​ក្រសួង​រៀបចំ​ដែនដី ច្រានចោល​របាយការណ៍​របស់​អង្គការ​លីកាដូ រឿង​ជម្លោះ​ដីធ្លី​​

ដោយ៖​ ឡាយ សា​មាន​
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់  នៅ​ព្រឹក​ថ្ងៃ​ព្រហស្បិ៍​នេះ ច្រានចោល​របាយការណ៍​របស់​អង្គការ លីកាដូ ដែល​បាន​កត់សំគាល់ថា នៅ​ឆ្នាំ​២០១៤​នេះ ជម្លោះ​ដីធ្លី​នៅ​កម្ពុជា នាំមក​នូវ​រលក​ថ្មី ដែល​មាន​ហិង្សា​នៅតែ​បន្ត​កើតមានឡើង ហើយ​ផ្តល់​ផល​អាក្រក់​ដល់​ប្រជាជន ២២៤៦ គ្រួសារ​នៅ​ស្ទើរ​គ្រប់​ខេត្ត។​

​របាយការណ៍​របស់​អង្គការ​លីកាដូ បានបង្ហាញ​ថា ចំនួន​គ្រួសារ​រងគ្រោះ ដោយសារ​ជម្លោះដីធ្លី​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋ និង​ភ្នាក់ងារ​រដ្ឋ​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០០​មក បាន​កើនឡើង ជាង​កន្លះ​លាន​នាក់​។​

​ប៉ុន្តែ​ក្នុង​ស​ន្និសិទ​ព្រឹក​នេះ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សរ សុវណ្ណ មានប្រសាសន៍ថា  ក្រសួង​មិន​ទទួលស្គាល់​ចំនួន​តួរ​លេខ​ដែល​អង្គការ​លីកាដូ​បាន​រក​ឃើញ​ទេ។​ លោក ចាត់ទុក​របាយការណ៍​នេះ​ថា សិក្សា​មិនបាន​គ្រប់​ជ្រុងជ្រោយ ហើយ​មិន​បាន​បញ្ជូន​មក​ក្រសួង​ដើម្បី​ពិនិត្យ​។

​លោក សរ សុវណ្ណ ឲ្យដឹងថា តាម​ការស្រាវជ្រាវ​របស់​ក្រសួង បង្ហាញថា ក្នុង​១០០០​ក្បាលដី មានតែ៣ ទៅ​៤ ទំនាស់​ប៉ុណ្ណោះ ដែល​តួរ​លេខ​នេះ លោក​ថា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា​តិចតួច​បំផុត​។​

អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការមិនទទួលស្គាល់រ​បស់​ក្រសួង​នេះ គឺជា​សិទ្ធ​របស់លោក។ ប៉ុន្តែ លោកថាការសិក្សា​កន្លងមក​នេះ​ផ្អែកលើ​ភស្តុតាង​ជាក់ស្តែង ទីតាំង​នៃ​ជម្លោះ និង​មាន​ទាំង​វីដេអូ​ផងដែរ​។

​លោក អំ សំអាត បន្តថា ការ​ចេញ​របាយការណ៍​នេះ គឺ​ដើម្បី​ដាស់តឿន​រដ្ឋាភិបាល ឲ្យ​យកចិត្តទុកដាក់​ចំពោះ​ករណី​ជម្លោះ​ដីធ្លី និង​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ព្រោះនេះ​ជា​ករណី​ក្តៅគគុក​ក្នុងសង្គម​សព្វថ្ងៃ​។​

លីកាដូ បាន​កត់សំគាល់ថា រលក​ថ្មី​នៃ​ជម្លោះ​ដីធ្លី​នេះ កើតឡើង​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ចេញ​បទបញ្ជា​ក្នុង ខែ​ឧសភា ឆ្នាំ​២០១២ ឲ្យ​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​។​

បញ្ហា​ដែល​លីកាដូ​បាន​រកឃើញ​គឺ កម្មវិធី​ផ្តល់​កម្មសិទ្ធិ​ដី​ដែល​ធ្វើឡើង​ដោយ យុវជន​ស្ម័គ្រចិត្ត​នោះ មិន​មាន​តម្លាភាព និង​ការត្រួតពិនិត្យ​ដោយ​ឯករាជ្យ​។​
​លីកាដូ បាន​លើកយក​ករណី​ជម្លោះ​ ដីធ្លី​ជា​ច្រើន​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស ហើយ​បាន​ហៅ​កម្មវិធី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ដោយ​យុវជន ស្ម័គ្រចិត្ត​នោះ ថា “​បរាជ័យ​” ក្នុង​ការបញ្ចប់​ជម្លោះ​៕​

សូមសរសេរមកកាន់លោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

3 Responses to "​ក្រសួង​រៀបចំ​ដែនដី ច្រានចោល​របាយការណ៍​របស់​អង្គការ​លីកាដូ រឿង​ជម្លោះ​ដីធ្លី​​"

  1. ama says:

    There are many many land argument were happened in cambodia, i never seen the authoritise of Government solved it in the right condition and never responsible and allways reject,when they have seen the NGO’s report. This is the responsible of the GOVERNMENT AUTHORITY?

  2. កម្ពុជា says:

    មន្ត្រីរដ្ឋាភិបាលមិនដែលទទួលស្គាល់នូវរាល់ចំនុចខ្សោយរបស់ខ្លួនឡើយ។

  3. ?? says:

    this corrupted party never take any responsibility to any bad situation in Cambodia. it just like the word said, like father like son…………………….. every thing is going the same hole