ដោយ៖ ណុល ដារ៉ា
ថ្ងៃព្រហស្បតិ៍ ទី30 ខែមករា ឆ្នាំ2014
http://vodhotnews.com
តំណាងរាស្ត្រសហគមន៍អឺរ៉ុប លោក ប៉ាទ្រីក ទីរ៉ូឡែន នឹងធ្វើសន្និសីទកាសែតអំពីយុទ្ធនាការលុបបំបាត់ស្ករប្រឡាក់ឈាម ក្នុងកំឡុងបេសកម្មរបស់លោកនៅកម្ពុជា ដើម្បីស្វែងរកការពិត។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការសមធម៌កម្ពុជា ឲ្យដឹងថា សន្និសីទនឹងរៀបចំនៅក្លិបអ្នកកាសែតបរទេស ប្រចាំក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមករាស្អែកនេះ វេលាម៉ោង១០ ដល់១១ និង៣០នាទី។
លោក ប៉ាទ្រីក បានមកទស្សនកិច្ចប្រទេសកម្ពុជានៅក្នុងសប្ដាហ៍នេះ ដើម្បីតាមដានសេចក្ដីសម្រេចពីររបស់សភាសហគមន៍អឺរ៉ុប ដែលអំពាវនាវឲ្យមានការស៊ើបអង្កេត លើករណីរំលោភសិទ្ធិមនុស្ស ដោយក្រុមហ៊ុនកសិឧស្សាហកម្ម ដែលបានទទួលផលប្រយោជន៍ពីគោលនយោបាយពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប ដែលទទួលទិញអ្វីៗទាំងអស់ពីប្រទេសក្រីក្រ លើកលែងតែសព្វាវុធ។ លោក ប៉ាទ្រីក បានទៅទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ កន្លែងដែលមានការបណ្ដេញចេញដោយបង្ខំ ដោយក្រុមហ៊ុនស្ករអំពៅ បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន តំណាងអង្គការសង្គមស៊ីវិល បេសកជនសហគមន៍អឺរ៉ុបប្រចាំកម្ពុជា និងសមាជិកបក្សប្រឆាំង។ ប៉ុន្តែលោកមិនបានជួបពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រីរដ្ឋាភិបាលនោះទេ។
កាលពីចុងឆ្នាំ២០១២ សភាសហគមន៍អឺរ៉ុបបានអនុមត្តិសេចក្ដីសម្រេចមួយ អំពាវនាវឲ្យគណៈកម្មាធិការសហគមន៍អឺរ៉ុប ធ្វើការស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលកាន់តែរីកធំឡើងៗ ដោយការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍កសិឧស្សាហកម្ម ដែលនាំទំនិញកសិកម្មទៅសហគមន៍អឺរ៉ុប៕
សូមសរសេរមកកាន់ លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
ជយោ អុងយ៉ា លីយុងផាត់!!!ជយោ ជយោ ជយោ!!!!!!!!!