ដោយ៖ ញឹម សុខន
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com
ប្រធានគណៈអភិបាល របស់សហរដ្ឋអាមេរិក ច្រានចោល ការចោទប្រកាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ផ្សាយព័ត៌មានប្រឌិត ឬបំភ្លៃព័ត៌មាន និងអំពាវនាវ ឲ្យគោរពតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ប្រតិកម្មរបស់មន្ត្រីអាមេរិក បានធ្វើឡើងបន្ទាប់ពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយចំនួន១០ រួមទាំង វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី ថាបានផ្សាយលម្អៀង គាំទ្រគោលនយោបាយបក្សប្រឆាំង។
សេចក្តីថ្លែងការណ៍ របស់គណៈអភិបាលការផ្សាយ (Broadcasting Board of Governors) របស់សហរដ្ឋអាមេរិក លោក Jeffrey Shell ចេញផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤បានបដិសេធដាច់ខាត ចំពោះការចោទប្រកាន់ថា វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរី ធ្វើការប្រឌិត ឬបំភ្លៃព័ត៌មាន ទាក់ទងនិងរបាយការណ៍ដែលត្រូវចេញ ដោយទីស្តីការគណៈរដ្ឋមន្ត្រីរបស់កម្ពុជាកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។
មន្ត្រីរូបនោះ ឲ្យដឹងទៀតថា ការអះអាងរបស់ទីស្តីការ មិនផ្អែកលើភស្តុតាង ថាមានការផ្សាយលម្អៀងទេ និងបានចាត់ទុក ការលើកឡើងនោះថា ជាការពង្រីកនិន្នាការនៃការគំរាមកំហែងដ៏គួរឲ្យបារម្ភ និងជាការប៉ុនប៉ងដើម្បីបំភិតបំភ័យអ្នកយកព័ត៌មាន និងយកអ្នកសារព័ត៌មានជាមុខសញ្ញា និងជាការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
VOD មិនអាចសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានទេ ដោយគ្មានអ្នកលើកទូរស័ព្ទ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានការពារការលើកឡើងរបស់រដ្ឋាភិបាល ដោយចាត់ទុកថា ការលើកឡើងនោះក្នុងគោលបំណងឲ្យប្រព័ន្ធផ្សព្វផ្សាយ នោះ បំពេញវិជ្ជាជីវៈ មិនមែនជារូបភាពគំរាមកំហែងទេ។
លោក Jeffrey Shell កត់សម្គាល់ថា ការបង្ក្រាបចុងក្រោយបំផុតដោយហិង្សា របស់សមត្ថកិច្ច ទៅលើក្រុមបាតុករ ដោយរួមទាំង អ្នកមិនមែនជាបាតុករ ដូចជាអ្នកយកព័ត៌មានអំពីព្រឹត្តិការណ៍នោះ ជាសញ្ញាដ៏គួរឲ្យបារម្ភ នៃការកើនឡើងភាពតានតឹងនៅក្នុងប្រទេសកម្ពុជា ដែលជាផលវិបាកពីការបោះឆ្នោតជាតិកាលពីខែកក្កដា។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ អះអាងថា មិនមែនជារឿងថ្មីទេ ដែលរដ្ឋាភិបាលប្រតិកម្មទៅនឹងប្រព័ន្វផ្សព្វផ្សាយណា ដែល ហ៊ានសរសេររិះគន់ពីភាពអវិជ្ជមានរបស់រដ្ឋាភិបាលនោះ។ លោកយល់ថា ព័ត៌មានឯករាជ្យ បានផ្តល់ប្រយោជន៍ច្រើន ដល់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ជាតិ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Sean J. McIntosh ក៏ធ្លាប់បានច្រានចោលការចោទប្រកាន់ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះដែរ។ លោកបញ្ជាក់ថា វិទ្យុ VOA និង RFA ដែលអាមេរិកផ្តល់លុយឲ្យដំណើរការនោះ គឺបំពេញបេសកកម្ម ពង្រីកសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ មិនគាំទ្រគណបក្សណាមួយទេ៕
អត្ថបទទាក់ទង ៖
– គណៈរដ្ឋមន្ត្រី៖ វិទ្យុVOA និង RFA ជាឧបករណ៍បម្រើគណបក្សសង្គ្រោះជាតិ
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
Samdeth Hun Sen is number 10 in world , Long Live
cambodia people really need VOA , RFA, and Mam sonondo’s redio are fair , true information