គោល​អប្បបរមា ១៦០​ដុល្លារក្នុង​មួយ​ខែ​៕

សូមសរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​ក្រុមគ្រួសារ​សព អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សង្គម​ស៊ីវិល​ស្វែងរក​ជនដៃដល់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​​"

  1. ង្វៀង ធីទ័រ says:

    នៅស្រុកខ្មែរសព្វថ្ងៃនេះ គ្មានទេយុត្តិធម៍សំរាប់អ្នកទាន់ខ្សោយ អ្នកក្រីក្រ…ប្រសិនបើអាភ្នែកទោលនៅតែដឹកនាំប្រទេសជាដដែលនោះ។វាគ្មានសង្ឃឹមអីទេ បើយកចោរអោយទៅសើុបអង្កេតចោរដែរនោះ…!