លទ្ធផល​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី

ការ​ផ្ទេរ​អំណាច​របស់​ក្រុម​មេ​ដឹក​នាំ​ដែល​ញៀន​អំណាច​លើ​ពិភពលោក តែង​មាន​ការ​តឹងតែង​ខណៈ​អំណាច ទ្រព្យ​សម្បត្តិ និង​កម្លាំង​ប្រដាប់​អាវុធ ស្ថិត​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​តែ​ម្នាក់។ ប៉ុន្តែ ភាព​រឹងរូស​ក្រាញ​អំណាច​នេះ តែង​បរាជ័យ​ទៅ​វិញ ហើយ​វាសនា​របស់​មេ​ដឹក​នាំ​ទាំង​នោះ​មិន​ដែល​បាន​ទទួល​ការ​កោត​សរសើរ​ទៅ​ទៀត។

ដោយ តាំង សារ៉ាដា
2014-01-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ Photo: RFA

តើ​ក្រុម​មេ​ដឹក​នាំ​ដែល​ក្រាញ​អំណាច​យូរ​ឆ្នាំ នៅ​ក្រាញ​រហូត​ដល់​មាន​ការ​វាយ​រំលំ​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន ឬ​រហូត​ដល់​មាន​ការ​ជ្រៀតជ្រែក​ពី​បរទេស​នោះ?

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ខ្លះ​អោយ​និយមន័យ​ថា អំណាច គឺ​ជា​លទ្ធភាព ឬ​សមត្ថភាព​ដែល​គេ​ប្រើប្រាស់​ជា​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ដែល​ទន់​ខ្សោយ។ សម្រាប់​ការ​គ្រប់គ្រង​ប្រទេស​វិញ អ្នក​ដឹក​នាំ​បាន​បង្កើត​ពាក្យ​ថ្មី​មួយ​ទៀត គឺ «អាជ្ញាធរ» ជា​ពាក្យ​គន្លឹះ​ខាង​ផ្លូវ​ច្បាប់​មួយ មាន​ន័យ​ស្មើ​គ្នា​នឹង​ពាក្យ​ថា អំណាច។

អំណាច អាច​មាន​រិទ្ធិ​ដូច​បិសាច​ដែល​អាច​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​លើ​ពិភពលោក​ជាច្រើន ស្រេក​ឃ្លាន​ក្តោប​ក្តាប់​ដោយ​ការ​ត្រេកត្រអាល​ញៀន​ហួស​ព្រំដែន​មិន​ចង់​បាត់​បង់។ ហើយ​អំណាច​នេះ​ក៏​អាច​ធ្វើ​មនុស្ស​ជាច្រើន​ធ្លាក់​ខ្លួន​ឆ្កួត​លីលា ភ្លេច​បង ភ្លេច​ប្អូន ភ្លេច​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ភ្លេច​អនុស្សាវរីយ​ដ៏​ផ្អែម​ល្ហែម និង​គ្រា​កម្សត់។

ប៉ុន្តែ អំណាច​ក៏​ជា​ដុំ​ពេជ្រ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​សុខដុមរមនា ហើយ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ ដោយសារ​ការ​សម្រេច​ចិត្ត និង​ការ​ដឹក​នាំ​របស់​អ្នក​គ្រប់គ្រង​ប្រទេស​ប្រកប​ដោយ​សុឆន្ទៈ និង​ទសពិធរាជធម៌។

ម្យ៉ាង​ទៀត អ្នក​ដឹក​នាំ​ក៏​ហ៊ាន​លះ​បង់​អំណាច​ដែល​ខ្លួន​មាន ប្រកប​ដោយ​សន្តិភាព សម្រាប់​បូជា​ដល់​ភាព​សុខសាន្ត កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ភាព​ជឿនលឿន​របស់​ប្រជាជាតិ។ ដូច្នេះ ប្រសិន​បើ​យើង​ក្រឡេក​ទៅ​មើល​បណ្ដា​ប្រទេស​ជាច្រើន ដូច​ជា សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី និង​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ខាង​លិច ដូច​ជា​ប្រទេស ស៊ុយអែត ហ្វាំងឡង់ ប្រទេស​ន័រវេសន៍ អង់គ្លេស និង​បារាំង ជាដើម ដែល​ភាគ​ច្រើន​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​ដឹក​នាំ​ប្រទេស​តែ​ពីរ​អាណត្តិ​យ៉ាង​យូរ តែង​ធ្វើ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី និង​តាម​រយៈ​ការ​បោះ​ឆ្នោត​ចេញ​ពី​ការ​ជ្រើស​រើស​របស់​ពលរដ្ឋ។

ជា​លទ្ធផល ប្រទេស​ទាំង​នោះ​ជា​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និង​មាន​ការ​វាយ​តម្លៃ​ខ្ពស់​ពី​សហគមន៍​អន្តរជាតិ ថា​ជា​ប្រទេស​ដែល​មាន​អរិយធម៌​ជឿនលឿន​ខាង​ការ​បញ្ចេញ​មតិ លទ្ធិប្រជាធិបតេយ្យ អភិបាល​កិច្ច ការ​អប់រំ និង​សេដ្ឋកិច្ច​រីក​ចម្រើន។ ការ​ផ្ទេរ​អំណាច​ដោយ​សន្តិភាព និង​អាច​ទទួល​យក​បាន​ពី​សំឡេង​ភាគ​ច្រើន ដូច្នេះ​ហាក់​មាន​ការ​លំបាក​បន្តិច​សម្រាប់​ក្រុម​មេ​ដឹក​នាំ​ជាច្រើន​នៅ​ទ្វីប​អាហ្វ្រិក មជ្ឈិមបូព៌ា និង​នៅ​អាស៊ី ដោយសារ​ប្រទេស​មួយ​ភាគ​ធំ​នៃ​បណ្ដា​ទ្វីប​ទាំង​នោះ តែង​មាន​ការ​ផ្ទេរ​អំណាច​តាម​រយៈ​ចុង​កាណុង និង​កម្លាំង​បាយ។

ក្រុម​អ្នក​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បាន​រក​ឃើញ​ថា ការ​ផ្ទេរ​អំណាច​ដោយ​សង្គ្រាម​ប្រដាប់​អាវុធ​បង្ហូរ​ឈាម ដើម្បី​ដំណោះស្រាយ ភាគ​ច្រើន​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​នោះ​តែង​យក​ទម្លាប់​របស់​មេ​ដឹក​នាំ​ដែល​ខ្លួន​បាន​ផ្ដួល​រំលំ​មក​អនុវត្ត​ដដែលៗ ហើយ​សង្គ្រាម​នៅ​តែ​បន្ត​កើត​មាន​មិន​ចេះ​ចប់។

ជាក់​ស្ដែង ដូច​ជា​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក រួម​មាន Mali, Kenya, Madagascar, Zimbabwe និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​មជ្ឈិមបូព៌ា រួម​មាន​ប្រទេស Tunisia, Yemen ហើយ​អាស៊ី វិញ មាន​ប្រទេស​សិរីលង្កា និង​កម្ពុជា តែ​ម្តង ដោយសារ​ប្រទេស​ទាំង​នោះ​សុទ្ធតែ​មាន​ជំងឺ​ពុក​រលួយ ការ​រំលោភ អំណាច ខ្វះ​យុត្តិធម៌ ខ្វះ​តម្លាភាព គ្មាន​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ច្បាស់​លាស់ និង​អវត្តមាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​សឹង​ប្រហាក់​ប្រហែល​គ្នា។

ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៧០ មក វាសនា​របស់​កម្ពុជា តែង​ជួប​ប្រទះ​នូវ​ភ្លើង​សង្គ្រាម បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់​បង់​ជីវិត។ មេ​ដឹក​នាំ​ពី​សម័យ​មួយ​ទៅ​សម័យ​មួយ តែង​ឡើង​កាន់​អំណាច​ដោយ​ប្រដាប់​អាវុធ។

លោក​សេនា​ប្រមុខ លន់ ណុល បាន​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ក្រោយ​មក​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម បាន​ផ្ដួល​រំលំ​របប លន់ ណុល វិញ ដោយ​ការ​បង្ហូរ​ឈាម​ពាស​ប្រថពី បណ្ដាល​ឲ្យ​មនុស្ស​ជិត ២​លាន​នាក់​បាត់​បង់​ជីវិត។ មិន​យូរ​ប៉ុន្មាន របប​នេះ​ក៏​ត្រូវ​បាន​កងទ័ព​វៀតណាម វាយ​ឈ្លាន​ពាន​ផ្ដួល​រំលំ។ ក្រោយ​មក​ទៀត របប​រាជា​និយម​ក៏​បាន​ចាប់​បដិសន្ធិ​ជា​ថ្មី ក្រោយ​ពេល​របប​នេះ​អវត្តមាន​ពី​កម្ពុជា អស់​រយៈពេល​ជាង ២០​ឆ្នាំ ហើយ​មិន​យូរ​ប៉ុន្មាន មេ​ដឹក​នាំ​រាជា​និយម​ក៏​ត្រូវ​បាន​ផ្ដួល​រំលំ​តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ពាស​ប្រថពី​ម្តង​ទៀត។

អ្នក​ឃ្លាំ​មើល​និយាយ​ថា កត្តា​ប្រាំ​យ៉ាង​ដែល​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​នៃ​ប្រទេស​មួយ​អាច​ផ្លាស់​ប្ដូរ​ការ​ដឹក​នាំ​របស់​ខ្លួន​ដោយ​សន្តិវិធី​បាន គឺ​ត្រូវ​ពឹង​ផ្អែក​លើ​កត្តា​វប្បធម៌ ការ​យល់​ដឹង​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធ​សហគមន៍ កត្តា​ជីវភាព និង​ភូមិសាស្ត្រ​អំណោយ​ផល។ ហើយ​ជាពិសេស​ទៅ​ទៀត គឺ​សុឆន្ទៈ​ខ្ពស់​របស់​មេ​ដឹក​នាំ​តែ​ម្តង។

ប៉ុន្តែ សម្រាប់​បរិបទ​កម្ពុជា វិញ ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​ទំនង​ជា​ដើរ​ខុស​ទិស​ដៅ​ប្រជាធិបតេយ្យ​ឆ្ងាយ ហើយ​អាច​ផុង​ខ្លួន​ចូល​ក្នុង​របត់​នៃ​ការ​គ្រប់គ្រង​អំណាច​របស់​ក្រុម​មេ​ដឹក​នាំ​ផ្តាច់​ការ​មួយ​ចំនួន ដូច​ជា មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ប្រទេស​ភូមា អេហ្សីប យេម៉ែន និង​មេ​ដឹក​នាំ​ប្រទេស​លីប៊ី កន្លង​មក។

សហគមន៍​អន្តរជាតិ​វាយ​តម្លៃ​ថា ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន ក្នុង​រយៈពេល ២៨​ឆ្នាំ​មក​នេះ បាន​ទាញ​ទម្លាក់​ប្រជាធិបតេយ្យ​ចេញ​ពី​គន្លង​នីតិរដ្ឋ។ មាន​ភស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​បិទ​ផ្លូវ​ក្រវាត់​ក្រុង​ជាច្រើន ហើយ​បញ្ជា​ឲ្យ​មាន​ការ​ចល័ត​រថក្រោះ​រថពាសដែក និង​កង​កម្លាំង​ប្រដាប់​អាវុធ​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​ឆ្នោត។ ក្រុម​អ្នក​រិះគន់​និយាយ​ថា លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋ​ប្រហារ​ជា​លើក​ទី​ពីរ គឺ​ពេល​នេះ​ជា​រដ្ឋ​ប្រហារ​សន្លឹក​ឆ្នោត​តែ​ម្តង។

លើស​ពី​នេះ​ទៅ​ទៀត កង​កម្លាំង​របស់ លោក ហ៊ុន សែន មាន​កង​រាជ​អាវុធហត្ថ ប៉ូលិស និង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង ខែល ដំបង និង​បំពង់​ទីប បាន​បាញ់ និង​វាយ​ទៅ​លើ​កម្មករ​ដែល​ប្រើ​ដុំ​ថ្ម​ជា​អាវុធ​តប​ត​ប្រឆាំង​នឹង​កម្លាំង​អាជ្ញាធរ កាល​ពី​ថ្ងៃ​ទី​២-៣ មករា បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់ និង​របួស​ជិត ៤០​នាក់ លើ​ផ្លូវ​វ៉េងស្រេង ដោយសារ​ការ​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។ កង​កម្លាំង​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ក្នុង​នោះ​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ៣​នាក់ គឺ​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ច័ន្ទ ពុទ្ធិស័ក ដែល​រហូត​មក​ទល់​ពេល​នេះ​គ្មាន​ការ​ដោះ​លែង​ទៅ​ទៀត។

មនុស្ស​សឹង​ជាង​ពាក់​កណ្ដាល​នគរ​ទៅ​ហើយ បាន​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ក្នុង​ក្តី​សង្ឃឹម​ថា នឹង​អាច​កែប្រែ​មុខ​មាត់​កម្ពុជា ជា​ថ្មី។

ទោះ​បី​ជា​មាន​ការ​ទាមទារ​របស់​មហាជន​ភាគ​ច្រើន​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី​ក៏ដោយ ក៏ លោក ហ៊ុន សែន កាល​ពី​ពាក់​កណ្ដាល​ខែ​មករា បាន​ប្រកាស​ដាច់​អហង្ការ​ថា គ្មាន​ផ្លូវ​ដែល​លោក​លា​ឈប់​ពី​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ទេ។

អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន កំពុង​បើក​ឡាន​បែក​កង់ ហើយ​បោះ​ពួយ​ចូល​រណ្ដៅ​ដ៏​សែន​ជ្រៅ តាម​រយៈ​ការ​ទទួល​កាត​លឿង​ពី​សហគមន៍​អឺរ៉ុប ពី​ក្រុម​ប្រទេស​អ្នក​បញ្ជា​ទិញ​ផលិត​ផល​សម្លៀកបំពាក់ ពី​ការ​ផ្តាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក និង​ការ​ទទួល​បាន​កាត​ក្រហម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ពាក់​កណ្ដាល​ប្រទេស​ថែម​ទៀត។

វាសនា​របស់​កម្ពុជា ក្នុង​ស្ថានភាព​នេះ ហាក់​ធ្លាក់​ខ្លួន​ជាង​ភូមា ទៅ​ទៀត ហើយ​លទ្ធិប្រជាធិបតេយ្យ​បាន​ធ្លាក់​ស្រុត​ចុះ​យ៉ាង​ខ្លាំង ក្រោយ​ពី​មាន​ការ​បង្ក្រាប​បង្ហូរ​ឈាម​ជាច្រើន​លើក​ច្រើន​សា​ទៅ​លើ​ក្រុម​អ្នក​តវ៉ា និង​ការ​បិទ​សិទ្ធិ​តវ៉ា​របស់​ក្រុម​បក្ស​ប្រឆាំង។

ចំណែក​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) របស់​សហរដ្ឋ​អាមេរិក ដែល​រដ្ឋាភិបាល​កម្ពុជា តែង​អួត​ថា សំឡេង​មហាជន​ជាង ៨០% គាំទ្រ​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន ដែល​ដើរ​លើ​ផ្លូវ​ត្រូវ​នោះ ឥឡូវ​នេះ​បាន​វាយ​តម្លៃ​ថា ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​សង្គម​ធ្លាក់​ចុះ។ ការ​ស្ទង់​មតិ​របស់ IRI ក៏​បាន​បង្ហាញ​ដែរ​ថា ទស្សនៈ​របស់​ពលរដ្ឋ​ចំនួន ៨៣% នៃ​អ្នក​ឆ្លើយ​សំណួរ បាន​គាំទ្រ​អោយ​កែ​ទម្រង់​ប្រជាធិបតេយ្យ រួម​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ភូមិ មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។

អ្នក​វិភាគ​ឯករាជ្យ​ជាច្រើន លើក​ឡើង​ថា នៅ​ខណៈ​ដែល​សំឡេង​មហាជន​បដិសេធ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ដូច្នេះ នោះ​កម្ពុជា គួរ​មាន​ការ​ផ្ទេរ​អំណាច​ប្រកប​ដោយ​សន្តិវិធី ដើម្បី​ជៀសវាង​ភាព​វឹកវរ​ជ្រួល​ច្របល់​ពាសពេញ​ប្រទេស នៅ​គ្រា​ដែល​មហាជន​កាន់​តែ​ងើប​តវ៉ា ហើយ​រដ្ឋាភិបាល​កាន់​តែ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប។

ប៉ុន្តែ ប្រសិន​បើ​ជា​ហេតុការណ៍​ដូច្នេះ​កើត​ឡើង​មែន​នោះ ក៏​ជា​ពេល​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ទទួល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​មហា​អំណាច និង​អាច​មាន​ការ​បញ្ជូន​នូវ​ក្រុម​អ្នក​អង្កេត​ការណ៍​របស់​សហគមន៍​អន្តរជាតិ ឬ​អង្គការ​សហប្រជាជាតិ ចុះ​មក​កម្ពុជា។

រហូត​មក​ទល់​ពេល​នេះ កម្ពុជា បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អន្តរជាតិ​ច្រើន​ណាស់ តាំង​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រម​ទាំង​សន្ធិសញ្ញា អនុសញ្ញា និង​កតិកាសញ្ញា​រាប់​ផ្លូន។ ដូច្នេះ កម្ពុជា មិន​អាច​ដោះ​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​អន្តរជាតិ​បាន​នោះ​ទេ។ ហើយ​ប្រសិន​បើ​កម្ពុជា នៅ​តែ​មាន​អំពើ​ហិង្សា​បាញ់​សម្លាប់​ជន​ស្លូត​ត្រង់ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ នោះ​នឹង​អាច​មាន​យន្តការ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​អន្តរាគមន៍​ខាង​ផ្នែក​យោធា ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា និង​នៅ​ទ្វីប​អាហ្វ្រិក ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "លទ្ធផល​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី"

  1. United Khmer says:

    This analysis really makes sense and I hope our leaders especially Samdach Hun Sen take it to his account and make the right decision right away before it’s too late. All CPP’s advisors should consider this carefully and bring the right advice to your PM if you really love and care about him.

  2. BaBaBoo says:

    អ្នកដឹកនាំតែងមានល្អនិងអាក្រក់ យ៉ាងណាក៏ដោយគាត់ជាមនុស្សបាន សាងគុណសម្បត្តិ និងគុណវិបត្តិជូនជាតិ ។ គួបង្កើតច្បាប់ការពារពួកគាត់ ក្រោយពាលចាកចេញអំណាចទាំងស្រុង ។

  3. Banh Bev says:

    Whoever has armed forces will be the Leaders of Cambodia!

  4. Phoung Tran says:

    យើងត្រូវការសម្ដេច ហ៊ុន សែន ១៥ ឆ្នាំទៀត!!!

  5. CHEA says:

    All CAMBODIAN very much wanted to know who was the real genocide leader in CAMBODIA. from 1970 up until now Khmer Rue curt in PHNOM PENH still can not convict KHEIV SAMPHON and NOUN CHEA as genocide. my question was why………………………….. in every CANBODIAN mind still wonder what going on some people are just forget about it. for me I still keep my research on this cases . I want to know the true of what happened to my families at that time. I’m very much though to CPP because they said their party was born in 1951 that mean it was be for the killing field. and right now we can see more evidence that CPP that rule by Mr HUN SEN. was and still holding communist HOCHIMIN from VEITNAM. all Cambodian knew for century that VEITNAME policy are trying to eliminated this nation. this is the main problem in CAMBODIA. the big question is who is the real killer of this nation. the blame game from HUN SEN was very hard for me to believe him. because in his ruling for many years I saw so many un acceptable acted from this government. my last question is ???? is majority of CAMBODIAN willing to join white UNITED ENDOCHEN that HUN SEN boos very much wanted to happen in the nearest future. thank you for reading my comment and Peace for all CAMBODIAN

  6. 18 Mars says:

    Phoung Tran
    January 25, 2014 at 5:57 pm

    យើងត្រូវការសម្ដេច ហ៊ុន សែន ១៥ ឆ្នាំទៀត!!!
    ……………………………………………………………………………………………………………………..
    ១៥ឆ្នាំទៀតអស់ល្មម….ហាហាហាហាហាហាហាហ….

  7. Banh Bev says:

    The CPP will lead Cambodia for centuries because it has armed forces while the opposition parties have sticks and stones!!!Hahahahahah………..