ដោយ៖ ឡុង គឹមម៉ារីតា
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com
ប្រជាពលរដ្ឋជាង៨០គ្រួសារ មកពីភូមិចំនួនបីក្នុងស្រុកកំពង់ត្រឡាច លើកគ្នាទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គារនេះ ខណៈតុលាការកោះហៅអ្នកភូមិឡពាងចំនួន១៥នាក់ ដែលជាសាក្សីឲ្យជនជាប់ចោទជាតំណាងអ្នកភូមិ៣នាក់ ដើម្បីចូលទៅបំភឺ្ល។
លោក ស្ងួន ញឿន តំណាងអ្នកភូមិឡពាង និងជាអ្នករងការចោទប្រកាន់ពីក្រុមហ៊ុន KDC ដែរនោះ ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា តាំងពីថ្ងៃម្សិលមិញ រហូតមកដល់ថ្ងៃអង្គារនេះ សាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះហៅពលរដ្ឋចំនួន១៥នាក់ ដើម្បីចូលទៅបំភ្លឺនៅតុលាការ។ លោកថា ពួកគេទាំងនោះ ទៅបំភ្លឺក្នុងនាមសាក្សីឲ្យតំណាងពលរដ្ឋបីនាក់ ដែលតុលាការចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។
លោក ស្ងួន ញឿន បន្តថា ខណៈដែលប្រជាពលរដ្ឋទាំង១៥នាក់ ទៅបំភ្លឺនោះ ប្រជាពលរដ្ឋផ្សេងទៀត មកពីភូមិចំនួនបី រួមមានភូមិសំរោង បឹងកក់ និងឡពាង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ក៏បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលាដំបូងខេត្តផងដែរ ដើម្បីចូលរួមតាមដានវិធានការរបស់តុលាការ ដោយបារម្ភខ្លាចមានការចាប់ខ្លួនអ្នកទាំងនោះ។
តំណាងអ្នកភូមិឡពាងទាំងបីនាក់ ដែលរងការចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ក្នុងនោះមាន លោក រាជ សីមា លោក ហូល សន់ និងលោក ស្ងួន ញឿន។ ពួកគាត់ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ចោទប្រកាន់តាំងពីឆ្នាំ២០១៣មក ក្រោមបណ្តឹងរបស់ក្រុមហ៊ុនខេឌីស៊ី (KDC) ប៉ុន្តែពួកគាត់បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តនូវបទល្មើសនោះទេ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកំពង់ឆ្នាំង លោក ប៉ែន រដ្ឋា មានប្រសាសន៍ថា ពិតជាមានការកោះហៅអ្នកភូមិឡពាងចំនួន១៥នាក់ ចូលទៅបំភ្លឺនៅតុលាការមែន។ លោកយល់ថា ការចោទប្រកាន់តំណាងអ្នកភូមិឡពាងទាំង៣នាក់នោះ គឺជារឿងមិនត្រឹមត្រូវ ព្រោះពួកគាត់គ្រាន់តែការពារដីធ្លីរបស់ខ្លួន ដែលត្រូវបានក្រុមហ៊ុនខេឌីស៊ី រំលោភបំពានតែប៉ុណ្ណោះ។
ក្រុមហ៊ុនអភិវឌ្ឍន៍ពាណិជ្ជកម្មឈ្មោះ KDC របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រងការចោទថា បានរំលោភយកដីពលរដ្ឋ១៤៥ហិកតានៅ ភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាំងពីឆ្នាំ២០០៧។ ពលរដ្ឋអះអាងថា ជម្លោះដីនោះ ធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិជាង១០០គ្រួសារនៅតំបន់នោះ៕
សូមសរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com
How come you don’t put this article in full? Where is the other half? It’s bad!