ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
មើលរូបភាពបន្ថែម
សហគមន៍មានជម្លោះដីធ្លី រុញច្រានជាមួយសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ (រូបភាពដោយជន ស្រីណុច)
ក្រុមស្ត្រីសកម្មជនដីធ្លី បានរុញច្រានជាមួយ កម្លាំងសន្តិសុខនៅមុខសាលារាជធានីភ្នំពេញ នៅម៉ោងជាង១០ព្រឹកនេះ ខណៈប្រជាសហគមន៍ទាំងនោះ ទៅទាមទារឲ្យមានការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់រហ័ស។
តំណាងប្រជាសហគមន៍ដែលតវ៉ានៅព្រឹកនេះ មានគ្នាប្រមាណ៥០នាក់មកពី សហគមន៍ អតីតអ្នកបឹងកក់ សហគមន៍បឹងកក់ និង សហគមន៍បុរីកីឡា។ ពួកគេទាមទារឲ្យ មន្ត្រី សាលារាជធានីភ្នំពេញ ដោះស្រាយ ជម្លោះដីធ្លីទៅតាមការសន្យារបស់អាជ្ញាធរកាលពីមុនចូលឆ្នាំខ្មែរ ព្រោះការបន្លាយបានប៉ះពាល់ ការប្រកបរបរចិញ្ចឹមជីវិត និង ការសិក្សាកូនចៅរបស់ពួកគាត់។
ការប៉ះទង្គិចគ្នាបានកើតឡើង នៅពេលដែលប្រជាសហគមន៍ឈរនៅមុខសាលារាជធានីភ្នំពេញជាង២ម៉ោង តែមិនមានមន្ត្រីណាចេញមកអន្តរាគមន៍ ទើបពួកគាត់នាំគ្នាឈរស្រែក ហើយត្រូវក្រុមសន្តិសុខចេញមករុញច្រាន។
អតីតពលរដ្ឋបឹងកក់អ្នកស្រី ស៊ា ណារេត មានប្រសាសន៍ថា សាលារាជធានីភ្នំពេញតែងតែកុហកប្រជាពលរដ្ឋ ចំពោះដំណោះស្រាយដីធ្លីទេ មិនតែប៉ុណ្ណោះ បានបញ្ជាឲ្យកងកម្លាំងមកបង្ក្រាបប្រជាពលរដ្ឋទៅវិញ ។
សម្រាប់សកម្មជនដីធ្លីតំបន់បឹងកក់ដែលធ្លាប់តវ៉ាជាប់ពន្ធនាគារ អ្នកស្រី យ៉ោម បុផ្ផា រិះគន់រដ្ឋាភិបាលកម្ពុជាថាគ្មានសមត្ថភាពដោះស្រាយបញ្ហាប្រជាពលរដ្ឋទេ ហើយថាអាជ្ញាធរចេះតែចេះតែប្រើហិង្សាបង្ក្រាបពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដែលក្រុមសន្តិសុខប្រើពាក្យសម្តី និងធ្វើសកម្មភាពរុញច្រានបែបនេះ គឺខុសនឹងតួនាទីរបស់ក្រុមនេះ ។
ប្រជាសហគមន៍ដែលភាគច្រើនជាស្ត្រី ក៏បានសម្តែងការខឹងសម្បារដោយចោទថា សន្តិសុខសុទ្ធតែប្រុសៗប្រើសម្តីមិនសមរម្យលើពួកគាត់ ដោយសន្តិសុខនិយាយថា«វាយជាមួយស្រីៗស្រួលហើយ ចង់ដឹងសាកមើលទៅ»។
ទោះយ៉ាងណា រហូតដល់ម៉ោង ១១ ព្រឹកនេះ មិនមានអំពើហិង្សាណាមួយកើតឡើងនៅឡើយទេ ខណៈសន្តិសុខមានគ្នាប្រមានពី២០ទៅ៣០នាក់ នៅបន្តរុញច្រានជាមួយប្រជាសហគមន៍ដីធ្លីទាំងនោះ៕
សរសេរមកកាន់ជន ស្រីណុច តាមរយៈchornsreynoch@vodhotnews.com
Why the journalists got beaten by police???
Is the police crazy? or the journalists are crazy?
Normally, people do some thing with no reason. If the police men are crazy, they would go to beat every body in the public.
I believe the journalists must do some thing not legal and stubborn.