ដោយ៖ ម៉ៅ ចរិយា
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលរដ្ឋចំនួន៣នាក់នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និងស្រាល ដោយសារទាហានម្នាក់វាយ និងកាប់ ក្នុងជម្លោះមួយ កាលពីថ្ងៃអាទិត្យទី ២៣ ខែមីនា កន្លងទៅ។
សាច់ញាតិជនរងគ្រោះ លោកស្រី សុខ លេខ ប្រាប់ VODថា ក្រុមគ្រួសាររបស់ទាហានឈ្មោះ គុយ គីនី ដែលបម្រើការនៅវរៈសេនាតូចលេខ ៥១៣ កងពលធំ ៨៥១ កាលពីថ្ងៃអាទិត្យទី២៣ មីនា បានមកវាយធ្វើបាបគ្រួសាររបស់លោកស្រី ដោយសារជម្លោះរឿងទឹកអូរក្បែរផ្ទះ ដែលអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃមកហើយ។
អនុប្រធានភូមិសន្តិភាព លោក ឈូក ថូណា ឲ្យ VOD ដឹងថា ពលរដ្ឋមួយគ្រួសារ ក្នុងចំណោម ពលរដ្ន ជាង១០គ្រួសារ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ រងរបួសធ្ងន់និងស្រាលចំនួន៣នាក់ ដោយសារតែឈ្លោះគ្នារឿងប្រើប្រាស់ទឹកអូរក្បែរផ្ទះ។
លោកបន្តថា គ្រួសារលោក គុយ គីនី បានទប់ទឹកព្រែក មិនឲ្យហូរចុះទៅផ្នែកខាងក្រោម ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ១០គ្រួសារ ដែលនៅខាងក្រោមព្រែកនោះខ្វះទឹកប្រើប្រាស់។ VODមិនអាចទាក់ទង លោកគុយ គីនី ដើម្បីសុំការអធិប្បាយជុំវិញការចោទប្រកាន់នេះបានទេ។
នាយរងប៉ុស្តិ៍ឃុំទួលពង្រ លោក សាយ គីម ប្រាប់VODថា លោកបានដឹងពីជម្លោះនោះដែរ តែលោករង់ចាំភាគីរងគ្រោះដាក់ពាក្យបណ្ដឹងសិន។ ប៉ុន្តែទោះយ៉ាងណា នាយរងប៉ុស្តិ៍រូបនេះបន្តថា ប្អូនប្រុសរបស់លោក គុយ គីនី ឈ្មោះ រ៉ាដូ ដែលពាក់ព័ន្ធនឹងការវាយ និងកាប់ពលរដ្ឋឲ្យរងរបួសនោះត្រូវបានកងរាជអាវុធហត្ថ ឃាត់ខ្លួននាំយកទៅក្រុងប៉ោយប៉ែតហើយ ។
សូមសរសេរមកកាន់កញ្ញា ម៉ៅ ចរិយា តារយៈ chakriyimaov168@gmail.com
ទាហាន មួយ ចំនួនតូច ធ្វើ ផ្តេសផ្តាស់ ! រឿងនេះ ត្រូវចាត់ការ កុំ អោយខូចឈ្មោះ ទាហាន គាត់ល្អ !