ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី11 មិថុនា 2014
http://vodhotnews.com
អ្នកមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនភរិយាលោកស៊ុយ សែម កំពុងប្រឈមនឹងសមត្ថកិច្ច នៅព្រឹកថ្ងៃពុធនេះ ខណៈពួកគេព្យាយាមបិទផ្លូវជាតិលេខ៥ ត្រង់ផ្សារថ្នល់បត់ ឃុំតាជេស ខេត្តកំពង់ឆ្នាំង ប្រឆាំងនឹងការរំលោភយកដី។
តំណាងអ្នកមានជម្លោះដីធ្លី លោក រាជ សីម៉ា ឲ្យដឹងពីកន្លែងតវ៉ា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះថា ការបិទផ្លូវនេះ ដោយសារអាជ្ញាធរ អសមត្ថភាព ក្នុងការទប់ស្កាត់ក្រុមហ៊ុនKDC របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម ដែលធ្វើសកម្មភាពឈូសឆាយលើដីកំពុងមានជម្លោះ។
ការបិទផ្លូវជាតិលេខ៥នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ របស់អ្នកមានជម្លោះដីធ្លី នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនេះ បានផ្ទុះឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសាលាខេត្ត មិនទទួលយកញត្តិសុំអន្តរាគមន៍ របស់ពួកគេកាលពីសប្តាហ៍។
លោក ស្ងួន ញឿន ជាអ្នកតវ៉ាម្នាក់ទៀត ឲ្យដឹងដែរថា ពួកគេកំពុងប្រឈមមុខ ជាមួយសមត្ថកិច្ចដែលចុះមករារាំងប្រជាពលរដ្ឋមិនឲ្យបិទផ្លូវ។ បុរសរូបនោះអះអាងថា ពួកគេ៣នាក់កំពុងប្រឈមនឹងការចាប់ខ្លួន។
អធិការនគរបាល ស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា អះអាងថា គ្មានអ្នកតវ៉ាណាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនអំឡុងតវ៉ាបិទផ្លូវនោះទេ។ លោកថា អ្នកតវ៉ាសម្រេចបើកផ្លូវឲ្យធ្វើចរចរណ៍វិញនៅម៉ោង៩និង៣០នាទី ក្រោយពីអាជ្ញាធរសន្យាម្តងទៀតថា នឹងធ្វើអន្តរាគមន៍ករណីជម្លោះនោះ។
ជម្លោះដីធ្លីនៅឃុំតាជេស ខេត្តកំពង់ឆ្នាំង រវាងអ្នកភូមិ និងក្រុមហ៊ុន លោកស្រី ជា ខេង បានអូសបន្លាយជាង៦ឆ្នាំមកហើយ ដែលអាជ្ញាធរពាក់ព័ន្ធ មិនអាចរកដំណោះស្រាយបាន បើទោះបីជាអាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការដើម្បីដោះស្រាយក៏ដោយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពុងឆ្នាំង លោក សំ ចាន់គា ឲ្យដឹងថា ការបិទផ្លូវជាតិនេះ ទំនងជាអ្នកមានជម្លោះដីធ្លី បាត់បង់ជំនឿលើស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈកម្មការដោះស្រាយជម្លោះនេះ។
ក្រុមហ៊ុនKDC របស់លោក ស្រីជា ខេង ភរិយាលោក ស៊ុយ សែម រងការចោទថា បានរំលោភយកដីប្រជាពលរដ្ឋនៅតំបន់នោះ ជាង១០០ហិកតា ប៉ុន្តែត្រូវក្រុមហ៊ុនប្ដឹងបកវិញ ដែលធ្វើឲ្យតំណាងអ្នកភូមិ យ៉ាងតិច១៣នាក់ កំពុងជាប់បណ្តឹងនៅតុលាការ និងខ្លះទៀតបានជាប់ពន្ធនាគារជាច្រើនឆ្នាំ ហើយខ្លះបានស្លាប់នៅប៉ុន្មានថ្ងៃក្រោយចេញពីពន្ធនាគារ ដោយសារជម្លោះអូសបន្លាយនេះ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
លុយសល់វាល់លានមិនដឹងជាសន្យំជម្លោះជាមួយប្រជាជនស្អីទៀតទេលោកអើយ?