ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រុមហ៊ុនអចលនទ្រព្យមួយ បានសិក្សាឃើញថា តម្លៃដីដែលដាក់លក់ខ្ពស់ ជាងគេបំផុត នៅរាជធានីភ្នំពេញ គឺស្ថិតនៅក្នុងរង្វង់សង្កាត់បឹងកេងកង១ ខណ្ឌចំការមន តម្លៃដាក់លក់ដល់ទៅ ៥.៩០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។
ការបង្ហាញនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ចុងក្រោយ នៅឆ្នាំ២០១៤ នៃការស្ទង់មតិតម្លៃដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ។
អគ្គនាយករងនៃក្រុមហ៊ុនវីត្រាសគ្រុប លោក ច្រឹក សុខនីម មានប្រសាសន៍ថា តម្លៃដាក់លក់អតិបរមាដែលបានយកមកពីការស្ទង់មតិ គឺមានការពាក់ព័ន្ធនឹងទីតាំង និងលក្ខណៈនៃដី ហើយដីដែលមានតម្លៃដាក់លក់ខ្ពស់ជាងគេនោះ គឺនៅក្នុងសង្កាត់បឹងកេងកង១។
លោកបន្តថា សម្រាប់តម្លៃដីដែលដាក់លក់ទាបបំផុត គឺពាក់ព័ន្ធនឹងលក្ខណៈដី ផលប្រយោជន៍សេដ្ឋកិច្ច និងទីតាំងផងដែរ គឺស្ថិតនៅសង្កាត់ពញ្ញាពន់ ខណ្ឌសែនសុខ ដែលមានលក់ត្រឹមតែ១០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយម៉ែត្រការេ ដោយសារតែតំបន់នោះ មិនអំណោយផលដល់ការប្រកបអាជីវកម្ម និងមានការអភិវឌ្ឍតិចតួច។ លោក ច្រឹក សុខនីម អំពាវនាវឲ្យរដ្ឋភិបាល ធ្វើផែនទីអភិវឌ្ឍទីក្រុង ដើម្បីឲ្យតម្លៃដីមាន លក្ខណៈស្មើគ្នា ឬប្រហាក់ហែលគ្នា «ក្នុងបឹងកេងកង វាមានលក្ខណៈជា City Map ច្បាស់លាស់ ផែនការទីក្រុងច្បាស់លាស់ ដើម្បីឲ្យវាបានល្អ គឺយើងត្រូវមើល City Map ហ្នឹងឲ្យបានល្អ។ អ៊ីចឹងនៅក្នុងបឹងកេងកក វាមានលក្ខណៈជា City Map វារាងល្អជាងគេ ផ្លូវលេខតួលេខអី វាមានលំដាប់លំដោយរបស់គាត់ល្អជាង បើធៀបទៅនិងទួលគោក បើធៀបទៅនិងចំការមន ខណ្ឌ៧មករា»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសានសន៍ថា លទ្ធផលស្ទង់មតិនេះ គ្រាន់តែជារបាយការណ៍របស់ក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះ ដែលជាមធ្យោបាយមួយ ធ្វើឲ្យអាជីវកម្មរបស់ពួកគេប្រកបដោយភាពងាយស្រួល និងជោគជ័យ ។ លោកបន្តថា ទាក់ទងនឹងការអភិវឌ្ឍផែនការទីក្រុង រដ្ឋាភិបាលបាននឹងកំពុងធ្វើហើយ «អ៊ីចឹង អាវិស័យឧស្សាហកម្ម អចលនវត្ថុ សុទ្ធតែមានការរៀបចំអ៊ីចឹង ក៏ប៉ុន្តែខ្ញុំបានដឹងថា រាជធានីភ្នំពេញ ជាមួយក្រសួងដែនដី នគរូបនីយកម្ម គេបានធ្វើអ៊ីចឹងដែរ»។
អ្នកស្រាវជ្រាវសង្គម លោក បណ្ឌិត កែម ឡី មានប្រសាសន៍ថា របាយការណ៍នេះមិនត្រឹមត្រូវទាំងស្រុងទេ ហើយរបាការណ៍នេះអាចមានគុណសម្បត្តិភាគច្រើនទៅលើអ្នកមានអំណាច ឬអ្នកមានលុយ និងបរទេសជាដើម។ លោកបន្តថា ការដែលតម្លៃដីថ្លៃតែមួយកន្លែងបែបនេះ គឺមានគុណវិបត្តិផ្នែកចរាចរណ៍ ព្រោះកន្លែងនោះកកស្ទះទៅដោយកន្លែងរកស៊ីផ្សេងៗ។ លោក កែម ឡី បន្តទៀតថា ការស្ទង់មតិតម្លៃដីនេះ អាចមានប្រយោជន៍ដល់ប្រជាពលរដ្ឋ លុះត្រាណាតែរដ្ឋាភិបាលយល់ស្រប និងយកតម្លៃនេះជាផ្លូវការ «មានលទ្ធផលដែរ ប្រសិនជា survey(ការស្ទង់មតិ) នេះត្រឹមត្រូវ ហើយរដ្ឋភិបាលយកអាហ្នឹងទៅអនុវត្ត នៅក្នុងការដែលផ្តល់សំណង សមរម្យ ទៅដល់អ្នកដែលត្រូវបានគេបណ្តេញចេញ អាហ្នឹងវាមានប្រយោជន៍ដល់គាត់។ ប៉ុន្តែកន្លងមក ការផ្តល់សងសំណងសមរម្យហ្នឹង វាផ្អែកទៅលើដែលជា អាជ្ញាធរគិត ឬក៏ក្រុមហ៊ុនគិត វាអត់ផ្អែកទៅលើទិន្នន័យដែលជា លក្ខណៈវិទ្យាសាស្ត្រ»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនវីត្រាស ឲ្យដឹងថា ការស្ទង់មតិតម្លៃដីរួមគ្នា នៃក្រុមហ៊ុនក្នុងសម្ព័ន្ធ វីត្រាសនេះ ធ្វើឡើងដោយយកសំណាកអ្នកផ្តល់ព័ត៌មានចំនួន ៦៦០នាក់ ដែលកំពុងលក់អចលនទ្រព្យរបស់ពួកគេនៅទូទាំងខណ្ឌទាំង៩ និងសង្កាត់ទាំង ៩៦ នៃរាជធានីភ្នំពេញ សង្កាត់នីមួយៗ ត្រូវបានជ្រើសរើសចំនួនអ្នកលក់អចលនទ្រព្យជាមធ្យម ប្រមាណជា៨នាក់ ដើម្បីយកមកធ្វើការស្ទង់មតិ។
របាយការណ៍បន្តថា តម្លៃដីដាក់លក់ជាមធ្យមក្នុងឆ្នាំ ២០១៣ ក្នុងទីក្រុងភ្នំពេញមានចំនួន ១.១៤០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីដាក់លក់អប្បបរមាមានចំនួន ១០ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីដាក់លក់អតិបរមា មានចំនួន ៥.៩០០ដុល្លារសហរដ្ឋអាមេរិក៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ទុកលក់អោយតេជោទៅគាត់សំបូរលុយ។