ដោយ សូត សុខប្រាថ្នា
2014-03-02
RFA
យោធិនពិការនិងយោធិនចូលនិវត្តន៍បានត្អូញត្អែរចំពោះភាពយឺតយ៉ាវរបស់មន្ត្រីក្រសួងសង្គមកិច្ចក្នុងការបើកប្រាក់ជូនពួកគាត់តាមពេលកំណត់។ ពួកគាត់បញ្ជាក់ថា មិនបានទទួលបានប្រាក់ខែធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែលំបាក។ ចំណែកមន្ត្រីបេឡាជាតិ អតីតយុវជនបានបញ្ជាក់ពីមូលហេតុយឺតយ៉ាវនេះ គឺដោយសារតែខាងបេឡាជាតិ បានធ្វើការកែសម្រួលដល់ប្រព័ន្ធប្រាក់បៀវត្សមូលដ្ឋានរបស់ពួកគាត់។
ក្រុមគ្រួសារយោធិនពិការនិងយោធិនចូលនិវត្តន៍បានលើកឡើងថា ពួកគាត់ម្នាក់ៗមិនទាន់ទទួលបានប្រាក់ខែរបស់ខ្លួនរយៈពេលពីរខែមកហើយ។ ការខកខានក្នុងការទទួលបានប្រាក់ខែនេះ ធ្វើឱ្យពួកគាត់ជួបបញ្ហាជាច្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃពេលបច្ចុប្បន្ន។
យោធិនពិការជើងឆ្វេងរស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក ឃុន សុភា បានមានប្រសាសន៍ថា លោកនិងប្រពន្ធបានទន្ទឹងរង់ចាំប្រាក់ខែរបស់ខ្លួនពីរខែមកហើយ ហើយលោកតែងតែទៅសួរនាំខាងធនាគារចំពោះបញ្ហានេះ ប៉ុន្តែគេប្រាប់ថា ខាងក្រសួងមិនទាន់វេរមកទេ។ លោកបន្តថា លោកក៏ធ្លាប់បានទៅសួរខាងការិយាល័យ ដោយខាងការិយាល័យប្រាប់ថា នៅមានការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីដើម្បីកែសម្រួលប្រព័ន្ធបៀវត្សថ្មី។
លោក ឃុន សុភា៖ «សម្ដេចតេជោថា ធ្វើម៉េចប្រាក់ខែហ្នឹងឱ្យបានទៀងទាត់ហ្នឹងទីមួយ។ ទីពីរ អារឿងដោះស្រាយដីធ្លីដែលក្រោយពីគាត់រំសាយមកហ្នឹង ថាបង្កើតគណៈកម្មាធិការ និងអាជ្ញាធរស្រុកចាំដោះស្រាយហ្នឹង បើជឿតាមតែថ្នាក់ក្រោមហ្នឹង អាគ្នាណោះងាប់ចង់អស់ហើយ មិនដឹងដីធ្លីផ្ទះសម្បែងណា។ អ៊ីចឹងសំណូមពរឱ្យរដ្ឋាភិបាលគិតគូរឱ្យគ្នាបានឆាប់ផង ឱ្យគ្នាមានផ្ទះសម្បែង ឱ្យគ្នាមានទីលំនៅឱ្យដូចប្រជាពលរដ្ឋធម្មតាផង»។
លោកបន្តថា លោកនិងប្រពន្ធគឺជាជនពិការទាំងពីរនាក់ ដូចនេះមិនអាចទៅរកស៊ីអ្វីផ្សេងឱ្យបានដូចបំណងនោះទេ គឺមានតែរំពឹងទៅលើប្រាក់របស់ខ្លួនប៉ុណ្ណោះ ហើយបើការបើកប្រាក់មានភាពយឺតយ៉ាវ នោះធ្វើឱ្យការរស់នៅរបស់ពួកគាត់កាន់តែជួបការលំបាក។ ម្យ៉ាងកូនរៀន ម្យ៉ាងចំណាយលើម្ហូបប្រចាំថ្ងៃ ហើយប្រសិនបើគ្រួសារលោកទៅខ្ចីបុលគេ ក៏ពិបាកដែរ ពីព្រោះគេខ្លាចពួកលោកមិនមានសមត្ថភាពសងគេវិញ។
យោធិនចូលនិវត្តន៍នៅខេត្តតាកែវ ម្នាក់ សុំមិនបញ្ចេញឈ្មោះ ក៏ថ្លែងស្រដៀងគ្នាដែរថា លោកមិនទាន់ទទួលប្រាក់បៀវត្សពីរខែមកហើយដែរ ហើយការយឺតយ៉ាវនេះ ធ្វើឱ្យពួកគាត់ដែលមានមុខរបរត្រឹមតែជាកសិករត្រូវជួបបញ្ហាជាហូរហែក្នុងការរស់នៅ។ លោកក៏សូមសំណូមពរឱ្យរដ្ឋាភិបាលគិតគូរជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
នាយកបេឡាជាតិអតីតយុទ្ធជនស្ថិតនៅក្នុងចំណុះក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក ហែម បូរ៉ា មានប្រសាសន៍ថា កន្លងមកខាងលោកបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃ២៥ មករា ដើម្បីប្រាប់ជុំវិញការកែសម្រួលប្រព័ន្ធបៀវត្សថ្មីនេះ ជូនទៅដល់គ្រប់មន្ទីរនិងការិយាល័យនៃក្រសួងសង្គមកិច្ចនិងយុវនីតិសម្បទា ថាខាងបេឡាជាតិនឹងត្រូវធ្វើការផ្ទៀងផ្ទាត់ឡើងវិញ ស្ទើរតែទាំងស្រុងនូវគល់បញ្ជីរបស់យោធិនពិការ និងយោធិនចូលនិវត្តន៍ទូទាំងប្រទេសដើម្បីធ្វើការរៀបចំនូវរបបប្រាក់សោធននិវត្តន៍ និងរបបប្រាក់សន្តិសុខសង្គមរបស់ពួកគាត់ឡើងវិញ ដូចនេះនឹងអាចមានភាពយឺតយ៉ាវខ្លះកើតមានឡើង។
លោក ហែម បូរ៉ា៖ «អាកន្លែងហ្នឹងហើយ ហេតុអីបានយឺត? ពីព្រោះការកែសម្រួលហ្នឹង ឧទាហរណ៍ថា យើងកំពុងអនុវត្តប្រាក់បៀវត្សប្រចាំខែធ្នូ។ អ៊ីចឹងប្រព័ន្ធក៏អនុវត្តអាហ្នឹងដែរ ប្រព័ន្ធធនាគារក៏អ៊ីចឹង តាមខេត្តដែលមិនទាន់បញ្ចូលប្រព័ន្ធធនាគារក៏អ៊ីចឹងដែរ។ ដល់ពេលយើងកែសម្រួលក៏យកអាដូចថ្មី អ៊ីចឹងការកែសម្រួលត្រូវប្ដូរទាំងអស់។ ដូរទាំងអស់បង ឃើញអ៊ីចឹងៗ ដល់ដូរទាំងអស់ត្រូវតែផ្អាក សូម្បីតែបើកចែកដីក៏ត្រូវផ្អាកដែរ ដើម្បីរៀបចំឱ្យត្រូវទើបយើងយកអាឯកសារដែលត្រូវនោះទៅបញ្ចូលក្នុងប្រព័ន្ធអ៊ីនធឺណិត។ អនឡាញដើម្បីយើងគ្រប់គ្រងអាហ្នឹងរួចហើយទើបយើងបញ្ជូនអាហ្នឹងទៅធនាគារទាំងអស់។ អ៊ីចឹងកិច្ចការងារនេះ គឺយើងត្រូវប្រើពេលតែម្ដង»។
លោកបន្ថែមទៀតថា ខាងលោកធ្វើការស្ទើរមិនមានថ្ងៃសម្រាកដើម្បីធ្វើយ៉ាងម៉េចឱ្យការងារនេះបានឆាប់រហ័ស និងមានភាពច្បាស់លាស់។ លោកបញ្ជាក់ថា មានខេត្តមួយចំនួនក៏បានទទួលប្រាក់ប្រចាំខែសម្រាប់ខែមករា រួចហើយដែរ ដូចជាខេត្តកំពង់ចាម បានទទួលកាលពីថ្ងៃ២៨ កុម្ភៈ ហើយពួកគាត់នឹងអាចទទួលបានប្រាក់ខែសម្រាប់ខែកុម្ភៈ នៅសប្ដាហ៍ក្រោយនេះ។
លោកបញ្ជាក់ថា មាននិវត្តជន រួមនឹងយោធិនពិការសរុបប្រមាណជា ៩ម៉ឺននាក់ ក្នុងនោះប្រមាណជា ៨០% ត្រូវបានធ្វើការកែសម្រួលរបបប្រាក់បៀវត្ស និងប្រាក់របបផ្សេងៗឱ្យមានលក្ខណៈស្មើៗគ្នាទៅតាមមុខតំណែងដែលខ្លួនទទួលបានពីមុនមកឡើងវិញ។ លោកបន្ថែមថា ការកែសម្រួលប្រព័ន្ធប្រាក់បៀវត្សមូលដ្ឋានគឺជាប្រយោជន៍របស់យោធិនពិការនិងនិវត្តន៍ជនទាំងអស់នោះ ហើយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ដើមឆ្នាំ២០១៤ តទៅ ហើយចាប់ពីខែមីនា ទៅ ពួកគាត់នឹងមិនត្រូវជួបបញ្ហាយឺតយ៉ាវនេះតទៅទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មហាសន្និបាតពីដំណើរការអភិរក្សឃ្មុំព្រៃនិងអាជីវកម្មទឹកឃ្មុំលើទីផ្សារ
- អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីចោទលោក ហ៊ុន សែន ថាជាមេដឹកនាំពុករលួយស្ទើរផុតលេខ
- ក្រសួងសុខាភិបាលនឹងសង់អគារពីរក្នុងបរិវេណមន្ទីរពេទ្យបង្អែកក្រុងឲ្យបុគ្គលិកពេទ្យ
- កម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មលើកដំបូង
- ប៉ូលិសធ្វើអត្តសញ្ញាណប័ណ្ណនៅសៀមរាបរងការចោទថាទារលុយពីពលរដ្ឋ
- អ្នកទោសនៅបន្ទាយមានជ័យប្ដឹងឆ្មាំយាមគុកថាបង្ខំឲ្យអ្នកទោសជួលទូរស័ព្ទ
- សាលារាជធានីគ្រោងពង្រីកសេវារថយន្តក្រុងបន្ថែមនៅដើមខែមីនា
- គ្រួសារជនរងគ្រោះដោយសារការបង្ក្រាបបាតុកម្មទទួលអំណោយពីសប្បុរសជន
- សាលាដំបូងខេត្តស្វាយរៀងឃុំខ្លួនក្រឡាបញ្ជីម្នាក់បណ្ដោះអាសន្នពីបទពុករលួយ
សម្តេចហ៊ុន សែន ជាទីឝោរព ! ក្នុងនាមកង
ទព័ទូទាំងប្រទេស នឹងក្នុងនាមរូបខ្ញុំផ្ទាល់ ដែល
ជាយុទ្ធជន បានលះបង់កំលាំងកាយចិត្តរួមទាំង
ជីវិតដើម្បីជាតិនឹងប្រជាជន , សូមថ្លែងអំណរឝុណ
នូវការយកចិត្តទុកដាក់របស់សម្តេច នូវសេចក្តីសុខ
ទុក្ខរបស់ប្រជាជនទូទាំងប្រទេស ។ និយាយ
ដោយឡែក ! ថ្មី ៗ នេះ សម្តេចបានយកចិត្តទុក
ដាក់ខ្លាំងលើប្រាក់បៀវត្តន៍មន្ត្រីរាជការយោធា និង
ស៊ីវិលបានបើកទាន់ចុងខែ , ក៏ប៉ុន្តែ ចំពោះប្រាក់
មុខតំណែងពុំបានទទួលទេ , ចាប់ពី២០១២មក
ពួកខ្ញុំ មុខតំណែងប្រធាន ឝ , បើកលុយបានត្រឹម
ពលបាលឯក , យើងខ្ញុំសួរទៅថ្នាក់លើក , មេ ៗ
ឝាត់ឆ្លើយថា : សូម្បីតែឝាត់ក៏អត់បានដែរ ! Six
( បាននយ័ថា : មុខតំណែងប្រធាន ឝ ឡើងដល់
អនុ,កងពលធំក៏អត់បានដូចឝ្នា ) អ្នកដែលឡើង
ស័ក្តិនឹងមុខតំណែងលើកមុន ហេតុអីឝេបាន ,
ចុះដល់វឝ្គពួកខ្ញុំ ម្តេចមិនបាន ? ? ឯរឿងទី ២ ;
ខ្ញុំសួរទៅ សម្តេច , សំភារៈយោធបរិក្ខារបស់កង
ទ័ព តើបាត់ទៅណាច្រើនមុខម្លេះ ? សូមរៀបរាប់
ជូនខាងក្រោម ;
១ , ខោអាវការងារ ឬ ខោអាវប្រយុទ្ធ ( មាន )
២, ខោខ្លី ( អត់ )
៣ , អាវយឺត ( អត់ )
៤ , ក្រម៉ា ( អត់ )
៥ , មួក ( អត់ )
៦ , ស្បែកជើង ( អត់ )
៧ , ស្រោមជើង ( អត់ )
៨ , មុង ( អត់ )
៩ , ភួយ ( អត់ )
១០ , កន្ទេល ( អត់ )
១១ , កៅស៊ូភ្លៀងឯកជន ( អត់ )
( មិនមែនអាវភ្លៀងទេ )
១២ , អង្រឹង ( អត់ )
១៣ , ខ្សែរក្រវាត់ ( អត់ )
១៤ , សញ្ញាសំឝាល់ ឝ្រប់ប្រភេទទ័ព ( អត់)
នេះជាតារាងឬជារបបឲ្យយោធិនម្នាក់ ៗ ដែល
ត្រូវទទួលបាន , តែផ្ទុយទៅវិញ ឝឺ ឝ្មានទេ !
កន្លងមកទទួលបានតែអំណោយរបស់ជំទាវប៊ុនរ៉ានី
ឥឡូវ យើងខ្ញុំជាយុទ្ធជន នៅសមរភូមិមុខទិសប្រា
សាទព្រះវិហារ , សុំសួរទៅសម្តេចហ៊ុន សែន ថា ;
តើលោកណា ឬ អាណា ដែលកឹបកេងស៊ីលើឝោល
របបរបស់យោធិន ? ? តើពេលណាទើបសម្តេច
កែរទំរង់ ឬ កាត់ក្បាលមេទ័ព ដែលជាជនពុករលួយ
ជ្រកក្រោមឃ្លៀក របស់សម្តេចនោះ ? ទុកឲ្យធ្វើ
រដ្ឋមន្ត្រី , ធ្វើប្រធាននេះ ប្រធាននោះ ២០-៣០ឆ្នាំ
មិនព្រមដូរ , ទុកឲ្យអ្នកនោះក្លាយជាបុឝ្គលនិយម
ចងចង្កោមជាឝ្រួសារនិយម , ផ្គុំជាមុំចង្ក្រាន បាន
លុយកាក់ ស័ក្តិយស មានដល់កូនចៅផៅសន្តាន
របស់ពួកវា ! ហ៊ិះ ! សម្តេចជាទីឝោរព ! យើងខ្ញុំ
ជាកងទ័ពការពារទឹកដីព្រំដែនខ្មែរ ថៃ មានក្តីអា
ម៉ាស់យ៉ាងខ្លាំង ដែលមន្ត្រីជាន់ខ្ពស់មួយចំនួន នៅ
កៀកស្និទ្ធនឹងសម្តេច ជាមនុស្សអំណាចនិយម
បំផ្លាញជាតិ ពិសេស បំផ្លាញកិត្តិយសរបស់សម្តេច ,
សូមអាអស់លោកឯង ឈប់យករបស់របរ
បន្តិចបន្តួច មកបំផ្លាញសេចក្តីសុខ សុភមង្គល
លើពួកខ្ញុំ និង ក្រុមឝ្រួសារយើងខ្ញុំទៀតទៅ !
យើងខ្ញុំឆ្អែតហើយ ! អាណាក៏ដូច អាឆ្កែណា
ដែរ……….! !
ប៉ារបស់ខ្ញុំអត់ទាន់បានបើកប្រាក់ខែ 2ខែដែរហើយ។ មិនដែលបានទាន់ពេកវេលាទេ
យ៉ាប់ណាស់សង្គមខ្មែរ មិនដឹងពេលណារីកចំរើននឹងគេ។ ពុករលួយគ្មានទីបញ្ចប់។