
ផ្ទះវីឡាដ៏ធំស្កឹមស្កៃអាយុប្រហែល ១០០ ឆ្នាំកំពុងល្បីមានខ្មោចលងរាល់ថ្ងៃ។ ហេង ជីរ័ន
Sat, 14 June 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ការជឿលើជំនឿបែបអរូបីដែលថាមាន អារក្ស អ្នកតា បង់បត់ ខ្មោច ព្រាយ ឬបិសាចនោះមិនត្រឹមតែដិតដាមនៅទីជនបទដាច់ស្រយាលនោះទេ។ អ្នករស់នៅក្នុងក្រុងស្ទឹងសែននៃខេត្តកំពង់ធំជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាខ្លះក៏ជឿថា នៅទីរួមខេត្តរបស់ពួកគេមានអគារដ៏ចំណាស់មួយ ដែលមានខ្មោចលងបន្លាចគ្មានមនុស្សម្នានៅទីនោះបានឡើយ។
ស្ថិតនៅលើចំណុចភូមិលេខ ៧ សង្កាត់កំពង់ធំ ខណ្ឌ-ក្រុងស្ទឹងសែន សំណង់បុរាណដែលល្បីមានខ្មោចលងនោះ បើទោះជាវ័យចូលជិត ១០០ ឆ្នាំក្តី នៅតែរក្សារាងរឹងមាំខ្ពស់ស្កឹមស្កៃនៅលើទីធ្លាដ៏ធំទូលាយព័ទ្ធដោយរបង និងរុក្ខជាតិដុះយ៉ាងទ្រុបទ្រុល ដែលមិនមានអ្នកណាម្នាក់មានសេចក្តីក្លាហានហ៊ានចូលទៅនៅស្នាក់អាស្រ័យបានឡើយ។
ក្រៅពីចូលដើរក្រឡឹងជិតៗដោយភាពខ្លាចរអានោះលោក ឌិត ប៊ុនថា មន្ត្រីឥណទានធ្វើការនៅស្រុកស្ទឹងសែន ដែលជាកូនចៅអ្នកនៅក្បែរសំណង់អូតែលខ្មោចលងនោះ បានរៀបរាប់ថា៖ «តាំងពីកើតមក ឃើញសំណង់បុរាណមួយនេះនៅតែប៉ុនហ្នឹង ហើយឮតែអ្នកភូមិចាស់ៗតំណាលថាផ្ទះខ្មោចលងៗគ្មានអ្នកណាហ៊ាននៅ។ ប៉ុន្តែក៏មិនដែលឃើញមានអ្នកណានៅម្តុំនេះត្រូវបានខ្មោចបន្លាចដល់ថ្នាក់ភ័យឈឺជ្រុះសក់អីណាដែរ ក្រៅពីមាត់តំណាលតៗគ្នានោះ»។
បុរសវ័យ ៣០ឆ្នាំ រូបនេះ បញ្ជាក់ទៀតថា៖ «សម្រាប់ខ្ញុំជួនកាលព្រលប់ៗធ្វើដំណើរជិះម៉ូតូជិតនោះម្នាក់ឯង តែដូចជាគ្មានអីផងធម្មតាហ្នឹង។ តែបើឲ្យចូលទៅក្នុងនោះម្នាក់ឯង កុំថាយប់ សូម្បីថ្ងៃជួលលុយទៀតក៏មិនចូលផង»។
ស្រដៀងនឹងការលើកឡើងរបស់លោក ឌិត ប៊ុនថា ដែរ លោក សោម វណ្ណថន អភិបាលរងស្រុកស្ទោង លោកទទួលស្គាល់ថា សំណង់បុរាណបន្សល់ទុកពីសម័យសង្គមចាស់ដែលគេហៅថា អូតែលសាលាខេត្តមួយនេះល្បីតៗគ្នាថាមានខ្មោចលងផងដែរ។
លោករៀបរាប់ថា៖ «ខ្ញុំឮតែអ្នកភូមិ នៅជិតៗនោះនាំគ្នានិយាយពីសំណង់អូតែលសាលានេះមានខ្មោចលង មិនមានអ្នកណាហ៊ានទៅនៅទេ។ ប៉ុន្តែខ្ញុំដឹងថា ក្រោយពីឆ្នាំ៧៩មក សំណង់នេះមានចៅហ្វាយខេត្តនៅគ្រប់ជំនាន់ សូម្បីលោក ងួន ញ៉ិល ក៏គាត់ធ្លាប់នៅទីនេះដែរ ព្រោះថា ទីនោះសាលាខេត្តទុកសម្រាប់ឲ្យចៅហ្វាយខេត្តនៅ»។
យ៉ាងណា លោកបានបដិសេធដោយមិនរៀបរាប់វែងឆ្ងាយទេព្រោះថាលោកមិនមែនជាអ្នកមានកំណើតនៅទីនោះ។
ដោយឡែកលោក ឆាយ កង ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ធំមិនបានទទួលស្គាល់ថា សំណង់បុរាណសល់ពីជំនាន់បារាំងនោះមានខ្មោចលងដូចការអះអាងរបស់អ្នកស្រុកនោះទេ។
យោងតាមប្រធានមន្ទីរវប្បធម៌រូបនេះ អូតែលសាលាជាសំណង់សម័យអាណានិគមបារាំងអំឡុងឆ្នាំជាង១៩២០ ដែលកសាងឡើងដំណាលគ្នានឹងស្ពានឆ្លងស្ទឹងសែន ស្ពានចាស់ និងសំណង់ពីរបីទៀត។ ទោះជាយ៉ាងណាសំណង់នេះត្រូវបានគេបោះបង់ចោល ដោយល្បីថាមានហេតុអកុសលខ្លះៗកើតឡើង។
ឆ្លើយតបនឹងរឿងនេះលោក ឆាយ កង បានប្រាប់ថា៖ «មិនច្បាស់ទេ។ មានកូនចៅហ្វាយខេត្តម្នាក់ ពេលមកគ្រប់គ្រងខេត្តនេះ និងចូលមករស់នៅសាលាខេត្តនេះមិនបានប៉ុន្មានក៏មានកូនឈឺស្លាប់ ហើយរកគ្រូគន់គូរឃើញមកពីជំនាងផ្ទះខឹងសម្បាស្អីទេ ទើបបានគេយកអាយុជីវិតកូន»។
លោកក៏បានរំឭកផងដែរថា កាលពីបីបួនឆ្នាំមុនមានក្រុមហ៊ុនមួយមកដេញថ្លៃវិនិយោគគម្រោងសាងសង់ និងធ្វើការអភិរក្សសំណង់នោះ។ ក្រោយពីធ្វើពិធីក្រុងពាលីរហូតពេលនេះក៏ស្ងាត់បាត់ឈឹងមិនបានចេញជារូបរាងនៃការអភិរក្សណាមួយឡើយ។
លោកបានបន្ថែមថា៖ «យ៉ាងណា សំណង់អូតែលសល់ពីសម័យបុរាណនេះ មិនត្រូវអនុញ្ញាតឲ្យវាយកម្ទេចឡើយ ដូចជា ស្ពានចាស់នោះក្តី គឺគម្រោងសាលាខេត្តបានចេញសារាចរទុកទ្រង់ទ្រាយដើមទាំងស្រុង ព្រោះនេះគេហៅថា ជាបេតិកភណ្ឌរបស់ខេត្ត ព្រោះថាគ្រប់សំណង់បុរាណទាំងអស់ត្រូវរក្សាទុករចនាប័ទ្មដើម»៕
ទោះយ៉ាងណាកុំរកលេសលក់ទៀត(អភិវឌ្ឍន៏)ដូចគេលក់សាលាឃ័ណ្ឌដូនពេញដែរ