ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ស្នាក់ការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (រូបថត៖ តាំង វីដា)
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ព្រមានចាត់វិធានការផ្លូវច្បាប់ ទៅលើមន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ប្រសិនបើមន្ត្រីរូបនោះ មិនបំភ្លឺ និងកែតម្រូវទៅលើអត្ថបទមួយ ដែលចោទរោងចក្រកាត់ដេរមួយចំនួន ថាបានចាក់សោទ្វាររោងចក្រ បង្ខំឲ្យកម្មករធ្វើការបន្ថែមម៉ោង។
យោងតាមលិខិតរបស់លោក ខេន លូ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ផ្ញើជូនលោក យ៉េង វិរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានលើកឡើងថា នៅក្នុងអត្ថបទព័ត៌មានមួយ ចុះផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក មឿន តុលា ប្រធានផ្នែកការងាររបស់មជ្ឈមណ្ឌលនេះ បានចោទប្រកាន់ទៅលើរោងចក្រកាត់ដេរ និងស្បែកជើងមួយចំនួន ថាបានចាក់សោទ្វាររោងចក្រ មិនឲ្យកម្មករទៅផ្ទះ ដើម្បីបង្ខំពួកគាត់ធ្វើការបន្ថែមម៉ោង ហើយបានយកកម្លាំងនគរបាល និងកងរាជអាវុធហត្ថដាក់ពង្រាយតាមរោងចក្រដើម្បីគម្រាមកម្មករ។
លិខិតដដែលបន្តថា ការចោទប្រកាន់នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា និងជាចេតនាមួយដើម្បីញុះញង់ឲ្យកម្មករនិយោជិកចូលរួមក្នុងការតវ៉ាទាមទារ។
លិខិតរបស់ប្រធានសមាគម GMAC បានទាមទារឲ្យលោកមឿន តុលា ឆ្លើយបំភ្លឺ និងបង្ហាញភស្តុតាងចំពោះការចោទប្រកាន់នេះ ហើយប្រសិនបើពុំមានការឆ្លើយតប និងកែតម្រូវការចោទប្រកាន់នៅតាមប្រព័ន្ធផ្សព្វផ្សាយទេនោះ សមាគម នឹងចាត់វិធានការតាមនីតិវិធីច្បាប់។
ទាក់ទងនឹងករណីនេះ វីអូឌី មិនអាចសុំការអត្ថាធិប្បាយពី លោក មឿន តុលា ប្រធានផ្នែកការងារនៃមជ្ឈមណ្ឌលនេះ បានទេ។ ចំណែក លោក យ៉េវ វិរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បដិសេធអត្ថាធិប្បាយ៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com
ពួកហ្អែងបានតែអ្នកទាន់ខ្សោយទេ តែឋងមិនទៅចាប់ ម៉ម បុ៊នហេងផងទៅ?
រកឲ្យឃើញ , ដាក់បន្ទុក, ចាប់អាអាត់ធន់ ដាក់គុកទៅ វាបានសុខហើយ។
នៅអារ៉ុង ឈុន មួយទៀត , តែឲ្យវាដើរលេងសិនទៅ។
ឯចំណែកពួកអាបាញ់កម្មករក៏ត្រូវរកមុខឪ្យឃើញដែរនិងត្រូវបញ្ជ្ូនទៅICCជាមួយមេវាដែរព្រោះជិតដល់ថ្ងៃអន្សារហើយ តែបើត្រូវធ្វើយ៉ាងណាៗប្រាប់អាឆ្គួតBolឪ្យវាដឹងផង។