ឡេង មុន្នីរចនា ផ្អាក​រកស៊ី​យប់ ត្រៀម​ខ្លួន​ធ្វើ​ថៅកែ​ធំ

Tuesday, 11 February 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

140211_28a

តារា​ចម្រៀង​នាង ឡេង មុន្នី​រចនា។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ក្រោយ​បណ្តែត​ខ្លួន​ជា​តារារាត្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ នៅពេល​នេះ តារាចម្រៀង​យេៗ​ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​បរាជ័យ​នាង ឡេង មុន្នីរចនា បាន​ឡើង​សម្រស់​ស្រស់​ក្មេង សាច់​ឡើង​ថ្លា​សស្អាត​គួរ​ជា​ទី​ចេតនា​ប្លែក​តែ​ម្តង។ សម្រស់​ឡើង​កូដ​ជាថ្មី​ធ្វើឲ្យ​ប្រុសស្រី​ក្នុង​សិល្បៈ​សរសើរ​មិន​ដាច់ ពី​មាត់​នេះ ត្រូវ​បាន​តារាចម្រៀង​យេៗ​រូប​នេះ បញ្ជាក់​ប្រាប់​ថា បណ្តាល​មកពី​រូប​នាង​ផ្អាក​រកស៊ី​ច្រៀង​ពេល​រាត្រី ហើយ​ពេល​នេះ នាង​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ថៅកែ​ដោយ​ខ្លួន​ឯង​។

នៅពេល​បង្ហាញ​វត្តមាន​នៅក្នុង​សកម្មភាព​សិល្បៈ​កាលពី​អំឡុង​ពេល​ថ្មីៗ​នេះ ទស្សនិកជន ក៏​ដូចជា​អ្នក​សិល្បៈ​បាន​លាន់​មាត់​សរសើរ​ពី​សម្រស់​តារាចម្រៀង​នាង ឡេង មុន្នីរចនា ថា តារា​រូប​នេះ​ឡើង​សម្រស់​ប្លែក សាច់​សម៉ដ្ឋ​ខៃ​ឡើង​ក្រភើៗ តែ​ម្តង​។

ក្រោយពី​អរគុណ​អ្នក​សិល្បៈ​ក៏ ដូចជា​ទស្សនិកជន​ដែល​បាន​សរសើរ តារាចម្រៀង​ដែល​តែង​មាន​វត្តមាន​ច្រៀង​កំដរ​ភ្ញៀវ​ពេល​រាត្រី​នៅ​ភោជនីយដ្ឋាន​ទន្លេ​សាប អស់​រយៈពេល​ជាច្រើន​ឆ្នាំ នាង ឡេង មុន្នីរចនា បាន​និយាយ​ថា៖ «​ខ្ញុំ​ពិតជា​អៀន​មែនទែន នៅពេល​គេ​សរសើរ​បែប​នេះ តែ​ខ្ញុំ​ឡើង​សាច់​មើល​ទៅ​ស្រស់​ថ្លា​ជាង​មុន​នេះ ព្រោះ​ពេល​នេះ ខ្ញុំ​មាន​ពេល​សម្រាក​ច្រើន ព្រោះ​ឥឡូវ​នេះ ខ្ញុំ​បាន​ផ្អាក​ការ​ច្រៀង​នៅពេល​យប់​ហើយ ដូច្នេះ​មាន​ពេល​សម្រាក​គ្រប់គ្រាន់ សុខភាព​ក៏​ល្អ​ជាង​មុន​ដែរ​»។

តារា រូប​នេះ​និយាយ​ថា៖ «​ឥឡូវ​នេះ ក្រៅពី​ច្រៀង​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ ខ្ញុំ​ក៏​មាន​ការងារ​ច្រៀង​តាម​ខេត្ត​គ្រាន់​ដែរ តែ​យ៉ាង​ណា​ខ្ញុំ​មាន​ពេល​នៅ​ផ្ទះ​ច្រើន»។

ក្រៅពី​សម្រស់​ត្រូវ​បាន​គេ សម្លឹង​មើល​ឃើញ​ថា ស្អាត​ប្លែក ពិសេស​បុរសៗ​ស្ទើរ​ស្រក់​ទឹកមាត់​ម្តងៗ​នោះ ឡេង មុន្នីរចនា ក៏​ត្រូវ​បាន​គេ​ដឹង​ថា តារា​រូប​នេះ​មាន​ប្រាក់​កាន់​ក្នុង​ដៃ​ក៏​មិន​ចាញ់​ជំទាវ​ប៉ុន្មាន​ដែរ ហើយ​ថ្មីៗ​នេះ នាង​ទើប​តែ​ធ្វើ​ពិធី​ឡើង​ផ្ទះ​ថ្មី​ស្ថិត​នៅក្នុង​បុរី​មួយ​កន្លែង​យ៉ាង ស្ងប់ស្ងាត់​ទៀត​ផង​។

តារាចម្រៀង​វ័យ​២៨​ឆ្នាំ​រូប​នេះ​និយាយ​ថា៖ «​ផ្ទះ​នោះ​គឺ​ផ្ទះ​ធម្មតា​ទេ ស្ថិត​នៅក្នុង​បុរី​មួយ។ តាមពិត​ខ្ញុំ​មាន​គម្រោង​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ឲ្យ​ធំ​ដុំ​ដែរ​កាលពី ចុង​ខែ​ធ្នូ ២០១៣ តែ​គាប់​ជួន​ពេល​នោះ អ្នក​សិល្បៈ​មាន​ការ​រវល់​ច្រើន រៀបការ​ផង បុណ្យ​ផង បើក​ហាង​ផង ដូច្នេះ​កុំ​ឲ្យ​ពិបាក ខ្ញុំ​ក៏​ធ្វើ​តែ​គ្រួសារ​ឯង​ទៅ។ ផ្ទះ​នោះ​គ្មាន​អី​ពិសេស​ទេ គ្រាន់តែ​ប្តូរ​ពី​ផ្ទះ​ចាស់ មក​រស់នៅ​កន្លែង​ថ្មី ធំ​ជាង​មុន​ប៉ុណ្ណោះ»។


រឿង​មាន​ប្រាក់​ចាយ​មិន​ខ្វះ និង​បោះ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​សង់​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​រស់​ឲ្យ​សម​នឹង សាច់ឈាម​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែ​នៅពេល​នេះ តារាចម្រៀង​ដែល​ធ្លាប់​តែ​កាន់​ក្បាល​ម៉ៃក្រូហ្វូន​គ្រលែង​ចង្កេះ​រេរាំ​តាម​ចង្វាក់​ភ្លេង​នាង ឡេង មុន្នីរចនា បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី នាង​នឹង​រំលេច​ចេញ​នូវ​ការ​រកស៊ី​ដ៏​ធំ​ដុំ​មួយ ដែល​រូប​នាង​ជា​អ្នក​គ្រប់គ្រង​ដោយ​ផ្ទាល់។ តែ​យ៉ាង​ណា តារា​រូប​នេះ បាន​បញ្ជាក់​ថា រាល់​ប្រាក់កាស​នៅក្នុង​ការ​ចំណាយ​ទាំង​ប៉ុន្មាន​ជា​ប្រាក់​របស់​ឪពុក​ម្តាយ​របស់​នាង​។

តារាស្រី​ដែល​ធ្លាប់​បរាជ័យ​ស្នេហា​ជាមួយ​នឹង​បុរស​អាណិកជន​កាណាដា​រូប នេះ​បាន​និយាយ​ថា៖​«​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​មាន​គម្រោង​បើក​ភោជនីយដ្ឋាន​មួយ​កន្លែង តែ​នោះ​ជា​លុយ​របស់​ប៉ា​ទេ យើង​រក​កន្លែង​រួចស្រេច​ហើយ ដូច្នេះ​មិន​យូរ​ទេ គម្រោង​នេះ​នឹង​ធ្វើ​នៅ​ពេល​ឆាប់ៗ​នេះ​»។

ការ ឡើង​កូដ​ជាថ្មី ជាមួយ​នឹង​សម្រស់​កាន់តែ​ស្រស់ក្មេង សំឡេង​កាន់តែ​ពីរោះ មាន​ប្រាក់​កាន់​ក្នុង​ដៃ​ទាំង​ដុំៗ​នេះ នាំឲ្យ​មាន​ការ​សង្ស័យ​នានា​ពី​អ្នក​សិល្បៈ​ដូច​គ្នា ក៏​ដូចជា​ប្រិយមិត្ត​ទស្សនិកជន​ថា តារា​រូប​នេះ​ប្រហែល​ជា​កំពុង​សុខកាយ​សប្បាយ​ចិត្ត​ជាមួយ​នឹង​ជីវិត ស្នេហា​ថ្មី​នឹង​បុរស​ណា​ម្នាក់​ហើយ​មើល​ទៅ? តែ​នៅពេល​ឮ​ពី​ការ​លើក​ឡើង​នេះ តារាចម្រៀង​នាង មុន្នីរចនា បាន​ឆ្លើយ​តប​មក​វិញ​ភ្លាមៗ​ថា នៅក្នុង​អំឡុង​ពេល​នេះ រូប​នាង​មាន​បេះដូង​ទំនេរ​ស្អាត មិន​មាន​ជាប់​ជំពាក់ ឬ​ប្រឡាក់​ប្រឡូក​ស្នេហា​ជាមួយ​នឹង​បុរស​ណា​ម្នាក់​នោះ​ទេ។

តារាចម្រៀង​រៀមច្បង​ក្នុង​សិល្បៈ​រូប​នេះ​និយាយ​ថា៖​«​បើ​និយាយ​ពី​រឿង​ស្នេហា ខ្ញុំ​អត់​មាន​អ្នក​ណា​ទេ​បង។ ចំពោះ​រឿង​ស្នេហា​នេះ ខ្ញុំ​គិត​ថា​ផ្អាក​សិន​ចុះ ព្រោះ​ខ្ញុំ​ចង់​ទុក​ពេល​ជួយ​ការងារ​ប៉ា​ខ្ញុំ​វិញ យើង​ត្រូវ​គិត​ពី​រឿង​រក​ប្រាក់​សិន ដោយសារ​ពេល​នេះ យើង​កំពុង​អាច​រក​ចំណូល​បាន​ច្រើន»។

នាង​បាន​បញ្ជាក់​ថា៖​«​តាមពិត​ទៅ មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​ដែរ ហើយ​អ្នក​ចូល​មក​សួរ​ប៉ាម៉ាក់​ផ្ទាល់​ក៏​មិន​តិច​ដែរ តែ​ខ្ញុំ​ចង់​ទុក​ពេល​រយាល​បន្តិច​សិន»។

ពាក់ព័ន្ធ​នឹង​ការ​ទាញ​យក ប្រាក់​បាន​ច្រើន​នៅពេល​នេះ ត្រូវ​បាន តារាស្រី ឡេង មុន្នីរចនា បញ្ជាក់​ឲ្យ​ដឹង​ថា ដោយសារ​តែ​លោក​ប៉ា​របស់​នាង​ជា​អ្នក​រកស៊ី​អចលនទ្រព្យ​ដែល​មាន​ការងារ មមាញឹក​ច្រើន ចាំបាច់​នាង​ត្រូវ​ឆ្លៀត​ពេល​ជួយ​ដើម្បី​បង្កើន​ប្រាក់​ចំណូល ដូច្នេះ​ស្នេហា​មិន​ទាន់​ដល់​ពេល​ដែល​នាង​ត្រូវ​គិត​នោះ​ទេ៕


What Next?

Recent Articles

One Response to "ឡេង មុន្នីរចនា ផ្អាក​រកស៊ី​យប់ ត្រៀម​ខ្លួន​ធ្វើ​ថៅកែ​ធំ"

  1. Takeo says:

    Wow! Wow!