​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ គ្រោង​ស្នើ​អន្តរាគមន៍​ផ្ទាល់​ពី​លោក ហ៊ុន សែន ករណី​ក្រុមហ៊ុន​បុរី​ប៉េង​ហួត រំលោភ​ដី​វត្ត​​

ដោយ៖​ ឡុង គឹមម៉ារីតា​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រជាពលរដ្ឋធ្វើការវាយរបងក្រុមហ៊ុនបុរីប៉េងហួត ដែលរងការចោទថា រំលោភយកដីវត្ត (រូបថតពី បណ្តាញសង្គម)

​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​កោះ​ពោធិ​វង្ស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នឹង​ស្នើ​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​ករណី​ក្រុមហ៊ុន​បុរី ប៉េង​ហួត សង់​របង​រំលោភបំពាន​ដី​វត្ត​។​

​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ប្រមាណ​១​ពាន់​អង្គ​/​នាក់ បាន​ប្រមូលផ្តុំ​តវ៉ា នៅក្នុង​វត្ត​កោះ​ពោធិ​វង្ស ដោយ​មាន​ថ្លែង តាម​ឧបករណ៍​បំពង​សំឡេង​ពី​ការទាមទារ​ដី​វត្ត ករណី​របង​បុរី​ប៉េង ហួត បាន​សាងសង់​បំពាន​លើ​ដី​វត្ត​ទំហំ ជាង​៥​ពាន់ ម៉ែត្រការ៉េ និង​ដី​សាធារណៈ ជិត​៣​ពាន់​ម៉ែត្រការ៉េ​របស់​វត្ត​។ ក្នុង​ការទាមទារ​នោះ មាន​យុវជន​មួយ​ក្រុម​បាន​ប្រើ​ញញួរ​វាយ​កម្ទេច​របង​ព័ទ្ធ​បុរី​ប៉េង​ហួត ដែល​មិន​ទាន់​សាងសង់​ហើយ​។​

​ចៅអធិការ​វត្ត​កោះ​ពោធិ​វង្ស ព្រះនាម ពឿយ មេត្តា មាន​សង្ឃដីកា​ថា ព្រះអង្គ ធ្លាប់​បាន​ដាក់​បណ្តឹង​ស្នើ​អន្តរាគមន៍ ទៅកាន់​អាជ្ញាធរ​ពាក់ព័ន្ធ ម្តងមកហើយ កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ដោយ​សុំ​ឲ្យ​ក្រុមហ៊ុនផ្អា​កការសាងសង់​សិន ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​បន្ត​ការសាងសង់ ទើប​ឈាន​ដល់​ការតវ៉ា​កាលពី​ម្សិលមិញ​នេះ​។ ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា ព្រះអង្គ​នឹង​រៀបចំ​ឯកសារ ដើម្បី​ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួយ​ដោះស្រាយ​នៅ​ពេល​ឆាប់ៗ​នេះ​។

​អភិបាល​ខណ្ឌ​សែន​សុខ លោក លី សា​វេត ឲ្យដឹងថា លោក​មាន​ការសោកស្តាយ​ចំពោះ​ការ​វាយ​កម្ទេច​របង​អគារ​បុរី​ប៉េង​ហួត​នេះ​។ ករណីនេះ លោក​គ្រាន់តែ​អះអាងថា ជា​ទំនាស់​កើតឡើង​រវាង ឈ្មោះ ឈៀង ប៉ាត់​សួរ ដែល​ជា​ឈ្នួល​លក់​ដី​ទៅឲ្យ​ក្រុមហ៊ុន បុរី ប៉េង​ហួត ជាមួយ​នឹង​ព្រះសង្ឃ​តែប៉ុណ្ណោះ​។

VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន បុរី ប៉េង​ហួត និង​ឈ្មោះ ឈៀង ប៉ាត់​សួរ បាន​នៅឡើយ​ទេ​។​

ការតវ៉ា​របស់​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ្ធ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែល​ឈាន​ដល់​មានការ​វាយ​កម្ទេច​របង​អគារ​បុរី​ប៉េង​ហួត​នោះ គឺ​មិន​មាន​ហិង្សា​ណាមួយ​កើតឡើង​ទេ ហើយក៏​មិន​ឃើញ​មាន​សមត្ថកិច្ច​ទៅ​ឃ្លាំ​មើល​ដែរ​។ តាម​ការ​ឲ្យដឹង​ពី​ភាគី​ពាក់ព័ន្ធ ជម្លោះ​ដី​នេះ កើត​ឡើង​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ តែ​ផ្ទុះ​ការតវ៉ា​ខ្លាំង នៅពេល​ដែល​ក្រុមហ៊ុន​បុរី​ប៉េង​ហួត មានៈ​សាងសង់​របង​នៅលើ​ដី​មាន​ទំនាស់ បើ​ទោះ​មាន​ការស្នើ​ផ្អាក​សាងសង់ រងចាំ​ដំណោះស្រាយ​ក៏ដោយ​៕

សូមសរសេរមកកញ្ញា ឡុង គឹមម៉ារីតា តាមរយៈ longkimmarita@gmail.com

What Next?

Recent Articles

One Response to "​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ គ្រោង​ស្នើ​អន្តរាគមន៍​ផ្ទាល់​ពី​លោក ហ៊ុន សែន ករណី​ក្រុមហ៊ុន​បុរី​ប៉េង​ហួត រំលោភ​ដី​វត្ត​​"

  1. VN99 says:

    ហេតុអ្វីមិនមែនឃើញអ្នកច្បាប់ដ៉ពូកែរួមមាន​បណ្ឌិត កុសល​​​ ,ផលភិរុណ ផៃ​សីុផន តាវុន តា​លាបជាដើមចេញមកបកស្រាយផងពីព្រោះខ្លាចក្រែងអ្នកកានសាសនាបន្លំ​​៕