ប្រជា​សហគមន៍​បុរី​កីឡា ៣​នាក់ មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ រងរបួស​ធ្ងន់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ប្រជា​សហគមន៍​បុរី​កីឡា​៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៧​ខែ​ផង​ដែរ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត បន្ទាប់ពី​រកឃើញ​ថា មាន​របួស​ធ្ងន់ធ្ងរ ក្រោយពេល​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​សុក្រ វេលា​ម៉ោង​៧​នេះ កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​អគារ​បុរី​កីឡា ដែល​កំពុង​សាងសង់ បណ្តាលឲ្យ​មនុស្ស​៧​នាក់​រងរបួស ក្នុងនោះ​បី​នាក់​រងរបួស​ធ្ងន់ ដែល​មាន​ទាំង​ស្ត្រី​ម្នាក់ មាន​ផ្ទៃពោះ​៧​ខែ​ផង​ដែរ​។​ក្នុងចំណោម​៧​នាក់ ដែល​រងរបួស​នោះ មាន​ស្ត្រី​៦​នាក់ និង​បុរស​ម្នាក់​។​

(ប្រជាសហគមន៍បុរីកីឡា ដែលរងរបួស និងត្រូវបានយកមកស្នាក់នៅអង្គការសិទ្ធិមនុស្សលីកាដូ/កាន់ វិច្ឆិកា)

VOD មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ​។​

​ប្រជា​សហគមន៍​បុរី​កីឡា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រកាសថា ពួកគេ​ប្តេជ្ញា​បន្តកាន់កាប់​អាគារ​ទី​៩ ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បើទោះជា​មាន​ការ​រាំង​ពី​សមត្ថកិច្ច​ក៏​ដោយ​។​ការអះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​តំណាង​ប្រជា​សហគមន៍​ចំនួន​១២​នាក់ ត្រូវបាន​អនុញាតិ​ឲ្យចូល​ទៅជួប​អភិបាល​រាជធា​នី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស កាល​ពី​ម្សិលមិញ​។​

​សហគមន៍​បុរី​កីឡា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ខាង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​សន្យាថា​នឹង​សាងសង់​អាគារ​ចំនួន​១០ សម្រាប់​ជា​ថ្នូរ​នឹង​ការ​យក​ដី​តំបន់​បុរី​កីឡា​ទៅ​អភិវឌ្ឍន៍ ប៉ុន្តែ​ក្រុមហ៊ុន​នេះ សង់​បាន​តែ ៨​អាគារ ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទទួលបាន​សំណង ផ្ទុះ​ការតវ៉ា រហូតមកដល់​បច្ចុប្បន្ន​នេះ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "ប្រជា​សហគមន៍​បុរី​កីឡា ៣​នាក់ មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ រងរបួស​ធ្ងន់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​"

  1. 23 October says:

    Hun Sen Regime was a regime to fighting each other to take the land. This is a one result of 7 January 1979.