តំណាងរាស្ត្រ​សហគមន៍​អឺរ៉ុប​៖ ការ​អនុគ្រោះ​ពន្ធ​នាំចូល បែរ​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ទៅ​វិញ​

ដោយ៖​ តាំង វីដា​
ថ្ងៃសុក្រ ទី31 ខែមករា ឆ្នាំ2014
http://vodhotnews.com

​តំណាងរាស្ត្រ​សហគមន៍​អឺរ៉ុប សម្តែង​ការសោកស្តាយ​ចំពោះ​កម្មវិធី​អនុគ្រោះ​ពន្ធ​នាំចូល​ផលិតផល​ស្ករស​ពី​ប្រទេស​កម្ពុជា ទៅកាន់​សហគមន៍​អឺរ៉ុប ខណៈ​​ដែល​កម្មវិធី​នេះ មិន​បាន​ផ្តល់​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​បែរជា​បង្ក​ផលប៉ះពាល់​ទៅលើ​ដីធ្លី​របស់​ពួកគាត់​ទៅ​វិញ​។​

នៅក្នុង​សន្និសីទ​កាសែត អំពី​យុទ្ធនាការ​លុបបំបាត់​ស្ករ​ប្រឡាក់​ឈាម នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​តំណាងរាស្ត្រ​សហគមន៍​អឺរ៉ុប លោក ប៉ា​ទ្រី​ក ទី​រ៉ូ​ឡែន មាន​ប្រសាសន៍ថា តាមរយៈ​ការស៊ើបអង្កេត​របស់​ស​ហគ​មន៍​អឺរ៉ុប បង្ហាញថា ក្រុមហ៊ុន​កសិឧស្សាហកម្ម​មួយចំនួន នៅ​ខេត្ត​កោះកុង ឧត្តរមានជ័យ និង​ខេត្ត​កំពង់​ស្ពឺ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច សម្រាប់​ដាំ​ដើម​អំពៅ​នោះ បាន​ដាំ​ដុស​លើស​កំណត់​ព្រំ​ដី​ដែល​រដ្ឋាភិបាល​ផ្តល់ឲ្យ ហើយ​បាន​រំលោភ​យក​ដីធ្លី​ប្រជា​សហគមន៍​ដែល​នៅក្នុង​តំបន់​នោះ​។ លោក​បន្តថា លោក​មាន​ការសោកស្តាយ​ចំពោះ​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ ខណៈ​ដែល​រក​ឃើញ​​​ថា ក្រុមហ៊ុន​កសិឧស្សាហកម្ម ដែល​បាន​ទទួល​ផលប្រយោជន៍ ពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហគម​ន៍​អឺរ៉ុប បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​ផ្ទុយ​គោលបំណង​របស់​កម្មវិធី​សហគមន៍​អឺរ៉ុប​។

លោក ប៉ា​ទ្រី​ក ទី​រ៉ូ​ឡែន បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​សប្តាហ៍​នេះ ដោយ​លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កំពង់ស្ពឺ កន្លែង​ដែល​មាន​ការបណ្ដេញចេញ​ដោយ​បង្ខំ ដោយ​ក្រុមហ៊ុន​ស្ករ​អំពៅ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ តំណាង​អង្គការ​សង្គម​ស៊ីវិល បេសកជន​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​លោក​មិនបាន​ជួប​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ​។​

កាលពី​ចុងឆ្នាំ​២០១២ សភា​សហគមន៍​អឺរ៉ុប​បាន​អនុ​មត្តិ​សេចក្ដីសម្រេ​ចមួយ អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​សហគម​ន៍​អឺរ៉ុប ធ្វើការ​ស៊ើបអង្កេត​ករណី​រំលោភ​​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កាន់តែ​រីកធំឡើងៗ ដោយ​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កសិឧស្សាហ​កម្ម ដែល​នាំ​ទំនិញ​កសិកម្ម​ទៅ​សហគមន៍​អឺរ៉ុប​៕

សរសេរមកកាន់​លោក តាំង វីដា តាមរយៈ vida@vodhotnews.com


What Next?

Recent Articles

4 Responses to "តំណាងរាស្ត្រ​សហគមន៍​អឺរ៉ុប​៖ ការ​អនុគ្រោះ​ពន្ធ​នាំចូល បែរ​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ទៅ​វិញ​"

  1. Anonymous says:

    ស្កប្រលាក់ឈាម ជាឈ្មោះសមណាស់នឹងក្រុមហ៊ុនជិះជាន់រាស្រ្ត របស់តំណាងរាស្រ្តសហមគន៍អឺរ៉ុបបានដាក់ឲ។

  2. Banh Bev says:

    ជយោអុងយ៉ា លីយុងផាត!!!ជយោ!ជយោ!

  3. ផ្កាយមាស៥ថោកទាបផុតលេខ says:

    Cambodian people asking European
    please don’t buy any blood sugar
    from Lee Yongpath company no more.

  4. ✫♥* says:

    តំណាងរាស្ត្រ​សហគមន៍​អឺរ៉ុប​ ពិតជាមានឧត្តមគតិខ្ពស់មែនទែន
    បានចំណាយពេលវេលាដ៍មានតម្លៃ តាមដាននៃផលប៉ះពាល់
    របស់ប្រជាជនកម្ពុជា ដែលទទួលរងភាពអយុត្តិធម៏ពីក្រុមហ៊ុន
    មួយចំនួនដែលរំលោភយកដីប្រជាជន ។
    រដ្ឋសភាអឺរ៉ុបនៅឆ្ងាយពីប្រទេសកម្ពុជា ប៉ុន្តែបែជាមើលឃើញច្បាស់លាស់
    ពីភាពរងគ្រោះរបស់ប្រជាជនកម្ពុជា ជាងរដ្ឋសភាបក្សកាន់អំណាចសព្វថ្ងៃ
    ដែលរស់នៅក្នុងស្រុក ក្នុងប្រទេសជាមួយប្រជាជនកម្ពុជាទៅវិញ
    សុំសរសើរ សុំសរសើរ ដោយស្មោះ ចេញពីចិត្ត !