ដោយ៖ ស៊ុន ណារិន និង ប្រែង សត្យាភិរក្ស
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានលើកឡើងពីការព្រួយបារម្ភលើបញ្ហាដីសម្បទានចម្ការស្ករអំពៅ និងបញ្ហាការធ្វើបាតុកម្មរបស់កម្មករទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Karel de Gucht បានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃអង្គារ ដោយលោកបានជួបជាមួយលោក ស៊ុន ចាន់ថុល អស់រយៈពេលជាង១ម៉ោង នៅទីស្តីការក្រសួង ដើម្បីពិភាក្សាការងារពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា មានប្រសាសន៍ថា ភាគីទាំងពីរ បានលើកពីបញ្ហាពាណិជ្ជកម្ម ដែលEUតែងតែផ្តល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ(EBA) ដែលជួយដល់កម្ពុជាច្រើន។ លោកបន្តថា លោក Karel de Gucht បានលើកបញ្ហាព្រួយបារម្ពចំនួនពីរ គឺបញ្ហាចម្ការស្ករអំពៅ ដែលពាក់ព័ន្ធនឹងការរំលោភដីធ្លី និងបញ្ហាបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរទាមទារដំឡើងប្រាក់ឈ្នួល។
ជាការឆ្លើយតប លោក កែន រដ្ឋា មានប្រសាសន៍ថា លោក ស៊ុន ចាន់ថុល បានបកស្រាយ និងពន្យល់ហេតុផលពិត និងឯកសារមួយចំនួនទៅស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប។ លោកបន្តថា លោក ស៊ុន ចាន់ថុល បានពន្យល់ពីអ្វីដែលកម្ពុជា កំពុងតែដោះស្រាយរឿងបញ្ហារំលោភដីធ្លីទាក់ទងនឹងចម្ការអំពៅ គំនិតផ្តួចផ្តើមមួយចំនួន និងសកម្មភាព ដែលនឹងត្រូវធ្វើបន្តទៅថ្ងៃខាងមុខ។
លោក Karel de Gucht សន្យាថា នឹងបន្តស្នើទៅសមាជិកសភាអឺរ៉ុប សុំEBAសម្រាប់កម្ពុជា និងស្នើសុំការនាំចូលសម្ភារៈធ្វើកង់ពីប្រទេសម៉ាឡេស៊ី ដើម្បីកម្ពុជា អាចផលិតកង់នាំចេញទៅសហភាពអឺរ៉ុប។
ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានកើនឡើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ។ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាទៅសហភាព កើនឡើង៣០ភាគរយ គឺមានតម្លៃ៣៣០០លានដុល្លារ កាលពីឆ្នាំ២០១៣ ជាពិសេសផលិតផលសម្លៀកបំពាក់ បន្ទាប់មកស្បែកជើង កង់ និងអង្ករ។ការនាំចេញស្ករស មានត្រឹមតែ១.៦ភាគរយនៃការនាំចេញនោះ ដែលចំនួននេះឡើងជាងបីដងដល់ទៅ៥៣លានដុល្លារ សម្រាប់ឆ្នាំ២០១៣។
កន្លងទៅ ភាគីកម្ពុជា និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដុះអំពៅ និងការចម្រាញ់ស្ករអំពៅ ដោយឈានទៅរកដំណោះស្រាយនៅពេលឆាប់ៗនេះ។
លោក កែន រដ្ឋា មានប្រសាសន៍ថា រដ្ឋាភិបាល មានឆន្ទៈក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ តាមរយៈការសិក្សាបន្តនៃផលប៉ះពាល់ ដោយសារកន្លងមក របាយការណ៍នៃផល ប៉ពាល់មានភាពខុសគ្នា។លោកបន្តថា រដ្ឋាភិបាល បានបង្កើតភាគីទីបី ដើម្បីចូលទៅសិក្សាពីផលប៉ះពាល់ «ពិនិត្យ និងមើលចំនួនក្រុមគ្រួសារដែល ទទួលរងផលប៉ះពាល់ ដែលបានដោះស្រាយហើយ នីតិវិធីដែលបានប្រើ និងចំនួនដែលឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុបនោះ គាត់ទទួលបានពីប្រភពណាមួយ ដែលគាត់មានពីប្រភពណាមួយដែលគាត់មាន អញ្ចឹងយើងធ្វើការផ្ទៀតផ្ទាត់គ្នា ហើយពិនិត្យរាល់ឯកសារទាំងអស់នោះឡើងវិញ»៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
អា ខ្វាក់បានលុយចូលរដ្ឋប៉ុន្មាន?