ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
ទិដ្ឋភាព ដែលកម្លាំងសមត្ថកិច្ចបំបែកបាតុករស្នើសុំពង្រីកប្រព័ន្ធផ្សព្វផ្សាយ នៅមុខក្រសួងព័ត៌មាន (រូបភាព ឡាយ សាមាន)
ពលរដ្ឋចំនួន៧នាក់ ដែលរងរបួសនៅក្នុងការបង្ក្រាបដោយហិង្សានៅមុខក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រោងដាក់ពាក្យប្តឹងអភិបាលរងសាលាខណ្ឌដូនពេញ លោក សុខ ពេញវុធ ពីបទបង្ករបួសស្នាម។
អ្នករត់ម៉ូតូឌុប លោក យឿន សុខនី ដែលអះអាងថា ជាជនរងគ្រោះដោយសារការវាយដំដោយ លោក សុខ ពេញវុធ បានប្រាប់ VOD នៅព្រឹកថ្ងៃសុក្រនេះថា នៅពេលដែលលោកឈប់ម៉ូតូរងចាំដឹកភ្ញៀវ ក្បែរក្រសួងព័ត៌មាន ខណៈដែលមានប្រជាពលរដ្ឋជាច្រើនរយនាក់ បានដង្ហែក្បួន និងតវ៉ានៅមុខក្រសួងព័ត៌មាននោះ ស្រាប់តែលោក សុខ ពេញវុធ និងសន្តិសុខសាលាខណ្ឌដូនពេញជាច្រើននាក់ បានបង្ក្រាបទៅលើក្រុមបាតុករទាំងនោះ និងបានវាយលោកចំខ្នង៣ដំបង ត្រូវក្បាលផ្នែកខាងក្រោយ៣កន្លែង និងបែកមុខមួយកន្លែងដេរ៤ថ្នេរ។ លោកបន្តថា លោករួមនឹងជនរងគ្រោះ៦នាក់ផ្សេងទៀត នឹងប្តឹងលោក សុខ ពេញវុធ លើករណីការប្រើហិង្សានេះ។
ជនរងគ្រោះមួយរូបទៀត ឈ្មោះ ហង្ស រីហ្គែន ដែលរងការបង្ក្រាបពីអាជ្ញាធរ បណ្តាលឲ្យរងរបួសជើង និងពុលគ្រាប់បែកផ្សែងដែរនោះ បានឲ្យដឹងដែរថា លោកមានគម្រោងដាក់ពាក្យបណ្តឹងប្តឹងអាជ្ញាធររាជធានីភ្នំពេញ ពីបទប្រើហិង្សានោះដែរ ប៉ុន្តែរូបលោកមិនទាន់អាចបញ្ជាក់ថា នឹងប្តឹងនៅថ្ងៃណានៅឡើយទេ ដោយលោករងចាំការពិភាក្សាតាមផ្លូវច្បាប់ ជាមួយជនរងគ្រោះផ្សេងទៀត និងមេធាវី ជាមុនសិន ទើបសម្រេចតាមក្រោយ។
VOD បានព្យាយាមទាក់ទងនឹងទៅលោក សុខ ពេញវុធ អភិបាលរងសាលាខណ្ឌដូនពេញ ដើម្បីបំភ្លឺជុំវិញករណីនេះ តែទូរស័ព្ទរបស់លោកត្រូវបានភរិយារបស់លោកទទួល និងយកទៅឲ្យលោក តែត្រូវបានលោកបដិសេធអត្ថាធិប្បាយ ដោយឆ្លើយថាលោកជាអង្គរក្សទៅវិញ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការប្រើកងកម្លាំងសន្តិសុខវាយដំ លើប្រជាពលរដ្ឋបែបនេះជាការខុសច្បាប់ ហើយត្រូវទទួលខុសត្រូវលើការប្រើអំពើហិង្សានេះ។
កាលពីថ្ងៃចន្ទ ទី២៧ ខែមករា កន្លងទៅនេះ កម្លាំងសមត្ថកិច្ចប្រមាណជា៥០០នាក់ បានប្រើប្រាស់គ្រាប់បែកផ្សែង បាញ់ទៅលើក្រុមបាតុករ ដើម្បីបំបែកការតវ៉ារបស់ពួកគេនៅមុខក្រសួងព័ត៌មាន។ ការបង្ក្រាបនោះ ធ្វើឡើងនៅពេលដែលក្រុមបាតុករប្រមាណ ៣០០០នាក់ ដែលមានការចូលរួមពីលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ បានហែក្បួនចេញពីស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ទៅកាន់ក្រសួងព័ត៌មាន ក្នុងគោលបំណងទាមទារបង្កើតហ្វ្រេកង់ ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសម្បុកឃ្មុំបន្តទៅតាមខេត្ត៕
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
តើអាជ្ញធរប្រៀបដូចជាឪពុកម្តាយ ឬ ជាចៅវាយនាយ ឬជាជនប្តាច់ការ ឬជាឃាតករ ? ប្រសិនបើមិនមែនជាឪពុកម្តាយទេ វាមិនខខុសអ្វីពីមនុស្សដែលចូលចិត្តប្រើច្បាប់ព្រៃនោះទេ ។
បើដូច្នោះមែនតើចាំបាច់អីមានច្បាប់ធ្វើអ្វី បើច្បាប់សំរាប់ការពារតែពួកមានអំណាចដូចនេះ រីឯប្រជាជនចាំតែរងនូវអំពើដែលពួកអាជ្ញាធរបានធ្វើមកលើខ្លួន ។ ពួកអាជ្ញាធរធ្វើអ្វីក៏មិនដែលខុសដែរ តែបើប្រជាពលរដ្ឋេវិញចាំមើលពួកគាត់ធ្វើអោយមើល នេះឬយុត្តិធម៌ ???????????????????